ព្រះបាទ​អង្គ​សូ និង​ព្រះ​បទុម​រាជា​ស្រី​ជ័យជេដ្ឋ (ភាគ​៤៤)

ដោយ ជុន ច័ន្ទបុត្រ
2015-03-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ព្រះ​បទុម​រាជា​ស្រី​ជ័យជេដ្ឋ ដែល​គ្រងរាជ្យ​ចន្លោះ​ឆ្នាំ​១៦៧២ និង​ឆ្នាំ​១៦៧៣ បាន​ដណ្ដើម​រាជ្យ​ដោយ​សម្លាប់​បិតា​ក្មេក គឺ​ព្រះអង្គ​សូ ចោល។ មិន​តែ​ប៉ុណ្ណោះ​ទេ ព្រះអង្គ​បាន​យក​ម៉ែ​ក្មេក​ធ្វើ​ជា​ព្រះអគ្គមហេសី​ផង។

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្នុង​រាជ្យ​ព្រះបាទ​អង្គ​សូ និង​ព្រះ​បទុម​រាជា​ស្រី​ជ័យជេដ្ឋ ដូច​ត​ទៅ៖

គ.២១ ព្រះ​បរម​រាជា​អង្គ​សូ (ឆ្នាំ​១៦៥៩-ឆ្នាំ​១៦៧២)

ក្រោយ​ពី​បាន​នាំ​ទ័ព​សម្ព័ន្ធមិត្ត​យួន របស់​ខ្លួន វាយ​ឈ្នះ​ព្រះ​រាមាធិបតី​អង្គ​ច័ន្ទ អ៊ីប្រាហ៊ីម ដែល​ជា​ព្រះរៀម​ជីដូន​មួយ ហើយ​យួន បាន​ចាប់​ព្រះអង្គ​ច័ន្ទ ដាក់​ទ្រុង​ដែក​នាំ​យក​ទៅ​ស្រុក​យួន រួច​ទីបំផុត យួន ដែល​ជា​មិត្ត​បាន​ក្លាយ​ជា​សត្រូវ​វិញ ហើយ​ត្រូវ​បាន​វាយ​បណ្ដេញ​ទៅ​ស្រុក​អស់​ទៀត។ ព្រះអង្គ​សូ ដែល​ជា​បុត្រ​បន្ទាប់​របស់​ព្រះ​ឧទ័យ បាន​ឡើង​គ្រងរាជ្យ​សម្បត្តិ​នៅ​ក្រុង​ឧដុង្គ​មានជ័យ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​បរម​រាជាធិរាជ​រាមាធិបតី។

ព្រះ​បរម​រាជា​អង្គ​សូ នេះ ទ្រង់​លើក​ព្រះអង្គ​ឡីក្សត្រី ជា​អនុជ​រួម​ព្រះ​បិតា ធ្វើ​ជា​ព្រះរាជ​អគ្គមហេសី ហើយ​ថ្វាយ​ព្រះនាម​ថា សម្ដេច​ព្រះ​ភគវតី​ព្រះចមក្សត្រី។ ព្រះអង្គ​ទ្រង់​អភិសេក​ព្រះ​ឧទ័យ​សូរ្យវង្ស​អង្គ​តន់ ជា​ព្រះអនុជ ជា​សម្ដេច​មហា​ឧបយោរាជ។ ឯកសារ​ខ្លះ​បាន​និយាយ​ថា នៅ​ដើម​រជ្ជកាល​របស់​ព្រះអង្គ មាន​ការ​បះបោរ​របស់​ពួក​ចាម​ជ្វា នៅ​ខេត្ត​ត្បូងឃ្មុំ។ តែ​ការ​បះបោរ​នេះ ត្រូវ​ទ័ព​ព្រះរាជា​លើក​ទៅ​វាយ​ខ្ចាត់ខ្ចាយ​អស់។ មេ​បះបោរ​រត់​ទៅ​ខេត្ត​សៀមរាប រួច​ឆ្លង​ចូល​ទៅ​ប្រទេស​សៀម ដោយ​មាន​ស្ម័គ្រ​បក្ខពួក ២.២២៤​នាក់​ទៅ​ជាមួយ​ផង។ ប៉ុន្តែ​ឯកសារ​មហា​បុរស​ខ្មែរ បាន​រៀបរាប់​ថា នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ​មាន​ការ​បះបោរ​មួយ​យ៉ាង​ធំ​បាន​កើត​ឡើង ដែល​ដឹក​នាំ​ដោយ​មនុស្ស​ម្នាក់​នៅ​ភ្នំ​ជីពិត ក្នុង​ខេត្ត​លង្វែក ដែល​បាន​តាំង​ខ្លួន​ជា​ស្ដេច​ឈ្មោះ បារ៉ែនរាជ ហើយ​ប្រុង​វាយ​ដណ្ដើម​រាជ្យ​សម្បត្តិ តែ​ត្រូវ​ព្រះ​បរម​រាជា​អង្គ​សូ បញ្ជា​ឲ្យ​លើក​ទ័ព​ទៅ​វាយ​កម្ចាត់​បាន ហើយ​ចាប់​បាន​ទាំង​ខ្លួន​បារ៉ែន នោះ យក​មក​ប្រឹក្សា​ទោស​ប្រហារ​ជីវិត​បង់​នៅ​ត្រើយ​ខាង​ជើង​ស្ទឹង​ក្រាំង​ពន្លៃ ក្នុង​ខេត្ត​លង្វែក នោះ​ថែម​ទៀត​ផង។

ព្រះ​បរម​រាជា​អង្គ​សូ ទ្រង់​សព្វ​ព្រះទ័យ​លើក​ព្រះ​ស្រី​ជ័យជេដ្ឋ ដែល​ជា​បុត្រា​របស់​ព្រះ​បរម​រាជា​អង្គ​នន់ ជា​ព្រះរៀម​របស់​ព្រះអង្គ ដែល​ត្រូវ​ធ្វើ​គត់​ដោយ​ព្រះអង្គ​ច័ន្ទ អ៊ីប្រាហ៊ីម ជាមួយ​នឹង​ព្រះ​ឧទ័យ បិតា​ព្រះអង្គ​នោះ ឲ្យ​ឡើង​ជា​ព្រះរាជបុត្រ​សុណិសា គឺ​កូនប្រសា ដោយ​បាន​ផ្សំផ្គុំ​ព្រះរាជ​បុត្រី​ព្រះអង្គ​ព្រះនាម​ព្រះអង្គ​ស្រីធីតា ជា​ព្រះមហេសី​ផង។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ព្រះ​ស្រី​ជ័យជេដ្ឋ ដែល​ត្រូវ​ជា​ក្មួយ​ផង និង​ត្រូវ​ជា​កូនប្រសា​ផង​នេះ បាន​បញ្ចុះ​បញ្ចូល​រាស្ត្រ​ជា​ស្ម័គ្រ​បក្ខពួក​របស់​ខ្លួន​បាន​មួយ​ចំនួន។ យប់​មួយ​នោះ ព្រះ​ស្រី​ជ័យជេដ្ឋ បាន​នាំ​ពួក​បរិវារ ១៥០​នាក់​ដែល​មាន​កាន់​អាវុធ​គ្រប់​ដៃ លប​លុក​ធ្វើ​គត់​ព្រះ​បរម​រាជា​អង្គ​សូ ដែល​ជា​ឪពុកមា​ផង និង​ជា​ឪពុក​ក្មេក​សុគត​ទៅ។ ឯ​ព្រះ​ឧទ័យ​សូរ្យវង្ស​អង្គ​តន់ ជា​អនុជ​របស់​ព្រះ​បរម​រាជា​អង្គ​សូ ទ្រង់​នាំ​ព្រះអង្គ​នន់ បុត្រា​ព្រះអង្គ​អឹម ដែល​ចូល​ខាង​ព្រះអង្គ​ច័ន្ទ អ៊ីប្រាហ៊ីម ហើយ​សុគត​ក្នុង​សង្គ្រាម​ពី​លើក​មុន​នោះ ភៀស​ទៅ​ស្រុក​យួន ក្នុង​ពេល​យប់​នោះ។

ព្រះ​បរម​រាជា​អង្គ​សូ ទ្រង់​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​១៦៥៨ ឬ​ឆ្នាំ​១៦៥៩ ហើយ​ត្រូវ​សុគត​ដោយ​ការ​លប​ធ្វើ​គត់​របស់​ព្រះ​ស្រី​ជ័យជេដ្ឋ ជា​កូនប្រសា​នៅ​ឆ្នាំ​១៦៧២ នៃ​គ.ស នៅ​រាជធានី​ឧដុង្គ។ ព្រះ​អដ្ឋិធាតុ​របស់​ព្រះអង្គ ក៏​ត្រូវ​បាន​បញ្ចុះ​នៅ​ចេតិយ​ទន្ទឹម​លើ​ភ្នំ​ព្រះរាជទ្រព្យ គឺ​ភ្នំ​ឧដុង្គ នោះ​ដែរ។

គ.២២ ព្រះ​បទុម​រាជា​ស្រី​ជ័យជេដ្ឋ (ឆ្នាំ​១៦៧២-ឆ្នាំ​១៦៧៣)

ក្រោយ​ពី​បាន​លុក​ធ្វើ​គត់​ព្រះស្ថរ្សោ “គឺ​បិតា​ក្មេក” ព្រះបាទ​បរម​រាជា​អង្គ​សូ រួច​ហើយ ព្រះ​ស្រី​ជ័យជេដ្ឋ ដែល​ជា​បុត្រ​របស់​ព្រះអង្គ​នន់ និង​ជា​ចៅ​ព្រះ​ឧទ័យ ក៏​ទ្រង់​ឡើង​គ្រងរាជ្យ​នៅ​រាជធានី​ឧដុង្គ​មានជ័យ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​បទុម​រាជាធិរាជ​បរមបពិត្រ ដែល​ប្រវត្តិវិទូ​ខ្លះ​និយម​ហៅ​ថា ជ័យជេដ្ឋា​ទី​៣។

ព្រះ​បទុម​រាជា​ស្រី​ជ័យជេដ្ឋ នេះ ជា​ស្ដេច​ខិលខូច​មិន​ប្រកប​ដោយ​សីលធម៌​ឡើយ ក្រោយ​ពី​ធ្វើ​គត់​បិតា​ក្មេក​ដណ្ដើម​រាជ្យ​បាន​ហើយ ព្រះអង្គ​ទ្រង់​លើក​សម្ដេច​ព្រះភគវតី​ព្រះចមក្សត្រី ដែល​ជា​អតីត​មហេសី​របស់​បិតា​ក្មេក​នោះ ឲ្យ​ឡើង​ជា​អគ្គមហេសី​ស្តាំ​របស់​ព្រះអង្គ​ទាំង​បង្ខំ។ ទ្រង់​តែង​តាំង​ព្រះអង្គ​ស្រីធីតា នោះ ជា​អគ្គមហេសី​ឆ្វេង។

សម្ដេច​ព្រះភគវតី​ព្រះចមក្សត្រី ដែល​ត្រូវ​ជា​ម្តាយ​មីង ហើយ​ត្រូវ​ព្រះ​បទុម​រាជា​ស្រី​ជ័យជេដ្ឋ លើក​ជា​ព្រះអគ្គមហេសី​ស្តាំ​នេះ ទ្រង់​តូច​ព្រះទ័យ​ណាស់ ក៏​ទ្រង់​បាន​លប​ទាក់ទង​គិតគូរ​ជាមួយ​ពួក​ចាម​ជ្វា ដែល​ជា​រាជការ​សល់​ពី​រាជ​ព្រះ​រាមាធិបតី​អង្គ​ច័ន្ទ អ៊ីប្រាហ៊ីម នោះ ឲ្យ​ជួយ​វាយ​កម្ចាត់​ព្រះ​បទុម​រាជា​ស្រី​ជ័យជេដ្ឋ។ ពួក​ចាម​ជ្វា បាន​យល់​ព្រម​ចុះ​ចូល​នឹង​ព្រះនាង​ជាច្រើន​នាក់។ ក្រោយ​មក ព្រះភគវតី​ព្រះចមក្សត្រី ទ្រង់​ក្លែង​ធ្វើ​ជា​អាពាធ​ជា​ទម្ងន់ ហើយ​ទ្រង់​បាន​សុំ​ឲ្យ​ពួក​ចាម​ជ្វា ចូល​មក​ថែ​ជំងឺ​ព្រះនាង​ក្នុង​ព្រះបរមរាជវាំង។ ព្រះ​បទុម​រាជា​ស្រី​ជ័យជេដ្ឋ មិន​យល់​ពី​កិច្ច​កល​នេះ ទ្រង់​អនុញ្ញាត​តាម​ការ​ស្នើសុំ។ ទីបំផុត ព្រះភគវតី បាន​បញ្ជា​ឲ្យ​ពួក​ចាម​ជ្វា ទាំង​នោះ លប​លុក​ធ្វើ​គត់​ព្រះ​បទុម​រាជា​ស្រី​ជ័យជេដ្ឋ សុគត​ទៅ។ ព្រះរាជា​អង្គ​នេះ ទ្រង់​សោយរាជ្យ​បាន​តែ ៥​ខែ​ប៉ុណ្ណោះ ក៏​ទ្រង់​សុគត​ដោយ​អាវុធ​នៅ​ក្នុង​ព្រះរាជវាំង​ឧដុង្គ​មានជ័យ ហើយ​អដ្ឋិធាតុ​ព្រះអង្គ​ក៏​ត្រូវ​បាន​គេ​នាំ​ទៅ​បញ្ចុះ​នៅ​ចេតិយ​ទន្ទឹម​លើ​ភ្នំ​ព្រះរាជទ្រព្យ នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល