ស្រុក​មួយ​ចំនួន​នៃ​ខេត្ត​រតនគិរី និង​ព្រះវិហារ​ត្រូវ​ទឹក​ជន់​លិច​ដោយសារ​ទឹក​ភ្លៀង

ដោយ មាន ឫទ្ធិ
2019-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថានភាព​ទឹកជំនន់​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៩។
ស្ថានភាព​ទឹកជំនន់​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៩។
រូប​ហ្វេសប៊ុក​រដ្ឋបាលខេត្ត​រតនគិរី

អាជ្ញាធរ​ធនធាន​ទឹក​ប្រកាស​ថា ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ភូមិឋាន​របស់​ពលរដ្ឋ​ជា​ថ្មី​ទៀត នៅ​ស្រុក​៣ គឺ​ស្រុក​អូរជុំ ស្រុក​លំផាត់ និង​ក្រុង​បានលុង នៃ​ខេត្ត​រតនគិរី។

ការ​ជន់​លិច​នេះ គឺ​បណ្ដាល​មក​ពី​ធ្លាក់​ភ្លៀង ៥​ម៉ោង​ជាប់​គ្នា នៅ​យប់​ថ្ងៃ​ទី​២៨ ឈាន​ចូល​ថ្ងៃទី​២៩ សីហា។ ភ្លៀង​បាន​ធ្លាក់​តាំងពី​ម៉ោង ១២​យប់ ដល់​ម៉ោង ៥​ព្រឹក ថ្ងៃ​ទី​២៩ សីហា បណ្ដាល​ឱ្យ​លិចលង់​ភូមិឋាន និង​អូរ​មួយ​ចំនួន​។ មិន​មាន​មនុស្ស​ស្លាប់ ឬ​រង​របួស​ពី​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ទាំង ៣​នេះ​ទេ តែ​ងាប់​គោ ៣​ក្បាល​។ ក្រៅ​ពី​នេះ ប្រព័ន្ធ​ធារាសាស្ត្រ​មួយ ដែល​ជា​ប្រឡាយ​បង្ហូរទឹក​ល្បាំង ស្ថិតនៅ​ឃុំ​ល្បាំង១ ស្រុក​លំផាត់ ក៏​រង​ការ​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​នេះ​ដែរ​។ គិត​ត្រឹម​ម៉ោងជាង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ សីហា ទឹកភ្លៀង​ដែល​ឃុំ​ល្បាំង​១ បាន​ស្រក​ចុះ​បណ្ដើរៗ ហើយ។

ប៉ុន្តែ​នៅ​ខេត្ត​កោះកុង​វិញ ទឹកភ្លៀង​មិនទាន់​ស្រក​ទេ ភ្លៀង​កំពុង​ធ្លាក់​ថែមទៀត​។ ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ក្រសួង​ធនធាន​​ទឹក ចុះផ្សាយ​ថា នៅ​ខេត្ត​កោះកុង ភ្លៀង​ធ្លាក់​ខ្លាំង នៅ​គ្រប់​ក្រុង ស្រុក នៃ​ខេត្ត​កោះកុង តាំង​ពី​ព្រឹក​រហូតដល់​ពេល​រសៀល។ ផ្លូវថ្នល់​មួយ​ចំនួន​នៅ​ខេត្ត​កោះកុង ក៏​រង​ការ​ជន់​លិច​ដែរ។

នៅ​ខេត្ត​ព្រះវិហារ ក៏​មាន​ភ្លៀង​ធ្លាក់​ច្រើន ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន នៅ​ក្បាល​ស្ទឹងសែន ស្ថិត​ក្នុង​ស្រុក​ជាំ​ក្សាន្ត រង​ការ​លិច​ខ្លាំង និង​ហៀរ​ជន់​លើ​ផ្លូវលំ​ជនបទ​មួយ​ចំនួន នៅ​ក្នុង​ឃុំ​យៀង។ បច្ចុប្បន្ន​កម្ពស់​ទឹក ស្ទឹងសែន នៅ​ស្រុក​ជាំក្សាន្ត មាន ជិត ៨​ម៉ែត្រ (,៧៤​ម៉ែត្រ)។ កម្ពស់​ទឹក​នៅ​មិនទាន់​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​ទេ។ កម្ពស់​ទឹកស្ទឹង​សែន​នៅ​ស្រុក​ជាំ​ក្សាន្ត ដែល​ត្រូវ​ប្រកាស​អាសន្ន គឺ​នៅ​កម្ពស់​ជាង ១១​ម៉ែត្រ (១១,៥០​ម៉ែត្រ)

ក្រៅ​ពី​នេះ ខេត្ត​មួយ​ចំនួន​ទៀត ដូចជា ខេត្ត​កណ្ដាល បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ក្រចេះ កំពង់ចាម ស្វាយរៀង កំពត ព្រះសីហនុ រាជធានី​ភ្នំពេញ ជាដើម សុទ្ធតែ​រង​ការ​ធ្លាក់​ភ្លៀង តែ​មិនទាន់​ដល់​កម្រិត​លិចលង់​ទេ។ ក្រសួង​ធនធាន​ទឹក បាន​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៨ សីហា ដល់​ថ្ងៃ​ទី​៣ កញ្ញា ភ្លៀង​នឹង​ធ្លាក់​ច្រើន​នៅ​តាម​បណ្ដា​ខេត្ត​ស្ទើរ​ទូទាំង​ប្រទេស ពិសេស​ខេត្ត​ជាប់មាត់​សមុទ្រ នឹង​រង​ការ​ធ្លាក់​ភ្លៀង​ខ្លាំង ខណៈ​ទឹកទន្លេ​មេគង្គ ក៏​នឹង​ហក់​ឡើង​ខ្លាំង​ដែរ​។ អាជ្ញាធរ​ធនធាន​ទឹក អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ បាតុភូត ភ្លៀង ខ្យល់ ផ្គរ រន្ទះ និង​ជំនន់​ទឹកភ្លៀង ដែល​អាច​នឹង​កើត​មាន​ញឹកញាប់ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល