ពលរដ្ឋ​ដែល​ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅ​សេសាន​ត្អូញ​ពី​ដំណោះស្រាយ​សំណង

ដោយ វ៉ែន សុមេធ
2018-04-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ទឹកជំនន់​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​ភូមិ​ស្រែគរចាស់ ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង កាល​ពីថ្ងៃទី១៣ ខែ​តុលា ឆ្នាំ ២០១៧។
ទិដ្ឋភាព​ទឹកជំនន់​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​ភូមិ​ស្រែគរចាស់ ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង កាល​ពីថ្ងៃទី១៣ ខែ​តុលា ឆ្នាំ ២០១៧។
Photo Provided

ពលរដ្ឋ​ដែល​ទើបតែ​យល់ព្រម​ទទួល​សំណង ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ប្រមាណ​ជាង ៥០​គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង ត្អូញត្អែរ​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្ដល់​សំណង​ដី​កសិកម្ម​ជូន​ពួកគាត់​ក្នុង​មួយ​គ្រួសារ ៥​ហិកតារ និង ២​ហិកតារ សម្រាប់​ពលរដ្ឋ​បំបែក​គ្រួសារ។ បញ្ហា​នេះ បង្ក​ឲ្យ​ពួកគាត់​ខកខាន​មិនបាន​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត និង​ខ្វះខាត​ស្បៀងអាហារ។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ​ថ្មី ឃុំ​ស្រែគរ ស្រុក​សេសា​ន ឲ្យ​ដឹង​ថា អ្នកភូមិ​ដែល​ទើបតែ​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ឃុំ​ស្រែគរ ប្រមាណ ៥០​គ្រួសារ​ថ្មី​ទៀត​មិនទាន់​ទទួល​បាន​ដី​កសិកម្ម​ក្នុង​មួយ​គ្រួសារ ៥​ហិកតារ និង​២​ហិកតារ សម្រាប់​ពលរដ្ឋ​បំបែក​គ្រួសារ​នៅឡើយ​ទេ បើ​ទោះ​បី​ជា​ពួកគាត់​បាន​ស្នើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន​ជាច្រើន​សា​ក្តី​។ ចំណែក​ពលរដ្ឋ​ជាង ៥​រយ​គ្រួសារ​ផ្សេងទៀត ដែល​ទទួល​បាន​ដី​កសិកម្ម ៥​ហិកតារ ភាគច្រើន​នៅ​មិនទាន់​អាច​ដាំ​ដុះ​បាន​ដែរ ដោយសារ​ដី​ដែល​ពួកគាត់​ទទួល​បាន​សុទ្ធ​សឹង​ជា​ដី​ព្រៃ​រេចរឹល ហើយ​ផ្នែក​ខ្លះ​ត្រូវ​ទឹក​លិច។

ពលរដ្ឋ​មួយ​គ្រួសារ​ដែល​យល់ព្រម​ទទួល​សំណង​រស់នៅ​ឃុំ​ស្រែគរ លោក សៀក ខាន់ ឲ្យ​ដឹង​នៅ​ថ្ងៃទី១៨ មេសា ថា គ្រួសារ​របស់​លោក​ទទួល​បាន​ដី​កសិកម្ម ២​ហិកតារ ជា​គោលនយោបាយ​សំណង​ជាង ២​ឆ្នាំ​មក​ហើយ ក្រុមហ៊ុន​មិនទាន់​វាស់វែង និង​កំណត់​ទីតាំង ឈូស​ឆាយ​ឲ្យ​បាន​ច្បាស់លាស់​ទេ បណ្ដាល​ឲ្យ​លោក​គ្មាន​ដី​ធ្វើ​កសិកម្ម​ឆ្នាំនេះ ខណៈ​រដូវវស្សា​កាន់តែ​កៀក​មកដល់។ លោក​អង្កេត​ឃើញ​ថា អ្នកភូមិ​ស្រែគរ​ថ្មី​ប្រមាណ ៧០​ភាគរយ នៅ​មិនទាន់​អាច​មាន​លទ្ធភាព​ធ្វើ​កសិកម្ម​លើ​ដី​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​នៅឡើយ​ទេ ហើយ​ដី​ប្រមាណ​ជាង ២​ពាន់ ៥​រយ​ហិកតារ (.៥០០)​នោះ​ភាគច្រើន​សំបូរ​ដោយ​ព្រៃ​រេចរឹល ហើយ​នៅ​តំបន់​ខ្លះ​ជា​ដី​ទួល​ខ្ពស់ និង​ផ្នែក​ខ្លះ​ជា​ដី​លិច​ទឹក៖ «អ្នក​មក​មុនគេ​បាន តែ​អ្នក​ក្រោយ​មិនទាន់​បានទេ។ បំបែក​គ្រួសារ​មិន​ទាន់​បាន ក្រុមហ៊ុន​ថា​ថ្ងៃនេះ ថ្ងៃ​នោះ​។ ខ្ញុំ​ពិបាក​ណាស់​អត់​មាន​ដី​ធ្វើស្រែ»

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ភូមិ​ស្រែគរ​ថ្មី ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​ថា ដី​កសិកម្ម​របស់​ពលរដ្ឋ ៣០​គ្រួសារ ត្រូវ​ទឹក​លិច​មិន​អាច​ធ្វើ​កសិកម្ម​បាន ហើយ​ក្រុមហ៊ុន និង​អាជ្ញាធរ​នៅ​មិនទាន់​ដោះស្រាយ​នៅឡើយ​ទេ។ លោក​ថា ដី​កសិកម្ម​ដែល​លោក​ទទួល​បាន​ពី​ក្រុមហ៊ុន ៥​ហិកតារ ត្រូវ​ទឹក​លិច​អស់​ហើយ ដី​៣​ហិកតារ​ទៀត នៅ​មិនទាន់​ត្រូវ​បាន​ក្រុមហ៊ុន​ផ្ដល់​ទីតាំង​ផ្សេង​ជំនួស​នៅឡើយ ដែល​នាំ​ឲ្យ​គ្រួសារ​របស់​លោក​ខកខាន​មិន​អាច​ដាំ​ដុះ​បាន និង​ប្រឈម​ខ្វះខាត​ស្បៀង​នា​ពេល​ខាងមុខ៖ «ទឹក​លិច​អស់ហើយ​ដី​៥​ហិកតារ ឲ្យ​ឈូស​ថ្មី​មិនទាន់​ឈូស​ថ្មី​។ បើ​ខ្ញុំ​ទទួល​បាន​ដី ៥​ហិកតារ​កន្លង​មក​គឺ​ខ្ញុំ​អត់បាយ»

ដី​ព្រៃ​ស្រោង​ជាង ២​ពាន់​ហិកតារ (.៥០០) របស់​រដ្ឋ ឋិត​ក្នុងស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ត្រូវ​បាន​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឈូស​ឆាយ​កំណត់​ជា​គោលនយោបាយ​សំណង និង​បែង​ចែក​ជូន​ពលរដ្ឋ​មួយ​គ្រួសារ ៥​ហិកតារ ស្មើ​ៗ​គ្នា រីឯ​ពលរដ្ឋ​បំបែក​គ្រួសារ​ក្រុមហ៊ុន​សម្រេច​ផ្ដល់​ជូន ២​ហិកតារ​ផ្សេងទៀត។

មេឃុំ​ស្រែគរ​ថ្មី មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ្វឿន ជឿន លើកឡើង​ថា អាជ្ញាធរ​បាន​កំណត់​ដី​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​ដែល​ទើបតែ​ព្រម​ទទួល​សំណង​នៅ​ឃុំ​ស្រែគរ​រួចហើយ តែ​មន្ត្រី​សូរិយោ​ដី​នៅ​មិនទាន់​ចុះ​វាស់វែង និង​បង់​លេខ​ឲ្យ​ពួកគាត់​ចាប់ឆ្នោត​នៅឡើយ​ទេ ដោយសារ​រវល់​បុណ្យ​ចូលឆ្នាំថ្មី​។ លោក​ទទួល​ស្គាល់​ថា ពលរដ្ឋ​នៅតែ​ប្រឈម ខកខាន​មិន​អាច​ធ្វើ​កសិកម្ម​បាន ដោយសារ​ដំណោះស្រាយ​បញ្ហា​ដីធ្លី​មួយ​ចំនួន នៅ​មិនទាន់​ដោះស្រាយ​ចប់៖ «បើ​និយាយ​ទៅ គាត់​កៀក​មែន ខាង​ខេត្ត និង​ក្រុមហ៊ុន ដូច​យឺតយ៉ាវ​ពេក រាល់​ថ្ងៃ​នេះ​ពិបាក។ បើ​ពលរដ្ឋ​គាត់​ព្រួយបារម្ភ​អ៊ីចឹង វា​ពិបាក​ហើយ​ធ្វើ​ម៉េច​ធ្លាក់​ភ្លៀង​មួយ​មេ​ពី​មេ​ហើយ»

មេឃុំ​ជាប់ឆ្នោត​មកពី​គណបក្ស​សង្គ្រោះជាតិ លោក សៀក មេគង្គ អង្កេត​ឃើញ​ថា ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ពលរដ្ឋ​ខកខាន​មិន​អាច​ដាំ​ដុះ​បាន ដោយសារ​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​ភ្ជួរ​រាស់​ដីធ្លី និង ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្ដល់​សំណង​របស់​ក្រុមហ៊ុន។ លោក​ថា រហូត​មក​ទល់​ពេលនេះ​ពលរដ្ឋ​តិច​តូច​ណាស់ ដែល​មាន​លទ្ធភាព​ដាំ​ដុះ​បាន និង​ភ្ជួរ​រាស់​ដោយ​ខ្លួនឯង ដោយសារ​ដី​កសិកម្ម​ដែល​ក្រុមហ៊ុន​ចែក​ជូន​ពលរដ្ឋ​ភាគច្រើន​ជា​ដី​នៅ​តំបន់​ព្រៃ​រេចរឹល និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​កាប់​រាន និង​ឈូស​ឆាយ៖ «ប្រជាពលរដ្ឋ​បើ​និយាយ​រួម​ទៅ ខ្ញុំ​ឲ្យ​ផ្ដល់​យោបល់​គាត់ តែ​គាត់​មិន​ហ៊ាន​ទេ មិនមែន​សេរីភាព​ដូច​មុន​ទេ ជួបជុំគ្នា ២០​នាក់ បដិវត្ត​ពណ៌​។ គាត់​មក​សំណូមពរ​ខ្ញុំ គ្មាន​ពី​ណា​ហ៊ាន​និយាយ​ទេ មានតែ​ខ្ញុំ​ចេញ​មតិយោបល់​តាម​អាស៊ីសេរី​រហូត»

មក​ទល់​ពេល​នេះ ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ឃុំ​ស្រែគរ និង​បាន​មក​តាំងទី​លំនៅ​ថ្មី នៅ​តំបន់​នោះ​មាន​ចំនួន​ជាង ៥២០​គ្រួសារ​ក្នុងចំណោម​ពលរដ្ឋ ៥៧០​គ្រួសារ ហើយ​បច្ចុប្បន្ន​នៅសល់​ពលរដ្ឋ ៥០​គ្រួសារ​នៅ​ឃុំ​ស្រែគរ និង​ពលរដ្ឋ ៥៨​គ្រួសារ​នៅ​ឃុំ​ក្បាល​រមាស មិន​ព្រម​ទទួលយក​គោលនយោបាយ​សំណង ខណៈ​ដែល​ផ្ទះ​របស់​ពួកគេ​ត្រូវ​ទឹក​លិច​ទាំងស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល