តុលាការ​ខេត្ត​រតនគិរី​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​សមាគម អាដហុក ជា​លើក​ទី​ពីរ ជុំ​វិញ​សំណុំ​រឿង​ញុះញង់​

ដោយ សេក បណ្ឌិត
2019-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។
មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

សាលាដំបូង​ខេត្ត​រតនគិរី​កោះ​ហៅ​មន្ត្រី​អង្កេត​​ជាន់​ខ្ពស់​សមាគម អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ជា​លើក​ទី​ពីរ នៅ​ព្រឹក​ថ្ងៃ​ទី៣ កញ្ញា ខាង​មុខ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ញុះញង់។ ចៅក្រម​ស៊ើប​សួរ​តុលាការ​ខេត្ត​ព្រះវិហារ លោក សេង ស៊ឹមសុរិយា បញ្ជាក់​នៅ​ក្នុង​ដីកា​កោះ​លើក​ទី​ពីរ​នេះ​ថា ប្រសិន​បើ​លោក​ ប៉ែន ប៊ុណ្ណារ៍ មិន​ចូល​ខ្លួន​តាម​កាល​កំណត់​នោះ​ទេ លោក​នឹង​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ។

មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក លោក ប៉ែន បុណ្ណារ៍ ថ្លែង​ថា លោក​នឹង​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​រឿង​នេះ​ ដោយ​មិន​ញញើតឡើយ។ លោក​បញ្ជាក់​ថា លោក​គ្មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ ពី​ព្រោះ​លោក​យល់​ថា ​សំណុំ​រឿង​ប្រឆាំង​រូប​លោក​នេះ មិន​មាន​មូលដ្ឋាន​គ្រប់​គ្រាន់​ឡើយ ហើយ​លោក​ក៏​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ដែរ។ លោក​អះអាង​ទៀត​ថា លោក​ចង់​ចូល​បំភ្លឺ​តាំង​ពី​ការ​កោះ​ហៅ​លើក​ទី​មួយ នៅ​ថ្ងៃ​ទី៦ សីហា​មក​ម៉្លេះ ក៏​ប៉ុន្តែ​ដោយសារ​មេធាវី​ត្រូវ​ពិនិត្យ​មើល​សំណុំ​រឿង​បន្ថែម​ទៀត ទើប​មាន​ការ​ពន្យារ​ពេល​ចូល​ឆ្លើយ​បំភ្លឺ។

តុលាការ​ខេត្ត​រតនគិរីបាន​​ចោទ​ប្រកាន់​លោក ប៉ែន ប៊ុណ្ណារ៍ ​ពីបទ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍” ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិសមុទ្រ​ក្រោម ឃុំសេដា ស្រុក​លំផាត់​ ខេត្ត​រតនគិរី កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៧ កន្លង​ទៅ។ ការ​ចោទ​ប្រកាន់​នេះ កើត​មាន​ឡើង​ក្រោយ​ពេល​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះបាន​ចូល​រួម​ជាមួយ​ប្រជា​សហគមន៍​ភូមិ​សមុទ្រ​ក្រោម ដាក់​បណ្តឹង​បរិហារ​ករណី​កាប់​រាន​ដី​ព្រៃ​ជាង ៨០០​ហិកតារ នៅ​ស្រុក​លំផាត់​​ ទៅ​តុលាការ​ខេត្ត​រតនគិរី។

បណ្តឹង​បរិហារ​នោះ គឺ​ពលរដ្ឋ​បាន​ប្តឹង​អាជ្ញាធរ​តាំង​ពី​ថ្នាក់ភូមិ​រហូត​ដល់​មន្ត្រី​ជាន់​ខ្ពស់​ថ្នាក់​ខេត្ត​ដែល​បាន​​បណ្តែត​បណ្តោយ​ឱ្យ​មាន​បទ​ល្មើស​កើត​ឡើង​ ហើយ​មិន​ចាត់​ការ​លើ​ក្រុម​ឧក្រិដ្ឋជន។ ទោះ​ជា​យ៉ាង​ណា​ក្ដី បណ្តឹង​បរិហារ​នោះមិន​ត្រូវ​បាន​​តុលាការ​ចាត់​ការ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក ប៉ែន ប៊ុណ្ណារ៍ បែរ​ជា​រង​ការ​ប្តឹង​បកពី​បទ​ញុះញង់​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល