បុរស​ម្នាក់​ស្លាប់​ក្រោយ​បរិភោគ​ត្រី​ក្រពត

ដោយ ម៉ែន សុធីរ
2017-06-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ត្រី​ក្រពត​ដែល​អ្នក​ពលរដ្ឋ​រស់​នៅ​ឃុំ​បុសលាវ ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ ពុល​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo provided
ត្រី​ក្រពត​ដែល​អ្នក​ពលរដ្ឋ​រស់​នៅ​ឃុំ​បុសលាវ ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ ពុល​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo provided
Photo provided

នគរបាល​ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ថា បុរស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​ពុល​ត្រី​ក្រពត ដែល​នេសាទ​បាន​នៅ​ដង​ទន្លេ​មេគង្គ​ខែត្រ​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា។

អធិការ​ស្រុក​ចិត្របុរី លោក យ៉ាន់ ហ៊ាង ឲ្យ​ដឹង​ថា មុន​កើត​ហេតុ​បុរស​បី​នាក់​នោះ បាន​ទៅ​នេសាទ​នៅ​ទន្លេ​មេគង្គ និង​បាន​ចាប់​ត្រី​ក្រពត​បាន ៥​ក្បាល រួច​ដុត​បរិភោគ​ក្លែម​ស្រា បណ្ដាល​ឲ្យ​ពុល​ទាំង ៣​នាក់​តែម្ដង។ ក្នុង​ចំណោម​បុរស​ដែល​ពុល​ត្រី​នោះ មាន​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង រី​ឯ​បុរស​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខែត្រ និង​ម្នាក់​ទៀត​មាន​អាការៈ​ពុល​តិចតួច​ត្រូវ​សម្រាក​ព្យាបាល​នៅ​លំនៅឋាន។ លោក​ថា មុន​ពេល​ស្លាប់​ជនរងគ្រោះ​បែក​ពពុះ​មាត់ និង​ក្អួត បន្ទាប់​ពី​បាន​បរិភោគ​ត្រី​ក្រពត​នោះ៖ «គាត់​ពិសា​គ្នា​បី​នាក់​ហ្នឹង ហើយ​អ្នក​ដែល​ស្លាប់​នៅ​កន្លែង គឺ​គាត់​ពិសា​ច្រើន​ជាង​គេ។ គាត់​ស្លាប់​ភ្លាមៗ​តែម្ដង អត់​មាន​ថា រំលង​បាន​មួយ​ម៉ោង ឬ​ពី​ម៉ោង​ក្រោយ​ទេ គឺ​នៅ​កន្លែង​គាត់​ហូប​តែម្ដង។ យើង​បាន​ធ្វើ​កោសល្យវិច័យ​របស់​មន្ត្រី​ជំនាញ​អាច​សន្និដ្ឋាន​ថា គាត់​ពិត​ជា​ពុល​ត្រី​ក្រពត​ហ្នឹង​មែន»

លោក យ៉ាន់ ហ៊ាង បន្ថែម​ថា បុរស​ដែល​ពុល​ត្រី​ក្រពត​ស្លាប់​នោះ ឈ្មោះ អំ ធេន វ័យ ៣៨​ឆ្នាំ រស់​នៅ​ឃុំ​បុសលាវ ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ មាន​មុខ​របរ​ជា​អ្នក​នេសាទ។ លោក​ថា កន្លង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​តែង​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ក្នុង​ការ​បរិភោគ​ត្រី​សាច់ និង​ស្រា​ស ដែល​អ្នក​ភូមិ​ធ្លាប់​ជួប​បាតុភាព​នេះ​ច្រើន​ករណី​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល