សិស្ស​សាលា​បឋម​សិក្សា​នៅ​ខេត្ត​ឧត្ដរមានជ័យ​១៤០​នាក់​ពុល​ចំណី

ដោយ ហង្ស សាវយុត
2016-11-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជ្ញាធរ និង​អ្នក​ភូមិ​កំពុង​ជួយ​កុមារ​ដែល​គេ​សង្ស័យ​ថា​ពុល​អាហារ នៅ​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ កាល​ពី​ល្ងាច​ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo provided
អាជ្ញាធរ និង​អ្នក​ភូមិ​កំពុង​ជួយ​កុមារ​ដែល​គេ​សង្ស័យ​ថា​ពុល​អាហារ នៅ​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ កាល​ពី​ល្ងាច​ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo provided
Photo provided

មន្ទីរ​​សុខាភិបាល ខេត្ត​ឧត្តរមានជ័យ បាន​ប្រមូល​កាក​សំណល់​បង្អែម​​ចេក​​ខ្ទិះ ព្រម​ទាំង​វត្ថុ​ធាតុ​ដើម​មួយ​ចំនួន​ទៀត​ពី​សាលា​បឋមសិក្សា​ត្រាំប៉ោង ផ្ញើ​​ទៅ​​ពិសោធ​ឯ​ទីក្រុង​ភ្នំពេញ ហើយ ដើម្បី​ឱ្យ​ប្រាកដ​ថា ​តើ​ជាតិ​ពុល​នៅ​ក្នុង​ចេក​ខ្ទិះ ដែល​បណ្ដាល​ឱ្យ​សិស្ស​ពុល​ចេញ​ពី​ប្រភព​ណា? ​ការ​ពិសោធ​រក​ជាតិ​ពុល​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​​សិស្ស​សាលា​ត្រាំប៉ោង នៃ​ឃុំ​ព្រះប្រឡាយ ស្រុក​ត្រពាំងប្រាសាទ ១៤០​នាក់ មាន​អាការៈ​ពុល​ជា​បន្ត​បន្ទាប់ ចាប់​តាំង​​តែ​ពី​​យប់​ថ្ងៃ​ទី​១៦ ​ខែ​វិច្ឆិកា មក។

​ទាំង​មន្ត្រី​​មន្ទីរ​សុខាភិបាល ខេត្ត​ឧត្តរមានជ័យ ប៉ូលិស និង​អាជ្ញាធរ​មូលដ្ឋាន​នៃ​ស្រុក​ត្រពាំងប្រាសាទ សុទ្ធតែ​​ដាក់​​ការ​សង្ស័យ​ដូច​គ្នា​ថា មូល​ហេតុ​ដែល​សិស្ស​សាលា​បឋមសិក្សា​ត្រាំប៉ោង ១៤០​​នាក់ ពុល​នោះ ​គឺ​​ទំនង​ជា​បណ្ដាល​មក​ពី​បង្អែម​ចេក​ខ្ទិះ ​ដែល​​អ្នក​​គ្រប់គ្រង​សាលា​បាន​ធ្វើ​ឱ្យ​ក្មេងៗ​ញ៉ាំ។

ទោះ​ជា​​យ៉ាង​​ណា​​​រហូត​​មក​​ដល់​​ពេល​​នេះ គ្មាន​​អ្នក​ណា​ម្នាក់​ទាន់​រក​​​ឃើញ​​ពី​មូល​ហេតុ​ពិត​នៃ​ការ​ពុល​អាហារ​ទាំង​នោះ ថា​តើ​បណ្ដាល​​មក​ពី​សារធាតុ​អ្វី​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

​មេ​ឃុំ​​ស្ដីទី​​នៃ​​ឃុំ​ព្រះប្រឡាយ គឺ​អ្នកស្រី ថោង ធារី។ អ្នកស្រី​អះអាង​កាល​ពី​ថ្ងៃ​ត្រង់ ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​វិច្ឆិកា ថា​​ចាប់​តាំង​ពី​ល្ងាច​​ថ្ងៃ​ទី​១៦ វិច្ឆិកា រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា គឺ​មាន​សិស្ស​សាលា​បឋមសិក្សា​​ត្រាំប៉ោង ចំនួន ១៤០​នាក់ ចុងភៅ និង​គ្រូ​បង្រៀន​ចំនួន ៣​នាក់​ផ្សេង​ទៀត​បាន​ពុល​អាហារ។

អ្នកស្រី ធារី បញ្ជាក់​ទៀត​​ថា ជា​ច្រើន​ខែ​មក​ហើយ ព្រះវិហារ​របស់​គ្រិស្ត​​​សាសនា​​មួយ​ឈ្មោះ ឌី.ភី.ស៊ី (DPC) បាន​ជួយ​​ផ្ដល់​​​របប​​​​អាហារ​ពីរ​ពេល ទៅ​ឱ្យ​សិស្ស​សាលា​ត្រាំប៉ោង បាន​ទទួលទាន​នៅ​​ពេល​ព្រឹក ​និង​​ពេល​រសៀល។

អង្គការ​សាសនា​នោះ ​បាន​ឱ្យ​ប្រាក់​​ទៅ​​អ្នក​គ្រប់​គ្រង​សាលា​ដើម្បី​ទិញ​​សាច់​បន្លែ ផ្លែ​ឈើ ​យក​មក​ធ្វើ​ម្ហូប និ​ង​បង្អែម ឱ្យ​សិស្ស​សាលា​បាន​ទទួល​ទាន​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ​កាល​ពី​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​​វិច្ឆិកា គឺ​​សាលា​បាន​ធ្វើ​បង្អែម​ចេកខ្ទិះ ឱ្យ​សិស្ស​ទទួល​ទាន ស្រាប់​តែ​ធ្វើ​ឱ្យ​​​​សិស្ស ​១៤០​នាក់ ចុងភៅ និង​គ្រូបង្រៀន​​ពុល​តែម្ដង៖ «ខ្ញុំ​ចុះ​ទៅ​ពិ​និត្យ​ល្ងាច​មិញ​ហ្នឹង​​​ឃើ​​​​ញ​ចុង​​​ភៅ​​ពុល​ម្នាក់ មាន​អាការៈ​ធ្ងន់ធ្ងរ ម្នាក់​មិន​ធ្ងន់​ទេ។ ទិញ​ចេក​មក​ពី​តាម​ផ្សារ​រាយ​រង និង​ទិញ​​ម្សៅ​សាគូ​ពី​តូប​មួយ​កន្លែង​ដែល​លក់​នៅ​ជិត​ហ្នឹង»

​អាជ្ញាធរ​ស្រុក​ត្រពាំងប្រាសាទ និង​​ខេត្ត​ឧត្តរមានជ័យ បាន​ស្វះ​ស្វែង​រក​រថយន្ត​​ពេទ្យ​ជា​ច្រើន​គ្រឿង​ដើម្បី​ដឹក​ជញ្ជូន​សិស្ស​សាលា​តូចៗ​ទាំង​នោះ យក​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​តាម​មន្ទីរពេទ្យ។

អភិបាល​ស្រុក​​ត្រពាំងប្រាសាទ លោក នៅ សំដារ៉ារិទ្ធ មាន​ប្រសាសន៍​ថា ​ចាប់​តាំងពី​ដឹង​ថា សិស្ស​សាលា​​ជាង ១០០​នាក់ ​បាន​​ពុល​អាហារ គឺ​លោក​បាន​​ស្នើ​សុំ​រថយន្ត​ពេទ្យ​ពី​ខេត្ត​ឧត្តរមានជ័យ​ ពី​ស្រុក​អន្លង់វែង ពី​ទាហាន​នៃ​កងពល​តូច​លេខ​៨ ព្រម​ទាំង​រថយន្ត​របស់​មន្ទីរពេទ្យ​​ស្រុក​ត្រពាំងប្រាសាទ ខ្លួន​ឯង ជួយ​ដឹក​ជញ្ជូន​កុមារ​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរ​ពេទ្យ​ជា​ច្រើន​កន្លែង ដូច​ជា​ទៅ​មន្ទីរពេទ្យ​ស្រអែម នៃ​ស្រុក​ជាំក្សាន្ត របស់​ខេត្ត​ព្រះវិហារ ទៅ​មន្ទីរពេទ្យ​ទំនប់​ដាច់​នៃ​ស្រុក​ត្រពាំងប្រាសាទ និង​ស្រុក​អន្លង់វែង របស់​ខេត្ត​ឧត្តរមានជ័យ។

​លោក នៅ សំដារ៉ារិទ្ធ បញ្ជាក់​ថា បើ​ទោះ​បី​ជា​កុមារ ១៤០​នាក់ បាន​ពុល​បង្អែម​ចេក​ខ្ទិះ ដោយ​អាការៈ​ក្អួត​ជា​បន្ត​បន្ទាប់​គ្នា​ក៏ដោយ ក៏​រហូត​មក​ដល់​ពេល​នេះ មិន​មាន​អ្នក​ណា​ម្នាក់​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​ទេ៖ «សាលា​ហ្នឹង​គាត់​មាន​ចែក​បាយ ឱ្យ​សិស្ស​ដែល​រៀន​ពេល​ព្រឹក ឯ​ពេល​ល្ងាច​មាន​បង្អែម​ ដោយ​គាត់​ធ្វើ​ចេកខ្ទិះ ក៏​ពុល​តែម្ដង តែ​មក​ដល់​ម៉ោង​នេះ មិន​ទាន់​មាន​អ្នក​បាត់​បង់​ជីវិត​ទេ»

ទាំង​​ប៉ូលិស​ប៉ុស្តិ៍ ទាំង​មន្ត្រី​ក្រុមប្រឹក្សា​​ឃុំ​ព្រះប្រឡាយ និង​អាជ្ញាធរ​​ស្រុក​ត្រពាំងប្រាសាទ សុទ្ធ​តែ​បាន​ដាក់​ការ​សង្ស័យ ថា​ជាតិ​ពុល​ទំនង​ជា​មាន​នៅ​ក្នុង​ម្សៅ​សាគូ ដែល​គេ​​បាន​ទិញ​យក​ទៅ​ធ្វើ​ជា​បង្អែម​ចេកខ្ទិះ ឬ​ក៏​វា​អាច​នៅ​ក្នុង​វត្ថុ​ធាតុ​ដើម​ខ្លះ​ទៀត ដូច​ជា​ស្ករ​ស​ជាដើម។ ទោះ​ជា​យ៉ាង​ណា​ការ​សង្ស័យ​ទាំង​នេះ គឺ​នៅ​​មិន​ទាន់​ពិត​ប្រាកដ​នៅ​ឡើយ ដោយសារ​តែ​​​​គេ​​មិន​អ្វី​ពិសោធ​ឱ្យ​ច្បាស់​លាស់។

​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ឧត្តរមានជ័យ លោក ឃ្លោក ហួត មាន​ប្រសាសន៍​ថា លោក​បាន​ឱ្យ​មន្ត្រី​សុខាភិបាល​ប្រមូល​យក​​បង្អែម​ចេកខ្ទិះ ព្រម​ទាំង​វត្ថុធាតុ​ដើម​ខ្លះ​ទៀត​​ដែល​ពាក់ព័ន្ធ ដូចជា​ម្សៅ​សាគូ និង​ស្ករ​ជាដើម ផ្ញើ​​ទៅ​ឱ្យ​មន្ទីរ​ពិសោធន៍ ឯ​ទី​ក្រុង​ភ្នំពេញ ដើម្បី​​វិភាគ​រក​មូលហេតុ​ដែល​ធ្វើ​ឱ្យ​សិស្ស សាលា ១៤០​នាក់​ពុល​នោះ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​វិច្ឆិកា។

លោក ឃ្លោក ហួត បញ្ជាក់​ទៀត​​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ព្រហស្បតិ៍ គឺ​កុមារ​ដែល​ពុល​អាហារ​ជា​ច្រើន​បាន​ធូរ​ស្រាល និង​វិល​​ត្រឡប់​ទៅ​ផ្ទះ​ជា​បន្ត​​បន្ទាប់​​ លើក​លែង​តែ​កុមារ​ម្នាក់​បន្ទាប់​ពី​មាន​ជាតិ​ពុល គឺ​មេរោគ​បាន​​បម្លែង​​​ខ្លួន​ទៅ​ជា​​ជំងឺ​ផ្សេង​ធ្វើ​ឱ្យ​គាត់​រលាក​បំពង់​ក ហើយ​ក្ដៅ​ខ្លួន​ខ្លាំង​ដែល​គ្រូ​ពេទ្យ​ស្រុក​អន្លង់វែង ឱ្យ​បន្ត​សម្រាក​ព្យាបាល​​នៅ​ឡើយ។

ទោះ​យ៉ាង​ណា​មន្ត្រី​មន្ទីរ​សុខាភិបាល​រូប​នោះ នៅ​មិន​ទាន់​​ដឹង​ប្រាកដ​ថា តើ​​ជាតិ​ពុល​នៅ​ក្នុង​បង្អែម​ចេកខ្ទិះ វា​មាន​នៅ​ក្នុង​អ្វី​នោះ​ទេ៖ «យើង​មិន​អាច​មើល​នឹង​ភ្នែក ដោយ​ផ្ដល់​ព័ត៌មាន​អំពី​ជាតិ​គីមី​អ្វី​បាន​ទេ គឺ​ទាល់​តែ​យើង​វិភាគ​រក​វា​នៅ​ក្នុង​ឧបករណ៍​ពិសោធន៍»

នេះ​ជា​លើក​ទី​២​ហើយ ដែល​ខេត្ត​ឧត្តរមានជ័យ ​មាន​សិស្ស​សាលា និង​ប្រជាពលរដ្ឋ​​ជា​ក្រុម​​បាន​​ពុល​ចំណី​​អាហារ។

កាល​ពី​៣​ឆ្នាំ​មុន ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ នៅ​​សង្កាត់​បុសស្បូវ ក្រុង​សំរោង ក៏​ធ្លាប់​​ពុល​អាហារ​ជា​បន្តបន្ទាប់​គ្នា​ដែរ ក្នុង​ពេល​ដែល​ស្វាមី ភរិយា មួយ​គូ​បាន​រៀប​ការ ហើយ​ធ្វើ​អាហារ​ទទួល​ភ្ញៀវ​ដោយ​យក​ចានដែក​ដ៏​ធំ​មួយ ​ដែល​គេ​ធ្លាប់​ដាក់​ត្រាំ​ទឹក​ថ្នាំ​សម្លាប់​កណ្ដៀរ ជាមួយ​ដើម​ដំឡូង​មី​មក​ធ្វើ​ជា​សម្ភារៈ​​ប្រើប្រាស់​​សម្រាប់​​លាយ​ញាំ​ដាក់​ឱ្យ​ភ្ញៀវ​​ទទួល​ទាន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល