ប្រវត្តិ​គ្រងរាជ្យ​របស់​ព្រះអង្គ​តន់​និង​ព្រះបាទ​ព្រះមហិន្ទ​រាជាធិរាជ​ព្រះសត្ថា (ភាគ​៣៤)

ដោយ ជុន ច័ន្ទបុត្រ
2014-12-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ព្រះរាជា​ខ្មែរ​មួយ​អង្គ​នៃ​សម័យ​លង្វែក គឺ​ព្រះបាទ​ព្រះមហិន្ទ​រាជាធិរាជ​ព្រះសត្ថា ដែល​គ្រងរាជ្យ​ពី​ឆ្នាំ​១៥៧៦ ដល់​ឆ្នាំ​១៥៨៥ ជាប់​ព្រះនាម​ក្នុង​ប្រវត្តិសាស្ត្រ​ថា ជា​ព្រះមហាក្សត្រ​ដែល​ល្មោភ​អំណាច ហើយ​មាន​ជំនឿ​មិន​សម​ហេតុ​សម​ផល រហូត​ដល់​ចាញ់​ល្បិចកល​សៀម ធ្វើ​អោយ​មាន​ភាព​ចលាចល អសន្តិសុខ​គ្រប់​ទីកន្លែង​ក្នុង​ព្រះ​នគរ។

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្នុង​ការ​គ្រងរាជ្យ​របស់​ព្រះអង្គ​តន់ និង​ព្រះបាទ​ព្រះមហិន្ទ​រាជាធិរាជ​ព្រះសត្ថា ដូច​ត​ទៅ៖

គ.៨ រាជ្យ​ព្រះអង្គ​តន់ (ឆ្នាំ​១៥៨៦-ឆ្នាំ​១៥៩៩)

ក្រោយ​ពី​ធ្វើ​គត់​ព្រះរាមា​ជើង​ព្រៃ បាន​ហើយ ហើយ​ដោយ​ព្រះសត្ថា និង​ព្រះរាជបុត្រ​ច្បង ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​១ បាន​សុគត​នៅ​ស្រុក​លាវ អស់​ទៅ​ហើយ​ផង លោក វេឡូសូ និង​លោក រ្វីស៍ ក៏​បាន​យាង​ព្រះអង្គ​តន់ បុត្រ​ពៅ​ព្រះសត្ថា អោយ​មក​សោយរាជ្យ​នៅ​កម្ពុជា។ ដើម្បី​តប​ស្នង​សង​គុណ​អ្នក​ទាំង​ពីរ ព្រះ​ពញា​តន់ បាន​តែងតាំង លោក វេឡូសូ អោយ​ធ្វើ​ជា​ចៅហ្វាយ​ខេត្ត​បាភ្នំ និង​លោក រ្វីស៍ ជា​ចៅហ្វាយ​ខេត្ត​ទ្រាំង។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន អ្នក​ទាំង​ពីរ​ក៏​បាន​ស្លាប់ ដោយ​ការ​បះបោរ​មួយ​របស់​ប្រជារាស្ត្រ​ចាម នៅ​ខេត្ត​ត្បូងឃ្មុំ ទៅ។

ទំនាក់ទំនង​របស់​ជនជាតិ​អឺរ៉ុប ជាមួយ​នឹង​កិច្ចការ​រាជការ​ខ្មែរ​នេះ មិន​ចប់​ត្រឹម​ប៉ុណ្ណេះ​ឡើយ។ នៅ​ក្នុង​រាជ្យ​ក្រោយៗ ក៏​គេ​ឃើញ​ពួក​នេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ណាស់​ដែរ​នៅ​ក្នុង​កិច្ចការ​ខ្មែរ។ ជាក់ស្តែង​ដូចជា​នៅ​ក្នុង​រាជ្យ​ព្រះរាជ​សម្ភារ (ឆ្នាំ​១៦២៩-ឆ្នាំ​១៦៣៤) ដោយសារ​ទំនាស់​ស្នេហា​មួយ​រវាង​ព្រះ​ឧទ័យ​ជាមា និង​ព្រះរាជ​សម្ភារ ជា​ក្មួយ ដែល​បាន​ស្រឡាញ់​ស្រី​តែ​ម្នាក់​រួម​គ្នា គឺ​ព្រះ​ម៉ែយួវតី បាន​បង្កើត​ទៅ​ជា​ការ​ទាស់ទែង​រហូត​ដល់​ប្រើ​កម្លាំង​ទ័ព​រៀង​ខ្លួន។ ទីបំផុត ព្រះរាជ​សម្ភារ ត្រូវ​ពួក​ទាហាន​ព័រទុយហ្គាល់ ក្រោម​បញ្ជា​ព្រះ​ឧទ័យ ធ្វើ​គត់ ដោយ​បាញ់​ទម្លាក់​ពី​ចុង​ត្នោត​នៅ​ស្រុក​កញ្ជរ ខេត្ត​ក្រចេះ សព្វថ្ងៃ​នេះ​ទៅ។

គ.៩ ព្រះ​មហិន្ទ​រាជាធិរាជ​ព្រះសត្ថា (ឆ្នាំ​១៥៧៦-ឆ្នាំ​១៥៨៥)

ក្រោយ​ពី​ព្រះបាទ​បរមិន្ធររាជាធិរាជ ជា​ព្រះបិតា​ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះសត្ថា ដែល​ជា​ព្រះរាជបុត្រ​ច្បង​របស់​ព្រះអង្គ ទ្រង់​ឡើង​សោយរាជ្យ​ស្នង​នៅ​រាជធានី​លង្វែក ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជ​ឱង្ការ ព្រះ​បរម​មហិន្ទ​រាជារាមាធិបតី ដែល​ប្រវត្តិវិទូ​ខ្លះ​និយម​ហៅ​ថា ព្រះសត្ថា​ទី​១។

នៅ​ភាគ​ខាង​ដើម​រាជ្យ​របស់​ព្រះអង្គ នៅ​ឆ្នាំ​១៥៨០ ក្នុង​ពេល​ដែល​ព្រះរាជា​ភូមា លើក​ទ័ព​មក​វាយ​ក្រុង​ព្ឋយុធ្យា ម្តង​ទៀត ហើយ​ដោយ​ព្រះចៅ​សៀម គឺ​ព្រះ​មហា​ធម្មរាជា បាន​ធ្វើ​សារ​មក​សុំ​ទ័ព​ជំនួយ​ពី​ខ្មែរ ដើម្បី​ជួយ​ច្បាំង​នឹង​ភូមា ផង ហើយ​ដោយ​ប្រទេស​ខ្មែរ និង​ប្រទេស​សៀម នៅ​ជាប់​សម្ព័ន្ធ​មេត្រី​ភាព ដែល​មាន​មក​តាំង​ពី​រាជ្យ​ព្រះបិតា​ព្រះអង្គ ព្រះ​មហិន្ទ​រាជារាមាធិបតី ព្រះសត្ថា ក៏​បាន​ត្រាស់​បញ្ជា​អោយ​ព្រះ​ស្រីសុរិយោពណ៌ ជា​ប្អូន នាំ​ទ័ព​ខ្មែរ​ទៅ​ជួយ​សៀម តាម​ការ​ស្នើសុំ។

លុះ​ដល់​សង្គ្រាម​នេះ​បាន​ជោគជ័យ​លើ​ពួក​ភូមា ហើយ ពេល​ដែល​លើក​ទ័ព​ត្រឡប់​មក​វិញ ព្រះ​នរេនសូរ បុត្រ​ព្រះ​មហា​ធម្មរាជា ជា​មេទ័ព​សៀម បាន​ឃើញ​ព្រះស្រីសុរិយោពណ៌ គង់​សំយុង​ព្រះ​បាទ​មិន​ព្រម​ក្រាប​ដូច​អ្នក​ផង​ទាំង​ពួង ព្រះ​នរេនសូរ ទ្រង់​ពិរោធ​ណាស់ ហើយ​បញ្ជា​អោយ​ទាហាន​សៀម នាំ​យក​ឈ្លើយ​ភូមា មក​កាត់​ក រួច​ដោត​ក្បាល​ប្រប​នឹង​ទីនាំង​នាវា​របស់​ព្រះស្រីសុរិយោពណ៌ ដែល​ជា​មេទ័ព​ខ្មែរ ដើម្បី​ជា​ការ​ចំអក។

ព្រះស្រីសុរិយោពណ៌ មេទ័ព​ខ្មែរ​ឃើញ​ដូច្នោះ ទ្រង់​ខ្ញាល់​ជា​ខ្លាំង។ មួយ​ចំណែក​ទៀត ដោយ​បាន​ឃើញ​ថា ព្រះនរេនសូរ បាន​ទៅ​កេណ្ឌ​ទ័ព​នៅ​លើ​ទឹក​ដី​ខ្មែរ​រំលង​សន្យា​ព្រះរាជ​មេត្រី​ផង ទ្រង់​ពាំនាំ​ដំណឹង​នេះ​មក​ទូល​ថ្វាយ​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា ជា​ព្រះជេដ្ឋា​អោយ​ទ្រង់​ជ្រាប។

ប្រហែល​ឆ្នាំ​១៥៨១ ខ្មែរ​បាន​លើក​ទ័ព​ទៅ​វាយ​រំដោះ​យក​ខេត្ត​នគររាជសីមា ចន្ទបុរី និង​នគរ​នាយក ប៉ុន្តែ​សៀម បាន​វាយ​ដណ្ដើម​យក​ខេត្ត​នគររាជសីមា បាន​ទៅ​វិញ នៅ​ឆ្នាំ​១៥៨២ នៃ​គ្រិស្ដសករាជ។ ក្រោយ​នោះ​មិន​យូរ​ប៉ុន្មាន ព្រះរាជា​ភូមា បាន​លើក​ទ័ព​មក​វាយ​លុក​ក្រុង​ព្ឋយុធ្យា ប្រទេស​សៀម ម្តង​ទៀត។ ឆ្លៀត​ពេល​នោះ ខ្មែរ​ក៏​លើក​ទ័ព​ទៅ​វាយ​យក​ខេត្ត​ខ្មែរ​ខាង​លើ​មក​វិញ។ ប៉ុន្តែ ដោយ​មាន​ដំណឹង​ថា ព្រះភគវតី ជា​ព្រះអគ្គមហេសី​ទ្រង់​ប្រឈួន​ខ្លាំង ព្រះសត្ថា ក៏​ទ្រង់​លើក​ទ័ព​ត្រឡប់​មក​ក្រុង​លង្វែក វិញ។

បើ​តាម​ឯកសារ​រាជពង្សាវតារ​ថា ឆ្នាំ​១៥៨៤ ព្រះនរេនសូរ ស្តេច​សៀម ដែល​បាន​ឡើង​សោយរាជ្យ​ស្នង​ព្រះបិតា​មហា​ធម្មរាជា បាន​លើក​ទ័ព​យ៉ាង​ធំ ដែល​មាន​កម្លាំង​រេហ៍ពល​មួយ​សែន​នាក់ ដំរី​បី​ពាន់​ក្បាល សេះ​ប្រាំ​ពាន់​ក្បាល មក​លុក​លុយ​ប្រទេស​កម្ពុជា។ ទ័ព​សៀម នេះ បាន​វាយ​លុក​ចូល​មក​រហូត​ដល់​រាជធានី​លង្វែក ហើយ​ព័ទ្ធ​បន្ទាយ​លង្វែក​នេះ​អស់​រយៈពេល​បី​ខែ ប៉ុន្តែ​វាយ​យក​បន្ទាយ​លង្វែក ដែល​មាន​របង​ជា​គុម្ព​ឫស្សី​យ៉ាង​ក្រាស់​នោះ​មិន​បាន។

ដោយ​ខ្វះ​ស្បៀង​អាហារ​សម្រាប់​ទ័ព​ផង និង​ដោយ​មាន​ជំងឺ​ឆ្លង​រាតត្បាត​ស្លាប់​អស់​រេហ៍ពល​ជាច្រើន​ផង ព្រះចៅ​នរេនសូរ ស្ដេច​សៀម ក៏​ដក​ទ័ព​ថយ​ទៅ​វិញ។ ប៉ុន្តែ​មុន​នឹង​ត្រឡប់​ទៅ​វិញ សៀម បាន​ប្រើ​ល្បិច​យក​ប្រាក់​ដួង ដាក់​លាយ​ជា​គ្រាប់​កាំភ្លើង​បាញ់​ចូល​ក្នុង​គុម្ព​ឫស្សី ដែល​ជា​របង​ព័ទ្ធ​បន្ទាយ​លង្វែក​នោះ​យ៉ាង​ច្រើន ក្នុង​បំណង​ជា​ឧបាយកល​ប្រើ​ដៃ​ខ្មែរ​ខ្លួន​ឯង អោយ​បំផ្លាញ​កំពែង​ឫស្សី​ដ៏​រឹងមាំ​នោះ​ក្នុង​ពេល​ខាង​មុខ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ឯកសារ​ខ្លះ​សរសេរ​រៀបរាប់​រឿងរ៉ាវ​នេះ​បែប​រឿង​ព្រេង​និទាន ដោយ​មាន​បញ្ចូល​ភាព​អច្ឆរិយ​ខ្លះៗ​ទៀត​ផង ដូចជា​ថា ពេល​ដែល​សៀម ដឹង​ថា​កម្ពុជា មាន​វត្ថុ​ស័ក្តិសិទ្ធិ ១៣​ព្រះអង្គ ខ្លាំង​ពូកែ​ជួយ​ថែរក្សា​ការពារ ក្រោយ​ពី​ពេល​ត្រឡប់​ទៅ​ដល់​ប្រទេស​សៀម វិញ ព្រះនរេនសូរ បាន​ប្រើ​មហាតលិក​សៀម ពីរ​នាក់ អោយ​ក្លែង​ធ្វើ​ជា​អ្នក​បួស​នាម​តិប្បញ្ញោ និង​សុប្បញ្ញោ ដើរ​ចេញ​ទៅ​ស្រុក​លាវ ហើយ​ចុះ​តាម​ផ្លូវ​ទន្លេ​មេគង្គ​មក​ស្រុក​ខ្មែរ ដើម្បី​មក​ធ្វើ​ពិធី​ដក​សិល្ប៍សាស្ត្រ ដែល​បញ្ចុះ​ក្នុង​រូប​ទេព្រក្ស​ទាំង​នោះ។

សុប្បញ្ញោ ប្រើ​មន្ត​អាគម​ធ្វើ​អោយ​អ្នក​ស្រុក​ឈឺ ឯ​តិប្បញ្ញោ ជា​អ្នក​ដោះ​អោយ​ជា​សះស្បើយ​ឡើង​វិញ។ ឧបាយកល​ចិត្តសាស្ត្រ​របស់​សៀម នេះ ទទួល​បាន​ជោគជ័យ​ណាស់។ មិន​ត្រឹម​រាស្ត្រ​ប្រជា​ទេ​ដែល​មាន​ជំនឿ​មុតមាំ​លើ​តិប្បញ្ញោ និង​សុប្បញ្ញោ នេះ សូម្បី​តែ​ព្រះមហាក្សត្រ​ក៏​មាន​ជំនឿ​ផង​ដែរ។ ដោយសារ​ព្រះអគ្គមហេសី ត្រូវ​អំពើ​អាសិរពិស​មាន​ជំងឺ​ជា​ទម្ងន់ ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា ទ្រង់​និមន្ត​ភិក្ខុ​ទាំង​ពីរ​អង្គ អោយ​គង់​ក្នុង​វត្ត​ព្រះឥន្ទទេព ក្នុង​កំផែង​ព្រះ​នគរ ដើម្បី​ជួយ​ព្យាបាល​រោគ​ព្រះអគ្គមហេសី។

បាន​ឱកាស​ល្អ តិប្បញ្ញោ និង​សុប្បញ្ញោ បាន​ទូល​ព្រះរាជា​ថា រោគ​ព្រះមហេសី​នេះ បណ្ដាល​មក​ពី​ទសបារមី​ព្រះពុទ្ធរូប​អដ្ឋរស្ស គឺ​ព្រះពុទ្ធ​អង្គ​ធំ បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិស​ទាំង​៤ ស្ថិត​នៅ​ក្នុង​ព្រះវិហារ​វត្ត​ត្រឡែងកែង នោះ ជា​អ្នក​អោយ​ទោស។ ឮ​ដូច្នោះ ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា ដែល​ទ្រង់​ធ្វេស​ព្រះ​ក្រិត្យា ផ្លាស់​ព្រះ​សតិបញ្ញា​ច្រើន​ប្រការ ស្ដេច​មាន​សតិ​ពុំ​ប្រាកដ​ដូច​ប្រក្រតី ក៏​ទ្រង់​ត្រាស់​បង្គាប់​អោយ​សែង​ព្រះ​អដ្ឋរស្ស​ដែល​ជា​វត្ថុ​ស័ក្តិសិទ្ធិ ស្ថិត​នៅ​ក្នុង​ព្រះរាជធានី ទៅ​បង់​សណ្ដូន​ថ្ម​ទម្លាក់​ទឹក​មុខ​ព្រះ​នគរ​នោះ​ទៅ។ ឯ​ឯកសារ​ខ្លះ​ថា តិប្បញ្ញោ និង​សុប្បញ្ញោ បញ្ជា​អោយ​ដុត​ព្រះសណ្ថិត ដែល​សម្ដេច​ព្រះ​មហា​ច័ន្ទ​រាជា ទ្រង់​បាន​កសាង​នោះ​ចោល​ទៅ។ ដូច្នេះ​ហើយ ទើប​គេ​ឃើញ​នៅ​សល់​តែ​ព្រះបាទ​អំពី​ថ្ម​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

នៅ​ឆ្នាំ​១៥៨៥ (ឯកសារ​ខ្លះ​ថា​ឆ្នាំ​១៥៨៦) ដោយ​ខ្លាច​ក្រែង​រាជ្យ​សម្បត្តិ​មិន​បាន​ទៅ​ព្រះរាជបុត្រ​ព្រះអង្គ ក្រោយ​ពេល​អស់​ពី​ព្រះអង្គ​ទៅ ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា ទ្រង់​ដាក់​រាជ្យ ហើយ​ថ្វាយ​រាជ​សម្បត្តិ​នោះ​ទៅ​រាជបុត្រ​ច្បង​ព្រះនាម​ជ័យជេដ្ឋា អោយ​ឡើង​សោយរាជ្យ​ស្នង ដែល​មាន​ព្រះជន្ម​ទើប​តែ​បាន ១១​ព្រះ​វស្សា​ប៉ុណ្ណោះ។ ហើយ​លើក​ព្រះរាជបុត្រ​បន្ទាប់ គឺ​ពញាតន់ ដែល​មាន​ព្រះជន្ម​ទើប​តែ​បាន ៦​ព្រះ​វស្សា អោយ​មាន​នាទី​ជា​ឧបរាជ។ ឯ​ព្រះអនុជ​របស់​ព្រះអង្គ គឺ​ព្រះស្រីសុរិយោពណ៌ ដែល​មាន​រាស្ត្រ និង​មន្ត្រី​គោរព​ស្រឡាញ់​យ៉ាង​ច្រើន ទ្រង់​តែង​តាំង​នាទី​ជា​ព្រះ​ឧបយោរាជ។ ឯ​ខ្លួន​ព្រះអង្គ​ផ្ទាល់ ទ្រង់​យក​នាទី​ជា​ព្រះ​ឧបយោ​រាជានុសិទ្ធ ដែល​មាន​ន័យ​ថា ព្រះអង្គ​នៅ​មាន​សិទ្ធិ​ក្តោប​ក្តាប់​អំណាច​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះអង្គ​ផ្ទាល់​ទាំងអស់។

អំពើ​រំលាយ​ព្រះ​ដែល​ជា​ទី​សក្ការៈ​បូជា​របស់​ប្រជារាស្ត្រ​ទូទៅ និង​ការ​ប្រគល់​រាជសម្បត្តិ​នគរ​ទៅ​អោយ​ព្រះរាជបុត្រ​ដែល​នៅ​ជា​កុមារ​ដូច្នោះ នាំ​អោយ​មាន​ការ​មិន​សប្បាយ​ចិត្ត​ពី​សំណាក់​ព្រះរាជវង្សានុវង្ស នាម៉ឺន​សព្វ​មុខ​មន្ត្រី​ជា​ច្រើន​នាក់។ អ្នក​ទាំងអស់​នោះ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​រាជការ​ឡើយ។ ប្រការ​នោះ នាំ​អោយ​មាន​ភាព​ចលាចល អសន្តិសុខ កើត​មាន​គ្រប់​ទីកន្លែង​ក្នុង​ព្រះ​នគរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល