សមត្ថកិច្ច​ខេត្ត​ពោធិ៍សាត់​បញ្ជូន​សំណាក​បាយ​ឲ្យ​មន្ត្រី​ជំនាញ​សុខាភិបាល​វិភាគ​រក​ជាតិ​ពុល

ដោយ ជិន ជេដ្ឋា
2017-01-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ (មន្ទីរពេទ្យ​បង្អែក​សំពៅមាស) ស្ថិត​ក្រុង​ពោធិ៍សាត់។ រូបថត​ខែ​ធ្នូ ២០១៤
មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ (មន្ទីរពេទ្យ​បង្អែក​សំពៅមាស) ស្ថិត​ក្រុង​ពោធិ៍សាត់។ រូបថត​ខែ​ធ្នូ ២០១៤
RFA/Chin Chetha

នគរបាល​ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ កោះ​ហៅ​អ្នក​កាប់​ជ្រូក​ម្នាក់ និង​ម្ចាស់​ហាង​លក់​បាយ​ពីរ​នាក់ ដើម្បី​ឆ្លើយ​បំភ្លឺ​ករណី​មនុស្ស​ក្មេង​ចាស់​ជាង ២០០​នាក់ មាន​អាការ​ពុល​អាហារ​ក្រោយ​ពី​ទទួល​ទាន​បាយ​ដែល​ពួក​គេ​បាន​វេច​ខ្ចប់​លក់​ដូរ​នោះ។ ក្រោយ​ការ​បំភ្លឺ នគរបាល​មិន​បាន​ឃាត់​ខ្លួន​អាជីវករ និង​អ្នក​កាប់​ជ្រូក​ទេ ដោយ​រង់ចាំ​លទ្ធផល​នៃ​ការ​ពិសោធ​រក​ជាតិ​ពុល។

សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវ៉ាញ បាន​បញ្ចប់​ការ​សាកសួរ និង​អនុញ្ញាត​ឲ្យ​ជន​សង្ស័យ​ដែល​ជា​អ្នក​ធ្វើ​បាយ​ស្រូប​លក់ ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ប៉ុន្តែ​សំណាក​បាយ​ស្រូប​ដែល​អ្នក​ទាំង​បី​បាន​វេច​ខ្ចប់ ត្រូវ​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​សុខាភិបាល​វិភាគ​រក​ជាតិ​ពុល នៅ​គ្រា​ដែល​អ្នក​រៀបចំ​បាយ​អះអាង​ថា មិន​បាន​ដាក់ ឬ​បន្ថែម​សារធាតុ​អ្វី​លើ​បាយ​បណ្ដាល​ឲ្យ​ពុល​នោះ​ទេ។

អធិការ​ស្រុក​ភ្នំក្រវ៉ាញ លោក វង សាវ៉េត មាន​ប្រសាសន៍​ថា អាជីវករ​លក់​បាយ​ដែល​ត្រូវ​បាន​កោះ​ហៅ​មក​សាកសួរ​មាន​ឈ្មោះ ផា អៀមលី ឈ្មោះ ទៀម ស្រីមុំ និង​អ្នក​កាប់​ជ្រូក​ធ្វើ​ម្ហូប​ម្នាក់​ទៀត​នៅ​ផ្សារ​ដើម​គ ឋិត​នៅ​ទី​រួម​ស្រុក​ភ្នំក្រវ៉ាញ។ អ្នក​ទាំង​បី​ប្រាប់​ថា គេ​បាន​ធ្វើ​បាយ​តាម​ធម្មតា មិន​បាន​ផ្សំ​សារធាតុ​អ្វី​បណ្ដាល​ឲ្យ​អ្នក​បរិភោគ​ពុល​នោះ​ទេ ទើប​លោក​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ៖ «បាយ​ហ្នឹង​គាត់​ដាំ​ម៉ោង​មួយ​ទៀប​ភ្លឺ ថ្ងៃ​ទី​១៣ ធ្វើ​ទាំង​សាច់​ទាំង​បាយ ដាំ​ហើយ​វេច​ខ្ចប់​ម្នាក់ ៤០០​កញ្ចប់​មក​ឲ្យ​ខាង​ក្រុម​ការងារ។ ឥឡូវ​យើង​បាន​កសាង​សំណុំ​រឿង​តាម​នីតិវិធី​របស់​យើង​សិន ហើយ​ខាង​ជំនាញ​គេ​ចុះ​មក​ពិនិត្យ​យក​អា​បាយ​អីៗ​ទៅ​ពិនិត្យ​នៅ​ភ្នំពេញ​ណោះ។ យើង​ចាំ​មើល​គេ​បញ្ជាក់​ពី​ខាង​ហ្នឹង​មក​សិន តើ​វា​ពុល​ដោយសារ​ស្អី»

សិស្ស​សាលា​បឋម​សិក្សា​បត់​រំដួល និង​ពលរដ្ឋ​ជាច្រើន​នាក់ បាន​ក្អួត​ចង្អោរ និង​វិល​មុខ ក្រោយ​ពី​បរិភោគ​បាយ​ស្រូប​ដែល​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា កុម្ម៉ង់​ទិញ​មក​ពី​ទី​រួម​ស្រុក​ភ្នំក្រវ៉ាញ។ ក្រុម​ការងារ​បាន​កុម្ម៉ង់​បាយ​ចំនួន ៨០០​ប្រអប់​ពី​អាជីវករ​ទាំងនេះ ដើម្បី​ចែក​ជូន​អ្នក​ចូលរួម​ប្រជុំ​បក្ស ប៉ុន្តែ​ពេល​អ្នក​ចូលរួម​មក​មិន​គ្រប់​ចំនួន ៨០០​នាក់ ទើប​សល់​បាយ ហើយ​យក​ទៅ​ចែក​បន្ត​ដល់​សិស្ស​សាលា​បឋម​សិក្សា​បត់​រំដួល។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ករណី​នេះ​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ ឌី បាន​ទេ​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​សំពៅ​មាស ឬ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ លោក ច័ន្ទ សុខា ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ជាង ៩០​នាក់ បាន​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​របស់​លោក​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មករា ដោយ​អ្នក​ជំងឺ​ភាគច្រើន​មាន​អាការ​វិល​មុខ និង​ក្អួត​ចង្អោរ។ លោក​សង្ស័យ​ថា ជន​រងគ្រោះ​អាច​ពុល​សារធាតុ​អ្វី​មួយ​ដែល​ផ្ទុក​នៅ​ក្នុង​បាយ ប៉ុន្តែ​ព័ត៌មាន​ជាក់លាក់​អាស្រ័យ​លើ​លទ្ធផល​ចេញ​ពី​មន្ទីរ​ពិសោធន៍៖ «មុន​ហ្នឹង​បន្តិច​សល់​ប្រហែល​ដប់​នាក់​ប្អូន ប៉ុន្តែ​ឥឡូវ​ស្រួល​ហើយ រៀបចំ​នឹង​ចេញ​ទៀត​ហើយ។ យើង​ពិបាក​សន្និដ្ឋាន​ដែរ ដោយសារ​បាយ​មួយ​កញ្ចប់​មាន​បាយ​ផង សាច់​ជ្រូក​ផង ជ្រក់​វា​អី​ហ្នឹង​ផង វា​មិន​ដឹង​ជា​ប៉ះ​ចំ​មួយ​ណា ហើយ​ឥឡូវ​ខាង​ប៉ូលិស​បាន​រៀបចំ​ជា​សំណាក​អី​យក​ទៅ​ហើយ តែ​យើង​អត់​ដឹង​លទ្ធផល​ថា​ម៉េច​ទេ​បាទ»

អភិបាល​ស្រុក​ភ្នំក្រវ៉ាញ លោក សូរ សាហុង បញ្ជាក់​ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​មករា ពុំ​មាន​ករណី​មនុស្ស​ស្លាប់​ដោយសារ​ការ​ពុល​នេះ​ទេ ហើយ​អ្នក​ជំងឺ​សរុប​ចំនួន ២១៣​នាក់​ដែល​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ បាន​ធូរ​ស្រាល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជិត​អស់​ហើយ។ លោក​ថា បាយ​ដែល​បាន​កុម្ម៉ង់​ចំនួន ៨០០​ប្រអប់​សម្រាប់​ចែក​ជូន​អ្នក​ចូលរួម​ប្រជុំ​បក្ស​នៅ​ឃុំ​សំរោង ស្រុក​ភ្នំក្រវ៉ាញ នោះ បាន​កុម្ម៉ង់​ពី​អាជីវករ​ផ្សារ​ដើម​គ ហើយ​អ្នក​ចូលរួម​ប្រជុំ​បក្ស​ក៏​ពុល និង​សិស្ស​សាលា​បឋម​សិក្សា​បត់​រំដួល ដែល​ហូប​បាយ​នេះ​រួច​មាន​អាការ​ពុល​ស្ទើរ​គ្រប់​គ្នា​ជា​បន្តបន្ទាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល