សមត្ថកិច្ច​ថា​ព្រះសង្ឃ​៨៥​អង្គ​នៅ​ខេត្ត​ក្រចេះ​ពុល​ចង្ហាន់​​បណ្ដាល​មក​ពី​ឆាន់​ត្រី

ដោយ អាស៊ីសេរី
2017-11-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ក្រចេះ។
ផែនទី​ខេត្ត​ក្រចេះ។
Photo: RFA

ព្រះសង្ឃ​ចំនួន ៨៥​អង្គ គង់នៅ​វត្ត​សសរ​១០០ ស្រុក​សំបូរ ខែត្រ​ក្រចេះ មាន​អាការៈ​ក្អួត​ចង្អោរ តឹងទ្រូង វិលមុខ បន្ទាប់ពី​ឆាន់​ចង្ហាន់​កាល​ព្រឹក​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។  នគរបាល​សន្និដ្ឋាន​ជំហាន​ដំបូង​ថា មូល​ហេតុ​ដែល​ព្រះសង្ឃ​ទាំង​នោះ​ពុល​អាហារ​បែប​នេះ ដោយសារ​តែ​ឆាន់​ត្រី​ដែល​ពុទ្ធបរិស័ទ​ទិញ​ពី​អ្នក​នេសាទ​នៅ​ទន្លេ​មេគង្គ​ខែត្រ​ក្រចេះ។

​នគរបាល​ស្រុក​សំបូរ ខែត្រ​ក្រចេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ថា ក្រុម​គ្រូពេទ្យ​ជំនាញ​រក​ឃើញ​មូលហេតុ​ដែល​ព្រះសង្ឃ ៨៥​អង្គ គង់​នៅ​វត្ត​សសរ១០០ ពុល​អាហារ គឺ​បណ្ដាល​មក​ពី​ពុល​ត្រី​លលកស ត្រី​សំបកស្រឡៅ និង​ត្រី​គល់​ព្រិច។  លោក​ថា ព្រះសង្ឃ ៣៥​អង្គ ក្នុង​ចំណោម​ព្រះសង្ឃ ៨៥​អង្គ មាន​អាការៈ​ពុល​ធ្ងន់ធ្ងរ បាន​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​សំបូរ។

អធិការ​ស្រុក​សំបូរ លោក ប៊ុន ឈឿន ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ព្រះសង្ឃ​ទាំង​នោះ​ឆាន់​ចង្ហាន់​ពេល​ព្រឹក​រួច បណ្ដាល​ឱ្យ​ក្អួតចង្អោរ ស្លេកស្លាំង និង​ទន់ដៃទន់ជើង សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ស្រុក​សំបូរ ជា​បន្ទាន់ ហើយ​រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល ព្រះសង្ឃ​ទាំង​នោះ​បាន​ធូរស្រាល និង​បាន​វិលត្រឡប់​ទៅ​គង់នៅ​វត្ត​សសរ​១០០ វិញ​អស់​ហើយ។ លោក​បញ្ជាក់​ថា បាតុភាព​ពុល​ត្រី​នេះ ពុំ​មាន​ព្រះសង្ឃ​អង្គ​ណា​ម្នាក់​សុគត​នោះ​ទេ៖ «»។

​ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​សុខាភិបាល​ខែត្រ​ក្រចេះ ដើម្បី​សុំ​ការ​ពន្យល់​អំពី​ការ​ពិសោធ​ត្រី​ទាំង​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។

​មេឃុំ​សំបូរ លោក ជុំ សាវ៉ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ថា ក្រោយ​ពី​អាជ្ញាធរ​ឃុំ​ទទួល​ដំណឹង​នេះ​បាន​កោះ​ប្រជុំ​បន្ទាន់​មួយ​ស្ដីពី​ការ​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ​គ្រប់​ភូមិ​ទាំង​អស់​ឲ្យ​ប្រុង​ប្រយ័ត្ន​បរិភោគ​ត្រី​នៅ​ទន្លេ​មេគង្គ។ លោក​បញ្ជាក់​ថា បើទោះ​បី​ជា​គ្រូពេទ្យ​សន្និដ្ឋាន​ថា មូលហេតុ​ដែល​ព្រះសង្ឃ​ទាំង​នោះ​ពុល​អាហារ​ដោយសារ​ឆាន់​ត្រី​ក្ដី តែ​អាជ្ញាធរ​ឃុំ​ស្នើ​ឲ្យ​ស្ថាប័ន​ជំនាញ​សិក្សា និង​ស្រាវជ្រាវ​រក​មូលហេតុ​បន្ថែម​ទៀត ឬ​អាច​មក​ពី​បន្លែ និង​គ្រឿងផ្សំ​ផ្សេង​ទៀត​ជាដើម៖ «»។

​មន្ត្រី​សម្រប​សម្រួល​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) លោក ឯក ចំរើន យល់​ថា មាន​ត្រី​ពីរ​ប្រភេទ​ដែល​ពលរដ្ឋ​ដឹង​ជា​ទូទៅ​ថា​ពុល គឺ​ត្រី​ព្រលូង និង​ត្រី​ក្រពត។ លោក​ថា មនុស្ស​បរិភោគ​ត្រី​ព្រលូង ពុល នៅ​រដូវ​វស្សា​មាន​ផ្លែ​ដំបៅ និង​ផ្លែជលៀរ​ទំ ហើយ​ត្រី​នេះ​បាន​ស៊ី​ផ្លែ​ឈើ​ទាំង​នេះ។ លោក​ពន្យល់​ថា ស្ថានភាព​ទឹក​នៅ​រដូវ​ប្រាំង​នេះ ពុំ​មាន​បញ្ហា​បង្ក​ឲ្យ​ត្រី​មាន​សារធាតុពុល​នោះ​ទេ ក៏ប៉ុន្តែ​ប្រសិនបើ​ទឹក​ទន្លេ​រីង​រាក់​ហួស​កម្រិត នឹង​ធ្វើ​ឲ្យ​ត្រី​មួយ​ចំនួន​មាន​ជាតិ​ពុល​ដែរ៖ «»។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧  បុរស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​ពុល​ត្រី​កំពត ដែល​នេសាទ​បាន​នៅ​ដង​ទន្លេ​មេគង្គ​ខែត្រ​ក្រចេះ ហើយ​កាល​ពី​ឆ្នាំ​២០១៥ កុមារ​ពីរ​នាក់​រស់​នៅ​ស្រុក​សំបូរ បាន​ស្លាប់ ដោយសារ​បរិភោគ​ដំឡូង​មី​ជំនួស​បាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

របប ចង្រៃហ៊ុនសែន ស្អីក៏ពុល ស្អីក៏ពុល ៗៗៗៗៗៗ
ម្តង​នេះ ពុលព្រះសង្ឃ ៨៥ អង្គ ម្តងនៅខេត្តក្រចេះ !​

Nov 16, 2017 09:08 PM

គេហទំព័រ​ទាំងមូល