ព្រះបាទ​រាមា​ជើង​ព្រៃ​និង​ការ​វាយ​ដណ្ដើម​បន្ទាយ​លង្វែក​ពី​សៀម​មក​វិញ (ភាគ​៣៦)

ដោយ ជុន ច័ន្ទបុត្រ
2014-12-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រទេស​សៀម បាន​ប្រើ​ល្បិច​បាច​ប្រាក់​ដួង​ចូល​ក្នុង​ព្រៃ​ឫស្សី​នៃ​បន្ទាយ​លង្វែក ដើម្បី​ខ្ចី​ដៃ​ខ្មែរ​អោយ​កាប់​បំផ្លាញ​ព្រៃ​ឫស្សី ដើម្បី​រើស​យក​ប្រាក់​ដួង​នោះ។ គឺ​ដោយសារ​មូលហេតុ​នេះ សៀម អាច​វាយ​លុក​ចូល​បន្ទាយ​លង្វែក​បាន​នៅ​គ្រិស្ដសករាជ​១៥៩៣។ ក៏ប៉ុន្តែ សៀម កាន់​កាប់​បន្ទាយ​នេះ​បាន​ប្រហែល​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះបាទ​រាមា​ជើង​ព្រៃ ខ្មែរ​ក៏​វាយ​ដណ្ដើម​បន្ទាយ​លង្វែក​មក​វិញ​បាន​នៅ​ឆ្នាំ​១៥៩៤។

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​នូវ​ព្រឹត្តិការណ៍​នេះ​ជូន​លោក​អ្នក​នាង​ដូច​ត​ទៅ៖

គ.១១ ព្រះបាទ​រាមា​ជើង​ព្រៃ (ឆ្នាំ​១៥៩៤-ឆ្នាំ​១៥៩៦)

ព្រះចៅ​នរេនសូរ​ស្ដេច​សៀម ក្រោយ​ពី​បាន​ជ័យជម្នះ​លើ​ខ្មែរ​ហើយ ក៏​ទ្រង់​តែង​តាំង​មហា​មន្ត្រី​សៀម និង​ពល​ទាហាន ២​ពាន់​នាក់ អោយ​នៅ​ក្នុង​ស្រុក​ឧដុង្គ ដើម្បី​ត្រួតត្រា​កិច្ចការ​ប្រទេស​ខ្មែរ។ ឯ​ព្រះអង្គ​ទ្រង់​នាំ​រេហ៍ពល​យាង​ត្រឡប់​ទៅ​ក្រុង​ឰយុធ្យា វិញ។ ពេល​នោះ សម្ដេច​ព្រះ​រាមាធិបតី​អុង នៅ​ខេត្ត​ជើងព្រៃ ដែល​អ្នក​ផង​និយម​ហៅ​ថា ព្រះបាទ​រាមា​ជើង​ព្រៃ ដែល​ជា​ព្រះ​ញាតិ​របស់​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា ទ្រង់​បាន​កេណ្ឌ​ទ័ព​ទៅ​វាយ​កម្ចាត់​ពួក​សៀម នៅ​ឧដុង្គ​នោះ​អោយ​បរាជ័យ ហើយ​ដក​ទ័ព​រត់​ត្រឡប់​ទៅ​ស្រុក​វិញ​អស់​ក្នុង​ឆ្នាំ​១៥៩៤ នៃ​គ្រិស្ដសករាជ។ បន្ទាប់​មក ព្រះអង្គ​ក៏​ទ្រង់​ឡើង​គ្រងរាជ្យ​នៅ​រាជធានី​ស្រីសន្ធរ ដោយ​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ព្រះ​រាមាធិបតី​បរម​រាជាធិរាជ។

ព្រះ​រាមាធិបតី​ព្រះរាម​ជើង​ព្រៃ ទ្រង់​គ្រងរាជ្យ​បាន​តែ​បី​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​ខែ​មករា ឆ្នាំ​១៥៩៦ លោក វេឡូសូ ជា​ប្អូន​ថ្លៃ​ព្រះសត្ថា និង​ស្ម័គ្រ​បក្ខពួក ដែល​ឯកសារ​ខ្លះ​ថា​បាន​ទៅ​ស្រុក​កំណើត តែ​ឯកសារ​ខ្លះ​ថា ត្រូវ​បាន​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា បញ្ជា​អោយ​ទៅ​សុំ​ជំនួយ​ពី​លោក​ទេសាភិបាល​អេស្ប៉ាញ៉ុល នៅ​ហ្វីលីពីន បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា វិញ ដោយ​នាំ​ទាំង​កម្លាំង​ទ័ព​ជំនួយ​មួយ​ចំនួន​មក​ផង។ ពេល​មក​ដល់ វេឡូសូ ដឹង​ថា ក្រុង​លង្វែក បាន​ត្រូវ​វាយ​បែក​ដោយ​ទ័ព​សៀម រួច​ទៅ​ហើយ ហើយ​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា និង​ព្រះញាតិវង្ស​មួយ​ចំនួន ទ្រង់​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​លាវ ហើយ​មាន​ព្រះរាជា​ថ្មី គឺ​ព្រះ​រាមា​ជើង​ព្រៃ បាន​ឡើង​សោយរាជ្យ​នៅ​ប្រទេស​ខ្មែរ​ដូច្នោះ ក៏​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត​ជា​ខ្លាំង។ គាប់​ជួន​ជា​ខែ​មេសា នៃ​ឆ្នាំ​នោះ​មាន​ជម្លោះ​រវាង​ពួក​ឈ្មួញ​ចិន និង​ពួក​ទាហាន​ជើង​ទឹក​អេស្ប៉ាញ៉ុល បាន​កើត​ឡើង ហើយ​ដែល​បាន​ធ្វើ​អោយ​ឈ្មួញ​ចិន ប្រមាណ ១០០​នាក់​ស្លាប់ រួច​ទំនិញ​ទាំងអស់​របស់​ចិន ត្រូវ​រឹប​អូស​នោះ លោក វេឡូសូ បាន​សុំ​អនុញ្ញាត​ពី​ព្រះ​រាមា​ជើង​ព្រៃ ដើម្បី​ចូល​គាល់ ហើយ​ស្រាយ​បំភ្លឺ​ព្រះអង្គ​អំពី​បុព្វហេតុ​ដែល​កើត​មាន​នោះ។ ប៉ុន្តែ​ព្រះ​រាមា​ជើង​ព្រៃ ទ្រង់​បាន​ដាក់​លក្ខខណ្ឌ​ថា ទាល់​តែ​ពួក​អេស្ប៉ាញ៉ុល សង​ទំនិញ​ទាំងអស់​ទៅ​ពួក​ចិន សិន ទើប​ព្រះអង្គ​អនុញ្ញាត​អោយ​ចូល​ជួប​បាន។ ដោយ​ហេតុ​នោះ លោក វេឡូសូ និង​លោក រ្វីស បាន​សម្រេច​ចិត្ត​ប្រើ​កម្លាំង​ទ័ព ដើម្បី​វាយ​លុក​ព្រះរាជវាំង​ស្រីសន្ធរ ហើយ​ធ្វើ​គត់​ព្រះ​រាមា​ជើង​ព្រៃ ក្នុង​ឆ្នាំ​នោះ​ទៅ។

ឯកសារ​ខ្លះ​ទៀត​ដូច​ព្រះរាជពង្សាវតារ​មហា​បុរស​ខ្មែរ បាន​អធិប្បាយ​ថា កាល​បើ​ត្រឡប់​មក​ដល់​ប្រទេស​ខ្មែរ​វិញ​ហើយ​ដឹង​ថា ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា និង​ព្រះញាតិវង្ស​ទ្រង់​ភៀស​ព្រះអង្គ​ទៅ​ខេត្ត​ស្ទឹងត្រែង ហើយ​មាន​ស្ដេច​ថ្មី គឺ​ព្រះ​រាមា​ជើង​ព្រៃ ទ្រង់​ឡើង​សោយរាជ្យ​នៅ​រាជធានី​ស្រីសន្ធរ ដូច្នោះ លោក វេឡូសូ និង​ស្ម័គ្រ​បក្ខពួក បាន​ធ្វើ​ឧបាយកល​ជា​សុំ​ចូល​គាល់​ព្រះ​រាមា​ជើង​ព្រៃ ដោយ​នាំ​យក​កាំភ្លើង​វែង​មួយ​ចំនួន និង​កាំភ្លើង​ខ្លី​ក្រំមាស​យ៉ាង​ល្អ ដែល​ខ្លួន​ទើប​នឹង​បាន​មក យក​ទៅ​ថ្វាយ​ព្រះអង្គ ដើម្បី​សុំ​ជ្រក​ក្រោម​បុណ្យ​បារមី។ ព្រះ​រាមាធិបតី​ព្រះ​រាមា​ជើង​ព្រៃ មិន​បាន​ជ្រាប​ពី​ឧបាយកល​នេះ ក៏​ទ្រង់​អនុញ្ញាត​អោយ​ចូល​គាល់​តាម​សំណើ។ លោក វេឡូសូ យក​កាំភ្លើង​វែង​របស់​ខ្លួន ២៤​ដើម​ដាក់​ក្នុង​ហិប អោយ​ទាហាន​អេស្ប៉ាញ៉ុល សែង​ជា ១២​ស្នែង​ចូល​ទៅ ហើយ​កាំភ្លើង​ខ្លី​ក្រំមាស​នោះ លោក វេឡូសូ កាន់​ចូល​ទៅ​ដោយ​ខ្លួន​ឯង។ ដល់​មុខ​ព្រះភ័ក្ត្រ​ព្រះរាជា​ហើយ ក៏​លុត​ជង្គង់​ថ្វាយ​កាំភ្លើង​ក្រំមាស​នោះ ដោយ​ហុច​ខាង​ស្វៃកាំភ្លើង​ទៅ​មុន។ លុះ​ព្រះ​រាជា​លូក​ព្រះហស្ដ​មក​ទទួល​យក​កាំភ្លើង​នោះ វេឡូសូ ក៏​ក្រឡាស់​ថ្វាយ​ខាង​ត្រែ​កាំភ្លើង​រួច​គាស់​កៃ គ្រាប់​កាំភ្លើង​ផ្ទុះ​ឡើង​ត្រូវ​ព្រះ​រាមា​ជើង​ព្រៃ សុគត​ទៅ។

ព្រះ​រាមា​ជើង​ព្រៃ ទ្រង់​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១៥៩៤ ហើយ​ទ្រង់​សុគត​ដោយ​គ្រាប់​កាំភ្លើង​របស់​អេស្ប៉ាញ៉ុល នៅ​ឆ្នាំ​១៥៩៦ នៃ​គ្រិស្ដសករាជ នៅ​រាជធានី​ស្រីសន្ធរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល