ព្រះបាទ​ស្រីសុរិយោពណ៌​ផ្លាស់ប្ដូរ​យុទ្ធវិធី​រក​ជំនួយ​បរទេស​ការពារ​ព្រះ​នគរ (ភាគ​៣៩)

ដោយ ជុន ច័ន្ទបុត្រ
2015-01-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

នៅ​ដើម​សតវត្ស​ទី​១៧ ព្រះរាជា​ខ្មែរ​មួយ​អង្គ គឺ​ព្រះបាទ​ស្រីសុរិយោពណ៌ ទ្រង់​ផ្លាស់ប្ដូរ​យុទ្ធវិធី​ក្នុង​ការ​ស្វែងរក​ជំនួយ​បរទេស​មក​ការពារ​ព្រះ​នគរ ពី​ការ​ឈ្លាន​ពាន​ពី​សំណាក់​ប្រទេស​ជិត​ខាង។ ប្រហែល​ជា​ព្រះអង្គ​ឈ្វេង​យល់​ថា ការ​ពឹងពាក់​ពួក​អឺរ៉ុប មិន​បាន​លទ្ធផល​គាប់​ប្រសើរ​នោះ​ហើយ ទើប​ព្រះអង្គ​ងាក​មក​ចង​ស្ពាន​មេត្រី​ជាមួយ​ប្រទេស​ជិត​ខាង​វិញ។ គឺ​ព្រះបាទ​ស្រីសុរិយោពណ៌ នេះ​ហើយ​ដែល​បាន​ស្តី​ដណ្ដឹង​បុត្រី​ព្រះចៅ​យួន ក្រុង​វ៉េ មក​ឲ្យ​ធ្វើ​ជា​ព្រះអគ្គមហេសី​របស់​បុត្រា​ច្បង​របស់​ព្រះអង្គ។

លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​លោក​អ្នក​នាង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​នា​ដំណាក់​កាល​នេះ​ដូច​ត​ទៅ៖

គ.១៥ ព្រះបាទ​ស្រីសុរិយោពណ៌ (ឆ្នាំ​១៦០៣-ឆ្នាំ​១៦១៨) និង​ការ​រៀបចំ​ឲ្យ​ប្រទេស​កម្ពុជា បាន​ស្ងប់ស្ងៀម​ឡើង​វិញ​ក្រោយ​ពី​បាន​យាង​វិល​ត្រឡប់​មក​ដល់​មាតុភូមិ​កម្ពុជា វិញ ហើយ​ព្រះ​ស្រីសុរិយោពណ៌ បាន​ឡើង​សោយរាជ្យ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៦០៣ នៃ​គ្រិស្ដសករាជ​នៅ​ព្រះរាជវាំង​កោះស្លាកែត ស្រុក​ល្វាឯម ឬ​ស្រុក​ព្រៃល្វាផ្អែម ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា សម្ដេច​ព្រះរាជឱង្ការ​ព្រះ​ស្រីសុរិយោពណ៌​បរម​រាជា។

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះរាជឱង្ការ​ស្រីសុរិយោពណ៌ បាន​ប្រឈម​មុខ​នឹង​ការ​បះបោរ​ជាច្រើន ដូចជា​ការ​បះបោរ​របស់​ព្រះកែវហ្វា​ពញាញោម ដែល​ត្រូវ​ដក​ចេញ​ពី​រាជ្យសម្បត្តិ។ ការ​បះបោរ​របស់​ពពួក​ចៅហ្វាយ​ខេត្ត​ធំៗ​ដែល​មាន​ងារ​ជា​ព្រះរាម ដូចជា​ព្រះរាម​កែវ​ព្រះភ្លើង ព្រះរាម​ត្បូងឃ្មុំ ព្រះរាម​ទ្រាំង ព្រះរាម​បាភ្នំ ព្រះរាម​ថ្មគោល ព្រះរាម​បាទី ព្រម​ទាំង​អ្នក​សិល្ប៍​ដែល​ប្រកាស​តាំង​ខ្លួន​ជា​ស្ដេច ដូចជា​បាឡីកងចក្រ ជាដើម។

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះអង្គ​ទ្រង់​បាន​ទទួល​មេទ័ព​ឈ្មោះ តេជោមាស និង​តេជោយ៉ត ដែល​ជា​សិស្ស​ជំនិត​របស់​តេជោមាស ដែល​សុទ្ធតែ​ជា​មេទ័ព​ខ្លាំង​ពូកែ ហើយ​បាន​យក​អសារ​វាយ​កម្ចាត់​សត្រូវ​គ្រប់​ទិសទី​បាន​ដោយ​ជោគជ័យ​ដូចជា៖

  • ច្បាំង​ជាមួយ​ពួក​ព្រះកែវ​ហ្វាពញាញោម ដែល​ត្រូវ​ដក​ចេញ​ពី​រាជបល្ល័ង្ក ដែល​បាន​ស្ម័គ្រ​បក្ខពួក​ដែល​សុទ្ធតែ​ជា​ពួក​មន្ត្រី​ឡែឡ ប្រុង​ឡោម​ធ្វើ​គត​ព្រះ​ស្រីសុរិយោពណ៌ ក្នុង​ពិធី​បុណ្យ​រាជាភិសេក​ព្រះអង្គ​ឡើង​សោយរាជ្យ។ ប៉ុន្តែ​ទីបំផុត បក្ខពួក​ព្រះកែវ​ហ្វាពញាញោម ទាំងអស់ ត្រូវ​ធ្លាក់​ក្នុង​អន្ទាក់​មេទ័ព​ស្ដេច​ផែនដី ផឹក​ស្រា​ដែល​គេ​ដាក់​លក់​ជា​ធ្នាក់ ស្រវឹង​និយាយ​អួត​អាង​ឡូឡា ហើយ​ត្រូវ​ចាប់​ខ្លួន​បាន​ទាំងអស់។ ព្រះកែវ​ហ្វាពញាញោម ក៏​ត្រូវ​គេ​ប្រហារ​ជីវិត​ចោល​ទៅ។ ប៉ុន្តែ ឯកសារ​ព្រះរាជពង្សាវតារ​ខ្លះ​និយាយ​ផ្សេង​ពី​នេះ​ទៅ​វិញ គឺ​ថា ដោយ​ការ​មិន​សប្បាយ​ចិត្ត​ពី​ការ​ដក​ចេញ​ពី​រាជបល្ល័ង្ក ព្រះកែវ​ហ្វាពញាញោម បាន​ទៅ​បំបះបំបោរ​រាស្ត្រ​នៅ​ខេត្ត​កំពង់ស្វាយ នាំ​ចៅមឿងសែន និង​ចៅមឿងស្ទោង ក្រោក​ធ្វើ​ចំបាំង​ប្រឆាំង​នឹង​ព្រះ​ស្រីសុរិយោពណ៌ ជា​ឪពុកមា។ ព្រះ​ស្រីសុរិយោពណ៌ ទ្រង់​ប្រើ​ទ័ព​ខ្មែរ​ផង និង​បាន​សុំ​ជំនួយ​ទ័ព​សៀម ដែល​ដឹក​នាំ​ដោយ​ព្រះ​មហា​ធម្មរាជា បុត្រ​ព្រះ​នរេនសូរ ផង ដើម្បី​បង្ក្រាប​ការ​បះបោរ​នេះ។ ទីបំផុត ព្រះកែវ​ហ្វាពញាញោម ត្រូវ​គេ​ចាប់​បាន ហើយ​ត្រូវ​ប្រហារ​ជីវិត​តាម​ច្បាប់​ប្រពៃណី។
  • ច្បាំង​នឹង​ព្រះរាម​កែវ​ព្រះភ្លើង ដែល​ខ្លាំង​ពូកែ ដែល​ឯកសារ​ខ្លះ​ថា ចេះ​បែង​ភាគ​ផង ប៉ុន្តែ​កែវ​ព្រះភ្លើង ត្រូវ​គេ​ចាប់​បាន ហើយ​ត្រូវ​ប្រហារ​ជីវិត​បង់​នៅ​ទី​អវសាន។
  • ច្បាំង​នឹង​ព្រះរាម​បាទី ដែល​មាន​បរិវារ​សុទ្ធតែ​ជា​មេ​ធ្មប់​ខ្លាំង​ពូកែ ៧៨​នាក់ និង​ព្រះរាម​ទ្រាំង ដែល​មាន​បរិវារ​ជា​អាចារ្យ​ខ្លាំង​ពូកែ​ទាំង ៨​នាក់ ដែល​ចេះ​ជប់​ទ័ព​ដោយ​បាច​អង្ករ​ឲ្យ​កើត​ទៅ​ជា​សត្វ​ខ្លា ដំរី ស្រាំង ឪម៉ាល់ ត​តាំង​នឹង​ទ័ព​ព្រះរាជា។ តែ​ទីបំផុត ត្រូវ​គេ​បន្សាប​សិល្ប៍​បាន ហើយ​ត្រូវ​គេ​ចាប់​ខ្លួន និង​ប្រហារ​ជីវិត​ទាំង​ពីរ​នាក់។
  • ច្បាំង​ជាមួយ​ព្រះរាម​ត្បូងឃ្មុំ និង​ព្រះរាម​បាភ្នំ តែ​អ្នក​ទាំង​ពីរ​ត្រូវ​ចាប់​បាន ហើយ​ត្រូវ​ប្រហារ​ជីវិត​បាន​ទៀត។
  • ច្បាំង​ជាមួយ​អ្នក​សិល្ប៍​ខ្លាំង​ពូកែ​ម្នាក់​ដែល​បាន​តាំង​ខ្លួន​ជា​ស្ដេច ឈ្មោះ​ព្រះបាទ​បាឡីកងចក្រ ដែល​ជា​សិស្ស​រួម​គ្រូ​ជាមួយ​តេជោមាស តែ​ទីបំផុត​ត្រូវ​តេជោមាស បន្សាប​មន្ត​អាគម​គាថា​បាន ហើយ​បាឡីកងចក្រ ត្រូវ​ចាប់​ខ្លួន និង​ទទួល​ទោស​ប្រហារ​ជីវិត។
  • វាយ​ជាមួយ​ព្រះរាម​ថ្មគោល ដែល​មាន​នាម​ដើម​ពញានូ ជា​ព្រះញាតិវង្ស។ ទ័ព​ព្រះរាម​ថ្មគោល ត្រូវ​ទទួល​បរាជ័យ ហើយ​ព្រះរាម​ថ្មគោល បាន​សុំ​ចុះ​ចូល​វិល​មក​បម្រើ​ព្រះ​ស្រីសុរិយោពណ៌ ជា​ស្ដេច​ផែនដី​វិញ។

 

សម្ដេច​ព្រះរាជឱង្ការ​ព្រះ​ស្រីសុរិយោពណ៌​បរម​រាជា ជា​ព្រះមហាក្សត្រ​សឹក​មួយ​អង្គ​ដ៏​អង់​អាច​ក្លាហាន។ រាជ្យ​របស់​ព្រះអង្គ​ខាង​ដើម ពោរពេញ​ទៅ​ដោយ​ចំបាំង​រាំង​ជល់ ហើយ​ត្រូវ​ចំណាយ​ពេល​អស់​រយៈ​ជាង​ប្រាំ​ឆ្នាំ ដើម្បី​វាយ​បង្ក្រាប “ពួក​ថ្លើង​ឡើង​ចាង​មហាត​ដែល​បះបោរ” ហើយ​កើត​មាន​តាំង​ពី​រាជ្យ​មុនៗ​មក ដោយសារ​អំណាច​កណ្ដាល​ចុះ​ខ្សោយ​នោះ។

ទីបំផុត ព្រះអង្គ​រៀបចំ​ស្រុក​ទេស​ឲ្យ​បាន​រៀបរយ បាន​សុខ​សន្តិភាព​ស្ងប់ស្ងៀម​ជា​ធម្មតា​ឡើង​វិញ។ ឯកសារ​ខ្លះ​បាន​និយាយ​ថា ព្រះ​ស្រីសុរិយោពណ៌ ជា​ព្រះមហាក្សត្រ​ខ្មែរ​ដែល​បាន​ទទួល​ឥទ្ធិពល​សៀម យ៉ាង​ខ្លាំង។ ប៉ុន្តែ​ឯកសារ​រាជពង្សាវតារ​មហា​បុរស​ខ្មែរ​វិញ បាន​និយាយ​ផ្ទុយ​ទៅ​វិញ​ថា ព្រះអង្គ​ទ្រង់​យល់​ថា នគរ​សៀម តែង​តែ​បៀតបៀន​ពាធា​នគរ​ខ្មែរ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ ហើយ​ទឹក​ដី​ភាគ​ខាង​ជើង​របស់​ខ្មែរ ក៏​ត្រូវ​បាន​សៀម រឹប​យក​អស់​ជាច្រើន​ណាស់​ទៅ​ហើយ​ផង។ ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ការ​ជិះ​ជាន់​របស់​សៀម នេះ ព្រះអង្គ​មិន​បាន​គិត​រក​បង្អែក​ពី​ពួក​អឺរ៉ុប ដូចជា​ព្រះមហាក្សត្រ​ខ្មែរ​ដែល​បាន​សោយរាជ្យ​មុនៗ​ព្រះអង្គ​ទេ។ ដោយ​ពេល​នោះ ប្រទេស​វៀតណាម បាន​ទន្ទ្រាន​លេប​យក​ប្រទេស​ចំប៉ា បាន​ជិត​អស់​ទៅ​ហើយ ហើយ​វៀតណាម បាន​ក្លាយ​ទៅ​ជា​មហា​អំណាច​មួយ​ជា​អ្នក​ជិត​ខាង​របស់​ខ្មែរ​ផង ព្រះអង្គ​ក៏​ទ្រង់​ចង​សម្ព័ន្ធ​មេត្រី​ជាមួយ​វៀតណាម ដោយ​ស្តី​ដណ្ដឹង​ព្រះអង្គ​ម្ចាស់ក្សត្រី​អង្គចូវ បុត្រី​ព្រះចៅ​យួន ក្រុង​វ៉េ ឲ្យ​បាន​ជា​ព្រះអគ្គមហេសី​របស់​បុត្រា​ច្បង​របស់​ព្រះអង្គ ព្រះនាម​ព្រះបាទ​ជ័យជេស្តា ក្នុង​បំណង​ធ្វើ​ឲ្យ​មាន​ទម្ងន់​ស្មើ​គ្នា​នៅ​ក្នុង​ជញ្ជីង​មួយ​សម្រាប់​ខ្មែរ។ គឺ​ព្រះអង្គ​ទ្រង់​ឈ្វេង​យល់​ថា បើ​សៀម ចង់​ប្រមាថ​ខ្មែរ​ត​ទៅ​ទៀត​នោះ សៀម ក៏​គង់​គិត​កោត​ញញើត​ទៅ​ដល់​ស្ដេច​យួន ខ្លះ​ជា​មិន​ខាន។ ចំណែក​យួន វិញ បើ​នឹង​ប្រមាថ​ខ្មែរ ក៏​គង់​គិត​កោត​ញញើត​ទៅ​ដល់​ស្ដេច​សៀម ខ្លះ​មិន​ខាន។

ព្រះបាទ​ព្រះរាជឱង្ការ​ព្រះ​ស្រីសុរិយោពណ៌​បរម​រាជា ទ្រង់​សោយរាជ្យ​គ្រប់គ្រង​រាស្ត្រ​ប្រជា​ដោយ​យុត្តិធម៌ ហើយ​រៀបចំ​ប្រទេស​ជាតិ​ឲ្យ​បាន​សុខ​សន្តិភាព និង​រីក​ចម្រើន។ ដល់​ឆ្នាំ​១៦១៨ នៃ​គ្រិស្ដសករាជ ព្រះអង្គ​ទ្រង់​ដាក់​រាជ្យ​ថ្វាយ​ទៅ​ព្រះរាជបុត្រ​ច្បង​របស់​ព្រះអង្គ គឺ​ព្រះ​ជ័យជេស្តា ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​សៀម វិញ​ឲ្យ​សោយរាជ្យ​ស្នង​ព្រះអង្គ។

ព្រះអង្គ​ទ្រង់​ចូល​ទិវង្គត​នៅ​ឆ្នាំ​១៦១៩ គឺ​មួយ​ឆ្នាំ​ក្រោយ​ពី​ព្រះអង្គ​បាន​ដាក់​រាជ្យ។ ព្រះ​អដ្ឋិធាតុ​របស់​ព្រះអង្គ ត្រូវ​គេ​បញ្ចុះ​នៅ​ព្រះ​ចេតិយ​ត្រៃត្រិង្ស​លើ​ភ្នំ​ព្រះរាជទ្រព្យ គឺ​ភ្នំ​ឧដុង្គ​សព្វថ្ងៃ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល