អាជ្ញាធរ​ទទួល​យក​សំណូមពរ​ពលរដ្ឋ​មិន​ទទួល​សំណង​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន

ដោយ វ៉ែន សុមេធ
2018-02-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ភូមិ​ស្រែគរ​ និង​ភូមិ​ក្បាល​រមាស​ចាស់ បន្ទាប់​ពី​ក្រុមហ៊ុន​វាវី​អគ្គិសនី​សេសាន​ក្រោម​ពីរ​បិទ​ទ្វារ​ទឹក​ជា​ស្ថាពរ នៅ​​ថ្ងៃ​ទី​២០​ខែ​តុលា​ឆ្នាំ២០១៧។
ទិដ្ឋភាព​ភូមិ​ស្រែគរ​ និង​ភូមិ​ក្បាល​រមាស​ចាស់ បន្ទាប់​ពី​ក្រុមហ៊ុន​វាវី​អគ្គិសនី​សេសាន​ក្រោម​ពីរ​បិទ​ទ្វារ​ទឹក​ជា​ស្ថាពរ នៅ​​ថ្ងៃ​ទី​២០​ខែ​តុលា​ឆ្នាំ២០១៧។
Photo Provided

ពលរដ្ឋ​បដិសេធ​មិន​ទទួល​សំណង ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ រស់នៅ​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា អាជ្ញាធរ​ខែត្រ និង​តំណាង​ក្រុមហ៊ុន​បាន​ឯកភាព ឲ្យ​អ្នកភូមិ​រស់នៅ​ភូមិ​ចាស់ ធ្វើ​ប្លង់ដី​សមូហភាព និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្រោយ​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង និង​តំណាង​ក្រុមហ៊ុន​បាន​ចុះ​ជួប​ពលរដ្ឋ ដើម្បី​ស្រង់​យក​ព័ត៌មាន និង​ទទួល​យក​ការ​សំណូមពរ​នានា​របស់​ពល​រដ្ឋ​មក​ដោះស្រាយ។

អ្នកភូមិ​ក្បាល​រមាស និង​ភូមិ​ស្រែគរ​ចាស់​ជាង ១​រយ​គ្រួសារ ថា នេះ ជា​ពន្លឺ​លទ្ធផល​ថ្មី​មួយ ទាក់ទិន​ការ​អនុវត្ត​អនុសាសន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អនុញ្ញាត​ឲ្យ​អ្នកភូមិ​អាច​តាំង​ទីលំនៅ​ថ្មី​បាន ហើយ​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន​ត្រូវ​សហការ និង​ដោះស្រាយ​ផ្ដល់​សំណង​នានា។

ជនជាតិ​ដើម​ភាគតិច រស់នៅ​ភូមិ​ក្បាល​រមាសចាស់ លោកស្រី ស្រាំង ឡាញ់ ឲ្យ​ដឹង​នៅ​ថ្ងៃទី១០ កុម្ភៈ​ថា អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង និង​តំណាង​ក្រុមហ៊ុន បាន​ជួប​ពលរដ្ឋ​ជាថ្មី​នេះ ពុំ​មែន​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​សំណង​ដូច​មុន​នោះ​ឡើយ គឺ​អនុវត្ត​តាម​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល​ដែល​ធ្លាប់​សន្យា។ លោកស្រី​ថា លទ្ធផល​នៃ​ការ​ពិភាក្សា​រវាង​សហគមន៍ តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ខែត្រ បង្ហាញ​សញ្ញា​វិជ្ជមាន​មួយ​ចំនួន ពាក់ព័ន្ធ​ធ្វើ​ប្លង់ដី​សមូហភាព និង​ការ​ផ្ដល់​សេវា​សាធារណៈ​ជាដើម។ តែ​យ៉ាងណា​លោកស្រី​បារម្ភ​ថា អាជ្ញាធរ​មិន​បាន​កំណត់​ពេល​ស្ថាបនា​សាលារៀន​មណ្ឌល​សុខភាព ផ្លូវ និង វាស់វែង​កំណត់​ទីតាំង​ថ្មី​នៅឡើយ​ទេ អាច​នឹង​អូស​បន្លាយពេល​យូរ​ខាត​ប្រយោជន៍​ពួកគាត់។ «»

កាលពី​ចុង​ឆ្នាំ​២០១៧ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ពោធ​ចុច​កុងតាក់​បិទទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ជា​ស្ថាពរ ដោយ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឲ្យ​អ្នកភូមិ​ដែល​បដិសេធ​មិន​ទទួល​សំណង​រស់នៅ​ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាស​ចាស់ អាច​តាំង​ទីលំនៅ​ភូមិ​ថ្មី​បាន។

មេឃុំ​ស្រែគរ​មកពី​គណបក្ស​សង្គ្រោះជាតិ លោក សៀក មេគង្គ ដែល​ទើប​រដ្ឋាភិបាល​ដក​ពី​តំណែង ឲ្យ​ដឹង​ថា អ្នកភូមិ​ដែល​មិន​ទទួល​សំណង សំណូមពរ​ឲ្យ​អាជ្ញាធរ​ពន្លឿន​កសាង​សាលារៀន អណ្ដូងទឹក និង​ផ្លូវ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​កុមារ​ចូលរៀន​ឡើងវិញ។ លោក​ពុំ​មាន​ជំនឿ​ទាំងស្រុង​លើ​ការ​សន្យា​របស់​អាជ្ញាធរ​នោះ​ទេ ព្រោះ​កន្លងទៅ​អាជ្ញាធរ​តែងតែ​ពន្យារពេល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សំណង​ជូន​ពលរដ្ឋ រហូត​ឈាន​ដល់​ថ្ងៃ​ជិត​បោះឆ្នោត​ទើប​ភ្ញាក់ខ្លួន មក​រំឭកស្មារតី​ពលរដ្ឋ​ឡើងវិញ។ «»

អ្នកឃ្លាំមើល​បរិស្ថាន លោក ភូ ប៊ុនថាន់ ដែល​តែង​ចុះ​តាមដាន​បញ្ហា​នេះ មើល​ឃើញ​ថា មក​ទល់​ពេល​នេះ​ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​មួយ​ចំនួន បាន​ចាប់​ផ្ដើម​កសាង​ផ្ទះ​នៅ​ចម្ការ និង​ទីទួល​ខ្ពស់​ដោយ​ខ្លួនឯង ហើយ​ទីតាំង​ថ្មី​ដែល​អ្នកភូមិ​កសាង​ផ្ទះ​នោះ អាច​មិន​ឋិត​ក្នុង​ប្លង់​ដែល​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​អ្នកភូមិ​បង្កើត​ភូមិ​ថ្មី​នោះ​ទេ។ បញ្ហា​នេះ គឺជា​ចំណោទ​មួយ​ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន​ត្រូវ​ពន្លឿន​ដោះស្រាយ និង​កំណត់​ទីតាំងនៅ​កន្លែង​ណា​ឲ្យ​ប្រាកដ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​លទ្ធភាព សង់​ជម្រក​ថ្មី​បាន។ «»

អ្នកភូមិ​ក្បាល​រមាស​ចាស់​បន្ថែម​ថា ការស្វែងរក​ដំណោះស្រាយ​បញ្ហា​នេះ បាន​អូស​បន្លាយ​រហូត​បច្ចុប្បន្ន ដោយសារតែ​អាជ្ញាធរ​នៅតែ​ព្យាយាម​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​សំណង ដែល​ពួកគាត់​មិន​ពេញចិត្ត។ អ្នកភូមិ​ប្រកាន់​ជំហរ​មិន​ចាក​ចេញពី​ភូមិកំណើត ដោយសារ​បាត់បង់​ប្រពៃណី​វប្បធម៌ ផ្នូរ​ដូនតា ព្រៃឈើ និង​ទន្លេ​ដែល​ជា​ប្រភព​ប្រាក់ចំណូល​មិន​ចេះ​រីងស្ងួត។

របាយការណ៍​អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាលរមាស ៥៧​គ្រួសារ និង​ឃុំ​ស្រែគរ ៥០​គ្រួសារ រាប់បញ្ចូល​ពលរដ្ឋ​បំបែក​គ្រួសារ នៅ​មិនទាន់​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល