ព្រះរាជា​ខ្មែរ​ដែល​កាន់​សាសនា​ឥស្លាម​និង​ការ​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ខ្មែរ​របស់​យួន​លើក​ដំបូង (ភាគ​៤៣)

ដោយ ជុន ច័ន្ទបុត្រ
2015-03-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ព្រះ​រាមាធិបតី​អង្គ​ច័ន្ទ ដែល​ជា​ព្រះមហាក្សត្រ​សោយរាជ្យ​នៅ​ចន្លោះ​ឆ្នាំ​១៦៤១ និង​ឆ្នាំ​១៦៥៩ ជា​ព្រះរាជា​ខ្មែរ​តែ​មួយ​អង្គ​គត់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ដែល​ទ្រង់​ចូល​សាសន៍​កាន់​សាសនា​ឥស្លាម។

តើ​រឿងរ៉ាវ​នេះ​មាន​ដំណើរ​ដើម​ទង​យ៉ាងណា? សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​ការ​រៀបរាប់​របស់ លោក ជុន ច័ន្ទបុត្រ ដូច​ត​ទៅ៖

គ.២០ ព្រះ​រាមាធិបតី​អង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម (ឆ្នាំ​១៦៤១- ឆ្នាំ​១៦៥៩) និង​ការ​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ខ្មែរ​របស់​យួន ជា​លើក​ដំបូង

ក្រោយ​ពី​ធ្វើ​គត់​ព្រះ​មហា​ឧបយោរាជ​ឧទ័យ ជា​មា និង​ព្រះ​បទុមរាជា​អង្គ​នន់ ជា​បង​ជីដូន​មួយ​រួច​ហើយ សម្ដេច​ចៅ​ពញា​ច័ន្ទ ក៏​បាន​ទទួល​ពិធី​ប្រាប្ដាភិសេក​ឡើង​សោយរាជ្យ​សម្បត្តិ​នៅ​រាជធានី​ឧដុង្គ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះ​រាមាធិបតី។ ប៉ុន្តែ​អ្នក​ប្រវត្តិវិទូ​ជាច្រើន​និយម​ហៅ​ព្រះនាម​ព្រះអង្គ​ថា ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ព្រោះ​ព្រះអង្គ​ជា​មហាក្សត្រ​ខ្មែរ​តែ​មួយ​អង្គ​គត់ ដែល​ទ្រង់​បាន​ចូល​សាសន៍​កាន់​សាសនា​ឥស្លាម។

ឯកសារ​ខ្លះ​សរសេរ​ថា ព្រះអង្គ​ច័ន្ទ ទ្រង់​បាន​ចូល​សាសន៍ និង​កាន់​សាសនា​ឥស្លាម នេះ បន្ទាប់​ពី​ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​ស្ត្រី​ជា​ជនជាតិ​ចាម ម្នាក់ ដែល​ព្រះអង្គ​បាន​ជួប​ក្នុង​ដំណើរ​វិល​ត្រឡប់​មក​ពី​ក្រសាល​ទន្លេ​ធំ​ពី​ខេត្ត​ក្រចេះ។ នៅ​ពេល​នោះ ព្រះអង្គ​ទ្រង់​ឆៀង​ចូល​ពិនិត្យ​រាជធានី​ចាស់​ស្រីសន្ធរ ហើយ​យាង​មក​ដល់​ខាង​ត្បូង​កំពង់លួង វិញ ព្រះអង្គ​ក៏​បាន​ជួប​នឹង​នារី​ចាម ដ៏​មាន​រូប​រាង​ល្អ​ស្អាត ចរិយា​ល្អ​ប្រពៃ​ម្នាក់ ចុះ​មក​ដង​ទឹក។ នាង​ក្រមុំ​ចាម នោះ​ឈ្មោះ នាង​វ៉ះ ជា​កូន ចៃសុន និង​នាង​ម៉ា ជា “ព្រះ​រាជវង្ស​ចាម” ។

ព្រះអង្គ​ទ្រង់​ព្រះ​ស្នេហា​នឹង នាង​វ៉ះ ក្រមុំ​ចាម នោះ​ខ្លាំង​ណាស់ ហើយ​ក៏​បាន​ទាក់ទង​រួម​មេត្រី រួច​លើក​នាង​ជា​ព្រះ​ស្នំឯក។ ឯកសារ​ខ្លះ​បាន​រៀបរាប់​ថា ដោយ​ព្រះអង្គ​ចង់​គេច​ឲ្យ​ផុត​ពី​បាបកម្ម​ដែល​ព្រះអង្គ​បាន​ធ្វើ​គត់​ព្រះ​ឧទ័យ ជា​មា និង​ព្រះ​បទុម​រាជា​អង្គ​នន់ ទៅ​តាម​ជំនឿ​ព្រះពុទ្ធ​សាសនា និង​ដោយ​គោរព​តាម​ប្រពៃណី​នៃ​ជនជាតិ​ចាម ផង ព្រះអង្គ​ក៏​ព្រម​ចូល​កាន់​សាសនា​ឥស្លាម ដោយ​កាត់​ចុង​អង្គ​ជាតិ និង​យក​ព្រះនាម​ថា អ៊ីប្រាហ៊ីម។ ស្បែក​ចុង​អង្គ​ជាតិ​របស់​ព្រះអង្គ​នោះ ត្រូវ​បាន​ឯកសារ​ខ្លះ​អះអាង​ថា ត្រូវ​បាន​គេ​យក​ទៅ​តម្កល់​ទុក​នៅ​ក្នុង​ព្រះវិហារ​ឥស្លាម មួយ ខាង​ត្បូង​កំពង់លួង ដែល​បាន​ប្ដូរ​ឈ្មោះ​ទីនោះ​ជាប់​ជា​ភូមិ​ឃ្លាំងស្បែក ជា​រៀង​រហូត​មក។

ឯកសារ​ប្រវត្តិសាស្ត្រ​ខ្លះ​ទៀត​និយាយ​ផ្សេង​ពី​នេះ​ទៅ​វិញ ដោយ​អះអាង​ថា ប្រការ​ដែល​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម សុខ​ចិត្ត​ចូល​សាសន៍ និង​កាន់​សាសនា​ឥស្លាម នេះ គឺ​ប្រហែល​មក​ពី​ព្រះអង្គ​ចង់​សង​គុណ​ពួក​ចាម ដែល​ព្រះអង្គ​បាន​ពឹងពាក់​ក្នុង​ការ​វាយ​ដណ្ដើម​រាជ្យ​ពី​ព្រះ​មហា​ឧបយោរាជ​ឧទ័យ ជា​មា និង​ព្រះ​បទុម​រាជា​អង្គ​នន់ ជា​បង​ជីដូន​មួយ។

កាល​បើ​បាន​ឡើង​គ្រងរាជ្យ​ហើយ ព្រះអង្គ​ទ្រង់​សព្វ​ព្រះរាជហឫទ័យ​ប្រោស​ប្រណី​ពួក​ចាម​ជ្វា លើក​ជា​មន្ត្រី​ធំ ហើយ​លើក​ចៃសុន ជា​ព្រះ​បិតា​ក្មេក ឲ្យ​ឡើង​ជា​សម្ដេច​បរទេស​រាជ ឲ្យ​ត្រួត​អស់​លើ​ពួក​ចាម​ជ្វា ថែម​ទៀត​ផង។

នៅ​ក្នុង​រាជ្យ​ព្រះអង្គ គឺ​ក្នុង​ឆ្នាំ​១៦៤៣ មាន​ព្រឹត្តិការណ៍​ទាស់ទែង​គ្នា​ដ៏​ធំ​មួយ​រវាង​ពួក​ហូល្លង់ដ៍ ដែល​ពី​ខាង​ដើម​បាន​គាំទ្រ និង​អបអរ​សាទរ​យ៉ាង​ក្លៀវក្លា​ចំពោះ​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ដែល​បាន​កម្ចាត់​ស្ដេច​ជ្រែក​រាជ្យ គឺ​ព្រះ​ឧទ័យ និង​ព្រះ​អង្គ​នន់ បាន​នោះ។ ហើយ​ពួក​ហូល្លង់ដ៍ នេះ ឈ្លោះ​ជាមួយ​ពួក​ព័រទុយហ្គាល់ ដែល​ជា​សម្ព័ន្ធ​របស់​ឈ្មួញ​ចាម​ជ្វា ជាច្រើន​នាក់ ដែល​ជា​បរិវារ​របស់​ព្រះអង្គ​ច័ន្ទ។ ព្រះអង្គ​បាន​បណ្តោយ​ឲ្យ​ពួក​ចាម​ជ្វា និង​ព័រទុយហ្គាល់ កាប់​សម្លាប់​ឈ្មួញ​ហូល្លង់ដ៍ ស្លាប់​អស់​ជាច្រើន​នាក់ ហើយ​រឹប​អូស​យក​កប៉ាល់ និង​ទំនិញ​របស់​ពួក​នេះ​ដែល​ចត​នៅ​កំពង់លួង ផង។ ហើយ​ក្រោយ​នោះ​បន្តិច កប៉ាល់​ហូល្លង់ដ៍ មួយ​ទៀត​មក​ពី​កោះ​តៃវ៉ាន់ ដែល​ពួក​ព័រទុយហ្គាល់ ហៅ​ថា ហ្វ័រមូហ្សា (Formosa) ក៏​ត្រូវ​គេ​រឹប​អូស​ទៀត។

ដើម្បី​ជា​ការ​សង​សឹក ទេសាភិបាល​ហូល្លង់ដ៍ នៃ​ក្រុង​បាតាវ្យា ក្រុង​ហ្សាការតា (Jakarta) បាន​បញ្ជូន​កប៉ាល់​៥ ទាហាន ១៦០​នាក់ និង​នាវិក​ជាតិ​អឺរ៉ុប ២៤០​នាក់ ចេញ​ដំណើរ​មក​កម្ពុជា។ កប៉ាល់​នេះ​មក​ដល់​ចតុមុខ​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ហើយ​ចត​នៅ​ទីនោះ​រហូត​ដល់​ខែ​មករា ឆ្នាំ​១៦៤៥។ ដោយ​គ្មាន​បាន​ទទួល​សំណង​អ្វី​ពី​ព្រះអង្គ​ច័ន្ទ មេបញ្ជាការ​កប៉ាល់​នោះ ក៏​សម្រេច​ចិត្ត​ថា​ត្រូវ​តែ​បន្ត​ដំណើរ​ឡើង​ទៅ​ដល់​ក្រុង​ឧដុង្គ។ ជម្លោះ​ទាស់ទែង​វាយ​តប់​គ្នា ក៏​កើត​មាន​ឡើង។ ទ័ព​ខ្មែរ​បាន​យក​សម្រាស់ និង​ក្បូន​ឫស្សី​យ៉ាង​ច្រើន ទៅ​ដាក់​ឃាំង​រាំង​ផ្លូវ​ទឹក ហើយ​យក​កាំភ្លើង​ធំ​តម្រៀប​ភ្ជង់​ពី​លើ​ច្រាំង​ទាំង​សង​ខាង។ ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង មេបញ្ជាការ​ហូល្លង់ដ៍ ត្រូវ​ស្លាប់ ទាហាន និង​នាវិក ១២០​នាក់​ទៀត ក៏​ត្រូវ​ស្លាប់​ដែរ ប៉ុន្តែ​ទីបំផុត នាវា​ទាំងអស់​នោះ​បាន​រំដោះ​ខ្លួន​បាន។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ កប៉ាល់​ហូល្លង់ដ៍ មួយ​ទៀត ធ្វើ​ដំណើរ​តាម​ទន្លេ​បាសាក់ ក៏​ត្រូវ​វាយ​ប្រហារ​ដោយ​នាវា​ខ្មែរ ដែល​គ្រប់គ្រង​ដោយ​ពួក​ព័រទុយហ្គាល់ និង​ដឹក​នាំ​ដោយ​ព្រះរាជា​ផ្ទាល់​ព្រះអង្គ។ នាវា​ហូល្លង់ដ៍ នេះ ខូចខាត​ជា​ទម្ងន់ ប៉ុន្តែ​ទីបំផុត​អាច​ធ្វើ​ដំណើរ​វិល​ទៅ​សមុទ្រ​វិញ​បាន។

ដល់​ខែ​កក្កដា ឆ្នាំ​១៦៥២ ពួក​ហូល្លង់ដ៍ បាន​សុំ​ចរចា​រក​សន្តិភាព​ជាមួយ​ខ្មែរ ហើយ​កិច្ច​ព្រមព្រៀង​មួយ​បាន​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ខែ​កក្កដា ឆ្នាំ​១៦៥៣។

ព្រះរាជពង្សាវតារ​មហា​បុរស​ខ្មែរ បាន​អធិប្បាយ​ថា ឆ្នាំ​១៦៥៥ ព្រះ​រាមាធិបតី​អង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ទ្រង់​បាន​ទាមទារ​យក​ដី​កំពង់ក្របី​ព្រៃ​នគរ ដែល​ព្រះចៅ​អណ្ណាមកុក ស្រុក​យួន បាន​ខ្ចី​ធ្វើ​ជា​មូលដ្ឋាន​បង្ក​ទ័ព​ត​តាំង​ច្បាំង​នឹង​ចិន នោះ​មក​វិញ ព្រោះ​ចំបាំង​នោះ​បាន​ស្ងប់ស្ងាត់​ឡើង​វិញ​ហើយ។ ប៉ុន្តែ​ត្រូវ​បាន​ព្រះ​ទាវ​ធីតា​អង្គ​ចូវ អង្វរ​សុំ​ឲ្យ​យួន នៅ​បន្ត​ទៅ​ទៀត​សិន។

ដល់​ឆ្នាំ​១៦៥៦ ព្រះ​ទាវ​ធីតា​អង្គ​ចូវ ដែល​ប្រហែល​ជា​មិន​សប្បាយ​ព្រះ​ទ័យ​នឹង​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ដែល​បាន​ទទូច​ទាមទារ​ដី​ខ្មែរ​មក​វិញ​នោះ បាន​សុំ​លា​ព្រះអង្គ​ច័ន្ទ ជា​ស្ដេច​ផែនដី ដក​ព្រះអង្គ​ចេញ​ពី​រាជធានី​ឧដុង្គ ទៅ​គង់​នៅ​ភ្នំពេញ​វិញ ដោយ​នាំ​យក​ទាំង​ព្រះអង្គ​សូ និង​ព្រះអង្គ​តន់ ជា​បុត្រ​របស់​ព្រះ​ឧទ័យ ទៅ​ជាមួយ​ផង។

បាន​ឱកាស​ល្អ​ហើយ នៅ​ឆ្នាំ​១៦៥៨ ព្រះអង្គ​សូ និង​ព្រះអង្គ​តន់ ដែល​ជា​បុត្រ​ព្រះ​ឧទ័យ និង​ជា​ព្រះអនុជ​របស់​ព្រះអង្គ​នន់ ដែល​ត្រូវ​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ធ្វើ​គត់​នោះ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ព្រះអង្គ​ចូវ បុត្រី​ស្ដេច​យួន ផង បាន​ចាត់​មន្ត្រី​សម្ងាត់​ឲ្យ​ទៅ​បញ្ចុះបញ្ចូល​រាស្ត្រ​ក្នុង​ខេត្ត​ជាច្រើន ហើយ​លើក​ទ័ព​ជាច្រើន​ទៅ​ច្បាំង​នឹង​ព្រះអង្គ​ច័ន្ទ ដែល​កាល​នោះ​ទ្រង់​សោយរាជ្យ​បាន ១៧​ព្រះ​វស្សា តែ​ត្រូវ​ទទួល​បរាជ័យ។

ទីបំផុត បុត្រ​ព្រះ​ឧទ័យ ទាំង​ពីរ បាន​សុំ​ឲ្យ​ព្រះ​ទាវ​ធីតា​អង្គ​ចូវ បុត្រី​ស្ដេច​យួន ធ្វើ​លិខិត​ទៅ​សុំ​ទ័ព​យួន មក​ជា​ជំនួយ។ ស្ដេច​យួន បាន​ចាត់​ទ័ព​ច្រើន​ពាន់​នាក់​ឲ្យ​មក​រួម​ជាមួយ​ទ័ព​ព្រះអង្គ​សូ និង​ព្រះ​អង្គ​តន់ ច្បាំង​ត​តាំង​នឹង​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម។ ទីបំផុត ព្រះអង្គ​ច័ន្ទ ទទួល​បរាជ័យ ហើយ​ត្រូវ​យួន ចាប់​ដាក់​ទ្រុង​ដែក​នាំ​យក​ទៅ​ស្រុក​យួន ទៅ។ ចំណែក​ខាង​ព្រះអង្គ​អឹម ដែល​ជា​បុត្រ​ព្រះ​ឧទ័យ ដែរ តែ​ចូល​ខាង​ព្រះ​រាមាធិបតី​អង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម នោះ ក៏​ក្ស័យ​ព្រះជន្ម​ក្នុង​សមរភូមិ​នោះ​ទៅ។

ដោយ​ក្តី​លោភលន់​របស់​មេ​ទ័ព​យួន ដែល​ចង់​យក​ប្រទេស​ខ្មែរ​ដាក់​ជា​ចំណុះ​ប្រទេស​យួន ហើយ​មាន​បំណង​ប្រុង​ចាប់​យក​ព្រះអង្គ​សូ និង​ព្រះអង្គ​តន់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នាំ​យក​ទៅ​ស្រុក​យួន ផង​នោះ ទ័ព​យួន ដែល​ច្បាំង​ឈ្នះ​ទ័ព​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ហើយ បែរ​ជា​មក​ច្បាំង​នឹង​ទ័ព​ព្រះអង្គ​សូ និង​ព្រះអង្គ​តន់ វិញ​ទៀត។ តែ​ទីបំផុត ស្ដេច​ទាំង​ពីរ​វាយ​ឈ្នះ​ទ័ព​យួន យួន ក៏​នាំ​ទ័ព​រត់​ត្រឡប់​ទៅ​ស្រុក​វិញ​អស់​ទៅ។

ចំណែក​ខាង​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ដែល​យួន ចាប់​ដាក់​ទ្រុង​ដែក​នាំ​យក​ទៅ​ស្រុក​យួន នោះ ឯកសារ​ខ្លះ​អះអាង​ថា យួន វា​ឃុំ​ព្រះអង្គ​នៅ​ក្វាងប៉ិញ រហូត​ដល់​មួយ​ឆ្នាំ​ក្រោយ​មក ព្រះអង្គ​ទ្រង់​សុគត​នៅ​ទីនោះ​ទៅ។ ឯ​ឯកសារ​ខ្លះ​ទៀត​និយាយ​ថា ព្រះអង្គ​ត្រូវ​ពួក​យួន ដែល​អាក់អន់​ចិត្ត​នឹង​ព្រះអង្គ​សូ និង​ព្រះអង្គ​តន់ ដោះ​លែង​ព្រះអង្គ​នាំ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ តែ​ធ្វើ​ដំណើរ​ដល់​ពាក់​កណ្ដាល​ផ្លូវ ព្រះអង្គ​ទ្រង់​ប្រឈួន ហើយ​សុគត​នៅ​ត្រង់​ស្រុក​បត់ចិញ្ចៀន នេះ​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Abu

ពី Kg. Chhang

It is really good to have this paper but to me, a cham living in Cambodia, I don't think there were Cham in Kg. Lueng. That day, there were Javanese living only. And other hand, the name given here " Vah " is not Cham name. To me, it is 100% is Javanese name.

Mar 03, 2015 11:24 PM

គេហទំព័រ​ទាំងមូល