សមាគម​ខ្មែរ​ក្រោម គ្រោង​សុំ​អន្តរាគមន៍​ពី​ក្រសួងការបរទេស​កម្ពុជា រឿង​វៀតណាម​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម

ដោយ យន់ សាមៀន
2020-06-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបឆ្វេង​) ខ្មែរក្រោម ដែល​រង​របួសក្រោយ​ការ​ផ្ទុះ​ហិង្សា​​ជាមួយនគរបាល​វៀតណាម ​និង (ស្ដាំ) ក្រុមខ្មែរក្រោមកំពុងប្រឈមមុខ​ជាមួយ​នគតបាលវៀតណាមស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង​​ខេត្ត​ក្រមួន​ស​​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២០។
រូបឆ្វេង​) ខ្មែរក្រោម ដែល​រង​របួសក្រោយ​ការ​ផ្ទុះ​ហិង្សា​​ជាមួយនគរបាល​វៀតណាម ​និង (ស្ដាំ) ក្រុមខ្មែរក្រោមកំពុងប្រឈមមុខ​ជាមួយ​នគតបាលវៀតណាមស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង​​ខេត្ត​ក្រមួន​ស​​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២០។
ប្រភព៖ សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍

អង្គការ​សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍ គ្រោង​ដាក់​របាយការណ៍​ផ្លូវការ​មួយ​ទៅ​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​ឱ្យ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឱ្យ​ដោះលែង​បុរស​ខ្មែរ​ក្រោម​ម្នាក់​ដែល​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​ក្នុង​ករណី​ជម្លោះដីធ្លី។

អគ្គលេខាធិការ​សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​១៣​ខែមិថុនា ថា ពេលនេះ​សមាគម​លោក​កំពុង​ប្រមូល​ភស្តុតាង និង​ឯកសារ​នានា ដើម្បី​ធ្វើជា​របាយការណ៍​មួយ​ដាក់​ទៅ​ក្រ​សូង​ការបរទេស​កម្ពុជា ទាក់ទង​ករណី​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​លោក ហ្វិន យ៉ាងដៀប។ លោក​រំពឹង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បោះបង់ចោល​សាច់ឈាម​របស់​ខ្លួន​ដែល​កំពុង​ជួប​ទុក្ខ​បែបនេះ​ទេ៖ «ទោះបី​គាត់​(​រដ្ឋាភិបាល​កម្ពុជា​) មិន​យកចិត្តទុកដាក់ គាត់​មិន​ខ្វល់​ក៏ដោយ ប៉ុន្តែ​យើង​នៅតែ​ជំរុញ​ទៅ​រដ្ឋាភិបាល​ជានិច្ច បងប្អូន​កម្ពុជា​ក្រោម​នៅតែ​រំពឹង​គិត​ថា បងប្អូន​រដ្ឋាភិបាល​កម្ពុជា​យើង​គឺ​ជា​អាណាព្យាបាល»

លោក សឺន ជុំជួន លើកឡើង​ថា ផ្អែក​តាម​ព្រះរាជសារ​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច នរោត្ដម សីហនុ និង​ច្បាប់​សញ្ជាតិ​កម្ពុជា​ចែងថា ពលរដ្ឋ​ខ្មែរ​ទោះ​នៅ​ទី​ណា​ក៏​ត្រូវតែ​ទទួល​បាន​សញ្ជាតិ​ខ្មែរ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅតែ​ជា​ជនជាតិ​ខ្មែរ និង​មាន​សញ្ជាតិ​ខ្មែរ​ហើយ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​នៅ​ស្ងៀម​ចំពោះ​ករណី​នេះ​ទៀត​ឡើយ។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន និង អ្នកនាំពាក្យ លោក កុយ គួង បាន​ទេ នៅ​ថ្ងៃ​ទី១៣ មិថុនា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​ដង ប៉ុន្តែ​គ្មាន​អ្នក​ទទួល។

អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ក្រមួនស ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​ជា កៀនយ៉ាង (Kien Giang) បាន​សម្រុក​ចុះ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម លោក ហ្វិន យ៉ាងដៀប ជា​អ្នកស៊ីឈ្នួល​ឈូស​ឆាយ​ដី​ឱ្យ​ពលរដ្ឋ​ក្នុង​ភូមិ​ប៉ប្រក់ ដែល​ជា​កន្លែង​មាន​ជម្លោះដីធ្លី និង​បាន​ចោទប្រកាន់​លោក​ថា ជា​អ្នកដឹកនាំ​ការ​បះបោរ​ទន្ទ្រាន​យក​ដី ទំហំ​ជាង បី​ពាន់​ហិកតារ​ដែល​កំពុង​មាន​ជម្លោះ​នោះ។

អង្គការ​សមាគម​ខ្មែរ​ក្រោម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​ហៅ​ទង្វើ​នេះ​ថា​ជា​អំពើ​សាហាវ​ព្រៃផ្សៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល