ព្រះសង្ឃ​១៧​អង្គ​ក្អួត​ចង្អោរ​សង្ស័យ​ពុល​ទឹក​តែ​នៅ​វត្ត​ស្រែល្អ​ខេត្ត​ឧត្តរមានជ័យ

ដោយ ហង្ស សាវយុត
2016-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ​ក្មេងៗ​ចំនួន ១៧​អង្គ​នៅ​វត្ត​ស្រែល្អ ដែល​សង្ស័យ​ថា​ពុល​ទឹក​តែ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo Provided
ព្រះសង្ឃ​ក្មេងៗ​ចំនួន ១៧​អង្គ​នៅ​វត្ត​ស្រែល្អ ដែល​សង្ស័យ​ថា​ពុល​ទឹក​តែ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ព្រះសង្ឃ​វ័យ​ក្មេង​ចំនួន ១៧​អង្គ​គង់​នៅ​វត្ត​ស្រែល្អ ឃុំ​បាក់អន្លូង នៃ​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដែល​ជាប់​ព្រំ​ប្រទល់​គ្នា​នឹង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ មាន​អាការ​ក្អួត​ចង្អោរ តឹង​ទ្រូង ហើយ​ថប់​ដង្ហើម បន្ទាប់​ពី​ឆាន់​ទឹក​តែ កាល​ពី​រាត្រី​ថ្ងៃ​ទី​២០ ខែ​ធ្នូ។

អាជ្ញាធរ​ស្រុក​ត្រពាំងប្រាសាទ បាន​ហៅ​រថយន្ត​ពេទ្យ​ដឹក​ជញ្ជូន​ក្រុម​ព្រះសង្ឃ​ទាំងនោះ​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​ស្រុក​អន្លង់វែង បន្ទាប់​ពី​ឃើញ​ហេតុការណ៍​ដែល​គេ​សង្ស័យ​ថា​អាច​ពុល​អាហារ។

អភិបាល​ស្រុក​ត្រពាំងប្រាសាទ គឺ​លោក នៅ សំតារារិទ្ធ។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២១ ខែ​ធ្នូ ថា កាល​ពី​យប់​ថ្ងៃ​ទី​២០ ខែ​ធ្នូ គឺ​យាយជី​តាជី​ខ្លះ បាន​ទិញ​តែ និង​ស្ករស​ទៅ​ធ្វើ​ជា​ភេសជ្ជៈ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​ស្រែល្អ។ បន្ទាប់​ពី​ព្រះសង្ឃ​វ័យ​ក្មេង​ជាច្រើន​បាន​ឆាន់​ទឹក​តែ​លាយ​ស្ករស​មក គឺ​នៅ​ម៉ោង​ប្រហែល​ជា ៨​យប់ ក៏​មាន​អាការ​ពុល​តែ​ម្ដង៖ «យាយជី​តាជី​នៅ​នឹង​វត្ត គាត់​ទិញ​ស្ករស ទឹកដោះ​គោ តែ យក​ទៅ​ឆុង​ប្រគេន​លោក។ ប្រហែល​ជាជាតិ​ពុល​អាច​ពាក់ព័ន្ធ​ជាមួយ​នឹង​ស្ករ»

ទោះ​បី​ជា​យ៉ាង​ណា អភិបាល​ស្រុក​ត្រពាំងប្រាសាទ បញ្ជាក់​ថា អាការ​ពុល​នោះ​មិន​មាន​ព្រះសង្ឃ​ណា​មួយ​ធ្ងន់ធ្ងរ​រហូត​ដល់​សុគត​ទេ។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​នៅ​ក្នុង​ស្រុក​ត្រពាំងប្រាសាទ មាន​អ្នក​ពុល​អាហារ។ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា កន្លង​ទៅ សិស្ស​សាលា​បឋម​សិក្សា​ត្រាំប៉ោង ១៤០​នាក់​នៅ​ឃុំ​ព្រះប្រឡាយ ជាប់​គ្នា​នឹង​ឃុំ​បាក់អន្លូង នោះ បាន​ពុល​បង្អែម​ចេក​ខ្ទិះ​ម្ដង​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល