រាជ្យ​ទី​ពីរ​និង​ទី​បី​របស់​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ និង​សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម (ភាគ​៤៧)

ដោយ ជុន ច័ន្ទបុត្រ
2015-05-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

នៅ​ចុង​សតវត្ស​ទី​១៧ ក្នុង​រាជ្យ​លើក​ទី​ពីរ​របស់​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ មន្ត្រី​ខ្មែរ​មួយ​រូប​បាន​ទៅ​ចូល​ដៃ​ជាមួយ​ស្ដេច​យួន​អណ្ណាម​កុក ហើយ​លើក​ទ័ព​យួន មក​វាយ​ប្រទេស​ខ្លួន​វិញ។ ថ្វី​ត្បិត​តែ​ទីបំផុត ទ័ព​ខ្មែរ​វាយ​បង្ក្រាប​ទ័ព​យួន បាន​ក្តី ប៉ុន្តែ​ពួក​យួន ដែល​ចាញ់​សង្គ្រាម មិន​វិល​ត្រឡប់​ទៅ​ស្រុក​យួន វិញ​ទេ ហើយ​ពួក​គេ​ក្រាញ​រស់នៅ​លើ​ទឹក​ដី​ខ្មែរ​តែ​ម្តង។

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​នា​ដំណាក់​កាល​នោះ ក្នុង​រាជ្យ​ទី​២ និង​ទី​បី​របស់​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ និង​សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម ដូច​ត​ទៅ៖

គ.២៤-២ ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ (ឆ្នាំ​១៦៩៦-ឆ្នាំ​១៦៩៩ រាជ្យ​លើក​ទី​២)

ក្រោយ​ពី​ព្រះ​នារាយណ៍​រាមា​ធិបតី​ព្រះអង្គ​យ៉ង សោយ​ទិវង្គត​ទៅ នាម៉ឺន​សព្វមុខ​មន្ត្រី ព្រះរាជវង្សានុវង្ស បាន​ទៅ​យាង​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ដែល​ទ្រង់​បាន​លាចាក​សិក្ខាបទ ហើយ​គង់​ប្រថាប់​ឯ​ពន្លា​ភាក់​ទួល​លៀប ជិត​វត្ត​ព្រៃពួន នោះ ឲ្យ​មក​សោយរាជ្យ​វិញ។ ព្រះអង្គ​ក៏​ទ្រង់​យល់ព្រម ហើយ​យាង​ត្រឡប់​មក​សោយរាជ្យ​ជា​លើក​ទី​២ នៅ​រាជធានី​ឧដុង្គមានជ័យ នៅ​គ.ស ១៦៩៦។

នៅ​គ.ស ១៦៩៧ ដោយ​ចង់​ចៀសវាង​សង្គ្រាម​ដែល​កើត​ឡើង​ដោយសារ​ខ្មែរ​ទៅ​ពឹង​បរទេស​នោះ ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ទ្រង់​បាន​ធ្វើ​ចុតហ្មាយ និង​បញ្ជូន​គ្រឿង​បណ្ណាការ​ជាច្រើន​ទៅ​ថ្វាយ​ស្ដេច​យួន ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​អឹម ដែល​ជា​ព្រះរាជបុត្រ​របស់​ព្រះអង្គ​នន់ ដែល​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​នឹង​ស្ដេច​យួន នោះ បាន​វិល​ត្រឡប់​ពី​ស្រុក​យួន មក​វិញ។ ព្រះចៅ​អណ្ណាម​កុក​ស្ដេច​យួន ក៏​ទ្រង់​យល់ព្រម។

ពេល​ដែល​ព្រះអង្គ​អឹម ត្រឡប់​មក​ពី​ស្រុក​យួន វិញ​ហើយ ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ទ្រង់​សព្វ​ព្រះរាជហឫទ័យ​ណាស់ ទ្រង់​លើក​ព្រះអង្គ​អឹម នេះ​ឲ្យ​ជា​សម្ដេច​ព្រះ​កែវ​ហ្វា ហើយ​ទ្រង់​លើក​ព្រះរាជ​បុត្រី​ព្រះអង្គ​ព្រះនាម​សម្ដេច​ព្រះ​មហាក្សត្រី ថ្វាយ​ជា​ព្រះរាជ​មហេសី​ថែម​ទៀត​ផង។

នៅ​ឆ្នាំ​១៦៩៩ មាន​មន្ត្រី​ម្នាក់​ឈ្មោះ​ឧកញ៉ា នរេន្ទ្រ​អឹម (ជា​កូន​ខ្មោច​ឧកញ៉ា​មហា​សេនា​ម៉ិញ) ជា​មន្ត្រី​ទុច្ចរិត​ចូល​ចិត្ត​ញុះញង់​បំបែក​បំបាក់ ហើយ​មិន​សូវ​កោត​ខ្លាច​ព្រះ​ចេស្ដា​ស្ដេច​ផែនដី​ផង។ ព្រះរាជា​ទ្រង់​ស្ដី​បន្ទោស​ទូន្មាន​ប្រៀន​ប្រដៅ​កុំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ត​ទៅ​ទៀត។ មន្ត្រី​រូប​នោះ​នឹក​ខ្មាស​ពួក​ស្នំ​ដែល​ដឹង​រឿង​ខ្លួន ក៏​ដើរ​កល​ឧបាយ​ក្បត់​ធ្វើ​ពុត​ជា​ឈឺ ថ្វាយ​ត្រា​លា​ងារ​ពី​រាជការ ហើយ​ទៅ​ធ្វើ​ជំនួញ​ដល់​ស្រុក​យួន រួច​និយាយ​ញុះញង់​មន្ត្រី​យួន ថា ស្ដេច​ខ្មែរ​មិន​ប្រកប​ដោយ​ធម៌ ហើយ​យក​សៀម ធ្វើ​ជា​មិត្ត គិត​ព្រួត​គ្នា​វាយ​យួន។

ស្ដេច​យួន ដែល​តែង​តែ​រក​លេស​នឹង​ទន្ទ្រាន​យក​ដី​ខ្មែរ​ផង ក៏​ចាត់​កម្លាំង​ទ័ព ៤​ម៉ឺន​នាក់​ឲ្យ​មេ​ទ័ព​យួន និង​ឧកញ៉ា នរេន្ទ្រ​អឹម នាំ​ឡើង​មក​វាយ​ស្រុក​ខ្មែរ។ ទ័ព​នេះ​ឡើង​រហូត​ដល់​បឹង​ទន្លេសាប។ ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ជ្រាប​ដូច្នោះ ក៏​ទ្រង់​ថយ​ព្រះអង្គ​ទៅ​គង់​នៅ​ខេត្ត​ពោធិ៍សាត់ ទុក​ទ័ព​ដែល​មាន​ថ្វីដៃ​ប្រយុទ្ធ ៥​ពាន់​នាក់ ឲ្យ​នៅ​ថែ​រក្សា​រាជធានី​ឧដុង្គ។

ក្រោយ​មក ព្រះអង្គ​ទ្រង់​កេណ្ឌ​ទ័ព​បាន​ចំនួន ៥​ម៉ឺន​នាក់ ហើយ​ចែក​ជា​ពីរ​កង គឺ​កង​ជើង​គោក​ស្ថិត​ក្រោម​បញ្ជាការ​ព្រះ​ធម្ម​រាជា ជា​ព្រះរាជបុត្រ​របស់​ព្រះអង្គ និង​ទ័ព​ជើង​ទឹក ស្ថិត​ក្រោម​បញ្ជាការ​សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម ជា​ព្រះ​ភាគិនេយ្យា​ផង និង​ត្រូវ​ជា​ព្រះ​សុណិសា​របស់​ព្រះអង្គ​ផង។ ទ័ព​ខ្មែរ​ទាំង​ពីរ​កង​នេះ បាន​លើក​ទៅ​ប្រសព្វ​គ្នា​នៅ​កំពង់ឆ្នាំង រួច​វាយ​សន្ធាប់​ទ័ព​យួន ឲ្យ​បាក់​បរាជ័យ ហើយ​ដក​ថយ​តាម​ទន្លេ​មេគង្គ​ត្រឡប់​ទៅ​វិញ។ ឯ​ឧកញ៉ា នរេន្ទ្រ​អឹម ជា​មន្ត្រី​ក្បត់ ត្រូវ​គេ​ចាប់​ខ្លួន​បាន ហើយ​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត​បង់។ ចំណែក​ទ័ព​យួន ដែល​បាក់​ទៅ​នេះ មិន​ព្រម​ត្រឡប់​ទៅ​ស្រុក​យួន វិញ​ទេ ពួក​គេ​បែរ​ជា​ក្រាញ​នៅ​ក្នុង​ដី​ខ្មែរ​ត្រង់​ព្រៃ​គរ ព្រៃនគរ​សព្វថ្ងៃ កំពង់​ស្រកាត្រី និង​បារៀ ហើយ​ស្ដេច​យួន ក៏​បាន​បញ្ជា​ឲ្យ​រៀបចំ​ទឹក​ដី​ខ្មែរ​ត្រង់​តំបន់​នោះ យក​ជា​កម្មសិទ្ធិ​របស់​គេ ហើយ​ប្រមូល​ប្រជាជន​យួន​ភាគ​ខាង​លើ​ពី​ក្វាងប៊ិញ ឲ្យ​មក​តាំង​លំនៅ​លើ​ទឹក​ដី​ថ្មី​នេះ​ផង។

ឯ​ខាង​ជនជាតិ​ចិន ដែល​មាន​ចំនួន​កើន​កាន់​តែ​ច្រើន​ឡើងៗ​នោះ ត្រូវ​ស្ដេច​យួន តម្រូវ​ឲ្យ​ចូល​សញ្ជាតិ​យួន ទាំងអស់។ ចាប់​ពី​ពេល​នោះ​មក យួន បាន​កាន់​កាប់​តំបន់​ខាង​លើ​នេះ​ជា​ផ្លូវ​ការ ដោយ​មាន​ទីបញ្ជាការ​ធំ​នៅ​ព្រៃ​គរ គឺ​ព្រៃនគរ​សព្វថ្ងៃ។ ចំណែក​ខាង​ដី​ខ្មែរ​ភាគ​ខាង​ក្រោម​ទៀត គឺ​ត្រង់​ខេត្ត​មេស ក៏​យួន បាន​ដាក់​អំណាច​ត្រួតត្រា​រួច​ហើយ​ដែរ តែ​នៅ​ក្រៅ​ផ្លូវ​ការ​នៅ​ឡើយ។

នៅ​ដំណាច់​ឆ្នាំ​១៦៩៩ ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ បាន​បញ្ចប់​រាជ្យ​លើក​ទី​ពីរ​របស់​ព្រះអង្គ ដោយ​ព្រះអង្គ​បាន​ដាក់​រាជ្យ ហើយ​បង្វែរ​រាជ្យ​សម្បត្តិ​នេះ​ថ្វាយ​ទៅ​ព្រះ​កែវ​ហ្វា​អង្គ​អឹម ជា​បុត្រ​ប្រសា​របស់​ព្រះអង្គ​ដែល​មាន​ស្នាព្រះហស្ត​បាន​វាយ​ឈ្នះ​ទ័ព​យួន ហើយ​បាន​ទាំង​ចាប់​ឧកញ៉ា នរេន្ទ្រ​អឹម ដែល​ជា​មន្ត្រី​ក្បត់​នោះ​ផង។

គ.២៦-១ សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម (ឆ្នាំ​១៦៩៩-ឆ្នាំ​១៧០១ រាជ្យ​លើក​ទី​១)

សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម ជា​ព្រះរាជបុត្រ​របស់​ព្រះ​មហា​ឧបយោរាជ​អង្គ​នន់ ព្រះអង្គ​ទ្រង់​ឡើង​គ្រងរាជ្យ​សម្បត្តិ​បន្ត​ពី​ព្រះស្ថរ្សោ គឺ​បិតា​ក្មេក​នៅ​ព្រះរាជវាំង​ភាក់ ខេត្ត​ពោធិ៍សាត់ ទ្រង់​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​កែវ​ហ្វា​បរមបពិត្រ។ ខ្លះ​ហៅ​ថា​ព្រះអង្គ​អឹម​ទី​មួយ។

ចំណែក​ខាង​ព្រះស្ថរ្សោ គឺ​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ វិញ ពេល​នោះ​ព្រះអង្គ​ទ្រង់​យាង​ទៅ​សាង​ផ្នួស​នៅ​វត្ត​ពោធិ៍​មាន​បុណ្យ បាន​បី​ថ្ងៃ ក៏​លា​ចាក​សិក្ខាបទ​មក​វិញ ហើយ​មក​គង់​នៅ​វាំង​ភាក់ ក្នុង​ខេត្ត​ពោធិ៍សាត់ នោះ​ដែរ។

ព្រះបាទ​សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម ទ្រង់​សោយរាជ្យ​សម្បត្តិ​បាន​តែ​ប្រមាណ​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ទ្រង់​ឈ្វេង​យល់​ថា ព្រះបិតា​ក្មេក​ទ្រង់​មាន​ព្រះ​គុណ​លើ​រូប​ព្រះអង្គ ព្រះអង្គ​ក៏​ថ្វាយ​រាជ្យ​សម្បត្តិ​នោះ​ទៅ​ព្រះ​បិតា​ក្មេក គឺ​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ វិញ។ ឯកសារ​ខ្លះ​ថា មក​ពី​ព្រះអង្គ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​ប្រទេស ទើប​ព្រះ​បិតា​ក្មេក​ទ្រង់​ដក​យក​រាជ្យ​សម្បត្តិ​មក​វិញ​នៅ​ឆ្នាំ​១៧០១ នៃ​គ.ស។

គ.២៤-៣ ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ (ឆ្នាំ​១៧០១-ឆ្នាំ​១៧០២ រាជ្យ​លើក​ទី​៣)

ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ព្រះអង្គ​ទ្រង់​បាន​ឡើង​សោយរាជ្យ​ជា​លើក​ទី​៣ បន្ទាប់​ពី​សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម ជា​ព្រះ​សុណិសា ទ្រង់​ថ្វាយ​រាជ្យ​មក​ព្រះអង្គ​វិញ​ប្រមាណ​ក្នុង​ឆ្នាំ​១៧០១ នៃ​គ.ស នៅ​រាជវាំង​ភាក់ ខេត្ត​ពោធិ៍សាត់។

ព្រះរាជ​ពង្សាវតារ​មហា​បុរស​ខ្មែរ​បាន​បញ្ជាក់​ថា នៅ​ក្នុង​រាជ្យ​ទី​បី​របស់​ព្រះអង្គ​នេះ ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ទ្រង់​ព្រះ​ចិន្តា​ថា ព្រះ​ស្រី​ធម្ម​រាជា ជា​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ទ្រង់​ចម្រើន​វ័យ​ធំ​ឡើង​ហើយ ឫកពា​កិរិយា​ក៏​សមរម្យ ព្រះអង្គ​ក៏​ទ្រង់​ត្រាស់​អនុញ្ញាត​បង្ហាត់​ឲ្យ​ព្រះរាជ​បុត្រា​ហាត់​បម្រុង​ស្រដី​រាជការ​ផែនដី​ជំនួស​ព្រះអង្គ ដើម្បី​ឲ្យ​ស្ទាត់​ជំនាញ​ការ​ធ្ងន់​ស្រាល​នានា។ ឯកសារ​របស់ លោក ដូហ្វាំង មើនីញេ (Dauphin-Meunier) និង​លោក ត្រឹង ងា បាន​បន្ថែម​ថា ក្នុង​រាជ្យ​នោះ​មាន​ការ​បះបោរ​របស់​មន្ត្រី​ម្នាក់​ឈ្មោះ គឹម ដែល​មាន​យួន គាំទ្រ។ ដំបូង​ព្រះអង្គ​ត្រូវ​ភៀស​ទៅ​ពោធិ៍សាត់ ជាមួយ​បរិវារ ក្រោយ​មក​មាន​ជ័យ​ជម្នះ ហើយ​ចាប់​មេ​បះបោរ​ឈ្មោះ គឹម នោះ​បាន។ នៅ​ឆ្នាំ​១៧០២ នៃ​គ.ស ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ទ្រង់​ដាក់​រាជ្យ​សម្បត្តិ ហើយ​ប្រគល់​រាជ្យ​សម្បត្តិ​នេះ​ឲ្យ​ទៅ​ព្រះ​ធម្ម​រាជា ជា​ព្រះរាជ​បុត្រា​ព្រះអង្គ​សោយរាជ្យ​ជំនួស​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ភវរ័្មន

ពី បាវិត

ខ្ញុំបាទមានសំណើរមួយជូន វិទ្យុអាស៊ីសេរី ចំពោះនាទីប្រវត្តិសាស្រ្ដ មេត្តា
ស្រាយជ្រាយលើកយកផ្នែក១នៃប្រវត្តិសាស្រ្ដកសាងកំពង់ផែក្រុងព្រះសីហនុ
និង ដើមហេតុដែលអាមេរិចកាំងជួយខ្មែរធ្វើកំពង់កំពង់សោម និងកសាង
ផ្លូវជាតិលេខ ៤ ភ្ជាប់ក្រុងកំពង់ផែទៅភ្នំពេញ! សុំវិទ្យុអាស៊ីសេរីមេត្តាសិក្សាស្រាវជ្រាវ
ប្រវត្តិសាស្រ្ដនៃការបាត់បង់កំពង់ផែអូកែវ ក្រោយសម័យបារាំងប្រគល់ទឹកដីកម្ពុជាក្រោម
ឲ្យទៅយួន ! យួនមិនត្រឹមតែយកកំពង់ផែអូរកែវនៅមាត់ជ្រូករបស់ខ្មែរប៉ុណ្ណោះទេយួន បិទផ្លូវសេដ្ឋកិច្ចតាមទន្លេមេគង្គ ទន្លេបាសាក់មិនឲ្យខ្មែរអាចមានទំនាក់ទំនងសេដ្ឋកិច្ច
អន្ដរជាតិ ថែមទាំង! ខ្ញុំបាទ សុំមេត្តាវិទ្យុអាស៊ីសេរី លើប្រវត្តិសាស្រ្ដលើផ្នែកនេះមក
បកស្រាយជាកម្មបន្ថែមពិសេស១ ដើម្បីឲ្យយុវជនជំនាន់ក្រោយផ្ដើមយកចិត្តទុក
ដាក់លើផ្នែកសេដ្ឋកិច្ចប្រវត្តិសាស្រ្ដឲ្យបានទាន់ពេល!
ខ្ញុំបាទសុំថ្លែអំណរគុណលោកនាយកវិទ្យុអាស៊ីសេរីនិងសហការីទាំងអស់ទុកជាមុន

May 13, 2015 03:37 AM

គេហទំព័រ​ទាំងមូល