ក្រសួងទេសចរណ៍​សម្រេច​ជ្រើស​យក​ខេត្ត​បាត់ដំបង ជា​ទីក្រុង​គំរូ​គ្មាន​ផ្សែង​បារី​មុន​គេ

ដោយ ម៉ៅ សុធានី
2019-12-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តា​ដំបង​គ្រញូង និមិត្តរូប​តំណាង​ខេត្ត​បាត់ដំបង
តា​ដំបង​គ្រញូង និមិត្តរូប​តំណាង​ខេត្ត​បាត់ដំបង
រូប៖ ហ្វេសប៊ុក

ក្រសួងទេសចរណ៍​សម្រេច​ជ្រើស​យក​ខេត្ត​បាត់ដំបង ជា​ទីក្រុង​គំរូ​គ្មាន​ផ្សែង​បារី​មុន​គេ នៅ​តំបន់​ទេសចរណ៍​នៅ​ចុង​ឆ្នាំ២០២០។

អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក្ត្រ ត្រូវ​បាន​ព័ត៌មាន ខ្មែរ ថែមស៍ (Khmer Times) ​ដក​ស្រង់​​សម្ដី មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កន្លែង​ដែល​គ្មាន​ផ្សែង​បារី ឬ​ហាម​ជក់​បារី​នោះ គឺ​មាន​នៅ​សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​នានា ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់ ដល់​ភ្ញៀវ​ទេសចរ ដែល​មិន​ចូល​ចិត្ត​ការ​ជក់​បារី ឬ​ហិត​ផ្សែង​បារី។

អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​នឹង​ធ្វើ​យុទ្ធនាការ​គ្មាន​ផ្សែង​បារី​ដូច​គ្នា​នេះ នៅ​ក្រុង​មួយ​ចំនួន​ទៀត រួមមាន នៅ​ទីក្រុង​សៀមរាប កំពត និង​ក្រុង​ក្រចេះ។ លោក​បន្ត​ថា ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៩ មក ក្រសួង​ទេសចរណ៍ បាន​ចុះ​ត្រួត​ពិនិត្យ នៅ​តាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នៅ​ក្រុង​បាត់ដំបង រក​ឃើញ​ថា សណ្ឋាគារ​ចំនួន២២ ក្នុង​ចំណោម​សណ្ឋាគារ​ចំនួន ៤៤ បាន​​អនុវត្ត​ការ​ហាម​ជក់​បារី ឬ​គ្មាន​ផ្សែង​បារី ហើយ​នៅ​តាម​ភោជនីយដ្ឋាន​វិញ ក្នុង​ចំណោម ចំនួន ២៦ គឺ​មាន​ភោជនីយដ្ឋាន​ចំនួន​១៣ ហើយ បាន​អនុវត្ត​នូវ​គោលការណ៍​គ្មាន​ផ្សែង​បារី​នេះ។

ស្ថិតិ​ក្រសួង​ទេសចរណ៍​ឲ្យ​ដឹង​ថា ក្នុង​អំឡុង ១០ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស ចំនួន ៥លាន ៣សែននាក់ ដែល​ចំនួន​នេះ គឺ​កើន​ឡើង ជិត១០% បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ២០១៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល