កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩​ថ្មី​មួយ​ករណី​ទៀត លើ​បុរស​ខ្មែរ​មាន​សញ្ជាតិ​អាមេរិក

ដោយ មួង ណារ៉េត
2020-06-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេរោគ​វីរុស កូរ៉ូណា
មេរោគ​វីរុស កូរ៉ូណា
ក្រសួងសុខាភិបាល

ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី២៣ មិថុនា​ បាន​រក​ឃើញ អ្នក​ឆ្លង​កូវីដ-១៩ថ្មី​មួយ​ករណី​ទៀត​លើ​បុរស​ជន​ជាតិ​ខ្មែរ ​មាន​សញ្ជាតិ​អាមេរិក ស្នាក់​នៅ​ភូមិ​ដំណាក់​ប្រា សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំ​ពេញ។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា បុរស​ជនជាតិ​ខ្មែរ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ថ្មី​នេះ មាន​អាយុ ៦៦ឆ្នាំ បាន​ធ្វើ​ដំណើរ​​មកពី​ប្រទេស​អាមេរិក​ មក​ដល់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២១ ​ ខែ​មិថុនា និង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​ទៅ​វិភាគ ហើយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស​កូវីដ-១៩ កាល​ពី​ថ្ងៃ​ទី២២ មិថុនា។ បច្ចុប្បន្ន​បុរស​រូប​នេះ កំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

អ្នកដំណើរ​ដែល​បាន​ជិះ​យន្ត​ហោះ​ជាមួយ​បុរស​រូប​នេះ ​សរុប​ចំនួន ១១២នាក់ ក្នុង​នោះ​មាន​ជន​ជាតិ​ខ្មែរ ៨៩នាក់ និង​បរទេស​ចំនួន ២៣នាក់ ត្រូវ​បាន​ក្រសួង​សុខាភិបាល​ដាក់​ឲ្យ​ធ្វើ​ចត្តាឡឺស័ក​ចំនួន​១៤ថ្ងៃ នៅ​មណ្ឌល​ចត្តាឡឺស័ក​ជម្ពូវ័ន១ និង​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​តាម​ដាន​សុខភាព​របស់​ពួក​គេ​បន្ត​ទៀត។

គិត​ត្រឹម​ថ្ងៃ​ទី២៣ មិថុនា​ ​ចំនួន​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩​ សរុប​ទូទាំង​ប្រទេស​កើន​ដល់​ចំនួន ១៣០​នាក់ ក្នុង​នោះ​អ្នក​ជាសះ​ស្បើយ ១២៧នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មាន​ចំនួន ​៣​នាក់។

ក្រសួង​សុខាភិបាល​នៅ​តែ​ធ្វើ​ការ​ក្រើន​រំលឹក​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​មួយ​នេះ និង​ត្រូវ​អនុវត្ត​អនាម័យ​​ដោយ​ត្រូវ​ពាក់​ម៉ាស់​នៅ​ពេល​ចាំ​បាច់​ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​ អាល់កុល​ ឬ​ជែល​ឲ្យបាន​ស្អាត​ជានិច្ច និង​មិន​ត្រូវ​ប្រមូល​ផ្តុំ​នៅ​ទី​ប្រជុំ​ជន ដែល​មាន​មនុស្ស​ច្រើន​នោះ​ទេ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល