ពលរដ្ឋ​ខ្មែរ​៣៦​នាក់​នឹង​ត្រូវ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បញ្ជូន​មក​កម្ពុជា​វិញ

ដោយ សាន សែល
2017-02-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
RFA

ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន ៣៦​នាក់ នឹង​ត្រូវ​ចាប់​បញ្ជូន​មក​កម្ពុជា វិញ។ អង្គការ​ដែល​ធ្វើ​ការ​សម្របសម្រួល​ជន​មាតុភូមិ​និវត្តន៍​ទាំងនេះ ឲ្យ​ដឹង​ថា អ្នក​ដែល​ធ្លាប់​ត្រូវ​គេ​បញ្ជូន​មក​វិញ​ជួប​ឧបសគ្គ​ច្រើន ក្នុង​ការ​សម្រប​ខ្លួន​រស់នៅ​ក្នុង​សង្គម​ដែល​ពួក​គេ​មិន​ធ្លាប់​រស់នៅ​ជា​យូរ​មក​ហើយ​នោះ។

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទទួល​បាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​សញ្ជាតិ នឹង​ត្រូវ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បញ្ជូន​មក​កម្ពុជា វិញ​ក្រោយ​ពី​អ្នក​ទាំងនេះ​ត្រូវ​គេ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស និង​បាន​ជាប់​ពន្ធនាគារ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ថា អ្នក​ទាំង ៣៦​នាក់​នោះ នឹង​ត្រូវ​បញ្ជូន​មក​ដល់​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​នេះ។ បច្ចុប្បន្ន អ្នក​ដែល​ត្រូវ​ធ្វើ​មាតុភូមិ​និវត្តន៍​ទាំង ៣៦​នាក់ កំពុង​រង់ចាំ​ការ​រៀបចំ​ឯកសារ។

លោក​ឲ្យ​ដឹង​ថា ដំបូង​ឡើយ ភាគី​សហរដ្ឋ​អាមេរិក បាន​ស្នើសុំ​បញ្ជូន​ពលរដ្ឋ​ចំនួន ៤៦​នាក់ ក៏ប៉ុន្តែ​ក្រោយ​ពី​មន្ត្រី​កម្ពុជា បាន​សាកសួរ​ព័ត៌មាន​ទៅ កម្ពុជា សម្រេច​ទទួល​យក​ពលរដ្ឋ ៣៦​នាក់ ដោយ​មនុស្ស ១០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​រក​ឃើញ​ថា មិន​មែន​ជា​ជនជាតិ​ខ្មែរ៖ «ដូចជា​ជនជាតិ​ឡាវ មិន​ច្បាស់​ជា​ជនជាតិ​ខ្មែរ»

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​កម្ពុជា កាល​ពី​ឆ្នាំ​២០០២ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បញ្ជូន និង​ទទួល​យក​ពលរដ្ឋ​ខ្មែរ ករណី​ដែល​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​បទល្មើស។

លោក ខៀវ សុភ័គ យល់​ថា ប្រជាជន​ខ្មែរ​ដែល​ត្រូវ​បាន​គេ​បញ្ជូន​មក​នោះ អាច​កែ​ខ្លួន និង​ចាប់​ផ្ដើម​ជីវិត​សាថ្មី​នៅ​លើ​ទឹកដី​កំណើត។ ក៏ប៉ុន្តែ​លោក​ថា មិន​គ្រប់​ករណី​សុទ្ធតែ​ជោគជ័យ​នោះ​ទេ៖ «មិន​បាន​ល្អ ១០០​ភាគរយ​នោះ​ទេ តែ​ខ្លះ​ក៏​បាន​ជីវភាព​ថ្កុំថ្កើង​រុងរឿង។ ហេតុ​អី​បាន​យើង​ទទួល? ក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង រដ្ឋ​គាំពារ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ទាំង​នៅ​ក្នុង​ប្រទេស​ក្តី នៅ​ក្រៅ​ប្រទេស​ក្តី។ ច្បាប់​នេះ បើ​យើង​មិន​ទទួល គឺ​យើង​ខុស​ច្បាប់​រដ្ឋធម្មនុញ្ញ។ គាត់​ជា​ជនជាតិ​ខ្មែរ បើ​គេ​បណ្ដេញ​ចេញ បើ​មិន​ទទួល គឺ​ខុស​នឹង​រដ្ឋធម្មនុញ្ញ»

តួលេខ​របស់​មណ្ឌល​ទ្រទ្រង់​ជន​មាតុភូមិ​និវត្តន៍​សមាហរណកម្ម ដែល​ជា​អង្គការ​សម្របសម្រួល​ជន​ដែល​ត្រូវ​គេ​ចាប់​បញ្ជូន​មក​កម្ពុជា បង្ហាញ​ថា ចាប់​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១៦ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ៥៣៨​នាក់​ហើយ​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​មក​កម្ពុជា វិញ។ ចំណែក​នៅ​ឆ្នាំ​២០១៦ មាន ៤១​នាក់​ត្រូវ​គេ​ចាប់​បញ្ជូន​មក។

នាយក​ប្រតិបត្តិ​មណ្ឌល​ទ្រទ្រង់​ជន​មាតុភូមិ​និវត្តន៍​សមាហរណកម្ម លោក គឹម វីឡា មិន​គាំទ្រ​កិច្ចព្រមព្រៀង​បញ្ជូន​នេះ ដោយ​លោក​សង្កេត​ឃើញ​ថា ប្រជាជន​ដែល​ត្រូវ​គេ​ចាប់​បញ្ជូន​កន្លង​មក ពិបាក​សម្រប​ខ្លួន​ក្នុង​សង្គម​កម្ពុជា ហើយ​គ្រួសារ​របស់​ពួក​គេ​នៅ​សហរដ្ឋ​អាមេរិក ជួប​បញ្ហា៖ «គាត់​ប្រព្រឹត្តបទល្មើស​តាំង​ពី​អាយុ​១៦។ តែ​គាត់​បាន​រៀនសូត្រ​ធ្វើ​ការ​ដប់​ម្ភៃ​ឆ្នាំ មាន​កូន​ពីរ​បី មាន​ផ្ទះ​នៅ មាន​ឡាន​ជិះ តែ​ពេល​គាត់​មក​ចឹង​ទៅ ផ្តាច់​គ្នា​អស់​ហើយ។ វា​ធ្វើ​ឲ្យ​លំបាក​ចំពោះ​កូន ហើយ​អ្នក​ណា​គេ​ជួយ​បង់​ផ្ទះ​បង់​ឡាន

បើ​តាម​លោក គឹម វីឡា អ្នក​ដែល​ត្រូវ​គេ​ចាប់​បញ្ជូន​មក​កម្ពុជា វិញ ភាគច្រើន​បាន​កើត​នៅ​ក្នុង​ជំរំ​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ និង​បាន​ទៅ​សហរដ្ឋ​អាមេរិក កាល​ពី​វ័យ​ក្មេង។ លោក​ថា អ្នក​ទាំងនេះ​បាន​ជាប់​ពន្ធនាគារ​តាម​កាលកំណត់ មុន​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា ហើយ​ពួក​គេ​ត្រូវ​មក​រស់នៅ​ក្នុង​ប្រទេស​ដែល​ពួក​គេ​មិន​ធ្លាប់​រស់នៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ទៅដល់ណាស្អុយទីនោះហើយ។អាខ្លះមកលេងស្រុកម្តងៗ ធ្វើដូចវានឹងទើបនឹងចុះពីថានព្រះច័ន្ទ តាមពិតកញ្ជះគេសោះ ពិសេសពួកអាតំណាងរាស្រ្តCNRPនៅស្រុកខ្មែរសព្វថ្ងៃ។ពួកអាវង្វេងជាតិ!!!

Feb 09, 2017 01:44 AM

គេហទំព័រ​ទាំងមូល