អង្គការ​សង់ត្រាល់​ស្នើ​ឱ្យ​ស៊ើបអង្កេត​រក​មូលហេតុ​ពិត​នៃ​ការ​ដួល​សន្លប់​កម្មករ​រោងចក្រ​ស្តារីត

ដោយ ហេង សកល
2018-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ Starite (Cambodia) ស្ថិត​ក្នុង​ភូមិ​ត្រយឹង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ដោយសារ​ពុល​ក្លិន​ចំហាយ​ថ្នាំ​បាញ់ និង​ផ្សា​ដែក កាល​ពី​ថ្ងៃ​ទី២៧ ឧសភា ២០១៨។
កម្មករ​រោងចក្រ Starite (Cambodia) ស្ថិត​ក្នុង​ភូមិ​ត្រយឹង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ដោយសារ​ពុល​ក្លិន​ចំហាយ​ថ្នាំ​បាញ់ និង​ផ្សា​ដែក កាល​ពី​ថ្ងៃ​ទី២៧ ឧសភា ២០១៨។
រូបភាព ប.ស.ស

មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​អង្គការ​សង់ត្រាល់ ស្នើ​ឱ្យ​ក្រសួង​ការងារ​បើក​ការស៊ើបអង្កេត​ស្វែងរក​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ដួល​សន្លប់​កម្មករ​១១៧​នាក់ នៅ​ក្នុង​រោងចក្រ​ស្តារីត (Starite)។ សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សង់ត្រាល់ ចុះ​ថ្ងៃ​ទី​៣០ ខែ​ឧសភា នេះ​ឱ្យ​ដឹង​ថា​ការ​ស្វែងរក​មូលហេតុ​ពិត​នៃ​ការ​ដួល​សន្លប់ នឹង​ធានា​ថា រោងចក្រ​នេះ​អនុវត្ត​ឱ្យ​បាន​តឹងរ៉ឹង​តាមច្បាប់​ស្ដីពី​ការងារ និង​ប្រកាស​ដែល​ពាក់ព័ន្ធ។

កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា កន្លង​ទៅ​នេះ កម្មករ​ជាង​មួយ​រយ​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​នៅ​រោងចក្រ​ស្តារីត នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល។ រោងចក្រ​នេះ ផលិត កាតាប និង​កាបូបស្ពាយ។

អង្គការ​សង់ត្រាល់​បាន​ជួប​ជាមួយ​កម្មករ​ប្រមាណ ៦០​នាក់ សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក និង​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន ដែល​កម្មករ​ភាគច្រើន​ជា​ស្ត្រី។ កម្មករ​បាន​ប្រាប់​មក​អង្គការ​សង់ត្រាល់​ថា ករណី​ដួល​សន្លប់​នេះ បាន​កើត​ឡើង​នៅ​ក្នុង​ដំណាក់កាល​បី​ផ្សេងៗ​គ្នា។ ពួកគេ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់​នៃ​ការ​ដួលសន្លប់​នៅឡើយ​ទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​ចំនួន​បាន​លើកឡើង​ថា ការ​ដួល​សន្លប់​នេះ ដោយសារតែ​មានការ​ជះ​ចំហាយ​ក្លិន​ម្យ៉ាង​ពី​អគារ​ក្បែរ​នោះ។ កម្មករ​ថា ចំហាយ​ក្លិន​នោះ ចេញពី​សារធាតុ​គីមី​ម្យ៉ាង​ដែល​ត្រូវ​បាន​គេ​បាញ់​នៅ​ក្បែរ​នោះ។ កម្មករ​ក៏​រអ៊ូ​ថា លក្ខខណ្ឌ​ការងារ​នៅ​រោងចក្រ​ស្តារីត គឺ​ក្ដៅ​ខ្លាំង និង​មិន​ទទួល​ខ្យល់​ត្រជាក់ ហើយ​គ្រាន់​តែ​មាន​បង្អួច​សម្រាប់​ខ្យល់​ចេញចូល​ប៉ុណ្ណោះ។

កម្មករ​ដែល​បាន​អវត្តមាន​បំពេញ​ការងារ ដោយសារ​ហេតុការណ៍​នេះ​ត្រូវ​ទទួល​ប្រាក់​ឈ្នួល​ធម្មតា ហើយ​កម្មករ​ដែល​បាន​អវត្តមាន​បំពេញការងារ ក្នុង​រយៈពេល​ជាង​បួន​ថ្ងៃ ដោយសារ​ហេតុការណ៍​នេះ​ត្រូវ​ទទួល​សំណង​តាម​មាត្រា ២៥២ នៃ​ច្បាប់​ស្ដីពី​ការងារ។

កាលពី​ដើម​ខែ កុម្ភៈ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ លោក ហ៊ុន សែន ក៏បាន​ស្នើ​ឱ្យ​ស្ថាប័ន​ជំនាញ សហការ​គ្នា​ស្រាវជ្រាវ​រក​មូលហេតុ​ឱ្យ​ច្បាស់លាស់ ដែល​នាំ​ឱ្យ​កម្មករ កម្មការិនី​ខ្មែរ ដួល​សន្លប់​ញឹកញាប់​នេះ​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅតែ​មិនទាន់​មាន​លទ្ធផល​ផ្លូវការ​ណាមួយ​បង្ហាញ​ពី​មូលហេតុ​ពិតប្រាកដ​នៃ​កា​ដួល​សន្លប់​នេះ​នៅឡើយ​ទេ។ យោង​តាម​របាយការណ៍​របស់​ក្រុមការងារ​ទប់​ស្កាត់​ករណី​សន្លប់ និង​បង្ការ​គ្រោះថ្នាក់​ការងារ (...) របស់​ក្រសួង​ការងារ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ មាន​ករណី​កម្មករ​សន្លប់​ចំនួន ២២​រោងចក្រ ស្មើនឹង​ចំនួន ១.៦០៣​នាក់ ក្នុង​នោះ​កម្មការិនី ចំនួន ១.៥៩៩​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល