ប្រវត្តិ​ទំនាក់ទំនង​ខ្មែរ​ជាមួយ​ជនជាតិ​អឺរ៉ុប (ភាគ​៣២)

ដោយ ជុន ច័ន្ទបុត្រ
2014-11-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ជនជាតិ​អឺរ៉ុប ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​អេស្ប៉ាញ (Spain) និង​ព័រទុយហ្គាល់ (Portugal) បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា ក្រោយ​ពី​បាន​បោះ​ទីតាំង​ដាក់​អាណានិគម​លើ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​រួច​ហើយ។

ពួក​នេះ ត្រូវ​បាន​ព្រះរាជា​ខ្មែរ​ពេញ​ចិត្ត​ទទួល​ស្វាគមន៍។ ខ្លះ​បាន​ភ្ជាប់​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​ព្រះ​ញាតិវង្ស​ខ្មែរ​ទៀត​ផង។

លោក ជុន ច័ន្ទបុត្រ រៀបរាប់​ជូន​អំពី​ទំនាក់ទំនង​ខ្មែរ​ជាមួយ​ជនជាតិ​អឺរ៉ុប ដូច​ត​ទៅ៖

ទំនាក់ទំនង​ជាមួយ​ជនជាតិ​អឺរ៉ុប

១. ជនជាតិ​ព័រទុយហ្គាល់

នៅ​ពាក់​កណ្ដាល​ទី​ពីរ​នៃ​សតវត្ស​ទី​១៦ ជនជាតិ​អឺរ៉ុប ដែល​បាន​មក​ដាក់​អាណានិគម​នៅ​ប្រទេស​អាស៊ី​រួច​ទៅ​ហើយ មាន​ប្រទេស​ហ្វីលីពីន និង​ម៉ាឡាយូ ជាដើម​នោះ បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា។ ខ្លះ​មក​ជា​អ្នក​ផ្សាយ​សាសនា ខ្លះ​ជា​អ្នក​ជំនួញ និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​ធ្វើ​ដំណើរ​ផ្សង​ព្រេង។

ឯកសារ​ខ្លះ​សរសេរ​ថា ជនជាតិ​អឺរ៉ុប ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា មុន​គេ គឺ​ជនជាតិ​ព័រទុយហ្គាល់។ ក្រោយ​ពី​បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​នៅ​ម៉ាឡាយូ ហើយ ពួក​នេះ​បាន​ធ្វើ​ដំណើរ​តាម​សមុទ្រ​ពី​ជ្រោយ​ម៉ាឡាកា មក​ដល់​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​១៥៥០ ក្នុង​បំណង​ធ្វើ​ជំនួញ និង​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត​នៅ​លើ​ទឹក​ដី​អង្គរ។

បព្វជិត​ជនជាតិ​ព័រទុយហ្គាល់ ម្នាក់ នាម ហ្គាសប៉ា ឌឺ គ្រូស (Gaspar da Cruz) បាន​មក​ដល់​បន្ទាយ​លង្វែក​នៅ​ក្នុង​រាជ្យ​ព្រះអង្គ​ច័ន្ទ ឆ្នាំ​១៥៥៥ ហើយ​ត្រូវ​បាន​ព្រះរាជា​ខ្មែរ​ទទួល​យ៉ាង​រាក់ទាក់។ តែ​បេសកកម្ម​នោះ​មិន​បាន​ជោគជ័យ​ទេ លោក​បាន​ត្រឡប់​ទៅ​ម៉ាឡាកា វិញ​នៅ​ឆ្នាំ​១៥៥៧។ ក្រៅ​ពី​នេះ ក៏​មាន​ពួក​អ្នក​ផ្សង​ព្រេង​ជាតិ​ព័រទុយហ្គាល់ មក​ដល់​ទឹក​ដី​កម្ពុជា ផង​ដែរ ដូចជា លោក ឌីយូហ្គោ ដូ គូតូ (Diogo do Couto) ដែល​បាន​បន្សល់​ស្នាដៃ​ជា​ឯកសារ​កត់ត្រា​របស់​លោក ស្ដីពី​សកម្មភាព​របស់​ព្រះរាជា​ខ្មែរ​ចេញ​ទៅ​ទាក់​ដំរី​ប្រមាណ​ជា​ឆ្នាំ​១៥៥០ ឬ​ឆ្នាំ​១៥៥១ ហើយ​បាន​ជួប​ប្រទះ​នឹង​សំណង់​ប្រាសាទ​ដ៏​ធំ​សម្បើម ដែល​មាន​ព្រៃ​ដុះ​ទ្រុប​ទ្រុល ហើយ​ទ្រង់​ព្រះ​បញ្ជា​អោយ​កាប់​ឆ្ការ​ព្រៃ​នោះ​ភ្លាម។ ដល់​មក​រាជ្យ​ព្រះ​បរមិន្ធរបរមរាជា (ព្រះរាជ​បុត្រ​ព្រះអង្គ​ច័ន្ទ​រាជា) មាន​ព្រឹត្តិការណ៍​លិច​នាវា​ក្នុង​ទន្លេ​មេគង្គ​របស់​កវី​និពន្ធ​ដ៏​ល្បីល្បាញ​របស់​ព័រទុយហ្គាល់ ម្នាក់ ឈ្មោះ លោក កាមូអង់ (Camoens) ប៉ុន្តែ​លោក​អាច​ប្រមូល​ស្នាដៃ​បាន​ទាំងអស់​មក​វិញ ដែល​ក្នុង​នោះ​មាន​រៀបរាប់​ពី​ដង​ទន្លេ​មេគង្គ​នៅ​កម្ពុជា នេះ​ផង។

ឯកសារ​របស់​អ្នក​និពន្ធ​អឺរ៉ុប ជាច្រើន បាន​អះអាង​ថា អ្នក​ផ្សាយ​សាសនា​ជាតិ​ព័រទុយហ្គាល់ ម្នាក់ បាន​រក​ឃើញ​ប្រាសាទ​តំបន់​អង្គរ​ក្នុង​អំឡុង​ឆ្នាំ​១៥៧០ ដែល​តាម​ប៉ាន់ស្មាន​មើល​ទៅ ប្រហែល​ជា​បព្វជិត​កាដូសូ (Cardoso) ឬ ម៉ាដេរ៉ា (Madeira) នោះ​ឯង ត្បិត​បព្វជិត​ទាំង​ពីរ​អង្គ​នេះ​បាន​និមន្ត​មក​ដល់​ក្រុង​លង្វែក​នៅ​មុន​គ.ស. ១៥៧០។

ដល់​មក​រាជ្យ​ព្រះ​សត្ថា ចៅ​របស់​ព្រះអង្គ​ច័ន្ទ​រាជា ដោយ​មាន​ការ​អំពាវនាវ​ពី​ព្រះមហាក្សត្រ​អង្គ​នេះ គេ​ឃើញ​មាន​ជនជាតិ​ព័រទុយហ្គាល់ ជាច្រើន ទាំង​អ្នក​ផ្សាយ​សាសនា ទាំង​អ្នក​ធ្វើ​ពាណិជ្ជកម្ម ទាំង​ពួក​អ្នក​ផ្សង​ព្រេង បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា។ ពួក​នេះ​មួយ​ចំនួន​បាន​កសាង​គ្រួសារ​ជាមួយ​ខ្មែរ កើត​កូន​ពូន​ជា​ចៅ​ត​មក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ផង។

ក្នុង​ចំណោម​ពួក​អ្នក​ផ្សង​ព្រេង​ជាតិ​ព័រទុយហ្គាល់ ទាំង​នោះ មាន​យុវជន​ម្នាក់​អាយុ​ប្រមាណ ២០​ឆ្នាំ ឈ្មោះ ឌីយូហ្គោ វេឡូសូ (Diogo Veloso) ដែល​ព្រះ​សត្ថា​ទ្រង់​សព្វ​ព្រះរាជហឫទ័យ​ជា​ខ្លាំង រហូត​ដល់​បាន​រៀប​អភិសេក​ប្អូន​ជីដូន​មួយ​ស្រី​ម្នាក់​របស់​ព្រះអង្គ អោយ​ទៅ លោក វេឡូសូ ថែម​ទៀត​ផង។

២. ជនជាតិ​អេស្ប៉ាញ៉ុល

ចំណែក​ខាង​ជនជាតិ​អេស្ប៉ាញ៉ុល វិញ ពួក​នេះ​បាន​មក​នៅ​ត្រួតត្រា​ប្រទេស​ហ្វីលីពីន (Philippine) តាំង​ពី​ឆ្នាំ​១៥២៧ ហើយ​បោះ​ទីតាំង​រាជធានី​យ៉ាង​មាំ​នៅ​ទីក្រុង​ម៉ានីល។ នៅ​ក្នុង​រាជ្យ​ព្រះ​សត្ថា​ទី​១​ដដែល គឺ​ក្រោយ​ពួក​ព័រទុយហ្គាល់ បន្តិច អ្នក​ផ្សង​ព្រេង​ជនជាតិ​អេស្ប៉ាញ៉ុល ក៏​បាន​មក​ដល់​ប្រទេស​កម្ពុជា។

ក្នុង​ចំណោម​អ្នក​ផ្សង​ព្រេង​នោះ លោក រ្វីស៍ ហឺណាន់ ហ្គុងហ្សាលេស៍ (Ruiz Hernan Gonzales) ត្រូវ​បាន​ព្រះរាជា​ខ្មែរ​សព្វ​ព្រះទ័យ​យ៉ាង​ខ្លាំង រហូត​ដល់​ទទួល​តែង​តាំង​អោយ​មាន​មុខងារ​ជា​រាជ​អង្គរក្ស​ផ្ទាល់​របស់​ព្រះអង្គ​ផង។

៣. ជនជាតិ​បារាំង

ឯ​ជនជាតិ​បារាំង វិញ ក្នុង​ឱកាស​ដែល​ព្រះ​សត្ថា​ទី​១ ទ្រង់​បើក​ទូលាយ​អោយ​ជនជាតិ​អឺរ៉ុប ចូល​មក​ផ្សព្វផ្សាយ​សាសនា​កាតូលិក និង​មក​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ខ្មែរ ដោយ​ព្រះអង្គ​ស្វែងរក​កម្លាំង​អឺរ៉ុប ដើម្បី​ការពារ​ជាតិ​ផង​នោះ បព្វជិត​ជា​ជនជាតិ​បារាំង មួយ​អង្គ​នាម ឌឺឡាម៉ុត (Delamotte) បាន​និមន្ត​មក​ដល់​ប្រទេស​កម្ពុជា ហើយ​តាំង​ព្រះវិហារ​គ្រិស្ត​មុន​គេ​បង្អស់​នៅ​ស្រុក​ពញាឮ ខាង​ត្បូង​កំពង់ហ្លួង ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឧដុង្គ ក្នុង​ឆ្នាំ​១៥៨៥ នៃ​គ.ស។ ប៉ុន្តែ​បេសកកម្ម​ផ្សាយ​សាសនា​គ្រិស្ត​របស់​បព្វជិត​ជនជាតិ​បារាំង នេះ មិន​បាន​ជោគជ័យ​ទេ ហើយ​គង់​នៅ​មិន​បាន​យូរ​ប៉ុន្មាន​ផង បព្វជិត​អង្គ​នេះ​ត្រូវ​ពួក​ព័រទុយហ្គាល់ កម្ចាត់​ចេញ​ទៅ។ រហូត​ដល់​មួយ​រយ​ឆ្នាំ​ក្រោយ​មក​ទៀត ទើប​មាន​បព្វជិត​ជាតិ​បារាំង មួយ​អង្គ​ទៀត​ឈ្មោះ ល្វី ឌឺ ស្ហឺវ្រឺយ (Louis de Chevreuil) បាន​មក​ដល់​ប្រទេស​កម្ពុជា តែ​ត្រូវ​បាន​ពួក​ព័រទុយហ្គាល់ កម្ចាត់​ចេញ​ពី​កម្ពុជា ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល