ជប៉ុន ចិន និង​កូរ៉េខាងត្បូង​ជួយ​ពង្រឹង​វិស័យ​សុខាភិបាល​កម្ពុជា

ដោយ អាស៊ីសេរី
2019-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA

ជប៉ុន ចិន និង​កូរ៉េខាងត្បូង ជួយ​ពង្រឹង​វិស័យ​សុខាភិបាល​កម្ពុជា​។ ការ​ជួយ​ពង្រឹង​វិស័យ​សុខាភិបាល​នេះ គឺ​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​សុខាភិបាល ដោយ​ផ្ដោត​លើ​វិស័យ​ដោយឡែក​ពី​គ្នា ដូចជា ការ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ការវះកាត់​ជំងឺ​បេះដូង និង​ការ​បណ្ដុះបណ្ដាល​ឆ្មប គិលានុបដ្ឋាក កម្មវិធី​គាំពារ​សុខភាព​មាតា និង​កុមារ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល​ជាដើម។

ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃ​ទី​៣១ ខែ​សីហា ឱ្យ​ដឹង​ថា រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ជួប​ដាច់ដោយឡែក ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល ជប៉ុន ចិន និង​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា ដែល​ជជែក​ពី​ការ​ពង្រឹង​គុណភាព​សុខាភិបាល​កម្ពុជា​នេះ។

ក្នុង​ជំនួប​រវាង លោក ម៉ម ប៊ុនហេង និង​អនុ​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ប្រទេស​ជប៉ុន លោក យ៉ូហ្សីណូរី អូហ្គូឆិ (Yoshinori Oguchi) ភាគី​ទាំងពីរ ជជែក​ផ្ដោត​សំខាន់ លើ​ការ​បណ្ដុះបណ្ដាល​ឆ្មប គិលានុបដ្ឋាក កម្មវិធី​គាំពារ​សុខភាព​មាតា និង​កុមារ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​ជំនួយ​របស់​ជប៉ុន​តាម​រយៈ អង្គការ​JICA កំពុង​អនុវត្ត​គម្រោង​ធ្វើ​ឱ្យ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ប្រសើរ​ឡើង ដែល​រួមមាន ការ​សាងសង់​អគារ​មន្ទីរពេទ្យ ការ​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ និង​សម្ភារ​បរិក្ខារ​ផ្សេងៗ។

រីឯ​ក្នុង​ជំនួប​ជាមួយ​អនុ​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ប្រទេស​កូរ៉េខាងត្បូង លោក ហ្គាងលីភ គីម (Ganglip Kim) ភាគី​កូរ៉េ​បាន​ផ្ដល់​ជំនួយ​ឥត​សំណង ដូចជា ការសាងសង់​អគារ​ចក្ខុរោគ នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង និង​កំពុង​ពង្រីក​បន្ថែម​ជា​បន្ដ​ទៀត​ដល់​កម្ពុជា។

មន្ត្រី​ជាន់ខ្ពស់​សុខាភិបាល​កូរ៉េ ក៏​បាន​សន្យា​ថា នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពង្រឹង​សមត្ថភាព​ទាំង​មន្ត្រី​សុខាភិបាល និង​មូលដ្ឋាន​សុខាភិបាល​នៅ​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន ផង​ដែរ។

ក្នុង​ជំនួប​អនុរដ្ឋមន្ដ្រី គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន លោក វ៉ាង ហេសេង (Wang Hesheng) កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ដដែល ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ រួមមាន ការ​ពង្រឹង​សមត្ថភាព​មន្ទីរ​ពិសោធន៍ ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការ​ទប់ស្កាត់​ភាព​ស៊ាំ​នៃ​ឱសថ និង​ការ​ពង្រឹង​ប្រព័ន្ធ​តាមដាន​ជំងឺ​គ្រុន​ចាញ់ នៅ​ខេត្ត​ស្ទឹងត្រែង។

ភាគី​ទាំងពីរ​ក៏​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ជំងឺ​សរសៃឈាម​បេះដូង ជាពិសេស ការ​វះកាត់​បេះដូង​ចំហ​ពី​កំណើត​របស់​កុមារ ការ​រួមបញ្ចូល​ផ្នែក​ជំងឺ​បេះដូង​នេះ ក្នុង​គម្រោង​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ ព្រមទាំង​ការ​បន្ដ​ជួយ​គាំទ្រ​លើ​ផ្នែក​វះកាត់​ជំងឺ​ភ្នែក​ឡើង​បាយ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល