អ្នក​ភូមិ​នៅ​សៀមរាប​ម្នាក់​ស្លាប់​និង​៤​នាក់​ឈឺ​ដោយ​សង្ស័យ​ពុល​ផ្អក​ត្រីប្រៃ

ដោយ ហង្ស សាវយុត
2016-12-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ភូមិ​បង្កោង សង្កាត់​អំពិល ធ្វើ​​មឈូស​សម្រាប់​ដាក់​សព​ស្ត្រី​ឈ្មោះ គង់ ផ្លយ ដែល​ស្លាប់​បន្ទាប់​ពី​ពិសា​ផ្អក​ត្រីប្រៃ​ជាមួយ​បន្លែ។ រូបថត​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth
អ្នក​ភូមិ​បង្កោង សង្កាត់​អំពិល ធ្វើ​​មឈូស​សម្រាប់​ដាក់​សព​ស្ត្រី​ឈ្មោះ គង់ ផ្លយ ដែល​ស្លាប់​បន្ទាប់​ពី​ពិសា​ផ្អក​ត្រីប្រៃ​ជាមួយ​បន្លែ។ រូបថត​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

មន្ត្រី​មន្ទីរ​សុខាភិបាល ខេត្ត​សៀមរាប បាន​ប្រមូល​យក​បន្លែ​ជា​ច្រើន​ប្រភេទ​ដូចជា​ត្រសក់ និង​ស្ពៃ ព្រម​ទាំង​ផ្អក​ត្រីប្រៃ​ពី​ភូមិ​បង្កោង សង្កាត់​អំពិល ក្រុង​សៀមរាប ដើម្បី​យក​ទៅ​ពិសោធ​រក​មូលហេតុ​ថា តើ​ជាតិ​ពុល​បណ្ដាល​មក​ពី​អ្វី?

ការ​ប្រមូល​យក​កាក​សំណល់​បន្លែ និង​ផ្អក​ត្រី​ប្រៃ ទៅ​ពិសោធន៍​នេះ បន្ទាប់​ពី​អ្នក​ភូមិ​ចំនួន ៥​នាក់ ដែល​ក្នុង​នោះ​មាន​កុមារ​ចំនួន ៤​នាក់​ផង កើត​មាន​អាការៈ​ពុល ក្រោយ​ពី​ហូប​ត្រី​ប្រៃ​ជាមួយ​បន្លែ​ជា​ច្រើន​មុខ​មក។

ស្ត្រី​ចំណាស់​ម្នាក់​ក្នុង​ចំណោម​ក្មេង​ស្រី ៤​នាក់​ផ្សេង​ទៀត បាន​ស្លាប់​នៅ​ភូមិ​បង្កោង សង្កាត់​អំពិល ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប បន្ទាប់​ពី​គាត់​បាន​ហូប​ផ្អក​ត្រីប្រៃ ជាមួយ​នឹង​បន្លែ​ជា​ច្រើន​មុខ ហើយ​ពុល កាល​ពី​រាត្រី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ កន្លង​ទៅ។

ក្មេង​ស្រី​ម្នាក់ ក្នុង​ចំណោម​ប្អូន​តូចៗ ដែល​ពុល​អាហារ ៣​នាក់​ទៀត គឺ​នាង ពេជ្រ ស្រីលាក់ អាយុ ១៦​ឆ្នាំ។ នាង​មាន​ប្រសាសន៍​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែ​ធ្នូ ថា ជី​ដូន​នាង​បាន​នៅ​មើល​ថែរក្សា​រូប​នាង​ជាមួយ​នឹង​ប្អូនស្រី ៣​នាក់​ទៀត នៅ​ក្នុង​ផ្ទះ​ឈើ​ដ៏​ធំ​នេះ ដោយសារ​តែ​ឪពុក​ម្ដាយ​របស់​នាង​មិន​នៅ គឺ​រវល់​ទៅ​ធ្វើ​ការ​នៅ​ឯ​ខេត្ត​កំពង់ធំ។

នាង ពេជ្រ ស្រីលាក់ បញ្ជាក់​ទៀត​ថា កាល​ពី​វេលា​ម៉ោង​ប្រហែល ៥​ល្ងាច ថ្ងៃ​ទី​១៣ ខែ​ធ្នូ ជីដូន​របស់​នាង​ឈ្មោះ គង់ ផ្លយ អាយុ ៧០​ឆ្នាំ បាន​យក​ផ្អក​ត្រីប្រៃ​ពី​អ្នក​ជិត​ខាង ហើយ​ក៏​ទៅ​ទិញ​បន្លែ​ស្ពៃ ត្រសក់ និង​ពពាយ មក​ធ្វើ​ជា​ម្ហូប​ឱ្យ​បងប្អូន​របស់​នាង​ទទួលទាន។ ក្នុង​ពេល​នោះ ជី​ដូន​របស់​នាង​បាន​ទទួល​ទាន​មុន​គេ រួច​ហើយ​អញ្ជើញ​ទៅ​សុំ​សីល​នៅ​ឯ​ទី​វត្ត។ រូប​នាង​និង​ប្អូនៗ​ក៏​ទទួលទាន​ផ្អក​ត្រី​ប្រៃ​នោះ​ដែរ ស្រាប់​តែ​ប្រហែល ២​ម៉ោង​ក្រោយ​មក ជីដូន​របស់​នាង​មាន​អាការៈ​ពុល ហើយ​បាន​ស្លាប់​នៅ​ក្នុង​ទី​វត្ត។ ចំណែក​រូប​នាង និង​ប្អូនៗ ពេល​ឭ​ថា ជី​ដូន​ស្លាប់ ក៏​នាំ​គ្នា​ទៅ​យក​សព ហើយ​ក៏​ដឹង​ខ្លួន​ថា មាន​អាការៈ​ពុល​ដែរ ក៏ប៉ុន្តែ​ត្រូវ​អ្នក​ភូមិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព រួច​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ក្នុង​ខេត្ត​សៀមរាប ទាន់​ពេល​វេលា៖ «ត្រី​ប្រៃ​នោះ អ៊ំ​របស់​ខ្ញុំ​ឱ្យ មាន​កំពឹស មាន​កូន​ត្រី​តូចៗ ប៉ុន្តែ​ពេល​ដែល​គេ​កូរ​បញ្ចូល​គ្នា​ទៅ ខ្ញុំ​អត់​ដឹង​ថា ក្នុង​នោះ​មាន​អ្វី​ខ្លះ​ទៀត​ទេ»

ក្មេង​ស្រី​តូច​ម្នាក់​ទៀត​ដែល​ពុល​អាហារ​ដែរ​នោះ មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​នាង​ទទួល​ទាន​ផ្អក​ត្រី​ប្រៃ និង​បន្លែ​រយៈពេល ២​ម៉ោង​ក្រោយ​មក​នាង​ចាប់​ផ្ដើម​មាន​អាការៈ​មិន​ស្រួល​នៅ​ក្នុង​ខ្លួន ក៏ប៉ុន្តែ​នាង​មិន​ប្រាកដ​ថា តើ​ជាតិ​ពុល​មាន​នៅ​ក្នុង​អ្វី​នោះ​ទេ៖ «តឹង​ពោះ ដក​ដង្ហើម​ក៏​ដូចជា​តឹងៗ ក្អួត។ ខ្ញុំ​ហូប​តែ​ត្រសក់​និង​ស្ពៃ អំពិល​ចិត​ដាក់​ជាមួយ​ផ្អក​ត្រី​ប្រៃ»

បន្ទាប់​ពី​កើត​ហេតុការណ៍​ពុល​អាហារ​មក ប៉ូលិស​បាន​ចុះ​ទៅ​ប្រមូល​យក​សំណល់​បន្លែ និង​ផ្អក​ត្រី​ប្រៃ ដើម្បី​បញ្ជូន​ទៅ​មន្ទីរ​សុខាភិបាល​ពិសោធ​រក​ជាតិ​ពុល​ហើយ។

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អំពិល លោក ស៊ុយ សេងអ៊ី បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ស្ត្រី​ម្នាក់​ដែល​ស្លាប់ និង​ក្មេង ៤​នាក់ ដែល​មាន​បញ្ហា​សុខភាព​នោះ ទំនង​ជា​ពុល​ផ្អក​ត្រី​ប្រៃ ដែល​ធ្វើ​មិន​ល្អ៖ «ពុល​ត្រី​ប្រៃ ព្រោះ​ត្រីប្រៃ កាល​ណា​ធ្វើ​មិន​ស្អាត មាន​សត្វ​ល្អិត​សត្វ​អី​នៅ​ក្នុង​នោះ វា​ពុល​ហើយ»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ក្រូស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប ដើម្បី​សុំ​ការ​ពន្យល់​អំពី​លទ្ធផល​ពិសោធ​កាក​សំណល់​ដែល​ប្រមូល​យក​ពី​កន្លែង​ពុល​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ។

នៅ​ដើម​ខែ​ធ្នូ នេះ ខេត្ត​សៀមរាប មាន​ហេតុការណ៍​ពុល​អាហារ​ចំនួន ២​លើក​ហើយ។ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ កន្លង​ទៅ អ្នក​ភូមិ​ចុង​ស្រុក សង្កាត់​សៀមរាប ចំនួន ៣៦​នាក់ មាន​អាការៈ​ក្អួតចង្អោរ ទន់​ដៃជើង ដែល​គេ​សង្ស័យ​ថា អាច​ជា​ការ​ពុល​ផ្អក​ត្រីប្រៃ​នៅ​ក្នុង​ពិធី​បុណ្យ​សព ១​កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល