រាជ្យ​លើក​ទី​១​របស់​ព្រះ​សត្ថាធិរាជ និង​រាជ្យ​លើក​ទី​៣​របស់​ព្រះ​កែវ​ហ្វា​អង្គ​អឹម (ភាគ​៥១)

ដោយ ជុន ច័ន្ទបុត្រ
2015-07-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

នៅ​ចុង​សតវត្ស​ទី​១៨ ព្រះរាជា​ខ្មែរ​និយម​លើក​រាជ្យ​ថ្វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ឪពុក​ទៅ​កូន ពី​កូន​ទៅ​ឪពុក​ម្តង​ជា​ពីរ​ដង។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​នូវ​ការ​ឡើង​គ្រងរាជ្យ​លើក​ទី​មួយ​របស់​ព្រះ​សត្ថាធិរាជ ដែល​ត្រូវ​ព្រះបិតា​ព្រះអង្គ គឺ​ព្រះ​កែវ​ហ្វា​អង្គ​អឹម ប្រគល់​រាជ្យ​បល្ល័ង្ក​ថ្វាយ និង​រាជ្យ​លើក​ទី​៣ របស់​ព្រះ​កែវ​ហ្វា​អង្គ​អឹម ដែល​ព្រះ​រាជបុត្រ​របស់​ព្រះអង្គ គឺ​ព្រះ​សត្ថាធិរាជ បង្វែរ​រាជ្យ​ថ្វាយ​វិញ។

គ. ២៨-១ ព្រះរាជ​ឱង្ការ​ព្រះ​សត្ថាធិរាជ (ឆ្នាំ​១៧២២-ឆ្នាំ​១៧២៩ រាជ្យ​លើក​ទី​១)

នៅ​គ.ស.១៧២២ សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម ដែល​ព្រម​ដាក់​ប្រទេស​ខ្មែរ​ជា​ចំណុះ​សៀម ក៏​ទ្រង់​បាន​ដាក់​រាជ្យ ហើយ​បង្វែរ​រាជ្យសម្បត្តិ​នោះ​ទៅ​ឲ្យ​ព្រះរាជបុត្រ​របស់​ព្រះអង្គ ដែល​មាន​ព្រះនាម​ដើម​ថា ព្រះអង្គ​ជ័យ។ ឯកសារ​ខ្លះ​ថា​អង្គ​ជី ឲ្យ​ឡើង​សោយរាជ្យ​ស្នង​នៅ​រាជធានី​ឧដុង្គ​មានជ័យ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ ព្រះ​សត្ថាធិរាជ ដែល​ជា​អ្នក​ប្រវត្តិវិទូ​និយម​ហៅ​ថា​ព្រះ​សត្ថាទី២។

ស្ដេច​ទ្រង់​លើក​ព្រះ​ស្រី​សុជាតា ជា​ព្រះ​រាជបុត្រី​សម្ដេច​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ដែល​ត្រូវ​ជា​ព្រះ​មាតុច្ឆា គឺ​ម្តាយ​មីង​របស់​ព្រះអង្គ​ជា​ព្រះ​អគ្គមហេសី។

នៅ​ដើម​រាជ្យ​របស់​ព្រះ​សត្ថាធិរាជ នេះ មាន​ការ​បះបោរ​មួយ​របស់​ពួក​ថ្លើង នៅ​តំបន់​ស្រុក​នាងផ្អែក ដែល​បាន​ប្រកាស​លើក​ខ្លួន​ជា​ស្ដេច ក៏ប៉ុន្តែ​ចលនា​បះបោរ​នេះ ត្រូវ​បាន​ព្រះរាជា​បញ្ជា​ឲ្យ​មេទ័ព​របស់​ព្រះអង្គ នាំ​ពល​សេនា​ទៅ​វាយ​បង្ក្រាប​បាន ហើយ​ចោម​ចាប់​ពួក​ក្បត់​ទាំង​នោះ យក​ទៅ​ប្រហារ​ជីវិត​បង់។

នៅ​ឆ្នាំ​១៧២៥ ព្រះ​មហា​ឧបយោរាជ​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ដែល​ត្រូវ​ជា​ព្រះ​អយ្យកោ គឺ​ជីតា​ផង និង​ត្រូវ​ជា​ព្រះ​ស្ថរ្សោ បិតា​ក្មេក​ផង ទ្រង់​ចូល​ទិវង្គត។ ព្រះ​សត្ថាធិរាជ ទ្រង់​ចាត់​ឲ្យ​ធ្វើ​បុណ្យ​សុន្ទរ៍ទាន​តាម​រាជ​ប្រវេណី ហើយ​ដង្ហែ​ព្រះ​អដ្ឋិធាតុ​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ នេះ ទៅ​បញ្ចុះ​ក្នុង​ចេតិយ​ត្រៃត្រិង្ស​លើ​កំពូល​ភ្នំ​ព្រះរាជ​ទ្រព្យ​ក្នុង​ក្រុង​ឧដុង្គ​មានជ័យ។

ព្រះរាជ​ឱង្ការ​ព្រះ​សត្ថាធិរាជ ឬ​ព្រះ​សត្ថាទី២ នេះ ទ្រង់​សោយរាជ្យ​បាន​ប្រមាណ ៨​ឆ្នាំ ដល់​ឆ្នាំ​១៧២៩ ទ្រង់​ក៏​បាន​ដាក់​រាជ្យ​ដែល​ជា​ការ​បញ្ចប់​រាជ្យ​ទី​១ របស់​ព្រះអង្គ ហើយ​ថ្វាយ​រាជ្យ​សម្បត្តិ​នេះ​ទៅ​ព្រះបិតា​ព្រះអង្គ គឺ​ព្រះ​កែវ​ហ្វា​អង្គ​អឹម វិញ។

សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម ក៏​ទ្រង់​ឡើង​សោយរាជ្យ​ជា​ថ្មី​ជា​លើក​ទី​៣ បន្ត​ពី​ព្រះរាជបុត្រ​របស់​ព្រះអង្គ។

គ. ២៦-៣ ព្រះ​កែវ​ហ្វា​អង្គ​អឹម (ឆ្នាំ​១៧២៩ រាជ្យ​លើក​ទី​៣)

ក្នុង​រាជ្យ​លើក​ទី​៣ របស់​ព្រះអង្គ ដែល​ទ្រង់​ឡើង​សោយរាជ្យ​បន្ត​ពី​ព្រះ​សត្ថាធិរាជ ជា​ព្រះរាជបុត្រ​របស់​ព្រះអង្គ​នៅ​រាជធានី​ឧដុង្គ​នេះ ព្រះ​អង្គ​អឹម ទ្រង់​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា សម្ដេច​ស្ដេច​ព្រះ​ជ័យ​ជេដ្ឋា​ធិរាជ​រាមា​ឥសូរ ប៉ុន្តែ​ក្នុង​រាជ្យ​លើក​ទី​៣ របស់​ព្រះអង្គ​នេះ ព្រះអង្គ​ពុំ​បាន​គង់​ក្នុង​រាជ្យ​យូរ​អង្វែង​ឡើយ។ ព្រះអង្គ​ទ្រង់​សោយរាជ្យ​បាន​តែ ៧​ខែ​ប៉ុណ្ណោះ គឺ​នៅ​ដំណាច់​ឆ្នាំ​១៧២៩ នៃ​គ.ស. ដដែល​នោះ ព្រះអង្គ​ទ្រង់​បង្វែរ​រាជ្យ​សម្បត្តិ​នេះ​ទៅ​ឲ្យ​រាជបុត្រ​ព្រះអង្គ គឺ​ព្រះ​សត្ថាធិរាជ ឬ​ព្រះ​សត្ថាទី២ ម្តង​វិញ​ទៀត។ ឯកសារ​ខ្លះ​បាន​រៀបរាប់​ថា ហេតុ​ដែល​នាំ​ឲ្យ​ព្រះ​កែវ​ហ្វា​អង្គ​អឹម ឆាប់​ដាក់​រាជ្យ​ថ្វាយ​ទៅ​ព្រះរាជបុត្រ​វិញ​ដូច្នេះ ព្រោះ​មាន​រាស្ត្រ​ប្រជា និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ជាច្រើន មិន​សប្បាយ​ចិត្ត​នឹង​ព្រះអង្គ ដែល​លោភលន់​ចង់​បាន​បល្ល័ង្ក​រាជ្យ សុខ​ចិត្ត​ដាក់​នគរ​ជា​ចំណុះ​សៀម រហូត​ដល់​ប្រជារាស្ត្រ​មួយ​ចំនួន ទ្រង់​ថ្វាយ​រហស្សនាម​ព្រះអង្គ​ថា ជា​ស្ដេច​សៀម ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល