ប្រវត្តិសាស្ត្រ​រាជ្យ​ទី​១​ព្រះ​ស្រី​ធម្មរាជា​រាមា​ធិបតី​និង​រាជ្យ​ទី​៤​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ (ភាគ​៤៨)

ដោយ ជុន ច័ន្ទបុត្រ
2015-06-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

នៅ​ដើម​សតវត្ស​ទី​១៨ ព្រះរាជា​ខ្មែរ​មួយ​អង្គ គឺ​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ បាន​ឡើង​គ្រងរាជ្យ​បួន​ដង។ ការ​ដែល​ព្រះអង្គ​ឡើង​សោយរាជ្យ និង​ដាក់​រាជ្យ​ជាច្រើន​លើក​ច្រើន​សា​នេះ បាន​បណ្ដាល​ឲ្យ​កើត​សង្គ្រាម​រវាង​គ្នា​ឯង​ក្នុង​ស្រុក និង​បង្ក​លក្ខណៈ​ឲ្យ​ជន​បរទេស​ឆ្លៀត​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ខ្មែរ​ឥត​ឈប់​ឈរ​ផង។

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្នុង​រាជ្យ​លើក​ទី​មួយ​របស់​ព្រះ​ស្រី​ធម្មរាជា​រាមា​ធិបតី និង​រាជ្យ​លើក​ទី​៤ របស់​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ៖

គ.២៧-១ ព្រះ​ស្រី​ធម្មរាជា​រាមា​ធិបតី (ឆ្នាំ​១៧០២-ឆ្នាំ​១៧០៣ ឬ​ឆ្នាំ​១៧០៦ រាជ្យ​លើក​ទី​១)

ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ បាន​បញ្ចប់​រាជ្យ​ទី​៣​របស់​ព្រះអង្គ​ដោយ​ដាក់​រាជ្យ ហើយ​បង្វែរ​រាជ្យ​នោះ​មក​ឲ្យ​ព្រះ​ស្រី​ធម្មរាជ ជា​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​ប្រមាណ ១២ ឬ ១៣​ព្រះវស្សា ឲ្យ​ឡើង​សោយរាជ្យ​ស្នង​នៅ​ព្រះរាជវាំង​ភាក់​ខេត្ត​ពោធិ៍សាត់ ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះ​រាជឱង្ការ ព្រះ​ស្រី​ធម្មរាជា​រាមា​ធិបតី។

ក្នុង​រាជ្យ​កាល​លើក​ទី​១​របស់​ព្រះបាទ​ស្រី​ធម្មរាជា​រាមា​ធិបតី នេះ មាន​ការ​បះបោរ​របស់​ពួក​សំរែ ដឹក​នាំ​ដោយ​មេ​ម្នាក់​ឈ្មោះ កៈហៀង នៅ​ស្រុក​កូឡូប៉ា ចុង​ខេត្ត​ពោធិ៍សាត់ ដែល​បះ​តាំង​ខ្លួន​ជា​ស្ដេច​បង្ក​បាន​ស្ម័គ្រ​បក្ខពួក​ជាច្រើន។

ព្រះ​ស្រី​ធម្មរាជា​រាមា​ធិបតី បាន​បញ្ជា​ឲ្យ​មន្ត្រី​មេ​ទ័ព​របស់​ព្រះអង្គ លើក​ទ័ព​ទៅ​វាយ​បង្ក្រាប​ពួក​បះបោរ​ទាំង​នោះ​រហូត​បាន​ជ័យជម្នះ រៀបរយ​ស្រុក​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ​ឡើង​វិញ។ ចំណែក​ខាង កៈហៀង ជនជាតិ​សំរែ ដែល​ជា​មេ​បះបោរ ហើយ​តាំង​ខ្លួន​ជា​ស្ដេច​នោះ​ត្រូវ​ចាប់​ខ្លួន​បាន ហើយ​ត្រូវ​ដាក់​ទោស​ប្រហារ​ជីវិត​បង់។ ឯ​ស្ម័គ្រ​បក្ខពួក​រួម​គំនិត​ក្បត់​ទាំង​ប៉ុន្មាន ត្រូវ​ព្រះបាទ​ស្រី​ធម្មរាជា​រាមា​ធិបតី បញ្ចូល​ជា​ពល​រក្សា​ប្រាសាទ​មហា​នគរ​វត្ត​ទាំងអស់។ នៅ​ឆ្នាំ​១៧០៣ ព្រះ​ស្រី​ធម្មរាជា​រាមា​ធិបតី ទ្រង់​បាន​នាំ​ព្រះរាជវង្សានុវង្ស សេនាមុខ​មន្ត្រី​យាង​ចេញ​ពី​ព្រះរាជវាំង​ភាក់​ខេត្ត​ពោធិ៍សាត់ មក​គង់​នៅ​រាជវាំង​ក្នុង​រាជធានី​ឧដុង្គ​មានជ័យ វិញ។

ក្នុង​រាជ្យ​លើក​ទី​១ របស់​ព្រះ​ស្រី​ធម្មរាជា​រាមា​ធិបតី នេះ បើ​តាម​ឯកសារ លោក ដូហ្វាំង មើនីញេ (Dauphin Meunier) និង​លោក ត្រឹង ងា បាន​និយាយ​ថា ព្រះអង្គ​ទ្រង់​សោយរាជ្យ​បាន​តែ​មួយ​ឆ្នាំ ក៏​ទ្រង់​បង្វែរ​រាជ្យសម្បត្តិ​ថ្វាយ​ទៅ​ព្រះរាជ​បិតា​វិញ។ ប៉ុន្តែ​ឯកសារ​ព្រះរាជ​ពង្សាវតារ​មហា​បុរស​ខ្មែរ បាន​បញ្ជាក់​ថា ព្រះអង្គ​សោយរាជ្យ​បាន ៤​ឆ្នាំ ទើប​ព្រះ​ស្រី​ធម្មរាជា​រាមា​ធិបតី ផ្ទេរ​រាជ្យសម្បត្តិ​ថ្វាយ​ទៅ​ព្រះបិតា គឺ​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ វិញ ដែល​ព្រះអង្គ​ត្រូវ​ឡើង​សោយរាជ្យ​ជា​លើក​ទី​៤។

គ.២៤-៤ ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ (ឆ្នាំ​១៧០៦ រាជ្យ​លើក​ទី​៤)

ក្រោយ​ពី​ព្រះ​ស្រី​ធម្មរាជា​រាមា​ធិបតី បាន​ដាក់​រាជ្យ​ទៅ​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ទ្រង់​ឡើង​សោយរាជ្យ​បន្ត​ពី​ព្រះរាជបុត្រ​របស់​ព្រះអង្គ នៅ​រាជធានី​ឧដុង្គ ជា​រាជ្យ​លើក​ទី​៤ និង​នៅ​ចុង​ក្រោយ​បង្អស់​របស់​ព្រះអង្គ។

នៅ​ក្នុង​រាជ្យ​ចុង​ក្រោយ​របស់​ព្រះអង្គ​នេះ ប្រមាណ​ឆ្នាំ​១៧០៤ នៃ​គ.ស ព្រះរាជវង្សានុវង្ស​លាវ​មួយ​ដែល​ត្រូវ​បាន​លាវ​មួយ​ក្រុម​ទៀត បះបោរ​វាយ​ដណ្ដើម​រាជ្យសម្បត្តិ ហើយ​បង្ក​ជា​សង្គ្រាម​ផ្ទៃ​ក្នុង​តាំង​ពី​ឆ្នាំ​១៧០០ មក​នោះ បាន​នាំ​ពួក​បរិវារ​ប្រមាណ ៥.០០០​នាក់ ភៀស​ខ្លួន​មក​សុំ​ជ្រកកោន និង​ព្រះរាជា​ខ្មែរ។

ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ទ្រង់​អនុញ្ញាត ហើយ​ចាត់​ពួក​លាវ ទាំង​នោះ ឲ្យ​ទៅ​រស់នៅ​ក្នុង​ខេត្ត​បាទី គឺ​នៅ​ជិត​ភូមិ​លាវ ចាស់ ដែល​ព្រះរាជា​ខ្មែរ​ទ្រង់​បាន​ឲ្យ​ទៅ​រស់នៅ​ទីនោះ​តាំង​ពី​សម័យ​លង្វែក មក។ បើ​តាម​ឯកសារ​ព្រះរាជពង្សាវតារ​មហា​បុរស​ខ្មែរ ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ជា​ព្រះរាជា​មួយ​អង្គ​ទ្រង់​ប្រកប​ដោយ​ទសពិធរាជធម៌។ ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះពុទ្ធ​សាសនា​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង។ ព្រះអង្គ​ទ្រង់​បាន​សាង​អារាម​ពុទ្ធសាសនា​ជាច្រើន ដូចជា វត្ត​កណ្ដោល​ប្រាំ​តម្លឹង វត្ត​ព្រៃ​ពួន វត្ត​ទួល​ឧជ្រឹង ឬ​វត្ត​ទ្រនំ​ជ្រឹង វត្ត​ព្រៃ​រោង នៅ​កណ្ដាល​ស្ទឹង​សព្វថ្ងៃ វត្ត​ព្រះ​មហេសី នៅ​ភូមិ​ក្រាំងល្វា និង​វត្ត​ទួល​ព្រះស្រី ជាដើម។ ប៉ុន្តែ​ឯកសារ​ខ្លះ ដូចជា លោក ដូហ្វាំង មើនីញេ បាន​និយាយ​ថា ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ក្នុង​រយៈ​កាល​ប្រមាណ ៣០​ឆ្នាំ​នៃ​ការ​គ្រងរាជ្យ​របស់​ព្រះអង្គ ព្រះអង្គ​បាន​ធ្វើ​ការ​កែទម្រង់​ផ្នែក​រដ្ឋបាល និង​តុលាការ ធ្វើ​ឲ្យ​អំណាច​ព្រះរាជា​ចុះ​ខ្សោយ ធ្វើ​ឲ្យ​ថមថយ​កិត្យានុភាព​រាជបល្ល័ង្ក ជា​ទង្វើ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ឯករាជ្យ​ជាតិ។

ការ​ឡើង​សោយរាជ្យ និង​ដាក់​រាជ្យ​ច្រើន​លើក​បន្តបន្ទាប់​គ្នា លើក​បន្តុប​ក្មួយ កូនប្រសា បុត្រា​បង្កើត​ឲ្យ​ឡើង​សោយរាជ្យ រួច​ដក​ចេញ​មក​វិញ​ចុះ​ឡើងៗ បណ្ដាល​ឲ្យ​មាន​ការ​ប្រណាំង​ប្រជែង​គ្នា ច្រណែន​និន្ទា​គ្នា និង​ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​សង្គ្រាម​រវាង​គ្នា​ឯង​ក្នុង​ស្រុក និង​បង្ក​លក្ខណៈ​ឲ្យ​ជន​បរទេស​ឆ្លៀត​លូក​ដៃ​ជ្រៀតជ្រែក​ផ្ទៃ​ក្នុង​កិច្ចការ​ខ្មែរ​ឥត​ឈប់​ឈរ​ផង​ក្នុង​កាល​ខាង​មុខ​នោះ។

ព្រះបាទ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ស្ដេច​ឡើង​សោយរាជ្យ​គម្រប់ ៤​ដង​នោះ បាន​មួយ​ឆ្នាំ ប៉ុន្តែ​ឯកសារ​ខ្លះ​ថា បាន ៤​ឆ្នាំ គឺ​នៅ​ឆ្នាំ​១៧០៦ ព្រះអង្គ​ទ្រង់​ផ្ទេរ​រាជ្យសម្បត្តិ​ព្រះរាជទាន​ទៅ​ឲ្យ​ព្រះ​ស្រី​ធម្មរាជា​រាមា​ធិបតី ជា​ព្រះរាជ​បុត្រា ស្ដេច​ឡើង​សោយរាជ្យ​សម្បត្តិ​ជា​គម្រប់ ២​ដង​បន្ត​ពី​ព្រះអង្គ​ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល