អាវុធហត្ថ​ផ្ទៃ​ប្រទេស​កោះ​ហៅ​សាក្សី​សួរ​រឿង​ពលរដ្ឋ​ម្នាក់​ស្លាប់​ពេល​ជាប់ឃុំ​នៅ​បន្ទាយ​មាន​ជ័យ

ដោយ ខែ សុណង
2020-01-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី។
អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី។
Photo courtesy of Eng Hy Facebook

គណៈកម្មការ​ចំពោះ​កិច្ច​របស់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​១៥ មករា បាន​កោះហៅ​សាក្សី ៤​នាក់ សាកសួរ​អំពី​រឿង​មន្ត្រី​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាប់ខ្លួន​ប្រជា​ពលរដ្ឋ​​មាន​ទំនាស់​ដីធ្លី ៥​នាក់ ធ្វើ​ទារុណកម្ម ហើយ​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់ កាលពី​ថ្ងៃ​ទី​១ មករា។

ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក នាង សុជីវី បាន​កោះហៅ លោក ហ៊ឹម គិរី និង​សាក្សី ៣​នាក់​ផ្សេងទៀត ឱ្យ​ចូល​បំភ្លឺ​នៅ​ទី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មករា។ ការ​កោះហៅ​ពលរដ្ឋ​នេះ គឺ​ដើម្បី​សាកសួរ​អំពី​ដំណើររឿង​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​ប្រជាពលរដ្ឋ​ម្នាក់​កាលពីដើម​ខែ​មករា កន្លង​ទៅ។

សាក្សី និង​ជា​ជនរងគ្រោះ​ម្នាក់​ចំណោម ៤​នាក់ ដែល​ត្រូវ​ចូល​បំភ្លឺ​គណៈកម្មការ​ចំពោះ​កិច្ច គឺ​លោក ហ៊ឹម គីរី ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ ទី​១៥ មករា​ថា លោក​នឹង​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​ក្នុង​នាម​ជា​សាក្សី​ផង និង​ជា​ជនរងគ្រោះ​ផង​។ លោក​បញ្ជាក់​ទៀត​ថា ពួក​លោក​នឹង​និយាយ​ការពិត​ដែល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​វាយដំ​ធ្វើ​ទារុណកម្ម​ពួក​លោក ប្រាប់​គណៈកម្មការ​នេះ​ទាំង​អស់ ដោយ​មិន​មាន​លាក់បាំង​ឡើយ​។ លោក​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចាប់​ជនល្មើស​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពួក​លោក និង​ជនរងគ្រោះ៖ «ខ្ញុំ​ចង់​បានតែ​សំណុំរឿង​ទទួល​បាន​​យុត្តិធម៌ និង​ឱ្យ​មាន​ការ​បង់​ជំងឺ​ចិត្ត​ឱ្យ​ខ្ញុំ​ដែល​គេ​ធ្វើបាប​ខ្ញុំ​។​ខ្ញុំ​អត់​ខ្លាច​ទេ​ដល់​ដំណាក់​នេះ​ហើយ។ បាទ​!​គេ​ធ្វើ​ទារុណកម្ម​ខ្ញុំ​វា​ព្រៃផ្សៃ​ពេក បានជា​ខ្ញុំ​ចង់​បំភ្លឺ​ឱ្យ​វា​ច្បាស់ ដើម្បី​ឱ្យ​គេ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​បាន»

ចំណែក​ឯ​ប្រពន្ធ​ជនរងគ្រោះ​ម្នាក់ទៀត គឺ​លោកស្រី រិន រី ថ្លែង​ថា មន្ត្រី​អាវុធហត្ថ​ជាច្រើន​នាក់​បាន​ប្រគល់​លិខិត​កោះហៅ​ឱ្យ​ប្ដី​របស់​លោកស្រី គឺ​លោក អាន រួន ដល់​ផ្ទះ​នៅ​ស្រុក​ព្រះនេត្រព្រះ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មករា​។ លោកស្រី​បន្ត​ថា ប្ដី​របស់​លោក​ស្រី​នឹង​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​នេះ៖ «ហើយ​ខ្ញុំ​នេះ​ចង់​ឱ្យ​គេ​ជួយ​ជា​សំណង ដើម្បី​ខ្ញុំ​មើល​គ្រួសារ​ខ្ញុំ​ផង ព្រោះ​អី​ប្ដី​ខ្ញុំ​ឈឺ​ហើយ​ចាស់​ទៀត ខ្ញុំ​អត់​មាន​លុយ​អី​មើល​ប្ដី​ទេ។ ខ្ញុំ​ស្រណោះ​គ្រួសារ​ខ្ញុំ​ណាស់ ដែល​គាត់​ធ្វើ​ទារុណកម្ម​សព្វគ្រប់​នោះ ដៃ​ជាប់​ចំណង​ហើយ​លោត​ធាក់​ទៀត ហើយ​ឥឡូវនេះ​គាត់​ឈឺ​ដើមទ្រូង ហើម​ឡើង​ប៉ោង​ចេញ​មក​ក្រៅ។គាត់​ឈឺ​២​ថ្ងៃ​ហើយ មានអី​គាត់​ថា មើល​ដើមទ្រូង​ម៉េច​បានជា​ឈឺ​មិន​ដឹង​ជា​បាក់ឆ្អឹង ឬ​យ៉ាងម៉េច​ទេ​បង»

សាក្សី​អះអាង​ថា លោក ទុយ ស្រស់ ដែល​ជា​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​ជ្រៃ ឃុំ​ចង្ហា ស្រុក​អូរជ្រៅ បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១ មករា គឺ​ដោយសារ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាប់​ឃុំ​ខ្លួន ហើយ​វាយ​ធ្វើ​ទារុណកម្ម​បណ្ដាល​ឱ្យ​គ្រាំគ្រា​ឈឺ​ចុកចាប់​ក្នុង​ខ្លួន ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩។

សាក្សី​ទាំងនោះ​បន្ត​ថា ជនរងគ្រោះ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ទើប​សមត្ថកិច្ច​បញ្ជូន​បន្ត​ទៅ​ពន្ធនាគារ​ខេត្ត និង​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់​។ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់​យក​ទៅ​សាកសួរ បន្ទាប់​ពួកគាត់ ឱ្យ​អាជ្ញាធរ​ដោះស្រាយ​តវ៉ា​រឿង​ទំនាស់​ដី​របស់​ពួកគាត់​នៅ​ស្រុក​ស្វាយចេក។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​នោះ ប្រជាពលរដ្ឋ​ជាង ១០០​នាក់ បាន​នាំគ្នា​តវ៉ា​នៅមុខ​សាលា​ខេត្ត​​បន្ទាយ​មាន​ជ័យ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត ចេញទៅ​ជួប​ពួកគាត់​ពន្យល់​អំពី​មូលហេតុ ដែល​មិន​ឱ្យ​ពួក​គាត់​កាន់កាប់​ដី​ទំនាស់ ប៉ុន្តែ​ពេលនោះ​អាជ្ញាធរ​ខេត្ត​មិន​បាន​ចេញ​ជួប​ក្រុម​អ្នកតវ៉ា​នោះ​ឡើយ​។ នៅ​ថ្ងៃ​នោះ​ក្រុម​ពលរដ្ឋ​ក៏​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ គឺ​រង់ចាំ​ក្បែរ​របង​​សាលា​ខេត្ត រហូត​ដល់​​ម៉ោង ២​រសៀល ស្រាប់តែ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ជាច្រើន​នាក់​ ទៅ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ទាំងនោះ និង​បាន​ចាប់​មនុស្ស ៥​នាក់​យក​ទៅ​ឃុំខ្លួន​។ អំឡុង​ពេល​សមត្ថកិច្ច​ឃុំខ្លួន​នោះ មាន​ពលរដ្ឋ​ម្នាក់​បាន​ស្លាប់ ក្រោយពេល​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​បាន​មួយថ្ងៃ និង ៤​នាក់​ផ្សេងទៀត ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃ​ទី​៣ មករា។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា មន្ត្រី​អាវុធហត្ថ​មិនបាន​ប្រើ​ហិង្សា​​លើ​ជនរងគ្រោះ​ដូច​ការចោទប្រកាន់​ឡើយ ហើយ​​អាជ្ញាធរ​ខេត្ត ក៏បាន​ចេញ​​សេចក្ដីថ្លែងការណ៍​ជុំវិញ​បញ្ហា​នេះ​រួចហើយ​ដែរ​។ ទោះជា​យ៉ាងណា លោក​ជំរុញ​ឱ្យ​សាក្សី និង​សាច់ញាតិ​ជនរងគ្រោះ ​ប្ដឹង​ទៅ​តុលាការ ដើម្បី​ដោះស្រាយ​តាមច្បាប់។

កាល​ពី​ថ្ងៃ​ទី​១៤ មករា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ជួបជុំ​ជាមួយ​សារព័ត៌មាននៅ​រាជធានី​ភ្នំពេញ​ថា លោក​បាន​បញ្ជា​ឱ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​គឺ​លោក សៅ សុខា ឱ្យ​បើក​ការស៊ើបអង្កេត និង​នាំ​ជន​ដៃដល់​មក​ផ្ដន្ទាទោស​តាមច្បាប់។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត បាន​ទទូច​ដល់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ឱ្យ​ធ្វើ​ការ​ដោយ​តម្លាភាព​លើ​ករណី​ស្លាប់​ប្រជាពលរដ្ឋ​ម្នាក់​នៅ​មន្ទីរឃុំឃាំង​របស់​ខេត្ត​បន្ទាយមានជ័យ​នេះ។

លោក​មាន​ប្រសាសន៍ថា អ្នក​ដែល​ពាក់ព័ន្ធ ទោះបី​អ្នកនោះ​ជា​មនុស្ស​មានអំណាច​ក៏ដោយ​ត្រូវតែ​យក​មក​អនុវត្ត​ទៅតាម​ផ្លូវច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ធានា​យុត្តិធម៌​នៅ​ក្នុង​សង្គម​ដោយ​មិន​ប្រកាន់​បក្ស​ពួក​និយម ឬក៏​មានការ​យោគយល់​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល