ព្រះ​កែវហ្វា​អង្គ​អឹម​ព្រម​ដាក់​ប្រទេស​ខ្មែរ​ឲ្យ​ទៅ​ជា​ចំណុះ​ប្រទេស​សៀម (ភាគ​៥០)

ដោយ ជុន ច័ន្ទបុត្រ
2015-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

នៅ​ដើម​សតវត្ស​ទី​១៨ នៅ​ពេល​ដែល​ប្រទេស​សៀម កាន់​តែ​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​បាន​ខ្លាំង​ជាង​នគរ​យួន ព្រះរាជា​ខ្មែរ​ដែល​ឡើង​គ្រងរាជ្យ​លើក​ទី​ពីរ​នា​ពេល​នោះ គឺ​ព្រះ​កែវហ្វា​អង្គ​អឹម បាន​យល់​ព្រម​ដាក់​ប្រទេស​ខ្មែរ​ឲ្យ​ទៅ​ជា​ចំណុះ​ប្រទេស​សៀម។ ព្រះអង្គ​ទ្រង់​ធ្វើ​ដូច្នេះ គឺ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​សៀម ដណ្ដើម​រាជ្យសម្បត្តិ​យក​ទៅ​ថ្វាយ​ក្សត្រា​មួយ​អង្គ​ផ្សេង​ទៀត ដែល​សៀម ទំនុក​បម្រុង។

សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​ការ​រៀបរាប់​របស់ លោក ជុន ច័ន្ទបុត្រ ដូច​ត​ទៅ៖

គ. ២៦-២ ព្រះ​កែវហ្វា​អង្គ​អឹម (ឆ្នាំ​១៧១០-ឆ្នាំ​១៧២២ រាជ្យ​លើក​ទី​២) និង​ការ​ដាក់​នគរ​កម្ពុជា ជា​ចំណុះ​ប្រទេស​សៀម

ក្រោយ​ពី​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី ទ្រង់​ភៀស​ព្រះអង្គ​ចេញ​ទៅ​បាត់ នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​ថ្វាយ​រាជ្យ​ទៅ​ព្រះ​កែវហ្វា​អង្គ​អឹម ជា​លើក​ទី​២។ ព្រះអង្គ​ទ្រង់​សោយរាជ្យ​នៅ​ក្រុង​ឧដុង្គ ដោយ​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ព្រះអង្គ​អឹម​សម្ដេច​ព្រះ​កែវហ្វា។

នៅ​ឆ្នាំ​១៧១៤ ដោយ​មាន​ការ​ស្នើសុំ​ពី​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី ជា​ស្ដេច​ដែល​ត្រូវ​ផ្ដួល​រំលំ ហើយ​ភៀស​ព្រះអង្គ​ទៅ​ពឹង​សៀម នោះ ព្រះចៅ​ប្រទេស​សៀម បាន​ប្រើ​មន្ត្រី​សៀម ពីរ​នាក់​ឲ្យ​នាំ​ទ័ព​ប្រមាណ ១.៥០០​នាក់ ដង្ហែ​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី ព្រះអង្គ​អឹម ជា​រាជបុត្រា និង​ព្រះអង្គ​ទង ត្រឡប់​មក​ប្រទេស​កម្ពុជា សុំ​ចរចា​សម្រុះសម្រួល​ជាមួយ​សម្ដេច​ព្រះ​កែវហ្វា ក្នុង​កលល្បិច​ថា​នឹង​ចាប់​ព្រះ​កែវហ្វា​អង្គ​អឹម ដែល​ដណ្ដើម​រាជ្យ​នេះ​ឲ្យ​បាន​ដោយ​ស្រួល ដូច​កាល​ដែល​សៀម ធ្លាប់​បាន​ចាប់​ខ្មែរ​ដែល​ឈ្លោះ​ទាស់ទែង​គ្នា​ឯង គឺ​ព្រះ​ស្រី​រាជា និង​ព្រះ​សុរិយោទ័យ ហើយ​សៀម ថ្វាយ​រាជ្យ​ទៅ​ព្រះ​ធម្មរាជា ជា​បុត្រ​អ្នក​ម្នាង​ស៊ីស៉ាងាម ជាតិ​សៀម ពី​សតវត្សរ៍​ទី​១៥ ដូច្នោះ​ដែរ។ ប៉ុន្តែ កល​ឧបាយ​នេះ​មិន​បាន​សម្រេច ដោយ​ព្រះ​កែវហ្វា​អង្គ​អឹម ទ្រង់​មិន​យល់​ព្រម​តាម​ការ​ស្នើសុំ​សម្រុះសម្រួល​នោះ​ឡើយ។

នៅ​ឆ្នាំ​១៧១៥ ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី បាន​បញ្ជូន​ព្រះអង្គ​ទង បុត្រ​ព្រះអង្គ​យ៉ង ឲ្យ​ចូល​មក​បញ្ចុះ​បញ្ចូល​រាស្ត្រ​នៅ​ខេត្ត​ពោធិ៍សាត់ ចុះ​ចូល​នឹង​ព្រះអង្គ​ជាច្រើន។ ចំណែក​ព្រះ​កែវហ្វា​អង្គ​អឹម ទ្រង់​ដឹង​ដំណឹង​នេះ ក៏​បញ្ជូន​កងទ័ព​យួន-ខ្មែរ ឲ្យ​ទៅ​ច្បាំង​នឹង​ព្រះអង្គ​ទង នៅ​ខេត្ត​ពោធិ៍សាត់។ ព្រះអង្គ​ទង ត្រូវ​របួស ក៏​ថយ​ទ័ព​ទៅ​តាំង​នៅ​ឫស្សីសាញ ក្នុង​ខេត្ត​មោងឫស្សី ដើម្បី​រង់ចាំ​ទ័ព​ជំនួយ​ពី​ប្រទេស​សៀម ឡើង​មក។

ពី​គ.ស.១៧១៩ ដល់​គ.ស.១៧២២ ព្រះចៅ​សៀម ទ្រង់​បញ្ជា​ឲ្យ​លើក​ទ័ព​ប្រមាណ​ជាង ១​ម៉ឺន​នាក់ ដង្ហែ​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី និង​ព្រះអង្គ​ទង ដោយ​ចែក​ជា​ទ័ព​ជើង​ទឹក​ផង និង​ជើង​គោក​ផង ឡើង​មក​វាយ​ប្រទេស​ខ្មែរ។ ទ័ព​ជើង​ទឹក​ដែល​ចុះ​ត្រង់​ពាម ត្រូវ​ទទួល​បរាជ័យ​យ៉ាង​ដំណំ ប៉ុន្តែ​ទ័ព​ជើង​គោក បាន​ទទួល​ជោគជ័យ​វាយ​សង្កត់​យក​ខេត្ត​ភាគ​ខាង​លិច និង​ខាង​ជើង​បាន​ទាំងអស់ ហើយ​ជំរុល​ទ័ព​មក​ដល់​ក្រុង​ឧដុង្គ ដោយ​បោះ​បន្ទាយ​វាយ​ទ័ព​ជាប់​មាត់​ស្ទឹង​ក្រាំងពន្លៃ​ភាគ​ខាង​ជើង មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រះរាជវាំង​ឧដុង្គ​មានជ័យ ឡើយ។

ចំណែក​ព្រះ​កែវហ្វា​អង្គ​អឹម ដែល​ធ្លាប់​តែ​ចង​សម្ព័ន្ធ​ជាមួយ​យួន ពេល​នោះ ដោយ​ឃើញ​ថា​ទ័ព​សៀម ខ្លាំង ហើយ​យល់​ថា សៀម មាន​បំណង​ដណ្ដើម​រាជ្យសម្បត្តិ​យក​ទៅ​ថ្វាយ​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី វិញ និង​ប៉ង​យក​ប្រទេស​ខ្មែរ​ដាក់​ជា​ចំណុះ​ផង ព្រះ​កែវហ្វា ក៏​ប្ដូរ​ព្រះទ័យ​សុំ​ចរចា​ជាមួយ​សៀម ព្រម​ដាក់​ប្រទេស​ខ្មែរ​ឲ្យ​ជា​ចំណុះ​នគរ​សៀម។ តែ​ព្រះអង្គ​សុំ​ឲ្យ​សៀម ទុក​រាជ្យសម្បត្តិ​ថ្វាយ​ព្រះអង្គ​ដដែល ហើយ​សុំ​ឲ្យ​សៀម នាំ​ព្រះ​ធម្មរាជា​រាមាធិបតី ព្រះអង្គ​អឹម ជា​រាជបុត្រា និង​ព្រះអង្គ​ទង ត្រឡប់​ទៅ​ស្រុក​សៀម វិញ។

ដោយ​ឃើញ​ថា ព្រះ​កែវហ្វា​អង្គ​អឹម ព្រម​ផ្តល់​ផល​ប្រយោជន៍​ដល់​ជាតិ​គេ​យ៉ាង​ច្រើន គឺ​ព្រម​ដាក់​នគរ​ខ្មែរ​ជា​ចំណុះ​សៀម ហើយ​ព្រម​លើក​សួយសារ​តម្បារ​មាស​ឡើង​ថ្វាយ​ស្ដេច​សៀម ក្រុង​ស្រីព្ឋយុធ្យា រៀង​រហូត​ទៅ​ផង​នោះ សៀម ក៏​យល់​ព្រម​រក្សា​ព្រះ​កែវហ្វា​អង្គ​អឹម ឲ្យ​ស្ថិត​លើ​បល្ល័ង្ក​ប្រទេស​ខ្មែរ​ដដែល រួច​ហើយ​មន្ត្រី និង​ទ័ព​សៀម ក៏​នាំ​យក​ស្ដេច​ខ្មែរ​ទាំង​បី​អង្គ​ដ៏​អភ័ព្វ គឺ​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី ព្រះអង្គ​អឹម ជា​បុត្រា និង​ព្រះអង្គ​ទង ដែល​ខំ​ទៅ​សុំ​ជ្រក​កោន​នឹង​សៀម ហើយ​សុំ​ទ័ព​សៀម មក​ជួយ​វាយ​នោះ នាំ​ត្រឡប់​ទៅ​ស្រុក​សៀម វិញ​អស់​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល