ប្រវត្តិ​គ្រងរាជ្យ​របស់​ព្រះរាមាធិបតី​ពញា​នូ និង​ព្រះ​បទុម​រាជា​អង្គ​នន់ (ភាគ​៤២)

ដោយ ជុន ច័ន្ទបុត្រ
2015-02-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​លោក​អ្នក​នាង​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្នុង​ដំណាក់​កាល​គ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​ពីរ​ព្រះអង្គ គឺ​ព្រះរាមាធិបតី​ពញានូ និង​ព្រះបទុមរាជា​អង្គ​នន់ ឬ​ព្រះអង្គ​នន់​ទី​១។

គ.១៨ ព្រះរាមាធិបតី​ពញា​នូ (ឆ្នាំ​១៦៣៥-ឆ្នាំ​១៦៣៩)

ក្រោយ​ពី​ទ័ព​របស់​មហា​ឧបយោរាជ​ព្រះឧទ័យ បាន​ធ្វើ​គត់​ព្រះរាជ​សម្ភារ​ពញាតូ ហើយ ព្រះឧទ័យ និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​ថ្វាយ​រាជ្យសម្បត្តិ​ទៅ​ព្រះអនុជ​របស់​ព្រះរាជ​សម្ភារ ព្រះនាម​ពញានូ ឲ្យ​ឡើង​សោយរាជ្យ​ស្នង​ព្រះជេដ្ឋា នៅ​ក្នុង​រាជធានី​ឧដុង្គមានជ័យ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជឱង្ការ​ព្រះរាជារាមាធិបតី។

នៅ​ក្នុង​រាជ្យ​ព្រះរាជា​រាមាធិបតី​ពញានូ នេះ នៅ​ឆ្នាំ​១៦៣៨ មាន​ការ​បះបោរ​មួយ​យ៉ាង​ធំ​ដែល​ដឹក​នាំ​ដោយ​អ្នក​សិល្ប៍​ពីរ​នាក់ ឈ្មោះ ពេជ្រ និង​រ័ត្ន នៅ​ភូមិ​រលាំង​គ្រើល ដែល​បាន​ប្រកាស​ខ្លួន​ជា​ស្ដេច​បល្ល័ង្ក​ពេជ្រ និង​បល្ល័ង្ក​រ័ត្ន។

ពី​ដំបូង ចលនា​បះបោរ​នេះ​បាន​ទទួល​ជោគជ័យ​ដ៏​ធំ​ធេង​លើ​កម្លាំង​ទ័ព​ព្រះរាជា តែ​ទីបំផុត អ្នក​សិល្ប៍​ទាំង​ពីរ​នាក់​ត្រូវ​គេ​ចាប់​ខ្លួន​បាន ហើយ​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត​បង់។ ឯកសារ​ខ្លះ​ថា អ្នក​ដឹក​នាំ​ចលនា​បះបោរ​នោះ​ជា​ជនជាតិ​ឥណ្ឌៀ ទៅ​វិញ។ ឯកសារ​ខ្លះ​ទៀត​បាន​រៀប​រាប់​ថា នៅ​ដើម​រាជ្យ​របស់​ព្រះអង្គ​ឆ្នាំ​១៦៣៥ ពួក​ហូល្លង់ដ៍ បាន​ចាប់​យក​សំពៅ​របស់​ខ្មែរ​ដែល​ផ្ទុក​ទៅ​ដោយ​ទំនិញ​ក្នុង​ដែន​ទឹក​ម៉ាកាសា (Maccasar)។ ព្រះរាមាធិបតី​ពញានូ ទ្រង់​បាន​តវ៉ា ហើយ​ពួក​ហូល្លង់ដ៍ ក៏​បាន​ដោះ​លែង​សំពៅ​នោះ​មក​វិញ។

នៅ​ឆ្នាំ​បន្ទាប់​មក កប៉ាល់​ហូល្លង់ដ៍ ពីរ​គ្រឿង មក​ពី​ក្រុង​បាតវ្យា គឺ​ក្រុង​ហ្សាកាតា (Jakarta) សព្វថ្ងៃ បាន​នាំ​សំបុត្រ​ពី​លោក​ទេសាភិបាល ស្នើ​លក់​កាំភ្លើង​ធំ​ឲ្យ​ខ្មែរ។ កប៉ាល់​មួយ​គ្រឿង​ត្រូវ​បាន​កឿង​ជាប់​នៅ​លើ​ខ្សាច់​ត្រង់​មាត់​ពាម​ទន្លេ​មេគង្គ។ ព្រះរាជា​ទ្រង់​បញ្ជា​ឲ្យ​រឹប​អូស​យក​កាំភ្លើង​ធំ ៣០​ដើម និង​ស្ពាន់ ៥០០​ហាប​ពី​កប៉ាល់​នោះ។

ឆ្នាំ​១៦៣៧ លោក​ទេសាភិបាល​ហូល្លង់ដ៍ បាន​បញ្ជូន​ឈ្មួញ​ឈ្មោះ ហែនរីក ហាហ្គែនហា (Hendrik Hagenhaar) ជាមួយ​កប៉ាល់ ៤​គ្រឿង​ទៀត​មក​ក្នុង​ឋានៈ​ជា​ទូត ដើម្បី​ផ្សះផ្សា​វិវាទ​ខាង​លើ​នេះ​ទៀត​ផង។ ចំណែក​ខាង​ព្រះរាជ​ពង្សាវតារ​មហា​បុរស​ខ្មែរ​បាន​បញ្ជាក់​ថា ឆ្នាំ​១៦៣៨ ព្រះរាមាធិបតី​ពញានូ បាន​ទ្រង់​ទាមទារ​យក​ដី​កំពង់ក្របី​ព្រៃ​នគរ ដែល​ព្រះចៅ​អណ្ណាម ក្រុង​វ៉េ បាន​ខ្ចី ដើម្បី​បង្ហាត់​ទ័ព​ក្នុង​រយៈពេល ៥​ឆ្នាំ​នោះ​មក​វិញ ប៉ុន្តែ​ត្រូវ​ព្រះអង្គ​ចូវ ក្សត្រី​បុត្រី​ស្ដេច​យួន ជា​អតីត​អគ្គមហេសី​ព្រះជ័យជេស្តា ដែល​ពេល​នោះ​បាន​ឡើង​ងារ​ជា​ព្រះទាវធិតា​មហា​រាជិនី យក​លេស​ថា​សង្គ្រាម​រវាង​ចិន និង​យួន មិន​ទាន់​ចប់ ហើយ​សុំ​អង្វរ​ខ្ចី​បន្ត​ទៅ​មុខ​មួយ​រយៈ​ទៀត​សិន។

ព្រះរាមាធិបតី​ពញានូ សោយរាជ្យ​ដល់​ឆ្នាំ​១៦៣៩ ក៏​ទ្រង់​ប្រឈួន​ជា​ទម្ងន់ ហើយ​ទ្រង់​សុគត​ក្នុង​រាជធានី​ឧដុង្គ ក្នុង​ឆ្នាំ​នោះ​ទៅ។ ឯ​អដ្ឋិធាតុ​របស់​ព្រះអង្គ ត្រូវ​គេ​យក​ទៅ​បញ្ចុះ​ក្នុង​ព្រះ​ចេតិយ​ត្រៃត្រិង្ស​លើ​ភ្នំ​ព្រះរាជទ្រព្យ គឺ​ភ្នំ​ឧដុង្គ សព្វថ្ងៃ​នេះ​ដែរ។

គ.១៩ ព្រះបទុមរាជា​អង្គ​នន់ ឬ​ព្រះអង្គ​នន់​ទី​១ (ឆ្នាំ​១៦៣៩-ឆ្នាំ​១៦៤១)

ក្រោយ​ពី​ព្រះរាមាធិបតី​ពញានូ ជា​អនុជ​បង្កើត​របស់​ព្រះរាជ​សម្ភារ ប្រឈួន​ហើយ​សុគត​ទៅ ព្រះឧទ័យ ជា​មា ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​លើក​ព្រះអង្គ​នន់ ដែល​ជា​ព្រះរាជបុត្រ​ច្បង​របស់​ព្រះឧទ័យ​មហា​ឧបយោរាជ ឲ្យ​ឡើង​សោយរាជ្យ​ស្នង​ព្រះជេដ្ឋា​អយ្យកោ​មួយ (គឺ​បង​ជីដូន​មួយ) នៅ​រាជធានី​ឧដុង្គមានជ័យ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជឱង្ការ​ព្រះ​បទុម​បរម​រាជាធិបតី ដែល​ប្រវត្តិ​វិទូ​ខ្លះ​និយម​ហៅ​ថា អង្គ​នន់​ទី​១។

ព្រះ​បទុម​រាជា​អង្គ​នន់ នេះ ទ្រង់​លើក​ក្សត្រី​ទេព​បញ្ជរ ជា​ព្រះរាជ​បុត្រី​ព្រះជ័យជេស្តា ឬ​“ជ័យជេដ្ឋាទី២” ដែល​ត្រូវ​ជា​អនុជ​រួម​បិតា​នឹង​ព្រះរាជ​សម្ភារ ព្រម​ទាំង​ព្រះអង្គ​នូ និង​ព្រះអង្គ​ច័ន្ទ ជា​អគ្គមហេសី ដោយ​ថ្វាយ​ព្រះនាម​ជា​ព្រះ​វរ​ក្សត្រី​ស្រី​ចក្រពត្តិរាជ។ ព្រះ​បទុម​រាជា​អង្គ​នន់ និង​ព្រះអគ្គមហេសី​ទេព​បញ្ជរ ទ្រង់​មាន​បុត្រ​មួយ​ព្រះអង្គ ព្រះនាម​ជ័យ​ជេដ្ឋ។

ព្រះមហាក្សត្រ​ព្រះ​បទុម​រាជា​ព្រះអង្គ​នន់ ដែល​ជា​បុត្រ​របស់​ព្រះឧទ័យ​មហា​ឧបយោរាជ នេះ សោយរាជ្យ​មិន​បាន​យូរ​ប៉ុន្មាន​ឡើយ ព្រោះ​ព្រះ​ពញា​ច័ន្ទ ដែល​ជា​ប្អូន​បង្កើត​របស់​ព្រះរាជ​សម្ភារ​ពញាតូ និង​ព្រះ​រាមាធិបតី​ពញានូ នោះ ទ្រង់​អាក់អន់​ព្រះទ័យ ហើយ​នឹក​គិត​ថា រាជ្យសម្បត្តិ​នេះ​ត្រូវ​តែ​បាន​មក​ព្រះអង្គ ដែល​ជា​ក្រសែ​ខាង​ក្សត្រ​សោយរាជ្យ មិន​ត្រូវ​បាន​ទៅ​ព្រះអង្គ​នន់ ដែល​ជា​ខ្សែ​ឧបយោរាជ​ឡើយ។ គិត​ដូច្នោះ​ហើយ ចៅ​ពញា​ច័ន្ទ ក៏​បញ្ចុះ​បញ្ចូល​មេ​ទ័ព​ជំនិត​របស់​ព្រះអង្គ​បួន​នាក់ ដែល​សុទ្ធតែ​ធ្លាប់​មាន​ថ្វីដៃ​ក្នុង​សង្គ្រាម​បង្ក្រាប​អ្នក​សិល្ប៍ បល្ល័ង្ក​ពេជ្រ និង​បល្ល័ង្ក​រ័ត្ន ពី​រាជ្យ​មុន​នោះ ឲ្យ​ចែក​ផ្លូវ​គ្នា​នាំ​សេនា​ទាហាន​ចូល​វាយ​លុក​ទាំង​ព្រះ​មហា​ឧបយោរាជ​ព្រះឧទ័យ និង​ព្រះ​បទុម​រាជា​អង្គ​នន់ ជា​ស្ដេច​សោយរាជ្យ​ក្នុង​ពេល​អាធ្រាត្រ​ស្ងាត់​ព្រម​គ្នា។

ទី​បំផុត ទ័ព​ចៅ​ពញា​ច័ន្ទ ក៏​ធ្វើ​គត់​ព្រះឧទ័យ ជា​មា និង​ព្រះ​បទុម​រាជា​អង្គ​នន់ បាន​តាម​បំណង​មែន។ ព្រះ​អដ្ឋិធាតុ​របស់​ក្សត្រ​ទាំង​ពីរ គឺ​ព្រះឧទ័យ និង​ព្រះ​បទុម​រាជា​អង្គ​នន់ នេះ ក្រោយ​មក​ត្រូវ​គេ​បញ្ចុះ​នៅ​ចេតិយ​ទន្ទឹម​លើ​ភ្នំ​ព្រះរាជទ្រព្យ គឺ​ភ្នំ​ឧដុង្គ នោះ​ដែរ។ ចំណែក​ខាង​ព្រះរាជ​បុត្រា​បី​ព្រះអង្គ​ទៀត​របស់​ព្រះ​មហា​ឧបយោរាជ​ឧទ័យ​នោះ គឺ​ព្រះអង្គ​អឹម បាន​រត់​ទៅ​ជ្រក​ជាមួយ​ព្រះ​មាតា​ព្រះអង្គ​ច័ន្ទ ដែល​បាន​ធ្វើ​គត់​ព្រះ​បិតា​របស់​ខ្លួន។ ឯ​ព្រះ​ពញា​សូ និង​ពញាតន់ ទ្រង់​យាង​ដោះ​ព្រះអង្គ​ទៅ​ពួន​ជាមួយ​ព្រះ​វររាជធិតា​មហា​រាជិនី​អង្គ​ចូវ។

ព្រះ​បទុម​រាជា​អង្គ​នន់ នេះ ទ្រង់​សោយរាជ្យ​ពី​ឆ្នាំ​១៦៣៩ ហើយ​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៦៤១ នៃ​គ្រិស្ដសករាជ​នៅ​រាជធានី​ឧដុង្គមានជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល