ពលរដ្ឋ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​វារីអគ្គិសនី​ខែត្រ​ស្ទឹងត្រែង​ត្អូញ​ពី​បញ្ហា​សុខភាព

ដោយ មាន ឫទ្ធិ
2018-01-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ភូមិ​ស្រែគរ​ និង​ភូមិ​ក្បាល​រមាស​ចាស់ បន្ទាប់​ពី​ក្រុមហ៊ុន​វាវី​អគ្គិសនី​សេសាន​ក្រោម​ពីរ​បិទ​ទ្វារ​ទឹក​ជា​ស្ថាពរ នៅ​​ថ្ងៃ​ទី​២០​ខែ​តុលា​ឆ្នាំ២០១៧។
ទិដ្ឋភាព​ភូមិ​ស្រែគរ​ និង​ភូមិ​ក្បាល​រមាស​ចាស់ បន្ទាប់​ពី​ក្រុមហ៊ុន​វាវី​អគ្គិសនី​សេសាន​ក្រោម​ពីរ​បិទ​ទ្វារ​ទឹក​ជា​ស្ថាពរ នៅ​​ថ្ងៃ​ទី​២០​ខែ​តុលា​ឆ្នាំ២០១៧។
Photo Provided

អ្នកភូមិ​ក្បាល​រមាស និង​ភូមិ​ស្រែគរ​ចាស់ ជាង ១០០​គ្រួសារ ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​បន្ត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​តាម​អនុសាសន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ទទួលខុសត្រូវ​រាល់​ការ​ខាត​ប្រយោជន៍​ពលរដ្ឋ ដោយសារតែ​ទំនប់​សេសាន​ក្រោម​ពីរ​បិទទ្វារ​ទឹក​ពន្លិច​ភូមិ។ ពួកគាត់​ត្អូញ​ថា អាជ្ញាធរ​រដ្ឋាភិបាល​នៅតែ​រើសអើង​ពួកគាត់ និង​ចាត់​ទុក​ពួកគាត់​ជា​សត្រូវ​នៃ​ការ​អភិវឌ្ឍ។

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ រស់នៅ​ឃុំ​ក្បាល​រមាស និង​ភូមិ​ស្រែគរ​ចាស់ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង​នៅតែ​ប្រកាន់​ជំហរ​ក្រាញននៀល​មិន​ចាក​ចេញពី​ភូមិ​កំណើត បើទោះបីជា​ស្ថានភាព​រស់នៅ​កាន់តែ​លំបាក​ទៅៗ​យ៉ាង​ណា​ក្តី​។ រីឯ​អ្នកភូមិ​មួយ​ចំនួន​បាន​រស់​នៅ​លើ​ដី​ចម្ការ​វិល​ជុំ និង​ខ្លះ​ទៀត​សង់​ខ្ទម​រស់នៅ​ទី​ទួល​ខ្ពស់​រង់ចាំ​សេវា​សាធារណៈ​ដែល​រដ្ឋាភិបាល​សន្យា​ផ្ដល់​ជូន។

ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង នៅ​ភូមិ​ក្បាល​រមាសចាស់ លោក ប្រ៉ក់ រិទ្ធី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២១ មករា​ថា ពលរដ្ឋ​រស់នៅ​ភូមិ​ក្បាល​រមាស ៥៨​គ្រួសារ ដែល​បដិសេធ​មិន​ចាក​ចេញពី​ភូមិកំណើត កំពុង​រង់ចាំ​អាជ្ញាធរ​អនុវត្ត​តាម​អនុសាសន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សន្យា​ថា នឹង​ផ្ដល់​សេវា​សាធារណៈ​ជួន​ពួកគាត់ រួមមាន​សេវា​សុខភាព និង​សេវា​អប់រំ​ជាដើម តែ​ផ្ទុយទៅវិញ​មក​ទល់​ពេល​នេះ ពួកគាត់​នៅ​ពុំ​ទាន់​ទទួល​បាន​ពន្លឺ​លទ្ធផល​នៅឡើយ​ទេ។ លោក​ថា ប្រសិនបើ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឲ្យ​តម្លៃ​ការ​គោរព​សិទ្ធិមនុស្ស គួរតែ​ពិចារណា​លើ​ការសាងសង់​ភូមិ​ថ្មី​ជូន​ពួកគាត់ និង​កាត់បន្ថយ​កម្ពស់​ទឹក​ទំនប់​កន្លះ​ម៉ែត្រ ដើម្បី​សង្គ្រោះ​ធនធាន​ធម្មជាតិ ដី​ផ្នូរ​កប់​សព និង​ដីស្រែ​ពួកគាត់​មួយ​ចំនួន៖ «តាំងពី​ហ្នឹង​មក​មាន​អនុសាសន៍ និង​ឮ​ថា​ខែត្រ​នឹង​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ហ្នឹង តែ​សហគមន៍​ក៏​មាន​ការ​សប្បាយ​ចិត្ត​ដែរ តែ​មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​សកម្មភាព​ណាមួយ អន្តរាគមន៍​មក​ខែត្រ​ទេ»

បុរស​ដដែល​បន្ត​ថា មក​ទល់​ពេល​នេះ ពុំ​ឃើញ​មាន​អាជ្ញាធរ​រដ្ឋាភិបាល និង​កាកបាតក្រហម​ផ្ដល់​ជំនួយ​មនុស្សធម៌​ស្បៀងអាហារ និង​ថ្នាំពេទ្យ​នោះ​ទេ គឺ​ឃើញ​តែ​ដាក់​កម្លាំង​ប្រដាប់អាវុធ​រឹតត្បិត​សេរីភាព​អ្នក​ខាងក្រៅ មិន​ឲ្យ​ចូល​សួរសុខទុក្ខ​ពួកគាត់។ លោក​ថា ពលរដ្ឋ​រស់នៅ​ភូមិ​ចាស់​មាន​បញ្ហា​ប្រឈម​ខ្លាំង គឺ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ។ ជាក់ស្ដែង​កុមារ​ជាង ៨០​នាក់​បោះបង់​ការសិក្សា រីឯ​ស្ត្រី​មាន​ផ្ទៃពោះ​លំបាក​សេវា​ថែទាំ​សុខភាព៖ «ទាក់ទង​សុខភាព​គាត់​ពុំ​មាន​ថ្នាំ និង​ពិគ្រោះ​យោបល់​ពេល​ឈឺ​ថ្កាត់ អ៊ីចឹង​គាត់​ត្រូវ​ចំណាយ​ថវិកា​ច្រើន ទៅ​ផ្លូវ​ឆ្ងាយ​ដូចជា​ទៅ​រតនគិរី»

មេឃុំ​ស្រែគរ លោក សៀក មេគង្គ ពី​គណបក្ស​សង្គ្រោះជាតិ ដែល​ទើប​ត្រូវ​គេ​ដក​ពី​តំណែង​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អះអាង​ថា នឹង​មិន​ស្ថាបនា​ភូមិ​ថ្មី​ជូន​ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​នោះ​ទេ ព្រោះ​ការសាងសង់​ភូមិ​ថ្មី ត្រូវ​ចំណាយ​ធនធាន​ច្រើន។

កាលពី​ចុង​ឆ្នាំ ២០១៧ អភិបាលខែត្រ​ស្ទឹងត្រែង លោក ម៉ុម សារឿន បាន​ចេញ​លិខិត​ជូន​ដំណឹង​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​ពលរដ្ឋ​មិន​ទទួល​សំណង រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​បាន​ផ្ដល់​ជម្រើស​នានា ជូន​ពលរដ្ឋ​ដែល​ចង់​យក​ទីតាំង​ថ្មី ឋិត​នៅ​ក្បែរ​ភូមិ​ចាស់ និង​ធ្លាប់​អាស្រ័យ​ផល​ស្រាប់ ដែល​ជា​ទីតាំង​មាន​សុវត្ថិភាព ដើម្បី​សាងសង់​លំនៅឋាន​ថ្មី​រស់នៅ។ លើស​ពី​នេះ រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​អះអាង​ថា នឹង​បន្ត​សហការ​ដោះស្រាយ​ផល​ប៉ះពាល់ ផ្អែក​តាម​គោលនយោបាយ​សមស្រប​ជូន​ពលរដ្ឋ​ផ្ទាល់។ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ អ្នកភូមិ​នៅ​ពុំ​ទាន់​ទទួល​បាន​ដំណោះស្រាយ​បញ្ហា​នេះ​នៅឡើយ​ទេ។

អ្នកឃ្លាំមើល​បរិស្ថាន លោក ភូ ប៊ុនថាន់ យល់​ថា ក្រុមហ៊ុន និង​អាជ្ញាធរ​រដ្ឋាភិបាល ជា​អ្នក​ទទួលខុសត្រូវ​ផល​ប៉ះពាល់​ទាំងឡាយ ដែល​កើតឡើង​ដោយសារ​ទំនប់ និង​ទទួលយក​សំណូមពរ​របស់​ពល​រដ្ឋ ដោះស្រាយ មិន​គួរ​ទុក​ពលរដ្ឋ​ឲ្យ​រងគ្រោះ​ចោល ក្រោម​រួប​ភាព​អភិវឌ្ឍន៍​នោះ​ទេ។ លោក​កត់​សម្គាល់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​ឲ្យ​ពលរដ្ឋ​រស់នៅ​ភូមិ​ចាស់​អាច​តាំងទី​លំនៅ​តំបន់​ក្បែរ​ភូមិ​ចាស់​មិន​លិច​ទឹក ក៏ប៉ុន្តែ​បែរជា​ក្រុមហ៊ុន និង​អាជ្ញាធរ​មិន​អនុវត្ត៖ «ខ្ញុំ​គិត​ថា សម្រាប់​អាជ្ញាធរ ក៏ដូចជា​រដ្ឋាភិបាល​គួរតែ​មាន​វិធានការ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន ត្រូវ​ទទួលខុសត្រូវ​សម្រាប់​ពលរដ្ឋ​នៅ​តំបន់​ហ្នឹង​ដែរ។ បើ​ពុំ​ដូច្នេះ​ទេ យើង​នឹង​មាន​បញ្ហា​ធំ​ហើយ»

របាយការណ៍​អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស ៥៧​គ្រួសារ និង​ឃុំ​ស្រែគរ ៥០​គ្រួសារ រាប់​បញ្ចូល​ពលរដ្ឋ​បំបែក​គ្រួសារ នៅ​មិន​ទាន់​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល