សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង​ទាមទារ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ ស៊ី​បាយ​អូថេ​ក និង​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ

ដោយ វ៉ែន សុមេធ
2019-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​ពលរដ្ឋ​រស់​នៅ​ជាប់​តំបន់​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង បាន​លើក​បដា​ស្នើ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ស៊ី បាយអូ​ថេក និង​អង្គរ​ប្លាយ​វូដ (Angkor Plywood) កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ២០១៩។
តំណាង​ពលរដ្ឋ​រស់​នៅ​ជាប់​តំបន់​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង បាន​លើក​បដា​ស្នើ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ស៊ី បាយអូ​ថេក និង​អង្គរ​ប្លាយ​វូដ (Angkor Plywood) កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ២០១៩។
រូប៖ សកម្មជន​បរិស្ថាន

ពលរដ្ឋ​រស់នៅ​ជាប់​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្ត​ស្ទឹងត្រែង​ និង​សហគមន៍​ព្រៃ​ឡង់​ទាមទារ​ឲ្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ ស៊ី​បាយ​អូ​ថេ​ក (Ci​-Biotech​ Co​., Ltd​.) និង​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​នេះ​។ ​ ពួកគេ​អះអាង​ថា​ មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ ដែល​ក្រុមហ៊ុន​នេះ​អនុវត្ត​ផ្ទុយពី​កិច្ចសន្យា​វិនិយោគ​ក្នុង​នោះ​បាន​កាប់​បំផ្លាញ​ដើម​ច្បោះ​ជ័រ​ជាច្រើន​ពាន់​ដើម​ លប់​ទឹកអូរ​ធម្មជាតិ​ និង​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ធ្វើអាជីវកម្ម​ជាដើម​។  ​

សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង​ និង​ ខេត្ត​ក្រចេះ​ ប្រកាស​ជំហរ​ជាថ្មី​ទៀត​ប្រឆាំង​វត្តមាន​ក្រុមហ៊ុន​ ស៊ី​បាយ​អូ​ថេ​ក ដែល​ធ្វើសកម្មភាព​ប្រមូល​ឈើ​ខ្នាត​ធំ​ជាប់​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​នៅ​ចំណុច​ដំបូក​ស​ ក្នុង​ឃុំ​បឹងចារ​ ស្រុក​សំបូរ​ ក្នុង​បំណង​កាប់​ឈើ​ធំៗ ចេញពី​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ និង​លួច​កាប់​ដើម​ច្បោះ​ជ័រ​អ្នកស្រុក​អស់​ជាច្រើន​ពាន់​ដើម​។

កាលពី​ថ្ងៃ​ទី២៨​ កក្កដា​ តំណាង​ពលរដ្ឋ​រស់នៅ​ជាប់​តំបន់​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង​ជាង​ ១០នាក់​  ​បាន​លើក​បដា​ ស្នើ​ឲ្យ​រដ្ឋាភិបាល​ និង​គណៈកម្មការ​ជាតិ​ ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​ អាជីវកម្ម​ឈើ​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក នៅ​គ្រា​ដែល​ពួកគេ​រក​ឃើញ​ថា​ វត្តមាន​ក្រុមហ៊ុន​នេះ​ធ្វើឲ្យ​បាត់បង់​ទំហំ​ព្រៃឈើ​ធំធេង​ ក្នុង​តំបន់​ព្រៃ​ឡង់​ ជាពិសេស​ដើម​ច្បោះ​ជ័រ​របស់​អ្នកស្រុក​។

ពួកគេ​ព្រមាន​ថា​ ប្រសិនបើ​គណៈកម្មការ​ជំនាញ​ និង​ក្រសួង​ពាក់ព័ន្ធ​ នៅតែ​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​នេះ​ដំណើរការ​អាជីវកម្ម​ឈើ​ទៀត​ មានន័យថា​ ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ​រួម​ទាំង​រដ្ឋាភិបាល​ផង​ បាន​រួមចំណែក​បំផ្លាញ​ទំហំ​ព្រៃ​ឡង់​ធំធេង​ និង​បំផ្លាញ​ជីវភាព​ប្រជាជន​ ដោយសារ​បាត់បង់​រណ្ដៅ​ជ័រទឹក។

តំណាង​សហគមន៍​ការពារ​ព្រៃ​ឡង់​ ខេត្ត​ស្ទឹងត្រែង​ លោក​ យឹម​ សុភ័ក្រ្ត​ ឲ្យដឹង​នៅ​ថ្ងៃ​ទី៣០​ កក្កដា មាន​កំហុស​ជាច្រើន​ដែល​ក្រុមហ៊ុន​ អនុវត្ត​ខុសច្បាប់​រួមមាន​ ញុះញង់​ឲ្យ​ពលរដ្ឋ​លក់​ដើម​ច្បោះ​ កៀរគរ​អ្នកភូមិ​ឲ្យ​ស៊ីឈ្នួល​ចូលព្រៃ​អភិរក្ស​កាប់​ឈើ​លក់​ឲ្យ​ខ្លួន​ ឈូស​ឆាយ​ព្រៃឈើ​ នៅ​តាម​បណ្ដោយ​មាត់​អូរ​ដែល​ជា​ជម្រក​សត្វព្រៃ​រស់នៅ​ និង​លួច​កាប់​ដើម​ច្បោះ​អ្នកស្រុក​អស់​ជាច្រើន​ពាន់​ដើម​។ លោក​ថា​ វត្តមាន​ក្រុមហ៊ុន​នេះ​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ​ធំ​សម្បើម​ជាច្រើន​ឆ្នាំ​មក​ហើយ​ បណ្ដាល​ឲ្យ​ប៉ះពាល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ ប្រជាជន​រាប់ពាន់​គ្រួសារ​នៅ​តំបន់​នោះ។ ហេតុនេះ​ពួកគេ​ស្នើ​ឲ្យ​គណៈកម្មការ​ជាតិ​ ត្រូវ​ចាត់វិធានការ​ច្បាប់​លើ​ក្រុមហ៊ុន​នេះ​ និង​ត្រូវ​ផ្ដល់​សំណង​ប៉ះប៉ូវ​ ការបាត់បង់​មជ្ឈដ្ឋាន​ព្រៃឈើ​ទៀត​ផង៖ «ខ្ញុំ​សូម​ស្នើសុំ​ឲ្យ​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ថ្នាក់​ជាតិ​ហ្នឹង ដក​អាជ្ញាប័ណ្ណ ជា​ពិសេស​ក្រុមហ៊ុន​ស៊ីបាយអូថេក ដែល​បាន​រំលោភ​ធ្ងន់ធ្ងរ​អំពី​ច្បាប់​ស្តារ និង​ដាំ​ដើម​ឈើ​ឡើង​វិញ។ ក្រុមហ៊ុន​បែរ​ជា​ញុះញង់​ឲ្យ​ពលរដ្ឋ​លក់​ដើម​ច្បោះ​ឲ្យ​ពួក​គាត់ ហើយ​ពួក​គាត់​ចាប់​ផ្តើម​កាប់​ដើម​ជ័រ​ច្បោះ​ប្រភេទ​ដើម​ឈើ​ទាល ជា​ប្រភេទ​ឈើ​ធំៗ ហើយ​ឥឡូវ​កំពុង​រង​គ្រោះ​ខ្លាំង​មែនទែន ចំពោះ​ការ​បាត់បង់​ដើម​ជ័រ​ច្បោះ​ហ្នឹង»

ពលរដ្ឋ​រស់នៅ​ជាប់​ព្រៃ​ឡង់​ នៃ​ភូមិ​កាំងចាម​ ឃុំ​កាំងចាម​ ស្រុក​ថា​បរិ​វ៉ាត់​ ខេត្ត​ស្ទឹងត្រែង​ លោក​ ខេង​ ខូ​ ថ្លែង​ថា​ នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ អ្នកភូមិ​ជាង​ ៣០គ្រួសារ​ បាន​បាត់បង់​ដើម​ច្បោះ​ជ័រ​ជិត ៩០០ដើម (៨៩៥) ហើយ​កន្លង​ទៅ​ថ្មីៗ នេះ មាន​ដើម​ច្បោះ​ជ័រ​ជាច្រើន​ដើម​ទៀត​ ត្រូវ​បាន​គេ​កាប់​ផ្តួល​យក​ឈើ​ធ្វើអាជីវកម្ម​។ លោក​ថា​ បើ​ទោះបីជា​ អ្នកភូមិ​បាន​ស្រែក​តវ៉ា​ទាក់ទិន​ការបាត់បង់​ដើម​ច្បោះ​ជ័រ​ ជាច្រើន​សារ​ក្តី​ ក៏​គ្មាន​ស្ថាប័ន​ណាមួយ​ ចុះ​ស៊ើបអង្កេត​ និង​រក​យុត្តិធម៌​តាមច្បាប់​ដល់​អ្នកភូមិ​ដែរ។ រី​ឯ​ក្រុមហ៊ុន​នៅតែ​ប៉ុនប៉ង​ចង់​កាប់​បំផ្លាញ​ព្រៃ​ច្បោះ​របស់​ពួកគេ​ធ្វើអាជីវកម្ម​ទាំងស្រុង៖ «សំណូមពរ​ដល់​រដ្ឋាភិបាល ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ ស៊ី បាយអូថេក អត់​ឲ្យ​កាប់​ឈើ​បន្ត​ទៀត​ទេ ព្រោះ​វា​ចូល​តំបន់​ការពារ​របស់​ក្រសួង​បរិស្ថាន​ដែរ។ ពលរដ្ឋ​រង​ផល​ប៉ះពាល់​គាត់​ភ័យ​ខ្លាច​មិន​បាន​ដង​ជ័រ​ទៀត គាត់​លក់​ដើម​ច្បោះ​ឲ្យ​ជន​ល្មើស​មួយ​ចំនួន​យោង​តាម​ឃោសនា បោកប្រាស់​របស់ ពលរដ្ឋ​ដែល​ទិញ​ច្បោះ​ជ័រ​ទឹក​ហ្នឹង។ នៅ​តែ​កាប់​បន្ត​បន្ទាប់​រហូត ៨៩៥ ដើម ប៉ុន្តែ​ក្រោយ​មក​ទៀត​មាន​ការ​កាប់​អស់​ជា​ច្រើន​មែនទែន »

អាស៊ី​សេរី​បាន​ទាក់ទង​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ លោក​ អេង​ ហ៊ី​ និង​ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ លោក​ ស្រី​ វុឌ្ឍី​ ដើម្បី​សុំ​ការ​បំភ្លឺ​ទាក់ទិន​បញ្ហា​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី៣០​ កក្កដា​។

តែ​យ៉ាងណា​ លោក​ អេង​ ហ៊ី​ ធ្លាប់​អះអាង​ថា​ ប្រសិនបើ​រក​ឃើញ​ថា​ មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ណាមួយ​ ជាប់ពាក់ព័ន្ធ​កាប់​ឈើ​ខុសច្បាប់​នឹង​ដក​អាជ្ញាប័ណ្ណ។

កាលពី​ឆ្នាំ២០១៥ និង​ចុង​ឆ្នាំ២០១៦​ សហគមន៍​ព្រៃ​ឡង់​ បាន​ដាក់​ញត្តិ​ជា​លើក​ទី២​ ទៅ​ក្រសួង​បរិស្ថាន​ ក្រសួង​កសិកម្ម​ និង​ស្ថាន​ទួត​កូរ៉េ​ខាង​ត្បូង​ បំណង​ឲ្យ​ស្ថាប័ន​ទាំងនេះ​ ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​ អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​ ស៊ី​ បាយ​អូ​ថេ​ក ក៏​ប៉ុន្តែ​គ្មាន​លទ្ធផល។

កាលពី​ខែ​មិថុនា​ ឆ្នាំ២០១២​ ក្រសួង​កសិកម្ម​ បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ ក្រុមហ៊ុន​ ស៊ី​ បាយ​អូ​ថេ​ក វិនិយោគ​ដំណាំ​ឧស្សាហកម្ម​ អាកាស្យា​ ឬ​ស្ថានីយ​ស្ដារ​ព្រៃឈើ​ឡើងវិញ​លើ​ផ្ទៃដី​ចំនួន​ជាង​ ៣ម៉ឺន​ ៤ពាន់​ហិកតារ (៣៤.០០៧) ឋិតនៅ​ក្នុង​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ​ និង​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀមបូក​ ខេត្ត​ស្ទឹងត្រែង។ ទន្ទឹម​នឹង​នេះ​ ក្រុមហ៊ុន ស៊ី​បាយអូ​ថេក បាន​ធ្វើការ​ផ្ទេរ​សិទ្ធ​បើក​រោងចក្រអារឈើ​ទៅ​ឲ្យ​ក្រុមហ៊ុន​ អង្គរ​ប្លាយ​វូដ (Angkor Plywood) កាល​ពី​ចុង​ឆ្នាំ២០១៨។

សកម្មជន​បរិស្ថាន​ដែល​ចុះ​ស៊ើបអង្កេត​រឿង​នេះ​ លោក​ ហេង​ ស្រស់​ រក​ឃើញ​ថា​ ឆ្មាំ​អភិរក្ស​របស់ក្រ​សួង​បរិស្ថាន​ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​របស់ក្រ​សួង​កសិកម្ម​ បាន​ឃុបឃិត​គ្នា​ ធ្វើអាជីវកម្ម​ឈើ​ខ្នាត​ធំ​ជាប់​តំបន់​ព្រៃ​ឡង់​ជាច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថា​ គម្រោង​អភិវឌ្ឍន៍​ព្រៃឈើ​របស់​ក្រុមហ៊ុន​នេះ​ មិនបាន​ស្តារ​ព្រៃឈើ​ស្របតាម​កិច្ចសន្យា​វិនិយោគ​នោះ​ទេ​ ផ្ទុយទៅវិញ​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ​ធំធេង​ និង​ប្រើ​ល្បិច​កាប់​ដើម​ច្បោះ​ជ័រ​ ដែល​ជា​ឆ្នាំងបាយ​របស់​អ្នកស្រុក​អស់​ជាច្រើន​ម៉ឺន​ដើម​ តាំងពី​ឆ្នាំ​ ២០១២​ រហូត​មក​ បង្ក​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ប្រជាជន​រស់នៅ​តំបន់​ព្រៃ​ឡង់៖ «ប្រសិន​ជា​រាជ​រដ្ឋាភិបាល​មិន​បង្ក្រាប​ក្រុមហ៊ុន អង្គរ​ផ្លាយវូត​នេះ​ទេ ខាង​សកម្មជន​ព្រៃ​ឈើ និង​ពលរដ្ឋ​មួយ​ចំនួន​នឹង​ចេញ​របាយការណ៍​ជា​ផ្លូវការ​មួយ ដែល​ចោទ​ថា រដ្ឋាភិបាល​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្រុមហ៊ុន​ហ្នឹង»

សហគមន៍​ព្រៃ​ឡង់​សង្កេតឃើញ​ថា ផ្ទៃដី​ដែល​ក្រសួង​កសិកម្ម​ ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀមបូក​ ខេត្ត​ស្ទឹងត្រែង​ មាន​ទំហំ​ជាង​ ៤ពាន់​ហិកតារ​ ហើយ​ក្នុងរង្វង់​ផ្ទៃដី​ជាង​ ៤ពាន់​ហិកតារ​នោះ​ គឺ ៧០ភាគរយ​ជា​ព្រៃស្រោង​សំបូរ​ ដើមឈើ​ផលិត​ជ័រទឹក​ ក៏​មិន​ត្រូវ​បាន​ក្រុមហ៊ុន​កាត់​ឆ្វៀល​ប៉ះពាល់​ចេញ​ដែរ។ ក្រៅ​ពី​នេះ​ ទំហំ​ព្រៃ​ជាង​ ៣ម៉ឺន​ហិកតារ​ ដែល​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ភាគច្រើន​ សំបូរ​ដោយ​ព្រៃស្រោង​ និង​ជា​ជម្រក​សត្វព្រៃ​កម្រ​រស់នៅ​ មិន​គួរ​ជា​កម្មវត្ថុ​ អនុញ្ញាត​ឲ្យ​មាន​វត្តមាន​ក្រុមហ៊ុន​ឯកជន​វិនិយោគ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល