សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​សម្រេច​ប្រារព្ធ​ទិវា​គ្រូបង្រៀន​អន្តរជាតិ​នៅ​ទីតាំង​២​កន្លែង

ដោយ អាស៊ីសេរី
2018-10-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រូបង្រៀន​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​លើក​ទី​៥០ និង​ទាមទារ​ដំឡើង​ប្រាក់​ខែ នា​ទីលាន​ប្រជាធិបតេយ្យ​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៦។
គ្រូបង្រៀន​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​លើក​ទី​៥០ និង​ទាមទារ​ដំឡើង​ប្រាក់​ខែ នា​ទីលាន​ប្រជាធិបតេយ្យ​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៦។
RFA

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ សម្រេច​ថា នឹង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​អន្តរជាតិ ៥​តុលា នៅ​ទីតាំង​២​កន្លែង គឺ​នៅ​សួនច្បារ​ប្រជាធិបតេយ្យ​របស់​របប​ក្រុងភ្នំពេញ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ និង​មួយ​កន្លែង​ទៀត នៅ​សួនច្បារ​វត្តភ្នំ។

ប្រធាន​សមាគម អ្នកស្រី អ៊ុក ឆាយា​វី ប្រាប់​អាស៊ីសេរី​ថា កម្មវិធី​នឹង​ត្រូវ​ចាប់ផ្ដើម​នៅ​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៥ តុលា នៅ​ទីតាំង​សួន​ប្រជាធិបតេយ្យ​ខណ្ឌ​ឫស្សីកែវ ព្រោះ​ត្រូវ​បង្ខំ​ចិត្ត ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​ទីនោះ ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​ផ្សេងៗ ដោយសារ​ទទួល​បាន លិខិត​ព្រមាន ចំនួន​២ ពី​ខាង​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងមហាផ្ទៃ។ ប៉ុន្តែ ទោះជា​យ៉ាងណា សមាគម នៅតែ​រក្សាទុក​គ្រូបង្រៀន​ខ្លះ ឈរជើង នៅ​ទីតាំង​សួនច្បារ​វត្តភ្នំ៖ «នេះ​ការ​បង្ខំចិត្ត​របស់ខ្ញុំ​ទេ​ណា​។ ខ្ញុំ​ឲ្យ​គ្រូៗ​នៅ​ប្រមូលផ្ដុំ​នៅ​ហ្នុង (​ទីលាន​ប្រជាធិបតេយ្យ​ខណ្ឌ​ឫស្សីកែវ) ខ្ញុំ​ឈរ​នៅ​ណេះ (​សួនច្បារ​វត្តភ្នំ​) ។ ហ្នឹងហើយ ចែក​គ្នា​ឈរ។ បើ​សិន​យើង​បង្ខំចិត្ត ឲ្យ​គេ​វាស់ដី​ឲ្យ​យើង​ដើរ​តែ​រហូត​អ៊ីចឹង វា​ដូចជា​អត់​ត្រូវ! ក្នុងនាម ខ្ញុំ​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ខ្ញុំ​អំពាវនាវ​ឲ្យ​លោកគ្រូ អ្នកគ្រូ បងប្អូន ប្រជាពលរដ្ឋ​កម្មករ ឬក៏​ជា​អង្គការ​សង្គម​ស៊ីវិល ទាំងអស់ ឲ្យ​បាន​ចូលរួម​កម្មវិធី​គ្រូបង្រៀន​ពិភពលោក នៅ​ថ្ងៃស្អែក​ឲ្យ​បាន​ច្រើន​កុះករ»

កាលពី​ថ្ងៃ​ទី​១ តុលា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រជុំ និង​អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ថ្ងៃ​ទី៥ តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ខណ្ឌ​ឫស្សីកែវ ហើយ​ប្រសិនបើ​ករណី​សមាគម​នេះ នៅតែ​ជម្នះ​រៀបចំ​ប្រារព្ធ​ទិវា​នេះ នៅ​សួនច្បារ​ម្ដុំ​វត្តភ្នំ ម្ចាស់​សំណើ​នឹង​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់។

អ្នកស្រី អ៊ុក ឆាយា​វី ថា នៅ​ឆ្នាំនេះ សមាគម​គ្រូបង្រៀន​នៅតែ​ទាមទារ​ឲ្យ​ក្រសួង​អប់រំ ដំឡើង​ប្រាក់​បៀវត្សរ៍​គោល​គ្រូ​ឲ្យ​បាន​សមរម្យ គឺ​ចំនួន ២​លាន​រៀល ឬ​ស្មើនឹង​៥០០​ដុល្លារ ក្នុង​មួយ​ខែ ទើប​ធ្វើ​ឲ្យ​មាន​ជីវភាព​ថ្លៃថ្នូរ លែង​ឆ្លៀត​ទៅ​រក​មុខរបរ​ទី​២ ឬ​លែង​ជំរិត​ទារ​លុយ​ពី​កូនសិស្ស។ ក្រៅពី​ប្រាក់ខែ​គោល​២​លាន​រៀល សមាគម​គ្រូបង្រៀន ក៏​ស្នើ​ឲ្យ​ក្រសួង​អប់រំ រក្សា​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដូចជា ប្រាក់​សម្រាប់​ប្រពន្ធ កូន ជូន​លោកគ្រូ អ្នកគ្រូ ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល