ពលករ​ខ្មែរ​នៅ​ថៃ​ប្រមាណ​ ៥០​នាក់​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ទីក្រុង​បាងកក

ដោយ សេក បណ្ឌិត
2019-05-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ពលករ​ខ្មែរ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ២០១៩។
ទិដ្ឋភាព​ពលករ​ខ្មែរ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ២០១៩។
រូប៖ ពលករ

ពលករ​ខ្មែរ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​ប្រមាណ ​៥០​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី១ ឧសភា បាន​នាំគ្នា​ចូលរួម​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ជាមួយ​ពលករ​មកពី​ប្រទេស​ដទៃ​ទៀត ​នៅ​ទីក្រុង​បាងកក។

តំណាង​ពលករ​ខ្មែរ​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ លោក វិន មករា ប្រាប់​អាស៊ីសេរី​នៅ​ក្រោយ​បញ្ចប់​កម្មវិធី​ថា ពិធី​នេះ​បាន​ផ្ដល់​ចំណេះដឹង​ផ្នែក​ការ​សិទ្ធិ​ពលករ ដែល​ធ្វើ​ឱ្យ​អ្នក​ចូល​មាន​ភាព​ក្លាហាន និង​ហ៊ាន​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន ប្រសិនបើ​មានការ​រំលោភ​សិទ្ធិ​ក្នុង​ពេល​បំពេញការងារ​មក​លើ​ពួកគេ ពី​សំណាក់​ថៅកែ​ថៃ​បាន និង​ដោយ​មិន​មាន​ការភ័យខ្លាច៖ «​គឺ​ធ្វើ​ឱ្យ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​មាន​សិទ្ធិ​ស្មើភាព​គ្នា​ដូច​ជនជាតិ​ថៃ​ដែរ​​ ពេល​មាន​បញ្ហា​ ដូច​ជា​ ការ​រំលោភ​បំពាន​ពេល​ថៅកែ​មិន​បើក​លុយ​ប្រាក់​ខែ​ និង​បញ្ហា​គ្រោះ​ថ្នាក់​ផ្សេង​ៗ ​ពេល​បំពេញ​ការ​ងារ​ជា​ដើម​ គឺ​ខាង​អង្គការ​សង្គម​ស៊ីវិល​គេ​ចុះ​មក​ជួយ​ ព្រោះ​​ធ្លាប់​មាន​ជា​ច្រើន​ករណី​ហើយ​ដែល​​មាន​បញ្ហា​ ហើយ​អង្គការ​មក​ជួយ​ពលករ​ខ្មែរ​រហូត»

លោក​បន្ត​ថា ពិធី​ផ្ដួចផ្ដើម​ដោយ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ការងារ​សិទ្ធិ​ពលករ​របស់​ថៃ ដោយមាន​អ្នកចូលរួម​ប្រមាណ​ ៣​ពាន់​​នាក់ រួមមាន​ពលករ​ខ្មែរ ភូមា ថៃ និង​លាវ ​ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​។ លោក​បន្ថែម​ថា ពលករ​ខ្លះ​បាន​ឡើង​សម្ដែង​មតិ​នៅ​លើ​វេទិកា​អំពី​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ដែល​បាន​ជួបប្រទះ ដោយមាន​កាន់​ទង់ជាតិ​តំណាង​ឱ្យ​ប្រទេស​រៀងៗ ​ខ្លួន និង​មាន​ដើរ​ហែ​ជុំវិញ​ទីកន្លែង​រៀបចំ​ពិធី​នៅ​ទីក្រុង​បាងកក។ លោក​ថា ពិធី​នេះ​ជា​លើក​ទី​២ ​ហើយ​ ដែល​ពលករ​ខ្មែរ​បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​ការងារ​​អន្តរជាតិ​នៅ​ប្រទេស​ថៃ ដែល​ឆ្នាំ​កន្លងទៅ​មាន​ពលករ​ខ្មែរ​ប្រមាណ​ ២០​នាក់​ចូលរួម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល