ព្រះបាទ​ជ័យជេដ្ឋារាមាធិបតី​និង​ការ​បែក​បាក់​ក្រុង​លង្វែក (ភាគ​៣៥)

ដោយ ជុន ច័ន្ទបុត្រ
2014-12-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

គ.១០ ព្រះបាទ​ជ័យជេដ្ឋារាមាធិបតី (ឆ្នាំ​១៥៨៥-ឆ្នាំ​១៥៩៣) និង​ការ​បែក​បាក់​ក្រុង​លង្វែក)

បន្ទាយ​លង្វែក​ដ៏​រឹងមាំ​របស់​ខ្មែរ​នា​បុរាណ​សម័យ ត្រូវ​សៀម វាយ​យក​បាន​ដោយ​ប្រើ​ល្បិច​ខ្ចី​ដៃ​ខ្មែរ អោយ​បំផ្លាញ​កំពែង​រុំ​ព័ទ្ធ​ទីក្រុង​នេះ​ដោយ​ដៃ​ខ្មែរ​ខ្លួន​ឯង។

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​អំពី​ការ​បែក​បាក់​ក្រុង​លង្វែក នៅ​ចុង​សតវត្ស​ទី​១៦ ដូច​ត​ទៅ៖

ក្រោយ​ពេល​ដែល​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា ដាក់​រាជ្យសម្បត្តិ ព្រះអង្គ​ទ្រង់​អភិសេក​ព្រះរាជបុត្រ​ច្បង​ព្រះនាម​ព្រះជ័យជេដ្ឋា ដែល​មាន​ព្រះជន្ម ១១​ព្រះវស្សា អោយ​ឡើង​សោយរាជ្យ​ស្នង ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជ​ឱង្ការ ព្រះជ័យជេដ្ឋា​រាមាធិបតី ដែល​អ្នក​ប្រវត្តិវិទូ​ច្រើន​ហៅ​ថា ព្រះជ័យជេដ្ឋាទី១។

ដោយ​ព្រះជ័យជេដ្ឋា​រាមាធិបតី ទ្រង់​នៅ​ក្មេង​ពេក អំណាច​ទាំងអស់​ត្រូវ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះឧបយោរាជានុសិទ្ធ គឺ​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា ជា​ព្រះបិតា​ព្រះអង្គ​ដដែល។

ឯកសារ​ពង្សាវតារ​មហា​បុរស​ខ្មែរ​សរសេរ​ថា ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ មាន​ការ​រំលាយ​ព្រះ និង​លើក​កូន​ក្មេង​អោយ​ឡើង​សោយរាជ្យ​គ្រប់គ្រង​ព្រះ​នគរ​ដូច្នេះ ការ​ក្តៅ​ក្រហាយ​ក៏​កើត​មាន​ឡើង ហើយ​បង្ក​ជា​ភាព​វឹកវរ​ចលាចល​គ្រប់​ទីកន្លែង​ក្នុង​ព្រះ​នគរ។ ព្រះរាជ​ពង្សាវតារ​បន្ត​ថា ប្រផ្នូល​អាក្រក់​បាន​កើត​មាន​គ្រប់​ទិសទី។ ព្រះ​ខ័ន​ឡើង​ស្នឹម​តាំង​ពី​ត្រឹម​ត្រីសូល៍ រហូត​ដល់​គល់​ទាំង​សង​ខាង។ អាង​ទឹក​សម្រាប់​ព្រះមហាក្សត្រ​នៅ​ភូមិ​បាណន់ ខេត្ត​បាត់ដំបង រីង​ហួត​អស់​រលីង។ ទឹក​សម្រាប់​មន្ត្រី​ល្អក់​ខាប់​ខួរ។ ឯ​ទឹក​សម្រាប់​រាស្ត្រ ឡើង​ក្រហម​ច្រាល​ដូច​ឈាម។ ដំបូក​ឃ្លាំង​មឿង​នៅ​ខេត្ត​ពោធិ៍សាត់ ប្រេះ​រិចរិល​អស់។ ព្រះ​អដ្ឋរស្ស​ក្នុង​វត្ត​ព្រះពុទ្ធ​លាយលក្ខណ៍ ខេត្ត​បរិបូរណ៍ មាន​ឈាម​ហូរ​ចេញ​ពី​ព្រះ​ឱរា។ ព្រះពុទ្ធ​សេយ្យាសន៍ ខេត្ត​អាសន្ទុក មាន​ឈាម​ហូរ​ចេញ​ពី​ព្រះបាទ មាន​ស្រមោច​លីង​ដេញ​មិន​ឈ្នះ​សោះ។ ព្រះពុទ្ធ​សេយ្យាសន៍ ខេត្ត​បាសាន ត្រង់​ព្រះបាទ និង​ព្រះ​ឱរា មាន​ហូរ​ឈាម។ ព្រះឥសូរ ព្រះនារាយណ៍ វត្ត​វិហារសួគ៌ មាន​ឈាម​ហូរ​ចេញ​តាម​ព្រះនេត្រ។ ព្រះ​ជ្រៃ​បាក់​មែក​ទិស​ខាង​កើត៘

ម៉្យាង​ទៀត ដោយ​មាន​ចិត្ត​ប្រមាថ​គិត​ថា សៀម មិន​អាច​មាន​កម្លាំង​វាយ​យក​បន្ទាយ​លង្វែក​បាន ហើយ​ជឿ​ថា សៀម រាង​ចាល​លែង​ហ៊ាន​លើក​ទ័ព​មក​ទៀត​ផង ខ្មែរ​មួយ​ចំនួន ទាំង​មន្ត្រី ទាំង​រាស្ត្រ ទាំង​រេហ៍ពល បាន​នាំ​គ្នា​កាប់​ឆ្ការ​ព្រៃ​ឫស្សី ដើម្បី​រើស​យក​ប្រាក់​ដួង ដែល​សៀម បោះ​ចូល​ទៅ​មុន​ពេល​ពួក​នេះ​ដក​ព័ទ្ធ​ថយ​ក្រោយ​ចាញ់​សង្គ្រាម​កាល​ពី​លើក​មុន។

ចំណែក​ខាង​សៀម វិញ ក្រោយ​ពី​បាន​ដំណឹង​ថា ព្រះសត្ថា មាន​សតិ​ពុំ​ប្រក្រតី នគរ​កម្ពុជា កើត​ចលាចល​គ្រប់​ទីកន្លែង ហើយ​គុម្ពឫស្សី​ដែល​ជា​របង​យ៉ាង​ក្រាស់​របស់​បន្ទាយ​លង្វែក​នោះ ត្រូវ​ខ្មែរ​កាប់​ឆ្ការ​បំផ្លាញ​អស់​ជាច្រើន​អន្លើ​ផង​ហើយ នៅ​ឆ្នាំ​១៥៩៣ ព្រះ​នរេនសូរ​ស្ដេច​សៀម ក៏​លើក​ទ័ព​ចំនួន ១​សែន ៥​ម៉ឺន​នាក់ ឯកសារ​ខ្លះ​ថា ២​សែន ៩​ម៉ឺន​នាក់ ដំរី និង​សេះ​ច្រើន​ពាន់ ចូល​មក​វាយ​លុក​ប្រទេស​កម្ពុជា ជា​ថ្មី​ម្តង​ទៀត។

ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា ទ្រង់​ជ្រាប​ដំណឹង​នេះ ទ្រង់​ក៏​បាន​បញ្ជា​អោយ លោក វេឡូសូ ជនជាតិ​ព័រទុយហ្គាល់ ជា​ប្អូន​ថ្លៃ​របស់​ព្រះអង្គ អោយ​ទៅ​ទាក់ទង​សុំ​ជំនួយ​ពី​អ្នក​កាន់​អំណាច​ព័រទុយហ្គាល់ នៅ​ម៉ាឡាកា។ តែ​ពួក​នេះ មិន​អាច​មក​ជួយ​ខ្មែរ​បាន​ឡើយ ព្រោះ​ជាប់​រវល់​ច្បាំង​ជាមួយ​នឹង​ពួក​ម៉ាឡាយូ។

ដូច្នេះ ព្រះសត្ថា ក៏​ទ្រង់​ងាក​ទៅ​ទាក់ទង​ពួក​អេស្ប៉ាញ៉ុល នៅ​ហ្វីលីពីន វិញ ដោយ​ទ្រង់​បញ្ជា​អោយ លោក វេឡូសូ នាំ​ព្រះរាជសារ​របស់​ព្រះអង្គ​ទៅ​ជូន​លោក​ទេសាភិបាល​អេស្ប៉ាញ នៅ​ក្រុង​ម៉ានីល។ ប៉ុន្តែ​លោក​ទេសាភិបាល​អេស្ប៉ាញ៉ុល ក៏​ពុំ​អាច​បញ្ជូន​ទ័ព​មក​ជួយ​ខ្មែរ​បាន​ទៀត ព្រោះ​ពេល​នោះ លោក​កំពុង​តែ​រៀបចំ​កងទ័ព​ទៅ​វាយ​យក​កោះ​ម៉ូលុកស៍។ ប៉ុន្តែ​ក្រោយ​ពី​លោក​ទេសាភិបាល​ចាស់​ជា​ឪពុក​អនិច្ចកម្ម​ទៅ លោក​ទេសាភិបាល​អេស្ប៉ាញ៉ុល ថ្មី​ជា​កូន ក៏​បាន​បញ្ជា​ទ័ព​មក​កម្ពុជា។ ប៉ុន្តែ​ទ័ព​ជំនួយ​របស់​អេស្ប៉ាញ មក​ដល់​បន្ទាយ​លង្វែក ក្រោយ​ពេល​ដែល​សៀម វាយ​លុក​យក​បាន​បន្ទាយ​នេះ​រួច​ស្រេច​ទៅ​ហើយ។

ចំណែក​ខាង​ទ័ព​សៀម វិញ ក្រោយ​ពី​បាន​ជោគជ័យ​លើ​កម្លាំង​ទ័ព​ខ្មែរ​នៅ​ខេត្ត​បាត់ដំបង ហើយ ក៏​លើក​ជម្រុល​មក​វាយ​បន្ទាយ​ខេត្ត​ពោធិ៍សាត់ រួច​បន្ត​មក​ដល់​ខេត្ត​បរិបូរណ៍ បន្ទាយ​រលាប្អៀរ ទៀត។ ដោយ​ឃើញ​ទ័ព​សៀម មាន​ចំនួន​ច្រើន​លើសលប់ ព្រះស្រីសុរិយោព័ណ៌ ដែល​ជា​ព្រះ​ឧបយោរាជ ដែល​គង់​ការពារ​ក្នុង​បន្ទាយ​រលាប្អៀរ នោះ ក៏​ដក​កងទ័ព​ថយ​ចូល​មក​ក្រុង​លង្វែក។ ចំណែក​ឯ​ព្រះសត្ថា វិញ លុះ​ជ្រាប​ថា ទ័ព​សៀម លើក​មក​ជិត​ដល់​បន្ទាយ​លង្វែក​ហើយ ទ្រង់​ក៏​នាំ​ព្រះរាជបុត្រ​ព្រះជ័យជេដ្ឋា និង​ព្រះពញាតន់ ព្រម​ជាមួយ​និង​អគ្គមហេសី​ស្រី​ស្នំ ភៀស​ព្រះអង្គ​ទៅ​គង់​នៅ​ស្រីសន្ធរ រួច​ក្រោយ​មក​ទៅ​ស្ទឹងត្រែង ហើយ​ទីបំផុត យាង​រហូត​ដល់​ក្រុង​វៀងច័ន្ទ ប្រទេស​ឡាវឡានឆាង។

ចំណែក​ព្រះស្រីសុរិយោព័ណ៌ ជា​ព្រះ​ឧបយោរាជ ទ្រង់​បាន​នាំ​ទ័ព​ក្នុង​បន្ទាយ​លង្វែក​វាយ​ប្រយុទ្ធ​ជាមួយ​ខ្មាំង​សត្រូវ​យ៉ាង​ស្វិតស្វាញ។ សៀម បាន​ឡោមព័ទ្ធ​បន្ទាយ​លង្វែក​អស់​រយៈពេល ៣​ខែ តែ​ចូល​មិន​បាន។ ទីបំផុត ព្រះ​នរេនសូរ​ស្ដេច​សៀម ទ្រង់​បញ្ជា​អោយ​ទ័ព​យក​ចំបើង​ជ្រលក់​ជ័រ​ទឹក​ទៅ​ដុត​ឫស្សី ដែល​ខ្មែរ​បាន​គាស់​រំលើង​ទាំង​នោះ​ឆេះ​អស់​រយៈពេល​បី​យប់​បី​ថ្ងៃ រួច​វាយ​សម្រុក​យក​បន្ទាយ​លង្វែក​បាន។ សៀម ចាប់​បាន​ព្រះស្រីសុរិយោព័ណ៌​ឧបយោរាជ​របស់​ខ្មែរ ព្រះរាជបុត្រ និង​ព្រះមហេសី​នាំ​យក​ទៅ​ស្រុក​សៀម ផង។

នៅ​ក្នុង​ជ័យជម្នះ​ដ៏​ធំធេង​លើ​ខ្មែរ​លើក​នេះ សៀម បាន​ដុត​បំផ្លាញ​កម្ទេច​បន្ទាយ​លង្វែក​ដែល​ជា​បន្ទាយ​ដ៏​រឹងមាំ​ចុង​ក្រោយ​របស់​ខ្មែរ​អស់​គ្មាន​សល់ ហើយ​សៀម បាន​ប្រមូល​យក​ឯកសារ គម្ពីរ​ដីកា​ក្រាំង​ក្បួន​ខ្នាត​ដ៏​មាន​តម្លៃ​ផ្សេងៗ​របស់​ជាតិ​ខ្មែរ ព្រម​ទាំង​ចាប់​យក​អ្នក​ប្រាជ្ញ​រាជបណ្ឌិត កវី សិល្បករ​ជាច្រើន ព្រម​ទាំង​បដិមា​ព្រះគោ​ព្រះកែវ ជា​ទី​សក្ការៈ​របស់​ខ្មែរ និង​បាន​កៀរ​គ្រួសារ​ខ្មែរ​វាល់​សែន​នាក់ វាយ​បង្ខំ​យក​ទៅ​ស្រុក​សៀម ផង។

ចំណែក​ខាង​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា និង​ព្រះជ័យជេដ្ឋា ជា​ព្រះរាជបុត្រ​ដែល​ទ្រង់​ភៀស​ខ្លួន​ទៅ​ស្ទឹងត្រែង រួច​ទៅ​ប្រទេស​ឡាវឡានឆាង នោះ ទ្រង់​មាន​ជំងឺ​ចាញ់ ហើយ​ចូល​ទិវង្គត​ទាំង​ពីរ​ព្រះអង្គ​នៅ​ទីនោះ​ក្នុង​ឆ្នាំ​នោះ​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល