ជំងឺ​គ្រុនឈាម​កំពុង​បង្ក​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដល់​ជីវភាព និង​អាយុ​ជីវិត​កុមារ​នៅ​ខេត្ត​ភាគ​ឦសាន

ដោយ មួង ណារ៉េត
2019-08-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាពកុមារកើតជំងឺគ្រុនឈាមសម្រាកព្យាបាល ក្រោម​តង់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង កាលពីអំឡុងខែ កក្កដា ២០១៩។
ទិដ្ឋភាពកុមារកើតជំងឺគ្រុនឈាមសម្រាកព្យាបាល ក្រោម​តង់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង កាលពីអំឡុងខែ កក្កដា ២០១៩។
Photo Provided

ជំងឺគ្រុនឈាម​កំពុង​បង្ក​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដល់​ជីវភាព និង​អាយុជីវិត​របស់​ពលរដ្ឋ​គ្រប់​តំបន់ នៅ​ខេត្ត​ភាគ​ឦសាន​។ ជំងឺ​នេះ​បាន​សម្លាប់​ជីវិត​កុមារ​នៅ​ជនបទ​មួយ​ចំនួន នៅ​ស្រុក​សេសាន និង​ក្រុង​ស្ទឹងត្រែង នៅ​គ្រា​ដែល​ពលរដ្ឋ​មួយ​ចំនួន​មិនទាន់​យល់ដឹង ពី​វិធី​បង្ការ និង​បញ្ជូន​កូន​/​ចៅ​ទៅ​សង្គ្រោះ​ឱ្យ​ទាន់​ពេល។

ពលរដ្ឋ​រស់​ឃុំ​កំភុន ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង លោក ម៉ៃ វាសនា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៣ កក្កដា​ថា ជំងឺគ្រុនឈាម​បាន​ឆ្លង​រាតត្បាត​កាន់តែ​ខ្លាំង​ឡើង ដល់​គ្រប់​ទីកន្លែង​នៅ​ខេត្ត​ស្ទឹងត្រែង។ លោក​ថា ពលរដ្ឋ​ស្ទើរតែ​គ្រប់​ក្រុម​គ្រួសារ​នៅ​ជនបទ បាន​កើត​ជំងឺ​នេះ និង​បាន​បញ្ជូន​កូនចៅ​ពួកគេ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្ទឹងត្រែង​។ លោក​បន្ថែម​ថា ពលរដ្ឋ​រស់នៅ​ជនបទ​ភាគច្រើន ខ្វះ​ចំណេះដឹង ទាក់ទិន​វិធានការ​បង្ការ​ជំងឺគ្រុនឈាម និង​ការ​បញ្ជូន​កូនចៅ​ពួកគេ​ឱ្យ​ទាន់​ពេល​វេលា​ទៅ​មន្ទីរពេទ្យ​៖ «មានការ​កើតឡើង​ច្រើន​បង មួយ​ផ្ទះ​យ៉ាងតិច​ក៏ ២​នាក់​ទៅ ៣​នាក់​ដែរ​ក្នុង​មួយ​គ្រួសារ​។ មួយ​ផ្ទះ​ណា​ដែល​កើត​ហើយ​ភាគច្រើន​វា​កើត​ត​គ្នា មាន ២ និង ៣​ក្នុង​មួយ​គ្រួសារ​។ ខ្ញុំ​ធ្វើ​ការ​ចុះ​តាម​សហគមន៍ វា​ច្រើន​មែនទែន​អ្នក​កើត​ហ្នឹង តាម​ភូមិ​មួយៗ ដែល​ខ្ញុំ​ចុះទៅ​សួរ។ ខ្ញុំ​ចុះទៅ​ប្រជុំ​ភាគច្រើន​ស្ទើរតែ​គ្មាន​អ្នកចូលរួម​ផង ខ្ញុំ​ចុះទៅ​ប្រជុំ​សហគមន៍​គាត់​ថា កូន​ឈឺ​ទៅ​ពេទ្យ អត់​មាន​ពី​ណា​ទី​ផ្ទះ​កូនឈើ ភាគច្រើន​គឺ​គ្រុនឈាម​ហ្នឹង»

សេចក្ដី​រាយការណ៍​ពី​ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង ឱ្យ​ដឹង​ថា ចាប់ពី​ខែ​មិថុនា មក​ទល់​ពេល​នេះ មាន​កុមារ និង​យុវជន រាប់​ពាន់​នាក់ បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ច្រើន​ស្អេកស្កះ រហូត​ខ្វះ​បន្ទប់​សម្រាក​ព្យាបាល។ រីឯ​អាជ្ញាធរ​ជំនាញ​បាន​បោះតង់​ជា​ជួរ ក្នុង​បរិវេណ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ផ្ដល់​ទីកន្លែង​សម្រាក​ព្យាបាល​ដល់​អ្នកជំងឺ​បណ្ដោះអាសន្ន។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្ទឹងត្រែង លោក អ៊ុង សូវៀត និង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន ដើម្បី​សុំ​ការ​អធិប្បាយ​ករណី​នេះ ក៏ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នក​លើក នៅ​ថ្ងៃទី៣ សីហា។

តែ​យ៉ាងណា លោកស្រី ឱ វណ្ណឌីន ប្រាប់​កាសែត​ក្នុងស្រុក​ថា ចាប់ពី​ខែ​មករា រហូត​មក តួលេខ​អ្នកជំងឺ​គ្រុនឈាម មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ (២១.១៣០​នាក់​) ហើយ​អ្នក​ស្លាប់​មាន​ចំនួន ២៥​នាក់​។ ចំនួន​នេះ​មានការ​កើន​ឡើង ៥​ដង បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៨ ដែល​មាន​កុមារ​ជាង ២​ពាន់ ៥​រយ​នាក់ (,៥៣០) ឈឺ ក្នុង​នោះ​ស្លាប់​៧​នាក់។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា បាតុភាព​នេះ ជា​មេរៀន​មួយ​សម្រាប់​រដ្ឋាភិបាល និង​អ្នក​រួមចំណែក​បង្ការ ការពារ​ជីវិត​ជំងឺគ្រុនឈាម គួរតែ​រៀន​សូត្រ​បន្ថែម ពី​វិធី​បង្ការ និង​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព។ លោក​ថា រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រក​មធ្យោបាយ ឱ្យ​ពលរដ្ឋ​យល់ដឹង វិធី​បង្ការ​ជំងឺគ្រុនឈាម តាមរយៈ​សំអាត​បរិស្ថាន​ជុំវិញ​ផ្ទះ និង​រុញ​ឱ្យ​ពួកគេ ត្រូវ​ចេះ​រក​ជំនួយ​អន្តរាគមន៍​សង្គ្រោះ​ពី​ខាងក្រៅ​ឱ្យ​ទាន់​ពេល​៖ «ឈាន​ទៅ​ដល់​មាន​មនុស្ស​ស្លាប់​ក្នុង​នោះ​មាន​កុមារ​ជាដើម ខ្ញុំ​គិត​ថា វា​ពុំ​មែន​ជា​រឿង​មួយ​ដែល​ល្អ​ទេ។ មិនល្អ​ដោយសារតែ​ទី ១ ពលរដ្ឋ​ខ្វះ​ការ​យល់ដឹង​។ ទី​២​បណ្ដាល​មក​ពី​យន្តការ​ផ្សេងៗ​បាន​ផ្អាក ឬ​អនុ​វត្តមាន​មួយ​រយៈ​ធំ​ហើយ​នៅ​ពេល​ដែល​ផ្ទុះ​ហើយ បាន​នាំគ្នា​ទៅ​ចាត់វិធានការ​បាញ់ថ្នាំ​កំណាត់​មូស​ខ្លា​ជាដើម​ហ្នឹង»

អាស៊ីសេរី​នៅ​មិនទាន់​ទទួល​បាន​របាយការណ៍ និង​តួលេខ បង្ហាញ​ពី​ចំនួន​អ្នក​កើត​ជំងឺគ្រុនឈាម និង អ្នក​ស្លាប់​នៅ​ខេត្ត​ស្ទឹងត្រែង មាន​ចំនួន​ប៉ុន្មាន​នាក់​នៅឡើយ​ទេ ក៏ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​ខេត្ត​នេះ​អះអាង​ថា ជំងឺ​នេះ​បាន​ផ្ទុះឡើង​នៅ​ឆ្នាំនេះ ច្រើនជាង​ឆ្នាំ​មុនៗ​ទ្វេ​ដង។ រីឯ​នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ខេត្ត​ព្រះវិហារ ក៏​មាន​សេចក្ដី​រាយការណ៍​ថា ជំងឺគ្រុនឈាម​បាន​ឆ្លង​រាតត្បាត​គ្រប់​ទីកន្លែង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល