ប្រវត្តិ​ទំនាក់ទំនង​ខ្មែរ​ជាមួយ​ជនជាតិ​អឺរ៉ុប (ភាគ​៣៣)

ដោយ ជុន ច័ន្ទបុត្រ
2014-11-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ជនជាតិ​អឺរ៉ុប ដែល​បាន​ចូល​មក​ប្រទេស​កម្ពុជា នៅ​ពាក់​កណ្ដាល​ទី​ពីរ​នៃ​សតវត្ស​ទី​១៦ ក្រៅ​ពី​មក​ធ្វើ​ជំនួញ និង​ផ្សាយ​សាសនា ពួក​នេះ​ក៏​ត្រូវ​ព្រះមហាក្សត្រ​ខ្មែរ​ពឹងព​អោយ​ជួយ​ទប់ទល់​នឹង​ការ​គំរាម​កំហែង​ពី​សំណាក់​ប្រទេស​សៀម ដែរ។ ប្រការ​នេះ បាន​បើក​ឱកាស​អោយ​ពួក​អឺរ៉ុប អាច​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ខ្មែរ ហើយ​ហ៊ាន​ធ្វើ​គត់​ព្រះមហាក្សត្រ​ខ្មែរ​ថែម​ទៀត​ផង។

លោក ជុន ច័ន្ទបុត្រ រៀបរាប់​ជូន​អំពី​ទំនាក់ទំនង​ខ្មែរ​ជាមួយ​ជនជាតិ​អឺរ៉ុប ជា​បន្ត​ទៅ​ទៀត​ដូច​ត​ទៅ៖

៤. ជនជាតិ​ហូល្លង់ដ៍

ជនជាតិ​អឺរ៉ុប ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​អេស្ប៉ាញ (Spain) និង​ព័រទុយហ្គាល់ (Portugal) បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា ក្រោយ​ពី​បាន​បោះ​ទីតាំង​ដាក់​អាណានិគម​លើ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​រួច​ហើយ។ ជនជាតិ​ហូល្លង់ដ៍ បាន​មក​ដល់​ប្រទេស​កម្ពុជា ក្រោយ​គេ។

ក្រោយ​ពី​បាន​បង្កើត “ក្រុមហ៊ុន​ទូទៅ​ឥណ្ឌា​ខាង​កើត” នៅ​ឆ្នាំ​១៦១២ ហើយ​បាន​បោះ​ទីតាំង​ជំនួញ​របស់​ខ្លួន​ក្នុង​ប្រទេស​ឥណ្ឌា ស្រីលង្កា ប្រទេស​ជប៉ុន និង​នៅ​កោះ​ជ្វា យ៉ាង​រឹងមាំ​រួច​មក ជនជាតិ​ហូល្លង់ដ៍ ក៏​បាន​ធ្វើ​ដំណើរ​តាម​សំពៅ​មក​ប្រទេស​កម្ពុជា ដើម្បី​ទាក់ទង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ទៀត។ ពួក​ហូល្លង់ដ៍ មក​ដល់​កម្ពុជា នៅ​ឆ្នាំ​១៦២០ នៃ​គ.ស. ហើយ​បាន​បើក​គ្រឹះស្ថាន​ជំនួញ​យ៉ាង​ធំ​របស់​ខ្លួន​នៅ​តាម​ដង​ទន្លេសាប គឺ​នៅ​កំពង់ហ្លួង មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ឧដុង្គ នៅ​ក្នុង​ឆ្នាំ​១៦២៣។

ជនជាតិ​ហូល្លង់ដ៍ ធ្វើ​ជំនួញ​នៅ​ប្រទេស​កម្ពុជា បាន​ជោគជ័យ​ណាស់ ប៉ុន្តែ​ពួក​នេះ បាន​ប៉ះ​ទង្គិច​ឈ្លោះ​ប្រកែក​ជា​ញឹកញាប់​ជាមួយ​ពួក​ព័រទុយហ្គាល់ ដែល​បាន​មក​តាំង​ទី​មុន។ ដោយ​ធ្វើ​ជំនួញ​នៅ​កម្ពុជា ក្នុង​ភាព​ប្រទាញប្រទង់​គ្នា​យ៉ាង​យូរ​ជាមួយ​ពួក​ព័រទុយហ្គាល់ ផង ទំនាស់​ជាមួយ​ពួក​ឈ្មួញ​ចិន ផង ទី​បំផុត ពួក​ហូល្លង់ដ៍ ភាគ​ច្រើន​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​សេចក្តី​ឈ្នានីស​របស់​ពួក​ព័រទុយហ្គាល់។ នេះ​បើ​តាម​ឯកសារ​សម្ដេច​ក្សត្រី​ម៉ាលិកា។

តាំង​ពី​ដើម​សតវត្ស​ទី​១៦ មក ពួក​អឺរ៉ុប បាន​ចូល​មក​ដល់​ទ្វីប​អាស៊ី​នេះ​ជាច្រើន។ ចំណែក​ខាង​ខ្មែរ​វិញ ចាប់​តាំង​ពី​ពាក់​កណ្ដាល​សតវត្ស​ទី​១៦ រហូត​ដល់​ពាក់​កណ្ដាល​សតវត្ស​ទី​១៧ ខ្មែរ និង​សៀម មាន​វិបត្តិ​ប៉ះ​ទង្គិច​ច្បាំង​គ្នា​កាន់​តែ​ញឹកញាប់​ឡើងៗ។ សៀម ដែល​តាំង​ពី​ដើម​សតវត្ស​ទី​១៣ បាន​ទន្ទ្រាន​យក​ដី​ខ្មែរ​តាំង​ពី​សុខោទ័យ ហើយ​ក្រោយ​មក រុល​មក​តាំង​រាជធានី​នៅ​ឰយុធ្យា រហូត​ដល់​វាយ​បែក​អង្គរ​លើក​ទី​១ នៅ​ឆ្នាំ​១៣៥២ ឬ​ឆ្នាំ​១៣៥៣ លើក​ទី​២ នៅ​ឆ្នាំ​១៣៩៣ ហើយ​ចេះ​តែ​ទន្ទ្រាន​យក​ដី​ខ្មែរ​មក​មុខ​រហូត​ដល់​ខេត្ត​នានា​ដែល​ឋិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខាង​ជើង​ជួរ​ភ្នំ​ដងរែក ទៀត។

ព្រះរាជា​ខ្មែរ​ច្រើន​ព្រះអង្គ ដូចជា​ព្រះស្រីរាជា ព្រះអង្គ​ច័ន្ទ​រាជា ព្រះ​បរមិន្ធរាជា ។ល។ ទ្រង់​បាន​ខិតខំ​ការពារ​ទឹក​ដី​នៃ​មាតុភូមិ​របស់​ខ្លួន ហើយ​ខំ​វាយ​ដណ្ដើម​យក​មក​វិញ​នូវ​ខេត្ត​ភាគ​ខាង​លិច​នេះ។ ពេល​ខ្លះ​ក៏​បាន​ជោគជ័យ ពេល​ខ្លះ​ក៏​មិន​បាន​ជោគជ័យ។

ក្នុង​ឱកាស​ដែល​ជនជាតិ​អឺរ៉ុប ហូរ​ចូល​មក​ទ្វីប​អាស៊ី ហើយ​កំពុង​តែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​តំបន់​នេះ ដោយសារ​ចង់​គេច​អោយ​រួច​ផុត​ពី​ដង្កៀប​របស់​សត្រូវ​សៀម ព្រះរាជា​ខ្មែរ​ច្រើន​អង្គ ទ្រង់​បាន​ខិត​ខំ​ធ្វើ​ទំនាក់ទំនង​ទាក់ទាញ​ពួក​អឺរ៉ុប ទាំងអស់ អោយ​មក​ផ្សព្វផ្សាយ​សាសនា ឬ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ខ្មែរ ក្នុង​បំណង​សុំ​ជំនួយ​កម្លាំង​មក​ជួយ​ការពារ​ជាតិ​ផង។ ប៉ុន្តែ​ទំនាក់ទំនង​នេះ ហាក់​មិន​សូវ​បាន​លទ្ធផល​ល្អ​សម​ប្រកប​តាម​បំណង​សោះ។

តែ​ទោះ​ជា​យ៉ាង​ណា​ក្តី ស្ទើរ​តែ​ពេញ​រយៈពេល​មួយ​សតវត្ស ដោយ​រាប់​ពី​ពាក់​កណ្ដាល​សតវត្ស​ទី​១៦ ដល់​ជាង​ពាក់​កណ្ដាល​សតវត្ស​ទី​១៧ ជនជាតិ​អឺរ៉ុប មួយ​ចំនួន ពិសេស​គឺ​ពួក​ព័រទុយហ្គាល់ និង​ពួក​អេស្ប៉ាញ៉ុល បាន​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយ​ព្រះរាជា​ខ្មែរ និង​ខ្លះ​ទៀត​បាន​ជាប់​ទាក់ទិន​ចូល​បម្រើ​កិច្ចការ​រាជការ​របស់​ខ្មែរ​ថែម​ទៀត​ផង។

ជាក់ស្តែង ក្នុង​រាជ្យ​ព្រះសត្ថា ឆ្នាំ​១៥៧៦-ឆ្នាំ​១៥៩៥ លោក វេឡូសូ ជនជាតិ​ព័រទុយហ្គាល់ បាន​ក្លាយ​ជា​ប្អូន​ថ្លៃ​ព្រះសត្ថា​ទី​១។ ឯ លោក រ្វីស៍  ជនជាតិ​អេស្ប៉ាញ៉ុល វិញ បាន​ក្លាយ​ជា​អង្គរក្ស​ផ្ទាល់​របស់​ព្រះអង្គ។ ក្រោយ​ពេល​ដែល​សៀម លើក​ទ័ព​មួយ​សែន​នាក់ ដំរី​បី​ពាន់ សេះ​ប្រាំ​ពាន់ មក​វាយ​បន្ទាយលង្វែក​លើក​ទី​១ នៅ​ឆ្នាំ​១៥៨៦ ហើយ​ព័ទ្ធ​បន្ទាយ​នេះ​អស់​រយៈពេល​បី​ខែ តែ​មិន​បាន​ជោគជ័យ ហើយ​ត្រូវ​ដក​ថយ​ទៅ​វិញ ព្រះសត្ថា បាន​បញ្ជូន លោក វេឡូសូ អោយ​ទៅ​ទាក់ទង​ជាមួយ​អ្នក​កាន់​អំណាច​ព័រទុយហ្គាល់ នៅ​ជ្រោយ​ម៉ាឡាកា ដើម្បី​សុំ​អោយ​បញ្ជូន​កម្លាំង​ទ័ព​មក​ជួយ​ខ្មែរ តែ​ពួក​ព័រទុយហ្គាល់ មិន​អាច​មក​ជួយ​ខ្មែរ​បាន ព្រោះ​ជាប់​រវល់​ច្បាំង​នឹង​ពួក​ម៉ាឡាយូ។

ដោយ​ហេតុ​ទាក់ទង​នឹង​ពួក​ព័រទុយហ្គាល់ មិន​បាន​ដូច្នោះ ហើយ​ដោយ​មាន​ការ​ថ្វាយ​យោបល់​ពី លោក រ្វីស៍  ជា​ជាតិ​អេស្ប៉ាញ៉ុល ផង ព្រះសត្ថា បាន​បញ្ជូន លោក វេឡូសូ អោយ​នាំ​ព្រះរាជសារ​ទៅ​ទាក់ទង​ជាមួយ​លោក​ទេសាភិបាល​អេស្ប៉ាញ៉ុល នៅ​ក្រុង​ម៉ានីល ដើម្បី​សុំ​ជំនួយ​ទ័ព​ច្បាំង​នឹង​សៀម តែ​កិច្ចការ​នេះ​មិន​បាន​សម្រេច​ទេ ព្រោះ​ពេល​នោះ​ពួក​អេស្ប៉ាញ៉ុល កំពុង​តែ​រៀបចំ​កងទ័ព​ដើម្បី​វាយ​យក​កោះ​ម៉ូលុកស៍ (MoLusques) ផង​ដែរ។

ក្រោយ​ពី​លោក​ទេសាភិបាល​ចាស់​ជា​ឪពុក​បាន​ស្លាប់ ក្នុង​ដំណើរ​បេសកកម្ម​ឆ្ពោះ​ទៅ​វាយ​យក​កោះ​ម៉ូលុកស៍ នោះ លោក​ទេសាភិបាល​អេស្ប៉ាញ៉ុល​ថ្មី​នៃ​ក្រុង​ម៉ានីល ដែល​ជា​កូន បាន​ព្រម​ជួយ​ព្រះរាជា​ខ្មែរ។ តែ​ជា​អកុសល ក្នុង​ពេល​ដែល លោក វេឡូសូ និង​កង​កម្លាំង​របស់​លោក​វិល​មក​ដល់​កម្ពុជា វិញ​នៅ​ឆ្នាំ​១៥៩៣ ពួក​សៀម បាន​វាយ​លុក​យក​បាន​បន្ទាយ​លង្វែក​រួច​ជា​ស្រេច​ទៅ​ហើយ។ ក្នុង​រាជ្យ​ព្រះរាមា​ជើង​ព្រៃ ឆ្នាំ​១៥៩៤-ឆ្នាំ​១៥៩៦ ដែល​ជា​ព្រះមហាក្សត្រ​បាន​ដេញ​កំចាត់​ពួក​សៀម ដែល​បោះ​ទីតាំង​នៅ​ឧដុង្គ ក្រោយ​ពី​ពួក​នេះ​វាយ​លុក​បាន​បន្ទាយលង្វែក រួច​កាន់​កាប់​ត្រួតត្រា​ប្រទេស​កម្ពុជា មួយ​រយៈ​អោយ​រត់​ត្រឡប់​ទៅ​ស្រុក​សៀម វិញ​នោះ វិបត្តិ​ទាស់ទែង​គ្នា​មួយ​បាន​កើត​ឡើង​រវាង​ទាហាន​ជើង​ទឹក​អេស្ប៉ាញ៉ុល ដែល​បាន​រឹប​អូស​យក​ទំនិញ​របស់​ឈ្មួញ​ចិន ហើយ​បាន​សម្លាប់​ឈ្មួញ​ចិន ប្រមាណ ១០០​នាក់​ផង។

លោក វេឡូសូ បាន​សុំ​ចូល​ជួប​ព្រះរាជា ដើម្បី​ស្រាយ​បំភ្លឺ​បញ្ហា​ទំនាស់​នេះ តែ​ត្រូវ​ព្រះរាជា​ដាក់​លក្ខខណ្ឌ​អោយ​ពួក​អេស្ប៉ាញ៉ុល សង​ទំនិញ​ទាំងអស់​ទៅ​ពួក​ចិន ជា​មុន​សិន។ ដោយ​មិន​ពេញ​ចិត្ត​នឹង​ព្រះរាជា​រាមា​ជើង​ព្រៃ ដែល​មិន​ព្រម​ទទួល​ជួប​ពួក​ខ្លួន​ភ្លាមៗ​ផង និង​ដោយសារ​បំណង​យឹតយោង​ខ្សែ​ខាង​ព្រះសត្ថា​ជា​បង​ថ្លៃ​ខ្លួន ដែល​បាន​ភៀស​ខ្លួន​ជាមួយ​ព្រះរាជបុត្រ​ទៅ​ប្រទេស​លាវ ក្នុង​ពេល​សៀម វាយ​លុក​ក្រុង​លង្វែក អោយ​បាន​រាជ្យសម្បត្តិ​នៅ​កម្ពុជា វិញ​ផង លោក វេឡូសូ និង​លោក រ្វីស៍  ព្រម​ទាំង​ស្ម័គ្រ​បក្ខពួក ក៏​បាន​វាយ​លុក និង​ធ្វើ​គត់​ព្រះបាទ​រាមា​ជើង​ព្រៃ ក្នុង​ពេល​យប់​មួយ​នៅ​ក្នុង​ព្រះបរមរាជវាំង​ស្រី​សន្ធរ នោះ​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល