តុលាការ​ផ្ដន្ទាទោស​លោក រ៉ាត់ រត្នមុនី ដាក់​ពន្ធនាគារ​ ២ឆ្នាំ និង​បង់​សំណង​ជិត ​២ម៉ឺន​​ដុល្លារ

ដោយ ហេង រស្មី
2019-06-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ពេលមកសវនាការ​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២៦ មិថុនា ២០១៩។
​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ពេលមកសវនាការ​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២៦ មិថុនា ២០១៩។
Reuters

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​សង​សំណង​រដ្ឋប្បវេណី​ចំនួន ​៧០លាន​​រៀល ឬ​ស្នើ​នឹង​ជិត ​២ម៉ឺន​​ដុល្លារ​អាមេរិក​។ ក្រុម​គ្រួសារ និង​អ្នកការពារ​សិទ្ធិ​មនុស្សជាតិ ចាត់​ទុក​សាលក្រម​ផ្ដន្ទាទោស​នេះ ថា​ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន។

ភរិយា​របស់​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្កោលទោស​ការ​សម្រេច​សេចក្តី​របស់​តុលាការ​ក្រុងភ្នំពេញ​នេះ​។ អ្នកស្រី​ថ្លែង​ដោយ​សម្ដី​យំ​ខ្សឹកខ្សួល​អួល​ដើម​ក​ថា តុលាការ​របប​លោក ហ៊ុន សែន កំពុងតែ​ធ្វើ​ឱ្យ​គ្រួសារ​អ្នកស្រី​ព្រាត់ប្រាស​គ្នា​ដូច​ក្នុង​សម័យ​ខ្មែរក្រហម​យ៉ាង​ដូច្នេះ​ដែរ​។ អ្នកស្រី​បន្ថែម​ថា ការ​ផ្ដន្ទាទោស​ស្វាមី​អ្នកស្រី បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​ភាព​បរាជ័យ​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាត់​ទំនុក​ចិត្ត​ទាំងស្រុង​លើ​ស្ថាប័ន​តុលាការ។

អតីត​សកម្មជន​សិទ្ធិ​លំនៅឋាន​រូប​នេះ អះអាង​ថា អ្នកស្រី​នឹង​បន្ត​ការ​តស៊ូ​មតិ​បន្ថែម​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ជួយ​ទាមទារ​រក​យុត្តិធម៌​ជូន​ស្វាមី​វិញ៖ «ប្តី​របស់ខ្ញុំ​បាត់បង់​សេរីភាព រស់នៅ​ក្នុង​គុក​ព្រៃ​ស ប្រឈម​នឹង​រឿងរ៉ាវ​គ្រប់បែប​យ៉ាង ប្រឈម​​នឹង​​ការបាត់បង់​ចំណូល​ចិញ្ចឹម​គ្រួសារ​។ កូន​មិនបាន​ជួប​មុខ​ឪពុក ប្តី​ប្រពន្ធ​មិន​អាច​រស់នៅ​ជួបជុំគ្នា ព្រាត់ប្រាស​គ្នា ដូច​សម័យ ប៉ុល ពត អ៊ីចឹង​។ ពួក​ ប៉ុល ពត ខ្មែរក្រហម​បំបែក​គ្រួសារ​ខ្មែរ​ដោយ​សម្លាប់ ប៉ុន្តែ​សម័យនេះ ២០១៩ នេះ រដ្ឋាភិបាល​​កម្ពុជា​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ដើម្បី​បំបែក​គ្រួសារ​ខ្ញុំ​ឱ្យ​ព្រាត់ប្រាស​គ្នា។ ហើយ​ខ្ញុំ​ក៏​ដឹង​ថា ប្រជាពលរដ្ឋ​ជាច្រើន​ក៏​កំពុងតែ​ព្រាត់ប្រាស​គ្រួសារ​ដូច​ខ្ញុំ​ដែរ ដោយសារតែ​ប្រព័ន្ធ​តុលាការ​អយុត្តិធម៌​មួយ​នេះ»

ចៅក្រម​ជំនុំជម្រះ​តុលាការ​ក្រុង​ភ្នំពេញ​លោក កូយ សៅ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក រ៉ាត់ រត្នមុនី នៅ​រសៀល​ថ្ងៃ​ទី​២៦ មិថុនា ក្រោយពី​បាន​បើកសវនាការ​កាលពី ២​សប្តាហ៍​មុន​។ លោក​បាន​សម្រេច​ឱ្យ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ជាប់ពន្ធនាគារ​ ២ឆ្នាំ ដោយ​ត្រូវ​អនុវត្ត​ទោស​ពេញ​ទាំងពីរ​ឆ្នាំ គ្មាន​ការ​បន្ធូរបន្ថយ​។ ចៅក្រម​រូប​នេះ ក៏បាន​បង្គាប់​ឱ្យ​លោក​សង​សំណង​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី ២​នាក់ ដែល​ជា​ម្តាយ​របស់​តួអង្គ​ក្នុង​ភាពយន្ត​ឯកសារ “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ក្នុង​ម្នាក់​ចំនួន​៣៥លាន​​រៀល ឬ​ជិត​១ ម៉ឺន​ដុល្លារ​អាមេរិក​ផង​ដែរ។

មេធាវី​របស់​លោក រ៉ាត់ រត្ន​មុនី លោក សំ ទិត្យសីហា ថ្លែង​ថា លោក​នឹង​ជជែក​ជាមួយ​កូន​ក្តី​បន្ថែម​ទៀត ដើម្បី​ដាក់​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​ផ្ដន្ទាទោស​នេះ​។ លោក​ថា ការសម្រេច​របស់​តុលាការ​នេះ គឺជា​រឿង​អយុត្តិធម៌​យ៉ាង​ខ្លាំង ពីព្រោះ​កូន​ក្តី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ឡើយ៖ «ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សង្គម​យើង គាត់​ហាក់ដូចជា​មិនបាន​ចាប់អារម្មណ៍ យក​រឿង​ហ្នឹង​មក​ជជែក​គ្នា​ទេ ហើយ​វា​មិនមែន​ជា​ទង្វើ​មួយ​ដែល​គាត់​ធ្វើ​ឱ្យ​ប៉ះពាល់​សង្គម​នោះ​ដែរ​។ វា​ជា​ទង្វើ​មួយ​ដែល​ធ្វើ​ឱ្យ​អាជ្ញាធរ​មានការ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​ហ្នឹង​វិញ ប្រសើរ​ជាង​ការ​ចោទ​ថា គាត់​ធ្វើ​វា​ប៉ះពាល់​ដល់​មុខមាត់​សង្គម ឬក៏​ប៉ះពាល់​ទៅដល់​មុខមាត់​ប្រទេស​នោះ​។ ទាក់ទង​នឹង​ផល​ប៉ះពាល់​នោះ គឺ​ហាក់​ដូចជា​គ្មាន​។ សម្រាប់​ទង្វើ​ដែល​គាត់​ធ្វើ គឺ​គាត់​មាន​ចេតនា​មួយ​ដើម្បី​ឱ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ហ្នឹង ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​បង្ក្រាប ឬក៏​ដោះស្រាយ​ករណី​ហ្នឹង»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​” បន្ទាប់ពី​លោក​បាន​ជួយ​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្រោម​ចំណងជើង​ថា “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​អះអាង​ថា ភាពយន្ត​ឯកសារ “​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​” ដែល​បង្ហាញ​ពី​ស្ត្រី​ខ្មែរ​វ័យក្មេង ៣​នាក់ ត្រូវ​បាន​លក់​ឱ្យ​បម្រើ​ផ្លូវ​ភេទ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ ជា​វីដេអូ​បែប​ប្រឌិត ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា។ អាជ្ញាធរ​បាន​ចោទ​លោក រ៉ាត់ រត្នមុនី ថា បាន​ឱ្យ​លុយ​តួអង្គ​ក្នុង​សាច់រឿង ដើម្បី​ឱ្យ​ពួកគេ​និយាយ​កុហក​ពី​ដំណើររឿង​របស់​ខ្លួន​។

ទោះជា​យ៉ាងណា តួអង្គ​ម្នាក់​ក្នុងចំណោម ៣នាក់​នោះ ​គឺកញ្ញា អ៊ុន ស្រីពេជ្រ ធ្លាប់​បាន​អះអាង​ប្រាប់​អាស៊ីសេរី​ថា នាង​មិនដែល​ទទួល​បាន​លុយកាក់​ពី​លោក រ៉ាត់ រត្នមុនី ឡើយ ហើយ​អ្វី​ដែល​នាង​បាន​រៀបរាប់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នោះ សុទ្ធសឹង​តែ​រឿង​ពិត​របស់​នាង។ ក៏ប៉ុន្តែ​សាក្សី​ដ៏​សំខាន់​ម្នាក់​នេះ មិន​បាន​ចូលរួម​ក្នុង​អង្គ​សវនាការ​សួរដេញដោល​ឡើយ ដែល​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​ដល់​លោក រ៉ាត់ រត្នមុនី។

អ្នកនាំពាក្យ​សមាគម​ អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ដែល​បាន​តាមដាន​រឿង​នេះ​តាំងពី​ដើមដំបូង​មក​នោះ វាយតម្លៃ​ថា សំណុំ​រឿង​នេះ​មាន​ភាព​អយុត្តិធម៌​ចំពោះ​លោក រ៉ាត់ រត្នមុនី ពីព្រោះ​លោក​មាន​តួនាទី​ត្រឹម​ជា​អ្នកបកប្រែ​ឱ្យ​សារព័ត៌មាន RT របស់​រុស្ស៊ី មិនមែន​ជា​អ្នក​សម្រេច​ចេញផ្សាយ​ភាពយន្ត​ឯកសារ “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” នោះ​ឡើយ​។ ម្យ៉ាងវិញទៀត លោក​ចាប់អារម្មណ៍​ថា នៅ​ក្នុង​អង្គ​សវនាការ តុលាការ​ហាក់​ដូចជា​ពឹងផ្អែក​ទៅលើ​កំណត់ហេតុ​របស់​សមត្ថ​កិច្ច និង​ចម្លើយ​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដែល​ឆ្លើយ​ស្រដៀងៗ​គ្នា ខណៈ​ភស្តុតាង និង​សេចក្ដី​សន្និដ្ឋាន​របស់​មេធាវី​វិញ ហាក់​មិន​ត្រូវ​បាន​តុលាការ​ពិចារណា​ឡើយ៖ «យក​គាត់​ទៅ​ដាក់​ដល់​ជិត​អតិបរមា ព្រោះ​៣ ឆ្នាំ ហើយ​គាត់​ដាក់​២ ឆ្នាំ​បាត់​ទៅ​ហើយ​ហ្នឹង ទាំង​ដែល​រឿង​ហ្នឹង​មាន​វិមតិសង្ស័យ​ច្រើន​។ ក្នុង​ផ្លូវច្បាប់​យើង កាលណា​មាន​វិមតិសង្ស័យ​ច្រើន​ហ្នឹងហើយ​ដែល​ជា​ផលប្រយោជន៍​បាន​ទៅលើ​ជនជាប់ចោទ​។ ក៏ប៉ុន្តែ យើង​ឃើញ​ហើយ ទោះបី​មាន​ភស្តុតាង មានការ​សម្អាង មានការ​លើកឡើង​ពី​មេធាវី​ការពារ​ក្តី​ដែល​ជា​ហេតុផល​មួយ​សមរម្យ​ដែល​គួរតែ​ចៅក្រម​យក​ទៅ​ពិចារណា​ហ្នឹង អត់​មាន​យក​ទៅ​ពិចារណា​ទេ ហើយ​បែរជា​ដាក់ទោស​គាត់​ជិត​ដល់​កម្រិត​អតិបរមា​នៃ​ទោស​នេះ។ វា​ជា​រឿង​មួយ​ដែល​អយុត្តិធម៌​សម្រាប់​គាត់​ណាស់»

ចំណែក ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​ជា​សហការី​របស់​លោក រ៉ាត់ រត្នមុនី វិញ អះអាង​ថា លោក​នឹង​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​បន្ថែម​ទៀត​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​សហជីព​អន្តរជាតិ ដើម្បី​ជួយ​រក​យុត្តិធម៌​ដល់​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​។ លោក​យល់ថា រឿង​នេះ​មាន​ភាព​អយុត្តិធម៌​តាំងពី​ដើមដំបូង​មក​ម្ល៉េះ ដូច្នេះ​ការ​កាត់​ឱ្យ​លោក រ៉ាត់ រត្នមុនី ជាប់ទោស​ជិត​ដល់​កម្រិត​អតិបរមា​បែបនេះ គឺជា​រឿង​កាន់តែ​អយុត្តិធម៌​ថែម​មួយ​កម្រិត​ទៀត៖ «លោក រត្នមុនី បើ​យើង​មើល​ទៅ​ពុំ​មាន​ទោសកំហុស​អ្វី​នោះ​ទេ ទោះបី​ដាក់​តិច​ក៏​វា​ជា​រឿង​អយុត្តិធម៌ ដាក់​ច្រើន​កាន់តែ​អយុត្តិធម៌ ហើយ​បន្ទុក​ធ្លាក់​មក​លើ​ក្រុម​គ្រួសារ។ អាហ្នឹង​ដែល​ជា​ចំណោទ​បញ្ហា​។ យើង​គ្រាន់តែ​ចង់​ឱ្យ​តុលាការ​ពិនិត្យមើល​ឡើងវិញ​ជុំវិញ​សេចក្ដី​សម្រេច​របស់​ខ្លួន ពីព្រោះ​ការសម្រេច​នេះ​ជា​រឿង​មួយ​អយុត្តិធម៌​សម្រាប់​គាត់»

គិត​ត្រឹម​ចុងខែ​មិថុនា​នេះ លោក រ៉ាត់ រត្ន​មុនី បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជិត ៧ខែ​មក​ហើយ ហើយ​តាមរយៈ​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ពេល​នេះ លោក​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​បន្ថែម​ទៀត​ដើម្បី​ឱ្យ​គ្រប់​រយៈពេល ​២ឆ្នាំ។

អង្គការ​អន្តរជាតិ​ធំៗ ចំនួន​ពីរ ថ្កោលទោស​ការ​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិ​ការងារ​លោក​ រ៉ាត់​ រត្នមុនី ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ៖

ជុំវិញ​ការ​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ចាត់​ទុក​ចំណាត់ការ​បែបនេះ ថា​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង គ្រាន់តែ​ជា​លេស​ក្នុង​ការ​បិទបាំង​បញ្ហា​សង្គម ដែល​កំពុង​រីក​រាលដាល​នៅ​កម្ពុជា។

នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែង​ថា៖ «លោក រ៉ាត់ រត្ន​មុនី មិន​គួរ​ណា គេ​ចាប់ខ្លួន​គាត់​តាំង​ពី​ដំបូង​មក​ម្ល៉េះ កុំថាឡើយ​ដល់​ទៅ​ជំនុំ​ជម្រះ​ក្តី និង​ផ្ដន្ទាទោស​គាត់​បែប​នេះ​នោះ ព្រោះ​គាត់​គ្រាន់តែ​អ្នក​ជួយ​ភ្ជាប់​ទំនាក់ទំនង និង​បកប្រែ​ក្នុង​ភាពយន្ត​ឯកសារ​របស់​សារព័ត៌មាន​រុស្ស៊ី “Russia Today” តែប៉ុណ្ណោះ​។ ការចោទប្រកាន់​គាត់​បែបនេះ គឺជា​ការ​មើលងាយ ដល់​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ»

លោក​បន្ត​ថា​៖ «របប​លោក ហ៊ុន សែន កំពុង​ប្រឹង​បិទបាំង​ភាព​ក្រីក្រ​ពេញបន្ទុក​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​បង្ខំចិត្ត ជំរុញ​ឱ្យ​កូនស្រី​លក់ខ្លួន ដើម្បី​រស់​។ ការ​ខំប្រឹង​ដាក់គុក​លោក រ៉ាត់ រត្នមុនី គឺជា​ឧទាហរណ៍​មួយ ដែល​របប​លោក ហ៊ុន សែន កំពុង​ធ្វើបាប​អ្នក​ដែល​គ្មាន​កំហុស ដោយ​គ្រាន់តែ​គាត់ លាតត្រដាង​ការពិត​ប្រាប់​ពិភពលោក​ឱ្យ​បាន​ដឹង អំពី​អ្វី​ដែល​របប​នេះ​ខំប្រឹង​លាក់»

លោក​បន្ថែម​ថា​៖ “​អ្វី​ដែល​ជា​ការពិត ដែល​របប​នេះ​ប្រឹង​លាក់​នោះ គឺ​ឧស្សាហកម្ម​ផ្លូវ​ភេទ នៅ​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ផ្លូវ​ភេទ​ក្មេង​ស្រី​ក្រោម​អាយុ ១៨ ឆ្នាំ ដែល​រឿង​នេះ មន្ត្រី​របប​នេះ មិន​បាន​ចាត់វិធានការ​គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​បាន។

ចំណែក​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) ហៅ​ការ​ជំនុំជម្រះ​ក្ដី​នោះ​ថា ការ​កាត់​ក្តី​បែប​បាយ​ឡុក​បាយ​ឡ​គួរ​ឲ្យ​អាម៉ាស់ និង​គួរ​ឲ្យ​ស្អប់​ខ្ពើម។ ប្រធាន​ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក របស់​អង្គការ​នេះ គឺ​លោក ដានីញ៉ែល បាស្តាត (Daniel Bastard) ថ្លែង​កាល​ពី​ថ្ងៃ​ទី២៦ មិថុនា​ថា សេចក្ដី​សម្រេច​របស់​តុលាការ​បែប​នេះ គឺ​ធ្វើ​ឲ្យ​បាត់បង់​សុចរិត​ភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា​យ៉ាង​ដំណំ។ អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន ថា​នេះ​ជា​ការ​គួរ​សោក​សង្រេង​មួយ ដែល​អ្នក​ហ៊ាន និង​ជួយ​ឈឺ​ឆ្អាល​អំពី​បញ្ហា​សង្គម និង​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​សង្គម តែ​បែរ​ជា​ត្រូវ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​យ៉ាង​អយុត្តិធម៌​បែប​នេះ​ទៅ​វិញ។

ជា​ចុង​ក្រោយ​ទាំង​លោក ដានីញ៉ែល បាស្តាត និង​លោក ហ្វីល រ៉ូប៊ើតសិន (Phil Robertson) សុទ្ធតែ​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក រ៉ាត់ រត្ន​មុនី ជា​បន្ទាន់ និង ត្រូវ​ដោះ​លែង​គាត់​ឲ្យ​មាន​សេរីភាព ដើម្បី​គាត់​អាច​វិល​ទៅ​រួម​រស់​ជួប​ជុំ​ប្រពន្ធ​កូន​គាត់​វិញ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

one-vampire-rule,but 2 justice systems

Mr.Rath's innocent cases is not far different to anyone else,if someone dare to standoff"HS"he gonna send u to prison immediately,no matter guilty,or no guilty and the kangaroo court can't do nothing or against him,if he calls to the judge,he/she must taken his order quickly...just do what's the hell it says...and say what's the hell it wants...and do what's the hell he won't"someone VS evil=prison".If,anyone sided with him,they can do anything+killing,robbing+drug trafficking or whatever by without criminal charges.

Jun 26, 2019 02:46 PM

អ្នក​អាន​អនាមិក

អាចនិយាយបានថាតុលាការកាត់ក្តីនេះវាជ្រុះបាត់ស្រះអីយូរហើយ

Jun 26, 2019 02:29 PM

មិនអូខេ

ពី ភព

សំណងតិចម្លេះ? ហេីយជាប់គុកតែពីឆ្នាំ

Jun 26, 2019 01:31 PM

គេហទំព័រ​ទាំងមូល