កម្មករ​រោងចក្រ Starite ជាង​១០០នាក់ ដួល​សន្លប់​ដោយសារ​ពុល​ក្លិន​ថ្នាំ​បាញ់ និង​ផ្សារ​ដែក

ដោយ មាន ឫទ្ធិ
2018-05-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ Starite (Cambodia) ស្ថិត​ក្នុង​ភូមិ​ត្រយឹង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ដោយសារ​ពុល​ក្លិន​ចំហាយ​ថ្នាំ​បាញ់ និង​ផ្សា​ដែក កាល​ពី​ថ្ងៃ​ទី២៧ ឧសភា ២០១៨។
កម្មករ​រោងចក្រ Starite (Cambodia) ស្ថិត​ក្នុង​ភូមិ​ត្រយឹង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ដោយសារ​ពុល​ក្លិន​ចំហាយ​ថ្នាំ​បាញ់ និង​ផ្សា​ដែក កាល​ពី​ថ្ងៃ​ទី២៧ ឧសភា ២០១៨។
រូបភាព ប.ស.ស

យ៉ាងហោចណាស់​កម្មករ​-​កម្មការិនី​ចំនួន ១១៧​នាក់ ធ្វើការ​នៅ​រោងចក្រ Starite (Cambodia) ស្ថិត​ក្នុង​ភូមិ​ត្រយឹង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ដោយសារ​ពុល​ក្លិន​ចំហាយ​ថ្នាំ​បាញ់ និង​ផ្សារ​ដែក។

ស្នងការ​នគរបាល​ស្រុក​អង្គស្នួល​លោក មាន សំណាង ត្រូវ​បាន​ភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួរ ស្រង់​ប្រសាសន៍​ថា មូលហេតុ​នៃ​ការ​ដួល​សន្លប់​នោះ គឺ​ដោយសារតែ​កម្មករ​-​កម្មការិនី​ទាំងនោះ​បាន​ពុល​ក្លិន​ថ្នាំ​បាញ់ និង​ផ្សារ​ដែក ភាយ​ចេញពី​រោងចក្រ​ដែល​ទើបតែ​ត្រូវ​បាន​ជួសជុល​ឡើងវិញ​ស្ថិតនៅ​ក្បែរ​នោះ។ លោក​ថា កម្មករ-កម្មការិនី​ទាំងនោះ មាន​អាការៈ​ក្អួត​ចង្អោរ វិលមុខ និង​រក​កល​សន្លប់ ស្រប​ពេល​ដែល​កម្មករ​និយោជិក​ទាំងនោះ​មាន​ស្ថានភាព​សុខភាព​ទន់ខ្សោយ។

ទំព័រ​ហ្វេសប៊ុក​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (..) ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្រុម​ការងារ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម សាខា​ខេត្ត​កណ្ដាល បាន​សម្របសម្រួល​បញ្ជូន​កម្មករ​រងគ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់ និង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​បង្អែក​អង្គស្នួល និង​គ្លីនិក​មួយ​ចំនួន​នៅ​ក្បែរ​តំបន់​កើតហេតុ​នោះ។ ប..ស អះអាង​ថា រាល់​ការ​ចំណាយ​លើ​ថ្លៃ​ដឹកជញ្ជូន និង​សម្រាក​ព្យាបាល​ទាំងអស់​ជា​បន្ទុក​របស់​ខ្លួន។

រោងចក្រ Starite (Cambodia) មាន​កម្មករ​សរុប ៧០០​នាក់។ ក្រោយ​កើតហេតុ​ដួល​សន្លប់​នេះ ថៅកែ​រោងចក្រ​បាន​អនុញ្ញាត​ឲ្យ​កម្មករ​-​កម្មការិនី​ទាំងនោះ​ឈប់សម្រាក​រយៈពេល​មួយថ្ងៃ។

បញ្ហា​កម្មករ​និយោជិក​រោងចក្រ​ដួល​សន្លប់​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​នៃ​គ្រោះថ្នាក់​ការងារ​នៅ​កម្ពុជា ស្រប​ពេល​ដែល​អាជ្ញាធរ និង​ច្បាប់​កម្ពុជា​មាន​ភាព​ធូររលុង និង​មិន​ទាន់​មាន​វិធានការ​ជាក់លាក់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។ របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បង្ហាញ​ថា គិត​ចាប់ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៧ មាន​កម្មករ​និយោជិក​ចំនួន​ជាង ១ម៉ឺន​នាក់ (១០,៨៥៧) បាន​ដួល​សន្លប់​នៅ​តាម​រោងចក្រ​មួយ​ចំនួន។ មូលហេតុ​នៃ​ការ​សន្លប់​នេះ ដោយសារ​មក​ពី​បញ្ហា​ក្លិន​គីមី​នៅ​ក្នុង​រោងចក្រ ទីតាំង​រោងចក្រ​មិន​មាន​បរិយាកាស​ល្អ ចង្អៀត ផ្នែក​ចិត្តសាស្ត្រ​សង្គម ករណី​កម្មករ​ស្លុត​ដួល​តាម​គ្នា បញ្ហា​មេកានិច ស្រប​ពេល​សុខភាព​កម្មករ​មាន​ស​ភាព​ទន់ខ្សោយ​ដោយសារ​ការ​សម្រាក​មិន​គ្រប់គ្រាន់ ការ​ហូប​អាហារ​មិន​ទៀងទាត់ និង​គ្មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល