មនុស្ស​ជិត​៤០០​នាក់​ក្នុង​ខេត្តចំនួន​​២​ពុល​ចំណី​អាហារ

ដោយ តាំង សារ៉ាដា
2017-01-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ (មន្ទីរពេទ្យ​បង្អែក​សំពៅមាស) ស្ថិត​ក្រុង​ពោធិ៍សាត់។ រូបថត​ខែ​ធ្នូ ២០១៤
មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ (មន្ទីរពេទ្យ​បង្អែក​សំពៅមាស) ស្ថិត​ក្រុង​ពោធិ៍សាត់។ រូបថត​ខែ​ធ្នូ ២០១៤
RFA/Chin Chetha

មនុស្ស​ជិត ៤០០​នាក់ បាន​ពុល​អាហារ​ក្នុង​ខេត្ត​ពីរ​ផ្សេង​គ្នា កាល​ពី​ថ្ងៃ​សុក្រ ទី​១៣ ខែ​មករា។ នៅ​ខេត្ត​ពោធិ៍សាត់ មាន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជាង ៣០០​នាក់ ពុល​បាយ និង​ចំណី​អាហារ។ ពួកគេ​កំពុង​សម្រាក​ព្យាបាល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ក្នុង​ខេត្ត​នេះ។

អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន បាន​បដិសេធ​មិន​ប្រាប់​ពី​ចំនួន​ពិត​ប្រាកដ​នៃ​ចំនួន​ជនរងគ្រោះ ប៉ុន្តែ​កាសែត​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា យ៉ាង​ហោច​មាន​មនុស្ស​ជាង ៣០០​នាក់ រួម​ទាំង​សិស្សសាលា​បឋមសិក្សា​បទ​រំដួល ឃុំ​ផ្ទះរុង ស្រុក​ភ្នំក្រវាញ បាន​ពុល​ចំណីអាហារ និង​បាយ។

នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ផ្ទះរុង លោក មាស ម៉ឺន បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ករណី​ពុលបាយ​នេះ ដោយសារ​តែ​ពលរដ្ឋ និង​សិស្សានុសិស្ស​នៅ​ឃុំ​ផ្ទះរុង បាន​ទទួល​ទាន​បាយ​ប្រមាណ ២០០​ប្រអប់ ដែល​នៅ​សេសសល់​ពី​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​សំរោង។

ចំណែក​ពី​ខេត្ត​សៀមរាប ឯ​ណោះ​វិញ ក៏​មាន​ករណី​ពុល​អាហារ​នេះ​កើត​ឡើង​ដែរ។ ប្រជាពលរដ្ឋ​ចំនួន ៣៧​នាក់ នៅ​ឃុំ​ក្រូចគរ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប បាន​ពុល​នំ​បញ្ចុក។ ក្នុង​ចំណោម​អ្នក​ទាំង ៣៧​នាក់​នោះ មាន​ក្មេង​ចំនួន ២៨​នាក់ ។ អាជ្ញាធរ​ខេត្ត​សៀមរាប អោយ​ដឹង​ថា ជនរងគ្រោះ​កំពុង​សម្រាក​នៅ​មណ្ឌល​សុខភាព ហើយ​ករណី​ពុល​នេះ​ពុំ​មាន​អ្នក​រង​គ្រោះ​រហូត​ដល់​បាត់បង់​ជីវិត​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល