យុវជន​ខ្មែរ​ក្រោម​កំពុង​រក​មេធាវី​ការពារ​ក្ដី​រឿង​វៀតណាម​ចោទ​ប្រកាន់​ករណី​បង្ហោះ​ព័ត៌មាន​លើ​ហ្វេសប៊ុក

ដោយ ឡេង ម៉ាលី
2020-06-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សឺន ជុំជួន អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍។
លោក សឺន ជុំជួន អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍។
រូបថត៖ ហ្វេសប៊ុក SC Chuon

យុវជន​ខ្មែរ​ក្រោម​ម្នាក់​នៅ​ព្រះ​ត្រពាំង កំពុង​រក​មេធាវី​ដើម្បី​ជួយ​ការពារ​ក្ដី ករណី​អាជ្ញាធរ វៀតណាម​ចោទប្រកាន់​ថា លោក​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ សមាគម​ខ្មែរ​ក្រោម​ឱ្យ​ដឹង​ថា នៅ​ខេត្ត​ព្រះ​ត្រពាំង​មាន​ខ្មែរ​ក្រោម​ធ្វើជា​មេធាវី ដូច្នេះ​ពលរដ្ឋ​ខ្មែរ​ក្រោម​មាន​បញ្ហា​អាច​ទៅ​រក​មេធាវី​ខ្មែរ​ក្រោម ប៉ុន្តែ សមាគម​ខ្មែរ​ក្រោម​ហាក់​មិនសូវ​មាន​ជំនឿ​ថា អាជ្ញាធរ​នៃ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ ផ្ដល់​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ​ឡើយ។

យុវជន តោ ហ្វាងចឿង ឱ្យ​អាស៊ីសេរី​ដឹង​ថា អាជ្ញាធរ​វៀតណាម បាន​បញ្ជូន​លិខិត​ផាក​ពិន័យ​ឱ្យ​លោក​និង​តម្រូវ​ឱ្យ​លោក​ត្រូវ​ទៅ​បង់​ប្រាក់ និង​នៅ​សាលាខេត្ត​ព្រះ​ត្រពាំង​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ខាងមុខ​។ លោក​ថា ក្នុង​លិខិត​នោះ លោក​អាច​ប្រឈម​នឹង​ការ​បង់​ប្រាក់ ពី​១០​លាន​ទៅ ២០​លាន​ដុង ឬ​គិត​ជា​ប្រាក់​ដុល្លារ​ពី​៥០០​ដុល្លារ​ទៅ​១,០០០​ដុល្លារ​។ ប៉ុន្តែ ក្នុង​លិខិត​នោះ​បញ្ជាក់​ថា លោក​មាន​សិទ្ធិ​រក​មេធាវី​ការពារ​ក្ដី​ក្នុង​ករណី​លោក​មិន​ទទួលយក​ការ​ពិន័យ​នេះ៖ «បាទ​លិខិត​គេ​កោះហៅ​យើង​ខេត្ត​ព្រះ​ត្រពាំង ដើម្បី​ពិន័យ​លុយ​យើង​ហើយ​យើង​សម្រេច​រក​មេធាវី​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​។ នគរបាល​ស្រុក​ហ្នឹង​គេ​ថា យើង​មិន​ចេញ​ចិត្ត​រក​យើង​អាច​រក​មេធាវី​ប្ដឹង​តប​ទៅវិញ​បាន»

អាជ្ញាធរ វៀតណាម​នៅ​ស្រុក​ផ្នោដាច់ នៃ​ខេត្ត​ព្រះ​ត្រពាំង ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​មកជា​ខេត្ត ត្រា​វិញ (Tra Vinh) បាន​កោះហៅ យុវជន តោ ហ្វាងចឿង សាកសួរ​ជាច្រើន​ម៉ោង​កាលពី​ថ្ងៃ​ទី​០៨ ខែ​មិថុនា និង​បាន​ចោទប្រកាន់​លោក​ថា បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ។

យុវជន តោ ហ្វាងចឿង ឱ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម បាន​ចោទប្រកាន់​លោក​ពីរ​ករណី ករណី​ទី​១ គឺ​ការ​បង្ហោះ​លិខិត​របស់​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ កាល​ពី​ឆ្នាំ​១៩៨៤ ដែល​មាន​ខ្លឹមសារ ថា ដែនដី​កម្ពុជា​ក្រោម ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង និង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​ក្រោម​។ ករណី​ទី​២ ការ​បង្ហោះ រូប​សញ្ញា​កាន់ទុក្ខ​នៃ​ការ​កាន់ទុក្ខ​ការបាត់បង់​ដែនដី​កម្ពុជា​ក្រោម នៅ​លើ​ប្រូហ្វាល (Profile) ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា៖ «គេ​ចោទ​មាន​ពីរ​ផ្លូវ​មួយ​បង្ហោះ​ឯកសារ ហូ ជីមិញ​ហ្នឹង​គេ (អាជ្ញាធរ​វៀតណាម​) ថា មិន​ទទួលស្គាល់​ការពិត​ទី​១ ទី​២​ហ្នឹង​ឯកសារ​រូបភាព​ខ្មែរ​ប្រារព្ធ​ខួប​៧១​ឆ្នាំ​ហ្នឹង​ណា គេ​មិន​ពិត​ដែរ គេ​ចោទ​ទាំងពីរ​ផ្លូវ​ហ្នឹង​គេ​ថា ទាំងពីរ​មិន​ពិត​ទាំងអស់​យើង​គ្រាន់​សេវ​(រក្សាទុក) តាម​បណ្ដាញ​ហ្វេសប៊ុក តាស រឿង​អី​មក​ចោទ​ទោស​ឱ្យ​បង់លុយ»

អគ្គលេខាធិការ​សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ឱ្យ​ដឹង​ថា សមាគម​របស់​លោក អាច​ផ្ដល់​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ពី​ចម្ងាយ​ជួន​យុវជន តោ ហ្វាងចឿង បើ​យុវជន​រូបនេះ​ត្រូវការ​។ លោក​ឱ្យ​ដឹង​ទៀត​ថា នៅ​ខេត្ត​ព្រះ​ត្រពាំង ក៏​មាន មេធាវី​ជា​ខ្មែរ​ក្រោម​ដែរ ដូច្នេះ​យុវជន​រូប​នេះ អាច​ទៅ​ប្រឹក្សា​ជាមួយ​មេធាវី​ខ្មែរ​ក្រោម​នោះ​បាន​។ ទោះ​យ៉ាងណា លោក​មិនសូវ​មាន​ជំនឿ​ថា អាជ្ញាធរ​នៃ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ នឹង​ផ្ដល់​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ៖ «ការិយាល័យ​មួយ​ដែល​ជា​ការិយាល័យ​របស់​ខ្មែរ​ក្រោម​ដែរ​គាត់​គួរ​ទៅ​ពឹង​ពាក់​ការិយាល័យ​ហ្នឹង​មើល​ដើម្បី​ធ្វើការ​ទាំងអស់​នេះ​ហើយ បើសិន​ណា​ស្ថាប័ន (អាជ្ញាធរ​វៀតណាម) បាន​រំលោភ​សិទ្ធិមនុស្ស ឬ​រំលោភ​គោលការណ៍​ច្បាប់ គាត់ (យុវជន តោ ហ្វាងចឿង) គួរ​ដាក់ពាក្យ​បណ្ដឹង​រក​អ្នក​ជំនាញ​ខាង​ច្បាប់​ហ្នឹង​ទៅ​ដាក់ពាក្យ​បណ្ដឹង​មើល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​បាន​ប្រព្រឹត្ត​ល្មើស​គោលការណ៍​ច្បាប់​មក​លើ​គាត់​ជាដើម»

យុវជន តោ ហ្វាងចឿង ដែល​ប្រើ​ហ្វេសប៊ុក​ឈ្មោះ (To Hoang Chuong) ដែល​ដាក់​រូប​សញ្ញា​កាន់ទុក្ខ​នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​ក្រោម​លើ​ហ្វេសប៊ុក បាន​បង្ហោះ​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ដែល​លោក​បាន​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នូវ​ឯកសារ​ទាក់ទង​នឹង​លិខិត​របស់​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ កាល​ពី​ឆ្នាំ​១៩៨៤ ដែល​មាន​ខ្លឹមសារ​ថា ដែនដី​កម្ពុជា​ក្រោម ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង និង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​ក្រោម​។ ចំណែក ជនជាតិ​វៀតណាម​ដែល​រស់​នៅ​លើ​ទឹកដី​នេះ គ្រាន់​ជា​អ្នក​ស្នាក់អាស្រ័យ និង​គ្មាន​សិទ្ធិ​សម្រេច​អ្វី​នោះ​ទេ។

ក្រៅពី​យុវជន យុវជន តោ ហ្វាងចឿង ដែល​រង​ការចោទប្រកាន់​ពី​អាជ្ញាធរ​ខេត្ត​ព្រះ​ត្រពាំង យុវជន​ខ្មែរ​ក្រោម​ពីរ​នាក់​ទៀត​នៅ​ក្នុង​ខេត្ត​នេះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ធ្វើការ​ពិន័យ​ជា​ប្រាក់ និង​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​បញ្ជា​ឱ្យ​លុប​រូប​សញ្ញា​កាន់ទុក្ខ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម នៅ​លើ​ប្រូហ្វាល (Profile) ហ្វេសប៊ុក​របស់​ខ្លួន​ចេញ​វិញ បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​ចាប់​ខ្លួន។

លោក សឺន ជុំជួន កត់សម្គាល់​ឃើញ​ថា នៅ​រយៈពេល​ចុងក្រោយ​នេះ​អាជ្ញាធរ​វៀតណាម បាន​តាមដាន និង​មាន​វិធានការ​ជា​បន្តបន្ទាប់ លើ​ការ​បង្ហោះ​ព័ត៌មាន​របស់​ពលរដ្ឋ​កម្ពុជា​ក្រោម ដែល​វិធានការ​នេះ​ជា​ការ​រឹត​បន្តឹង​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល