កុមារ​នៅ​តាកែវ​និង​កំពត​រង​ផល​ប៉ះពាល់​ផ្លូវ​ដង្ហើម ដោយសារ​ធូលី​ដីហុយ​ខ្លាំង​តាម​ផ្លូវជាតិ​លេខ៣

ដោយ សន ចាន់រដ្ឋា
2020-01-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ដី​ហុយ​តាម​ផ្លូវ​ជាតិ​លេខ​៣ ខណៈ​ផ្លូវ​នេះ​កំពុង​ជួសជុល កាល​ពី​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០២០។
ទិដ្ឋភាព​ដី​ហុយ​តាម​ផ្លូវ​ជាតិ​លេខ​៣ ខណៈ​ផ្លូវ​នេះ​កំពុង​ជួសជុល កាល​ពី​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០២០។
RFA

ពលរដ្ឋ​រស់នៅ​ជាប់​ផ្លូវជាតិ​លេខ៣ ក្នុង​ខេត្ត​កំពត និង​ខេត្ត​តាកែវ បារម្ភ​ថា កុមារ​មួយ​ចំនួន​កើត​ជំងឺ រលាក​សួត និង​ផ្លូវ​ដង្ហើម ដោយសារតែ​ធូលី​ដី​ហុយ​ខ្លាំង​អស់​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ​។ ម្យ៉ាងវិញទៀត ពួកគាត់​ថា បញ្ហា​ធូលី​ហុយ​នេះ​បាន​បង្ក​ជា​គុណវិបត្តិ​ធ្ងន់ធ្ងរ ដូចជា​ហានិភ័យ គ្រោះថ្នាក់​ចរាចរណ៍ ប្រឡាក់​សំលៀកបំពាក់ និង​ប៉ះពាល់​ដល់​សុខភាព​ជាដើម។

ពលរដ្ឋ​មួយ​ចំនួន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​ការ​កសាង​ផ្លូវជាតិ​លេខ ៣ និង​ស្រោច​ទឹក​ផ្លូវ​នេះ​ជាប្រចាំ ដើម្បី​កាត់បន្ថយ​ធូលី​ដី​ហុយ​ខ្លាំង ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ អ្នកដំណើរ និង​ជាពិសេស​កុមារ។

ពលរដ្ឋ​រស់នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក ស៊ឺន ពិសិទ្ធិ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២១ មករា ផ្លូវជាតិ​លេខ​៣ ចាប់​ចំណុច​កំពង់ទួល នៃ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល ដល់​ស្រុក​ត្រាំកក់​ខេត្ត​តាកែវ មាន​ប្រវែង​ប្រមាណ ៥០​គីឡូម៉ែត្រ មាន​ភាព​លំបាក​យាប់​យ៉ឺន​ខ្លាំង និង​ហុយ​ធូលី​ដី។ លោក​ថា ពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវជាតិ​នេះ តែង​ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​សុខភាព និង​លំបាក​ធ្វើដំណើរ​ជាង ២​ឆ្នាំ​មក​ហើយ​៖ «ការ​ធ្វើ​ផ្លូវ​វិនិយោគ​របស់​ចិន ឃើញ​ថា វា​ធ្វើ​យឺតយ៉ាវ អត់​មាន​បច្ចេកទេស​ត្រឹមត្រូវ​។ អ្នក​នៅ​ជុំវិញ​ហ្នឹង​ប៉ះពាល់​សុខភាព​ទី​១ សួត និង​ខ្យល់​ដង្ហើម​របស់​គាត់ ហើយ​វា​ប៉ះពាល់​សុខភាព ពលរដ្ឋ​រស់នៅ​ភូមិ​ហ្នឹង ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ហ្នឹង​ប៉ះពាល់​សុខភាព​គាត់​មែនទែន​។ វា​ហុយ​ចូល​ចំណីអាហារ​គាត់ គាត់​ធ្វើដំណើរ និង​ជំងឺ​ផ្លូវ​ដង្ហើម»

ចំណែក ពលរដ្ឋ​ម្នាក់ទៀត រស់នៅ​ជាប់​ផ្លូវជាតិ​លេខ ៣ ក្នុងស្រុក​ទឹកឈូ ខេត្ត​កំពត ថ្លែង​សុំ​លាក់​ឈ្មោះ ឱ្យ​ដឹង​ថា កូនៗ​របស់​លោក​ស្រី ២​នាក់ មាន​អាយុ ៧​ឆ្នាំ និង ៩​ឆ្នាំ មាន​ជំងឺ​រលាក​សួត និង​ផ្លូវ​ដង្ហើម ដោយសារ​ស្រូប​យក​ធូលី​ដី នៅ​ពេល​ដែល​ពួកគេ​ធ្វើដំណើរ​ទៅ​សាលារៀន​ដោយ​ជិះ​កង់​។ លោកស្រី​ថា មិន​ត្រឹមតែ​គ្រួសារ​លោកស្រី​ទេ កើត​ជំងឺ​នេះ មាន​កុមារ​ជាច្រើន​នាក់​ទៀត ក៏​មាន​ជំងឺ​ដូចគ្នា​នេះ​ដែរ​៖ «កូន​ខ្ញុំ​ពីរ​នាក់ ហើយ​ក្មេងៗ​ពីរ បី​នាក់​ទៀត នៅ​ក្បែរ​គ្នា​ហ្នឹង ដូចគ្នា​ឈឺ​ដូចគ្នា​ហ្នឹង ក្អក​ហត់ មាន​បញ្ហា​សួត​រហូត​ផ្លូវ​ដង្ហើម​។ គាត់​ក្អក​ហើយ​រលាក​សួត ហើយ​ភ្នែក​ឡើង​ក្រហម​អស់ហើយ​ពូ​អើយ ដី​ហុយ​។ ពិបាកធ្វើ​ដំណើរ​ហុយ​ខ្លាំង​ពេក​មើល​មនុស្ស​អត់​ឃើញ​ហ្មង»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​កំពត លោក យន់ ផល្លី សង្កេត​ឃើញ​ថា នៅ​ពេល​មាន​រថយន្ត​ធ្វើដំណើរ​ម្តងៗ ធូលី​ដី​ហុយ​ចូល​ផ្ទះ​ពលរដ្ឋ​ប្រឡាក់​ចាន​ឆ្នាំង ភួយ ខ្នើយ រួម​ទាំង​សម្ភារៈ​នៅ​ក្នុង​ផ្ទះ ជាដើម ដែល​ជា​ហេតុ​បង្ក​ការ​លំបាក​ធ្ងន់ធ្ងរ​ដល់​សុខុមាលភាព​ពលរដ្ឋ​។ លោក​ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​សាងសង់​ផ្លូវថ្នល់ និង​រដ្ឋាភិបាល ដែល​ត្រូវ​ធានា​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​៖ «សង្កេត​ទៅ​ក៏​មាន​ការ​ព្រួយបារម្ភ​ដែរ ពាក់ព័ន្ធ​ហ្នឹង​ទៅដល់​ពលរដ្ឋ​ទូទៅ វា​អាច​មាន​ផល​ប៉ះពាល់​ពាក់ព័ន្ធ​សុខភាព និង​មាន​ផល​ប៉ះពាល់​មួយទៀត គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យថាហេតុ ព្រោះថា ធម្មតា​ដី​ហុយ​វា​ងងឹត​មិន​អាច​មើល​គ្នា​ឃើញ​។ កន្លងទៅ​មាន​គ្រោះថ្នាក់​ដោយសារ​ហុយ​ដី​ហ្នឹង​ដែរ​បាទ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សាធារណការ លោក ប៉ាល់ ចន្ទតារា ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃទី២១ មករា។

ទាក់ទិន​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា កុមារ និង​មនុស្ស​ចាស់ ដែល​ស្រូប​ធូលី​ដី បង្ក​ឱ្យ​ប៉ះពាល់​ផ្លូវ​ដង្ហើម រលាក​បំពង់ក រលាក​ច្រមុះ និង​សួត ដែល​បណ្ដាល​ឱ្យ​មាន​ជំងឺ​រលាក​សួត និង​បញ្ហា​ផ្លូវ​ដង្ហើម ជាដើម​៖ «ធ្វើ​ឱ្យ​ក្មេង​កើត​អាលែកហ្សី ដោយសារ​ធូលី​ដី​ចូល​ទៅ​ក្លាយទៅជា ពាក្យ​បារាំង​ហៅថា អាលែកហ្សែន។ អាលែកហ្សែន វា​មិនមែន​ជា​មេរោគ​ទេ តែ​ជា​សារធាតុ​មួយ ធ្វើ​ឱ្យ​ខ្លួន​យើង​កុមារ​ប្រឆាំង​ហ្នឹ​អា​ហ្នឹង ដល់ពេល​វា​ប្រឆាំង​ខ្លាំង​ពេក វា​បង្ក​ឱ្យ​មាន​រលាក​បំពង់​ក រលាក​ច្រមុះ ជួន​កាល​ឱ្យ​ហើម​សួត​អ៊ីចឹង​ទៅ អាហ្នឹង​ទី​១​។ ទី​២ ហុយ​ច្រើន​អាច​មាន​មេរោគ​ហើរ ជួន​កាល​អាច​បង្ក​ធ្វើ​ឱ្យ​ប៉ះពាល់​សួត​ដែរ ជា​ពិសេស​ប៉ះពាល់​ធ្ងន់​ផ្លូវ​ដង្ហើម​ហ្នឹងឯង ផ្លូវ​ដង្ហើម​មាន​ច្រមុះ បំពង់​ក ហើយ​និង​សួត»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ចាំបាច់​ត្រូវ​មាន គណនេយ្យភាព​សាធារណៈ ដូច្នេះ​ក្រុមហ៊ុន ត្រូវ​មាន​ការទទួលខុសត្រូវ​ជា​សាធារណៈ​ដែរ ដោយ​ត្រូវ​ខ្វល់ខ្វាយ​ពី​ប្រយោជន៍​របស់​ពលរដ្ឋ និង​អ្នក​ដែល​រង​ផល​ប៉ះពាល់​នេះ​។ លោក​ថា នៅ​ពេល​ដែល​មាន​ផល​ប៉ះពាល់ ត្រូវតែ​មាន​ដំណោះស្រាយ ព្រោះ​រាល់​គម្រោង​សាងសង់​ទាំងអស់ សុទ្ធ​សឹង​មានការ​សិក្សា​ពី​ផល​ប៉ះពាល់​៖ «រឿង​ដែល​សំខាន់​គឺ រដ្ឋាភិបាល​មាន​សិទ្ធិ​ពេញលេញ ក្នុង​ការ​ចាប់​បង្ខំ​ឱ្យ​ក្រុមហ៊ុន​កសាង​ផ្លូវ​ហ្នឹង ធ្វើ​ទៅ​តាម​កិច្ចសន្យា​របស់​ខ្លួន ដូចជា​ធ្វើ​ឱ្យ​គេ​ដោះស្រាយ​ផល​ប៉ះពាល់​ដូចជា​ហុយ និង​ផល​ប៉ះពាល់​ផ្សេងទៀត​ពាក់ព័ន្​ជាមួយ​នឹង​សុខុមាលភាព​ពលរដ្ឋ»

ក្រុម​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៣ ត្អូញ​ថា ធូលី​ដី​ហុយ​ខ្លាំង នៅ​តាម​ផ្លូវជាតិ​លេខ​៣ រាប់​សិប​គីឡូម៉ែត្រ ដែល​ងាយ​នឹង​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ប៉ះពាល់​ខ្លាំង​ជាងគេ គឺ​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​កង់ ជាពិសេស​សិស្សានុសិស្ស​ដែល​ធ្វើដំណើរ​ទៅ​សាលារៀន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល