ពលរដ្ឋ​​ក្រុង​ប៉ោយប៉ែត​រិះគន់​អាជ្ញាធរ​ថា​គ្មាន​បច្ចេកទេស​រំដោះ​ទឹក​ចេញពី​ក្រុង

សេក បណ្ឌិត
2018-09-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ទឹកភ្លៀង​លិច​ផ្លូវ​នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៨។ Photo Provided
ទិដ្ឋភាព​ទឹកភ្លៀង​លិច​ផ្លូវ​នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៨។ Photo Provided
Photo: RFA

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រិះគន់​អាជ្ញាធរ​ក្រុង​នេះ​ថា មិន​អើពើ​រក​វិធី​ជួយ​រំដោះ​ទឹក​ចេញពី​ក្រុង ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​នោះ​ទេ។ ការ​លើកឡើង​នេះ​ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​ឡើង​លិច​ផ្លូវ​ជាច្រើន​ខ្សែ នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​អស់​ជាច្រើន​ថ្ងៃ​ហើយ មិនទាន់​ស្រក​វិញ​នៅឡើយ ចំណែក​អាជ្ញាធរ​បាន​ត្រឹមតែ​នាំគ្នា​ទៅ​ឈរ​មើល​ទឹក​ដោយ​មិន​មាន​ចំណាត់​ការ​ជា​ដុំកំភួន​នោះ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​មួយ​ចំនួន​លើកឡើង​ថា បើសិនជា​អាជ្ញា​ធរមាន​បច្ចេកទេស​ក្នុង​ការ​ជួយ​រំដោះ​ទឹកបាន​ត្រឹមត្រូវ នោះ​នៅ​តាម​ដង​ផ្លូវ​នឹង​មិន​មាន​ទឹក​លិច​ផ្លូវ​ជាច្រើន​ថ្ងៃ​ដូច្នោះ​ទេ។

ពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត​ម្នាក់​លោក សុខ ជីតុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ កញ្ញា ថា ជំនន់​ទឹកភ្លៀង​លិច​ផ្លូវ​ជាច្រើន​កន្លែង ក្នុង​នោះ​លិច​ផ្លូវជាតិ​លេខ​៥​នៅ​ក្នុង​សង្កាត់​ប៉ោយប៉ែត​ជិត​មួយ​គីឡូម៉ែត្រ និង​ផ្លូវ​នៅ​ទីប្រជុំជន​ក្នុង​សង្កាត់​នេះ​ជាច្រើន​កន្លែង​ទៀត និង​បាន​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​រស់នៅ​អម​សង្ខាង​ផ្លូវ​នៅ​តំបន់​ទឹក​លិច និង​អ្នក​រស់នៅ​ក្រុង​ប៉ោយប៉ែត ធ្វើ​ឲ្យ​ពិបាកធ្វើ​ដំណើរ​ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយសារ​កន្លែង​ខ្លះ​ទឹក​លិច​ក្បែរ​ក្បាលជង្គង់ ដែល​នៅ​ពេល​រថយន្ត ឬ​ម៉ូតូ​បើក​ឆ្លងកាត់​ផ្លូវ​ម្ដងៗ​ទឹកបាន​ហូរ​ចូល​ផ្ទះ​អ្នកស្រុក និង​ដួល​ម៉ូតូ​ញឹកញាប់​ទៀត​ផង«បញ្ហា​ដែល​លំបាក​ខ្លាំង​គឺ​ផ្លូវ​មួយ​ចំនួន​អាជ្ញាធរ​មិន​បាន​ហាម​ឃាត់​រថយន្ត​ដឹក​ធ្ងន់​បើក​បរ​ឆ្លងកាត់​នោះ​ទេ​ ហើយ​ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ង់​នៅ​តែ​បន្ត​ដឹក​ស៊ីម៉ង់​ឆ្លង​កាត់​ផ្លូវ​រាល់​ថ្ងៃ​។ក្រុង​ប៉ោយប៉ែត​បើ​សិន​ជា​មាន​ដាក់​លូ​ដូច​ដែល​អាជ្ញាធរ​គ្រោង​ទុក​នោះ​ ទឹក​មិន​លិច​ក្រុង​ទេ តែ​រហូត​មក​ទល់​ពេល​នេះ​គម្រោង​នៅ​តែ​គម្រោង​​ជាច្រើន​ឆ្នាំ​ហើយ»

ចំណែក​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់ទៀត​ថ្លែង​ថា ទឹក​លិច​នេះ​មាន​រយៈពេល​ជិត​មួយ​សប្ដាហ៍​ហើយ ដោយ​មិនទាន់​ស្រក​ទៅវិញ​នៅឡើយ។ ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា ទឹក​ឡើង​លិច​ផ្លូវ​ជាច្រើន​នេះ​ដោយសារ​អាជ្ញាធរ​គ្មាន​បច្ចេកទេស​ដើម្បី​រំដោះ​ទឹក​ចេញពី​ក្រុង ព្រោះ​បើសិនជា​អាជ្ញាធរ​មាន​ឧបករណ៍​បូម​ទឹក​ទម្លាក់​ទៅ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ត្រឹមតែ​៣​គ្រឿង​ប៉ុណ្ណោះ គឺ​ទឹកនឹង​ស្រក​អស់ពី​ផ្លូវ​មិន​ពិបាកធ្វើ​ដំណើរ​ដូច​ពេលនេះ​នោះ​ទេ«បើ​និយាយ​ទៅ​ទឹក​ស្ទះ​តាំង​ពី​ម្ដុំ​ឡធ្យូង​ហើយ​ផ្លូវ​ស្រះ​សួគ៌​និង​ផ្លូវ​សណ្ឋាគារ​លី ហេង​ឆាយ​​ គឺ​លិចទឹក​ត្រឹម​ក្បាលជង្គង់​។នៅ​ប៉ោយប៉ែត​នេះ​មិន​បាច់​មាន​ម៉ាស៊ីន​បូម​ទឹក​ច្រើន​គ្រឿង​ទេ​មាន​តែ​មួយ​គ្រឿង​ធំ​ក៏​អាច​ជួយ​រំដោះ​ទឹក​បាន​ដែរ​ តែ​នេះ​គឺ​គ្មាន​តែ​ម្ដង»

ទាក់ទង​នឹង​បញ្ហា​នេះ​អភិបាលក្រុង​ប៉ោយប៉ែត​លោក សាន ស៊ានហូ មាន​ប្រសាសន៍ថា ទឹក​លិច​នេះ​ដោយសារ​នៅ​ក្រុង​ប៉ោយប៉ែត មាន​ភ្លៀង​ធំ​ធ្លាក់​ជាប់ៗ​ចំនួន ៣​ថ្ងៃ​ហើយ ទើប​ធ្វើ​ឲ្យ​ផ្លូវ​មួយ​ចំនួន​បាន​លិចលង់ ប៉ុន្តែ​មិនទាន់​មាន​ការខូចខាត​ផ្លូវ​នៅឡើយ​ទេ។ អភិបាលក្រុង​រូប​នេះ​អះអាង​ទៀត​ថា អាជ្ញាធរ​បាន​ហាមឃាត់​មិន​ឲ្យ​រថយន្ត​ដឹក​ធ្ងន់​បើកបរ​នៅ​លើ​ផ្លូវ​ដែល​មាន​ទឹក​នោះ​ទេ ហើយ​អាជ្ញាធរ​ក្រុង​ក៏​បាន​ចុះទៅ​ពិនិត្យមើល​តំបន់​ទឹក​លិច​នោះ​ជាប្រចាំ​ដែរ«បើ​អីចឹង​ទេ​ក្រោយ​ពី​ទឹក​ស្រក​ទៅ​បាន​យើង​ជួសជុល​ឡើង​វិញ​នៅ​កន្លែង​ណា​ដែល​ខូច​ តែ​ឥឡូវ​នេះ​កំពុង​សម្រុក​ស្ដារ​លូ​ដែល​ស្ទះ​ និយាយ​រួម​ទៅ​យើង​បាន​យូរ​ហើយ​តែ​មិន​ទាន់​រួច​ ហើយ​មិន​ទាន់​បរិមាណ​ទឹក​ដែល​មាន​ច្រើន​»

ចំណែក​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់ទៀត​អះអាង​ថា បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ ដោយសារ​រថយន្ត​ដឹកទំនិញ​បើកបរ​នៅ​លើ​ផ្លូវទឹក​លិច ហើយ​រលក​ទឹក​បោកបក់​ទៅលើ​អ្នក​បើក​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​បុក​រថយន្ត​ស្លាប់​នៅ​នឹង​កន្លែង​កាល​ពី​ថ្ងៃ​ទី​១៣ កញ្ញា«ឡាន​គេ​បើក​មិន​ដឹង​ថា​ទឹក​ជ្រៅ​ទឹក​រាក់​ទេ​អ្នក​បើក​ចេះ​តែ​បើក​ទៅ​ ហើយ​ម៉ូតូ​វា​បើក​មក​វា​គេច​មិច​រួច​បើ​រលក​មក​បោក​មួល​ចូល​ឡាន​វិញ​ទៅ​។ការ​ធ្វើ​ដំណើរ​នឹង​វា​លំបាក​ទឹក​លិច​ជួន​កាល​បើ​ឡាន​គេ​ចេះ​អនុគ្រោះ​ហើយ​បើក​យឺត​អាច​ទៅ​បាន​មិន​អី​ទេ​ តែ​ឡាន​ខ្លះ​វា​មិន​គោរព​ទេ​គេ​បើក​លឿន​ហើយ​ទឹក​សាច​បោក​​ទៅ​ជា​មួយ​តែ​ម្ដង​ទៅ​»

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​អះអាង​ថា កន្លងមក​ទឹក​មិន​ធ្លាប់​លិច​ក្រុង​យូរ​ថ្ងៃ​ដូច​ឆ្នាំនេះ​ទេ ដោយសារ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​សំណង់​អាគារ​កើតឡើង​ច្រើន ហើយ​បាន​ចាក់​ដី​លុប​តំបន់​ទំនាប ហើយ​លូ​រំដោះ​ទឹក​តូច​ធ្វើ​ឲ្យ​ទឹក​មិន​អាច​ហូរ​ធ្លាក់​អូរ​ព្រំដែន​បាន​ដូច​ពេល​មុន។

អភិបាលក្រុង​ប៉ោយប៉ែត លោក សាន ស៊ានហូ អះអាង​ថា ឆ្នាំក្រោយ​ទឹកនឹង​មិន​លិច​ផ្លូវ​ក្រុង​ប៉ោយប៉ែត​ទៀត​ទេ ព្រោះ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នឹង​បើក​ដំណើរ​ការ ដាក់​ប្រព័ន្ធ​លូ​ជ្រុង ដើម្បី​រំដោះ​ទឹក​នៅ​ក្រុង​មួយ​នេះ នៅ​ឆ្នាំ​២០១៩។ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​មិនទាន់​ជឿជាក់​ពី​គម្រោង​នេះ​ថា នឹង​បាន​ជោគជ័យ​កម្រិត​ណា​នោះ​ទេ ព្រោះ​គម្រោង​ជាច្រើន​មាន​ការ​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​កន្លង​មក ធ្វើ​អស់​ថវិកា​ច្រើនតែ​សំណង់​គ្មាន​គុណភាព ដូច្នេះ​ប្រព័ន្ធ​ដាក់​លូ​រំដោះ​ទឹក​នេះ ក៏​មិន​ខុសគ្នា​ដែរ ពោល​គឺ​ប្រសិនបើ​មិន​មាន​ការ​ត្រួត​ពិនិត្យ​សំណង់​មួយ​នេះ​ឲ្យ​បាន​ច្បាស់លាស់​ទេ គឺ​ទឹកនឹង​បន្ត​លិច​ក្រុង​ប៉ោយប៉ែត​ដូច​ឆ្នាំនេះ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល