នៅចុងសតវត្សទី១៦ ដោយត្រូវការជំនួយផ្នែកសឹកពីពួកអេស្ប៉ាញ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ ព្រះបាទពញាតន់ ទ្រង់បានយល់ព្រមឲ្យពួកនេះបញ្ជូនអ្នកផ្សាយសាសនាគ្រិស្ត មកជួយបំបួសរាស្ត្រខ្មែរឲ្យកាន់សាសនានេះផង។
ក៏ប៉ុន្តែ ក្រុមអ្នកបំបួសដែលគេបញ្ជូនតាមកប៉ាល់ពីប្រទេសហ្វីលីពីន ត្រូវខ្យល់ព្យុះបោកបក់ធ្វើឲ្យវង្វេងផ្លូវមិនបានមកដល់កម្ពុជា ឡើយ។ ដូច្នេះហើយ បានជាកម្ពុជា មិនបានទទួលឥទ្ធិពលសាសនាគ្រិស្តទូលំទូលាយដូចដែលគេប៉ុនប៉ងនោះឡើយ។
ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូននូវប្រវត្តិសាស្ត្រខ្មែរ ក្នុងរាជ្យព្រះបរមរាជារាមាធិបតីពញាតន់ ដូចតទៅ៖
គ.១២ ព្រះបរមរាជារាមាធិបតីពញាតន់ (ឆ្នាំ១៥៩៦-ឆ្នាំ១៥៩៩)
ក្រោយពីធ្វើគត់ព្រះរាមាជើងព្រៃ បានហើយ វេឡូសូ និងស្ម័គ្រពួកបានធ្វើដំណើរទៅតាមរកព្រះមហិន្ទរាជាព្រះសត្ថា និងព្រះញាតិវង្សរបស់ព្រះអង្គ។ ដោយព្រះសត្ថា ក៏សុគត ហើយព្រះជ័យជេដ្ឋា ជាព្រះរាជបុត្រច្បងក៏សុគតទៅទៀត វេឡូសូ ក៏យាងព្រះអង្គតន់ ដែលជាព្រះរាជបុត្រកណ្ដាលរបស់ព្រះមហិន្ទរាជាព្រះសត្ថា នោះ ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវឡានឆាង អោយមកសោយរាជ្យនៅស្រីសន្ធរ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះរាជឱង្ការបរមរាមាធិបតី។
ព្រះបរមរាមាធិបតីពញាតន់ ទ្រង់ត្រេកអរណាស់នឹងបានទទួលរាជ្យសម្បត្តិនេះ។ ដើម្បីជាកិច្ចតបស្នងសងគុណចំពោះ លោក វេឡូសូ និងលោក រ្វីស ដែលបានជួយព្រះអង្គនោះ ព្រះអង្គទ្រង់បានតែងតាំង លោក វេឡូសូ ឲ្យឡើងជាស្ដេចត្រាញ់ខេត្តត្បូងឃ្មុំ ឯកសារខ្លះថាបាណាម បាភ្នំ ហើយតែងតាំង លោក រ្វីស ឲ្យជាស្ដេចត្រាញ់នៅខេត្តទ្រាំង។
ដោយសារមានការមិនសប្បាយចិត្តនឹងព្រះរាជាពញាតន់ ដែលទ្រង់លើកជនបរទេសឲ្យធ្វើជាអ្នកត្រួតត្រាលើប្រជារាស្ត្រខ្លួនដូច្នោះ ពួកចាមជ្វា នៅខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំរបស់ ប៉ោរ៉ាក់ និងលាក់ស្មើណា ក៏បានបះបោរឡើង។ ប៉ុន្តែព្រះរាមាធិបតីពញាតន់ បានបញ្ជាឲ្យ លោក វេឡូសូ និងលោក រ្វីស វាយបង្ក្រាបឲ្យរាបទាបទៅវិញបាន។ ឯកសារខ្លះបញ្ជាក់ថា ព្រះរាមាធិបតីពញាតន់ ក៏ទ្រង់មានព្រះទ័យដូចព្រះមហិន្ទរាជាព្រះសត្ថា ជាបិតាព្រះអង្គដូច្នោះដែរ គឺថាដើម្បីពង្រឹងអំណាចរបស់ព្រះអង្គ និងការចង់គេចឲ្យផុតពីការគាបសង្កត់របស់សៀម ផង ព្រះអង្គបានខិតខំផ្ញើសារលិខិតទៅទាក់ទងជាមួយពួកអេស្ប៉ាញ៉ុល នៅទីក្រុងម៉ានីល ដើម្បីឲ្យជួយបញ្ជូនកម្លាំងទ័ព និងអ្នកផ្សាយសាសនាគ្រិស្តមកកម្ពុជា ដោយទ្រង់សន្យាថានឹងជួយសង់ព្រះវិហារគ្រិស្ត និងទ្រង់អនុញ្ញាតឲ្យជនជាតិខ្មែរចូលសាសនាគ្រិស្តតាមជំនឿរបស់ខ្លួនផង។
ប៉ុន្តែការខំប្រឹងប្រែងធ្វើទំនាក់ទំនងរបស់ព្រះអង្គនោះ មិនបានលទ្ធផលល្អទេ ពិតមែនតែគេឃើញបព្វជិតគ្រិស្តសាសនាខ្លះបានមកដល់កម្ពុជា តែពួកនេះឋិតក្នុងភាពមិនសូវនឹងនរឡើយ។ ម៉្យាងទៀត ថ្វីត្បិតតែនៅឆ្នាំ១៥៩៨ លោក ល្វីស ប៉េរេ ដាស្មារីណា (Luis Perez Dasmarinas) បានខំដឹកនាំទាហានអេស្ប៉ាញ៉ុល ចំនួន ២០០នាក់ និងអ្នកផ្សាយសាសនាមួយចំនួនធ្វើដំណើរតាមនាវាតម្រង់មកកម្ពុជា តាមការស្នើសុំក្តី តែជាអកុសល នាវានោះត្រូវវង្វេងផ្លូវដោយប៉ះនឹងមហាព្យុះសង្ឃរាបក់បោកឲ្យទៅទើរនៅជិតខេត្តកង់តុង ប្រទេសចិន ឯណោះទៅវិញ។ ឯជនដែលនៅរស់រានមានជីវិត ត្រូវត្រឡប់ទៅក្រុងម៉ានីល វិញតាមម៉ាកាវ (Macao) ដោយមិនទាំងបានឃើញឆ្នេរសមុទ្ររបស់ខ្មែរផង។
ក្រោយនោះ កប៉ាល់មួយដែលមានបេសកកម្មស្វែងរកជនរងគ្រោះដែលដឹកនាំទាហាន និងបព្វជិតខ្លះ បានមកដល់ទន្លេចតុមុខនៅគ្រិស្ដសករាជ១៥៩៩។ ពេលនោះ ជម្លោះមួយបានកើតមានឡើងរវាងពួកនាវិកអេស្ប៉ាញ៉ុល និងពួកជ្វា។ ព្រះរាជាទ្រង់បញ្ជាឲ្យ លោក វេឡូសូ និងលោក រ្វីស ដែលធ្លាប់បានទទួលជ័យជម្នះម្តងហើយលើការបះបោររបស់ចាមជ្វា នោះ ទៅធ្វើអន្តរាគមន៍។ ប៉ុន្តែលើកនេះ លោកទាំងពីរត្រូវពួកបះបោរសម្លាប់បានទាំងពីរនាក់ នៅក្នុងសមរភូមិចតុមុខនោះទៅ។
ព្រះរាមាធិបតីពញាតន់ ទ្រង់បានជ្រាបដំណឹងនេះ ទ្រង់ពិរោធណាស់ ក៏ទ្រង់បានលើកទ័ពផ្ទាល់ព្រះអង្គចូលទៅសមរភូមិ ដើម្បីសងសឹកឲ្យអ្នកទាំងពីរ។ តែទីបំផុត ព្រះអង្គក៏ត្រូវពួកបះបោរវាយលុក ហើយធ្វើគត់ព្រះអង្គបានទៅទៀតនៅក្នុងសមរភូមិនោះ ក្នុងព្រះជន្ម ២១ព្រះវស្សានោះទៅ។ ឯកសារដទៃទៀត បានរៀបរាប់ពីការសុគតរបស់ព្រះរាមាធិបតីពញាតន់ នេះផ្សេងទៅវិញ។
ឯកសារព្រះរាជពង្សាវតារមហាបុរសខ្មែរ បានអធិប្បាយថា ព្រះរាមាធិបតីពញាតន់ ជាស្ដេចមិនសូវយកព្រះទ័យទុកដាក់នឹងកិច្ចការផែនដីទេ ទ្រង់បណ្តែតបណ្តោយតាមតែសម្ដីពួកមន្ត្រីដែលចូលចិត្តបំផ្លើសបញ្ជោរបញ្ចើចបញ្ចើ។ ពេលដែលមានការបះបោររបស់ពួកចាមជ្វា ខេត្តត្បូងឃ្មុំ នោះ ព្រះអង្គទ្រង់បានបញ្ជាទ័ពឲ្យទៅវាយបង្ក្រាប។ តែក្រោយមក ប៉ោរ៉ាក់ និងលាក់ស្មើណា ដែលជាអ្នកដឹកនាំការបះបោរនោះ បានប្រើកលឧបាយធ្វើជាសុំចុះចូលដោយលិខិតសុំសារភាពទោសនឹងព្រះអង្គ។ ព្រះអង្គទ្រង់យល់ព្រម។ ប៉ោរ៉ាក់ និងលាក់ស្មើណា បានបញ្ជាឲ្យសង់ព្រះពន្លាយ៉ាងល្អប្រណិតចំនួន ១៥ខ្នងនៅពោធិ៍ជើងខាល ដើម្បីទទួលព្រះរាជា និងជាទីកន្លែងសម្រាប់នាំពួកចាមជ្វា ជាអ្នកបះបោរទាំងអស់ មកក្រាបគាល់លន់តួទោសចំពោះព្រះភ័ក្ត្រព្រះរាជាផង។
នៅក្នុងកម្មវិធីសារភាពទោសកំហុសនេះ គេមានរៀបចំពិធីជប់លៀងមួយយ៉ាងធំ ព្រមដោយមហោស្រពល្បែងរបាំច្រើនប្រភេទយ៉ាងគគ្រឹកគគ្រេងផង។ ពេលដែលសង្កេតឃើញថា កងទ័ពព្រះរាជាជាច្រើនផឹកស្រាស្រវឹងងប់ងុលហើយ ហើយមួយចំនួនធំទៀតកំពុងតែជក់ចិត្តដើរមើលល្បែងរបាំភ្លេចខ្លួនក្នុងពិធីបុណ្យនោះ ប៉ោរ៉ាក់ និងលាក់ស្មើណា ក៏ឲ្យសញ្ញាជាបញ្ជាដល់បក្ខពួករបស់ខ្លួន វាយលុកធ្វើគត់ព្រះបរមរាជារាមាធិបតីពញាតន់ សុគតក្នុងព្រះពន្លាពោធិ៍ជើងខាល ក្នុងឱកាសនោះទៅ។ ឯ ប៉ោរ៉ាក់ និងលាក់ស្មើណា ក៏ត្រូវស្លាប់ដោយស្នាដៃរាជអង្គរក្សរបស់ព្រះអង្គក្នុងពេលជាមួយគ្នានោះដែរ៕