ដើម​ឆ្នាំ​២០១៩​នេះ មនុស្ស​៦​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ករណី​បង្ហោះ​សារ​លើ​ហ្វេសប៊ុក

ដោយ សុ ជីវី
2019-04-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គង់ ម៉ាស់ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន បញ្ជូន​ទៅ​សួរ​នាំ​នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​ក្រសួង​មហាផ្ទៃ កាលពី ​ថ្ងៃ​ទី១៦ ខែ​មករា។
លោក គង់ ម៉ាស់ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន បញ្ជូន​ទៅ​សួរ​នាំ​នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​ក្រសួង​មហាផ្ទៃ កាលពី ​ថ្ងៃ​ទី១៦ ខែ​មករា។
Provided photo

អង្គការ​សិទ្ធិមនុស្ស​កត់​សម្គាល់​ថា ក្នុង​រយៈពេល ៤​ខែ ដើម​ឆ្នាំ​២០១៩​នេះ ករណី​ចាប់​ឃុំខ្លួន​ពលរដ្ឋ​ដោយសារ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​កើន​ឡើង ប្រសិនបើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា នា​បណ្ដា​ឆ្នាំ​កន្លង​ទៅ។ ករណី​នេះ​អ្នក​សិទ្ធិមនុស្ស​ស្នើ​រដ្ឋាភិបាល​បង្កើន​ការអប់រំ​ពលរដ្ឋ​ពី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម និង​ព័ត៌មាន​ក្លែងក្លាយ​ដែល​ត្រូវ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ឱ្យ​បាន​ច្រើន​ជាជាង​ការ​គំរាមកំហែង​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ដោយ​ការ​ចាប់ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​រក​ឃើញ​ថា នៅ​ក្នុង​រយៈពេល​៤​ខែ​ដើម​ឆ្នាំ​២០១៩​នេះ មាន​មនុស្ស​ចំនួន​៦​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​ការ​បង្ហោះ​សារ ឬ​រូបភាព​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នេះ​អាច​ចាត់ទុកថា ជា​ចំនួន​ដ៏​ច្រើន បើ​ប្រៀបធៀប​នឹង​ពេល​កន្លងទៅ។

អ្នក​ទាំង​៦​អ្នកនោះ​រួមមាន​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង និង​ជា​អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​គឺ​លោក គង់ ម៉ាស់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បទ​ប្រមាថ តាម​មាត្រា ៤៩៥ និង មាត្រា ៥០២ នៃ​ក្រមព្រហ្មទណ្ឌ ក្រោយ​សរសេរ​សារ​បង្ហោះ​លើ​ហ្វេសប៊ុក ទាក់ទិន​នឹង​ការ​យកពន្ធ​អង្ករ ដែល​កម្ពុជា​នាំទៅ​ទី​ផ្សារ​សហភាព​អឺរ៉ុប។ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ចំប៉ី​ខ្មៅ ដែល​មាន​ឈ្មោះ​ពិត​ថា យិន ហេង ដែល​ត្រូវ​អាជ្ញាធរ​ចាប់ និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​កាលពី​ថ្ងៃ​ទី​៦ ខែ កុម្ភៈ ពី​បទ​«​ញុះញង់​ឱ្យ​មានការ​រើសអើង» តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ក្រោយពី​បាន​ផូស​វីដេអូ​តាម​ហ្វេសប៊ុក ហើយ​រង​ការ​រិះគន់​ថា បាន​ជេរប្រមាថ​ជាតិ​សាសន៍​ខ្មែរ​ទាំងមូល​។ កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា យុវជន វឿន គឹមលន់ ត្រូវ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ចាប់ ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​ដែរ ក្រោយ​បង្ហោះ​វីដេអូ តាម​ហ្វេសប៊ុក និង​យូធូប ដែល​អាជ្ញាធរ​ចាត់ទុកថា​អាច​បណ្ដាល​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Lee David ដែល​មាន​ឈ្មោះ​ពិត លោក ថាន់ យុង ជា​អតីត​ឧត្ដមសេនីយ៍​ផ្កាយ​១ មកពី​អង្គភាព យោធភូមិភាគ​ទី​៣ ត្រូវ​ជាប់ឃុំ​បណ្ដោះអាសន្ន ពីបទ​ញុះញង់​មិន​ឱ្យ​យោធិន​ស្ដាប់​បង្គាប់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា​ក្រោយ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក រិះគន់ លោក ហ៊ុន សែន ថា ប្រើ​អំណាច​ផ្ទាល់ខ្លួន ដឹកនាំ​ប្រទេស​បែប​ល្ងង់ខ្លៅ។ យោធិន​ឈ្មោះ ផែង វណ្ណៈ ក៏​កំពុង​ជាប់​ក្នុង​ឃុំ​ពី​បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​តាម បណ្ដឹង​របស់​មេធាវី​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា លោក​បាន​សរសេរ​សារ​ចោទ​លោក ហ៊ុន សែន ជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី។

ករណី​ថ្មី​ចុងក្រោយ​នេះ​គឺ​លោក ស៊ូ យាន អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ ដែល​ត្រូវ​ជាប់ឃុំ​កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ដោយ​សំអាង​ថា មាន​បណ្ដឹង​របស់​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ចំនួន​៦ ចោទ​លោក​ថា​បាន​ជេរប្រមាថ​ពួកគេ។ បើទោះជា​យ៉ាងណា​ការចាប់​ឃុំខ្លួន​នេះ​គឺ​នៅ​ក្រោយ​ពេល​លោក​តែង​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក រិះគន់​របប​ឯក​បក្ស។ លោក ស៊ូ យាន សរសេរ​ដែរ​ថា «​តម្លៃ​ជាតិ​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ​។ កុំ​យក​រាស្ត្រ​មក​ធ្វើជា​ឧបករណ៍​អំណាច​អី»។ មួយ​រយៈ​ចុងក្រោយ​នេះ គណនី ស៊ូ យាន ក៏បាន​បង្ហាញ​ពី​សកម្មភាព​មហា​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​សប្ដាហ៍​មុន​ផង​ដែរ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​អង្កេត​របស់​អង្គការ​លីកាដូ លោក អំ សំអាត ឱ្យដឹង​ថា ការ​ចាប់​ខ្លួន​អ្នក​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំងនេះ ដែល​មិន​ទំនង​ថា ជា​បទល្មើស​បែបនេះ​គឺជា​ការ​គំរាមកំហែង​ដល់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នៅ​ពេល​ពលរដ្ឋ​ងាក​ទៅ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ដើម្បី​បញ្ចេញមតិ។

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៥ មកដល់​ខែ​មេសា ឆ្នាំ​២០១៩​នេះ មាន​មនុស្ស​ប្រមាណ​១៧​នាក់​ហើយ​ដែល​ជាប់ឃុំ​ក្រោម​បទ​ព្រហ្មទណ្ឌ​ព្រោះតែ​ការ​បង្ហោះ​(Post) និង​ចែករំលែក​(Share)​សារ រូបភាព និង​វីដេអូ​តាម​បណ្ដាញ​សង្គម​ជា​ពិសេស គឺ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ខ្លឹមសារ​ដែល​នាំ​ឱ្យ​មាន​ទោសទណ្ឌ​បែប​នោះ​ភាគច្រើន​ជា​ការ​រិះគន់ ឬ​ប៉ះពាល់​ដល់​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន។

ចំពោះ​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ក្នុង​ពេល​ថ្មីៗ​នេះ​ទៀតសោត​គឺ​នៅ​ក្រោយ​ដែល​លោក ហ៊ុន សែន ប្រកាស​កាល​ពី​ដើម​ឆ្នាំ​២០១៩​នេះ ថា​របប​លោក​នឹង​បន្ត​តាម​កម្ទេច​គណបក្សប្រឆាំង​ដោយ​មិន​ទុក​ឱ្យ​មានជីវិត​ទេ ប្រសិនបើ​អន្តរជាតិ​ដាក់​គំនាប​សេដ្ឋកិច្ច​លើ​កម្ពុជា​មែន​នោះ។

ចំពោះ លោក អំ សំអាត វិញ​មើល​ឃើញ​ថា ពលរដ្ឋ​នៅ​មាន​ចំណេះដឹង​ទាប​នៅឡើយ​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត​ឱ្យ​មាន​សុវត្ថិភាព។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​បន្ថែម​ទៀត ទៅលើ​ការអប់រំ​ពលរដ្ឋ ពី​សុវត្ថិភាព​អនឡាញ (Online) និង​ផល​ប៉ះពាល់​នៃ​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​កាត់បន្ថយ​ការ​ចាប់ចង​ពលរដ្ឋ​ដោយសារតែ​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ៖ «ហើយ​អ៊ីចឹង​គាត់​អត់​បាន​ដឹង​ថា តើ​ព័ត៌មាន​ណា​ពិត​ព័ត៌មាន​ណា​មិន​ពិត? ព័ត៌មាន​ណា​ដែល​គេ​អាច​ចោទ​ថា ញុះញង់​? ឱ្យ​តែ​ឃើញ​ព័ត៌មាន​ល្អ​គាត់​ចែកចាយ​បន្ត ដែល​នេះ​ជា​ភាព​គ្រោះថ្នាក់​សម្រាប់​ពួកគាត់»

បើ​ទោះ​ជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មិន​យល់ស្រប​នឹង​ការ​លើកឡើង​ថា ការ​ផ្ដន្ទាទោស​អ្នក​ដែល​សមត្ថកិច្ច​រក​ឃើញ​ថា ជា​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ឡើយ។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក លោក មាស សុភ័ណ្ឌ ឱ្យ​ដឹង​ថា កន្លង​ទៅ​ក្រសួង​តែង​មាន​កម្មវិធី​ចុះ​អប់រំ​ពលរដ្ឋ​ដែរ ប៉ុន្តែ​លោក​ថា ករណី​នេះ​ទាមទារ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ៖ «កិច្ចការ​ទាំងអស់​នេះ​គឺ​វា​ទាមទារ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ការ​លើកកម្ពស់​នៅ​ក្នុង​ការ​យល់ដឹង គឺ​ការ​បណ្ដុះបណ្ដាល​ពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ»

អ្នក​សិទ្ធិមនុស្ស​មើល​ឃើញ​ថា ក្នុង​កាលៈទេសៈ ដែល​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​ពី​ឥទ្ធិពល​របស់​អ្នកនយោបាយ​នេះ ពលរដ្ឋ​ដែល​និយម​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត អាច​ជ្រើសរើស​ជម្រើស​សុវត្ថិភាព​សម្រាប់​ការរិះគន់​តាម​បែប​ស្ថាបនា។ តែ​ទោះជា​យ៉ាងណា​ក្នុង​បរិបទ​នៃ​ប្រទេស ដែល​ប្រកាន់​ប្រជាធិបតេយ្យ​គួរតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន ដើម្បី​បើក​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​រិះគន់ ឬក៏​មានការ​បញ្ចេញមតិ​ដោយ​ផុលផុស​នៅ​ក្នុង​សង្គម។ ម្យ៉ាងទៀត​ក្នុងនាម​ជា​អ្នកដឹកនាំ​ប្រទេស​មេដឹកនាំ​របប​ក្រុងភ្នំពេញ​គួរតែ​អត់ធ្មត់ ផ្ទុយទៅវិញ​បើ​គ្រាន់តែ​មានការ​រិះគន់​ដោយ​ពលរដ្ឋ​របស់​ខ្លួន ហើយ​បែរជា​ចាត់វិធានការ​ចាប់​ដាក់​ពន្ធនាគារ​ទៅវិញ​គឺជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល