Human Rights Watch ទាម​​ទារ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោល​បទ​ចោទ​លើ​អតីត​អ្នក​កាសែត​ខេមបូឌា​ដេលី ២នាក់

ដោយ អាស៊ីសេរី
2019-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី នៃ​អង្គការ Human Rights Watch។
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី នៃ​អង្គការ Human Rights Watch។
រូប៖ Screenshot AFP

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ទាម​ទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោលបទ​​ចោទ​ប្រកាន់​បែប​ប្រឌិត​ប្រឆាំង​នឹង​​​អតីតអ្នក​យក​ព័ត៌មាន​កាសែត​ខេមបូឌាដេលី (The Cambodia Daily) ពីររូប គឺលោក អូន ភាព និង​លោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor)។ ការ​អំពាវនាវនេះ ធ្វើឡើងស្រប​ពេល​តុលាការ​ខេត្ត​​រតនគិរី​​គ្រោង​លើក​​យក​​សំណុំ​រឿង​របស់​អ្នក​​ទាំងពីរ​​​ទៅ​ជំនុំ​​ជម្រះ​នៅថ្ងៃទី២៥ ធ្នូខាង​មុខ។

នាយក​​រង​ទទួល​បន្ទុក​​កិច្ច​ការ​​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​​អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​​ប្រសាសន៍​ក្នុ​ងសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ធ្នូ​​ថា ការ​សម្រេច​លើក​​យក​សំណុំ​រឿង​អតីត​​អ្នក​​កាសែត​ខេមបូឌាដេលី​​ទាំងពីរ​​រូប​ទៅ​​ជំនុំ​ជម្រះ​​នេះ ហាក់​​ដូច​ជា​បង្កប់​នូវ​ចេតនា​​ធ្វើទុក្ខបុកម្នេញ​អ្នក​​សារព័ត៌មាន​ទាំងឡាយ​នៅកម្ពុជា។ លោក​ថា ព្រះរាជអាជ្ញា​ត្រូវ​តែ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​បែប​ប្រឌិត​នេះ ហើយ​រដ្ឋាភិបាល​​ក៏​ត្រូវ​បញ្ឈប់​សកម្មភាព​​រឹតត្បិត​​សេរីភាពសារព័ត៌មាន​ដោយ​ប្រើប្រាស់​បទឧក្រិដ្ឋ​ប្រឆាំង​នឹងសា​ព័ត៌មាន​ឯករាជ្យដែរ។

សាលាដំបូង​ខេត្ត​រតនគិរី​បាន​ចោទ​ប្រកាន់​លោក អូន ភាព និង​លោក ភីតធ័រ ហ្សមប៊័រ ពី​បទ “ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍” កាល​ពី​​ខែ​សីហា ឆ្នាំ២០១៧ កន្លងទៅ ពោល​គឺ​មួយ​​សប្ដាហ៍​មុន​​ពេល​កាសែត​ខេមបូឌា ដេលី​ត្រូវ​បង្ខំ​ចិត្ត​​បិទ​ទ្វារ​លែង​ដំណើរការ ដោយសារ​​បញ្ហា​ពន្ធដារដ៏​ចម្រូងចម្រាស់។ តុលាការ​បាន​ចោទ​ប្រកាន់​អ្នក​កាសែត​ទាំងពីរ​រូប​ ក្រោយពេល​ពួក​​គេ​​ចុះ​សម្ភាស​ពលរដ្ឋ​ក្នុង​ឃុំ​ប៉ាតេ ស្រុក​​អូរយ៉ាដាវ ខេត្ត​រតនគិរី អំពី​ការ​បោះឆ្នោត​ក្រុម​​ប្រឹក្សា​ឃុំ-សង្កាត់។

អ្នក​​នាំពាក្យ​សាលាដំបូង​ខេត្ត​រនគិរី លោក ​កែវ ពិសុទ្ធ សវនាការ​រឿង​ក្តីនេះ នឹង​ប្រព្រឹត្តទៅ​​ដូច​ការ​គ្រោង​ទុក គឺនៅព្រឹក​ថ្ងៃទី២៥ ធ្នូ។ លោកថា ការ​ស្នើ​សុំ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ក្នុង​ដំណាក់​កាល​នេះ គឺ​មិន​អាច​ធ្វើ​ទៅបាន​នោះទេ ព្រោះ​​តុលាការ​បានកំណត់​​រួច​ហើយ​ថា នឹង​ត្រូវបើក​​ការ​ជំនុំ​ជម្រះ។ លោក​បន្ថែម​ថា ការ​សម្រេច​សេចក្តីបែបណានោះ គឺ​ជា​ឆន្ទានុសិទ្ធិ​​របស់​ចៅក្រម​ជំនុំ​ជម្រះ៖ «»

មេធាវី​ការពារក្តី​​ឱ្យ​អតីត​​អ្នក​កាសែត​ខេមបូឌាដេលី លោក សេក សុភ័ណ្ឌ ថ្លែងថា លោក​នឹង​ចូល​រូម​ក្នុង​អង្គសវនាការនេះ ដើម្បី​ជួយ​ការពារកូ​ន​ក្តី​របស់​លោក​។ លោក​បញ្ជាក់ថា កូន​ក្តី​របស់​លោក​ទាំងពីរ​នាក់​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះឡើយ ព្រោះពួក​គាត់​ជា​អ្នក​កាសែត ដែល​តាម​វិជ្ជាជីវៈតម្រូវ​ឱ្យ​មាន​ការ​សម្ភាស ហើយ​ការ​ឆ្លើយ​ ឬមិន​ឆ្លើយ​នោះ គឺជាសិទ្ធិ​របស់​ប្រភព។ លោក​សង្កត់​ធ្ងន់​ថា ទង្វើ​នេះ​មិន​រាប់ថា ជា​ការ​ញុះញង់​​នោះឡើយ ដូច្នេះ​លោក​សង្ឃឹម​ថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោក​៖ «»

លោក អូន ភាព និង​លោក ភីតធ័រ ហ្សមប៊័រ គឺ​ជាអ្នក​កាសែត​ដ៏​​ស្វិត​ស្វាញ និង​គោរព​វិជ្ជាជីវៈខ្ជាប់​ខ្ជូន។ ជាញឹកញាប់ អ្នក​ទាំងពីរ​សរសេរ​អត្ថបទ​អំពី​​ការ​កាប់​ព្រៃឈើ​ខុស​ច្បាប់ និង​អំពើ​ពុក​រលួយ​របស់​រដ្ឋ​អំណាច​ក្នុង​ខេត្ត​រតនគិរី​ និង​ខេត្ត​ដទៃទៀត​ក្នុងប្រទេស​កម្ពុជា។ អ្នក​ទាំងពី​រ​បានឈ្នះ​​ពាន​រង្វាន់​អត្ថបទ​ស៊ើបអង្កេត​ដ៏​​ល្អ​​ឥតខ្ចោះពី​ស្ថាប័ន​ជំនាញ​សារព័ត៌មាន Society of Publishers កាល​ពី​មិថុនា ឆ្នាំ២០១៧។ ទោះ​ជា​យ៉ាង​ណា ​ ពេល​នេះ​អ្នក​​កាសែត​ទាំង​ពីរ​កំពុង​​រស់​នៅ​​ក្រៅ​​ប្រទេស ដើម្បី​​គេច​ផុត​ពី​ការ​ចាប់​ឃុំ​ខ្លួន​​តាម​​ទំនើង​​ចិត្ត​​របស់​អាជ្ញាធរ​កម្ពុជា។

អង្គការ Human Rights Watch កត់​សម្គាល់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បង្កើន​ការ​វាយ​​ប្រហារ​ឥត​ឈប់​ឈរ​លើ​សារព័ត៌មាន​ឯករាជ្យ​នៅ​រយៈ​ពេល​២ ឆ្នាំ​ចុង​ក្រោយ​នេះ។ ករណី​ទាំងនោះ​ មាន​ជា​អាទិ៍ ការ​បិទ​កាសែត​ខេមបូឌា ដេលី ការ​បិទ​ប្រេកង់​វិទ្យុ​មួយ​ចំនួន​ដែល​​ផ្សាយ​បន្ត​កម្មវិធី​​ព័ត៌មាន​​របស់​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ការ​ធ្វើទុក្ខបុកម្នេញ​រហូត​ដល់​វិទ្យុ​អាស៊ី​សេរី​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ ជាពិសេស​គឺ​ការ​ប្ដឹង​អ្នក​កាសែត​ជាច្រើន​នាក់​ទៅ​តុលាការ ព្រម​ទាំង​ការ​ចាប់​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរ​ពីរ​រូប​ ក្រោម​បទ​ចោទ​ប្រកាន់​ខ្វះ​ភស្តុតាង​រឿង​ធ្វើ​ចារកម្ម ជាដើម។

លោក ហ្វីល រ៉ូបឺតសុន ថ្លែង​ថា ការ​បៀតបៀន​អ្នក​កាសែត​ដោយ​អាជ្ញាធរ​កម្ពុជា ជា​ការ​ផ្ញើ​សារ​មួយ​ថា សារព័ត៌មាន​ស៊ើបអង្កេត និង​ឯករាជ្យ មិន​ត្រឹម​តែ​មិន​ទទួល​បាន​ការ​ស្វាគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​រុញ​ឱ្យ​អ្នក​សារព័ត៌មាន​ជាប់​ពន្ធនាគារ​ផង​ដែរ។ លោក​អំពាវនាវ​ដល់​​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​បរទេស​ទាំង​ឡាយ ទាម​ទារ​ឱ្យ​​មាន​ការ​​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំងនេះ និង​ជំរុញ​ឱ្យ​​​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌មាន​អាច​បំពេញការងារ​បាន​ដោយ​គ្មាន​ការ​យាយី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល