ព្រះសង្ឃ​នៅ​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​ពី​មន្ត្រី​សង្ឃ​រឹតត្បិត​សិទ្ធិ​សេរីភាព​ចូលរួម​ការងារ​សង្គម

ដោយ យន់ សាមៀន
2020-06-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្លាំង​អាជ្ញាធរ​ខេត្ត​បាត់ដំបង សួរនាំ​ក្រុម​ព្រះសង្ឃ និង​សកម្មជន​ចលនា ខ្មែរថាវរៈ ១៤រូប ដែល​ធ្វើ​កូដកម្ម​បង្អត់​អាហារ និង​ធម្មយាត្រា​ដោយ​សន្តិវិធី នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០២០ ទាមទារ​រដ្ឋាភិបាល​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ពន្យារ​ពេល​ទារ​ប្រាក់​ពី​ប្រជា​ពលរដ្ឋ ក្នុង​គ្រា​ជំងឺ covid-19 កំពុង​រាតត្បាត។
កម្លាំង​អាជ្ញាធរ​ខេត្ត​បាត់ដំបង សួរនាំ​ក្រុម​ព្រះសង្ឃ និង​សកម្មជន​ចលនា ខ្មែរថាវរៈ ១៤រូប ដែល​ធ្វើ​កូដកម្ម​បង្អត់​អាហារ និង​ធម្មយាត្រា​ដោយ​សន្តិវិធី នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០២០ ទាមទារ​រដ្ឋាភិបាល​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ពន្យារ​ពេល​ទារ​ប្រាក់​ពី​ប្រជា​ពលរដ្ឋ ក្នុង​គ្រា​ជំងឺ covid-19 កំពុង​រាតត្បាត។
រូប៖ សកម្មជន​ចលនា​ខ្មែរ​ថាវរៈ

ព្រះសង្ឃ​ខ្មែរ​ថាវរៈ​នៅ​ក្រុង​បាត់ដំបង ទទូច​ឱ្យ​មន្ត្រី​សង្ឃ​ខេត្ត​បាត់ដំបង​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​ព្រះសង្ឃ​ឡើងវិញ ដើម្បី​បាន​ចូលរួម​ការងារ​នៅ​ក្នុង​សង្គម​បន្ត​ទៀត។ ការ​ទាមទារ​នេះ​ដោយសារតែ​មន្ត្រី​សង្ឃ​នៅ​ក្នុង​ខេត្ត​នេះ មិនទាន់​លុបចោល​កិច្ចសន្យា​ហាមឃាត់​ព្រះសង្ឃ​មិន​ឱ្យ​ចូលរួម​សម្ដែង​មតិ​ដោយ​អហិង្សា​នៅឡើយ។

តំណាង​ព្រះសង្ឃ​ខ្មែរ​ថាវរៈ​នៅ​ក្រុង​បាត់ដំបង ព្រះតេជព្រះគុណ ផន ឡាញ់ មាន​ថេរដីកា​នៅ​រសៀល​ថ្ងៃ​ទី​១៣ មិថុនា ថា មន្ត្រី​សង្ឃ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​យ៉ាង​ខ្លាំង​របស់​ព្រះសង្ឃ​ដែល​ឈឺឆ្អាល​ការងារ​សង្គម។ ព្រះអង្គ​បញ្ជាក់​ថា កន្លងទៅ​ក្រុម​ព្រះសង្ឃ​បាន​ស្នើ​សុំ​ទៅ​ព្រះចៅ​អធិការ​វត្ត​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​នេះ ដែល​ហាមឃាត់​ព្រះសង្ឃ​ឱ្យ​ឈប់​សម្ដែង​មតិ ឱ្យ​លុបចោល​កិច្ចសន្យា​ទាំងនោះ ក៏ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​សង្ឃ​បដិសេធ។ ព្រះអង្គ​បន្ត​ថា ការ​ធ្វើ​បែបនេះ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធ​សេរីភាព​របស់​ព្រះសង្ឃ។ «»

កាល​ពី​ថ្ងៃ​ទី​១១ មិថុនា ក្រុមព្រះ​សង្ឃ​ខ្មែរ​ថាវរៈ​ជិត ១០​អង្គ នៅ​ក្រុង​បាត់ដំបង បាន​ជួប​ផ្ដុំ​គ្នា​ធ្វើ​វីដេអូ​ឃ្លិប​បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) ដោយ​ទាមទារ​ឱ្យ​មន្ត្រី​សង្ឃ​នៅ​ខេត្ត​នេះ ឱ្យ​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​ដល់​អ្នក​បួស​បន្ត​ទៀត ដើម្បី​ឱ្យ​ព្រះសង្ឃ​បាន​ចូលរួម​ការងារ​នៅ​ក្នុង​សង្គម។

ទាក់ទង​នឹង​បញ្ហា​នេះ លេខា​ព្រះ​មេគណ​ខេត្ត​បាត់ដំបង ព្រះតេជព្រះគុណ ពេជ្យ សៀក មាន​ថេរ​ដីកា​ថា មន្ត្រី​សង្ឃ​ខេត្ត​ពុំ​បាន​បិទ​សិទ្ធិ​សេរីភាព​ព្រះសង្ឃ​មិន​ឱ្យ​សម្ដែង​មតិ​ដូច​ការចោទប្រកាន់​នោះ​ឡើយ​។​ព្រះអង្គ​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​ព្រះចៅ​អធិការ​វត្ត​មួយ​ចំនួន​ហាមឃាត់​ព្រះសង្ឃ​ឱ្យ​ចូលរួម​ការងារ​សង្គម ដោយសារ​ព្រះសង្ឃ​ទាំង​នោះ​បាន​ល្មើស​នឹង​កិច្ចសន្យា​របស់​វត្ត។ «»

ទោះជា​យ៉ាងណា​ព្រះតេជព្រះគុណ ផន ស៊ីភាង មាន​ថេរដីកា​ថា នៅ​ក្នុង​វត្ត​ពុំ​មាន​បទបញ្ជាផ្ទៃក្នុង​ហាមឃាត់​ព្រះសង្ឃ​ចូលរួម​ការងារ​សង្គម​នោះ​ទេ ផ្ទុយ​ទៅ​វិញ បទបញ្ជា​វត្ត​ភាគច្រើន​មាន​ដូចជា​ហាម​ស្លៀកពាក់​មិន​សមរម្យ​នៅ​ក្នុង​វត្ត ហាម​ប្រើប្រាស់​គ្រឿង​ស្រវឹង ហាម​ឡូឡា និង​ហាម​និយាយ​ពាក្យ​អសុរោះ​នៅ​ក្នុង​វត្ត​ជាដើម។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា មន្ត្រី​សង្ឃ​ធ្វើ​បែប​នេះ គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ព្រះសង្ឃ​ដោយ​ខុសច្បាប់។ លោក​បញ្ជាក់​ថា ព្រះសង្ឃ​មាន​សិទ្ធិ​ចូលរួម​ការងារ​សង្គម​បាន​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ ពីព្រោះ​ព្រះសង្ឃ​ជា​ផ្នែក​មួយ​របស់​សង្គម ដូច្នេះ​ប្រសិនបើ​ពលរដ្ឋ​មានទុក្ខ​លំបាក​នឹង​ធ្វើ​ឱ្យ​ព្រះសង្ឃ​មិន​មាន​សេចក្ដី​ដែរ។ «»

កាលពី​ថ្ងៃ​ទី​៩ ឧសភា ក្រុម​យុវជន​ថាវរៈ​ចំនួន ៩​នាក់ និង​ព្រះសង្ឃ ៥​អង្គ បាន​ចូលរួម​ធ្វើ​កូដកម្ម​បង្អត់​អាហារ និង​ធម្ម​យាត្រា​នៅ​ក្រុង​បាត់ដំបង ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ឱ្យ​ពន្យារពេល​សង​បំណុល​របស់​ពលរដ្ឋ​ទៅ​ស្ថាប័ន​ទាំងនោះ ដោយសារ​ពួកគាត់​អត់​ការងារ​ធ្វើ បណ្ដាលមកពី​វិបត្តិ​ជំងឺ​កូវិដ​១៩ ហើយ​គ្រឹះស្ថាន​ទាំងនោះ​នៅតែ​បន្ត​ទារ​ប្រាក់​ពី​ពលរដ្ឋ​។ ក្រុម​សង្ឃ​ខ្មែរ​ថាវរៈ​គ្រោង​ដាក់​លិខិត​ទៅ​មេគណ​ខេត្ត​បាត់ដំបង ដើម្បី​ស្នើសុំ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​មន្ត្រី​សង្ឃ​លុបចោល​កិច្ចសន្យា​ហាមឃាត់​ព្រះសង្ឃ​ចូលរួម​ការងារ​សង្គម​នៅ​ពេល​ឆាប់ៗ​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល