ពលរដ្ឋ​ក្រុង​កំពង់ឆ្នាំង​រីករាយ​នឹង​ផ្លូវ​ទើប​ស្ថាបនា​ថ្មី​ប៉ុន្តែ​បារម្ភ​គ្រោះថ្នាក់​ចរាចរណ៍

ដោយ ជិន ជេដ្ឋា
2014-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វិមាន​ឯករាជ្យ​ក្នុង​ក្រុង និង​ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​២៩ ធ្នូ ២០១៤
វិមាន​ឯករាជ្យ​ក្នុង​ក្រុង និង​ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​២៩ ធ្នូ ២០១៤
RFA/Chin Chetha

ប្រជាពលរដ្ឋ​រស់​នៅ​ក្រុង និង​ខេត្ត​កំពង់ឆ្នាំង រីករាយ​នឹង​ការ​ទទួល​បាន​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​ជាង ៤​គីឡូម៉ែត្រ (៤.៤០០​ម) និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ជំនន់​ជាង ៩​គីឡូម៉ែត្រ (៩.៥៥០ម) ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន។ ស្រប​ពេល​គ្នា​នេះ​ក៏​មាន​ពលរដ្ឋ និង​អ្នក​រត់​ម៉ូតូ​ឌុប​ខ្លះ បារម្ភ​ពី​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ញឹកញាប់​ដោយសារ​គ្មាន​ភ្លើងស្តុប​ចរាចរណ៍ ចំណែក​ទឹក​ស្អុយ​ចេញ​ពី​បង្គន់​នៅ​តែ​ជា​បញ្ហា។

ក្រុម​អ្នក​ឯកទេស និង​កម្មករ​ស្ថាបនា​ផ្លូវ​កៅស៊ូ និង​ប្រព័ន្ធ​លូ​នៅ​ក្នុង​ក្រុង កំពុង​រូតរះ​​បញ្ចប់​ការងារ​របស់​ខ្លួន​តាម​គម្រោង​នៅ​ចុង​ខែ​មករា ឆ្នាំ​២០១៥។ យោង​តាម​អនុប្រធាន​ការិយាល័យ​មន្ទីរ​សាធារណការ​ខេត្ដ​កំពង់ឆ្នាំង បច្ចុប្បន្ន​ការងារ​ស្ថាបនា​ផ្លូវ និង​ប្រព័ន្ធ​លូសម្រេច​បាន​ជាង ៨៩.៥​ភាគរយ​ហើយ ប៉ុន្តែ​តាម​ផ្លូវ​នានា​ក្នុង​ក្រុង​នឹង​មិន​​បំពាក់​ភ្លើង​ស្តុប ចំណែក​លូ​បង្ហូរ​កាក​សំណល់​ពី​បង្គន់​ក៏​មិន​ទាន់​មាន​ដែរ។

ប្រជា​កសិករ និង​ជា​អ្នក​រត់​ម៉ូតូ​ឌុប លោក ម៉ៅ គឹមឆុន មាន​ប្រសាសន៍​ថា ត្បិត​នៅ​ក្រុង​កំពង់ឆ្នាំង ពុំ​ទាន់​មាន​ការ​កកស្ទះ​ចរាចរណ៍​នៅ​ពេល​យប់ ឬ​ពេល​ថ្ងៃ ប៉ុន្តែ​អ្នក​បើក​បរ​យានយន្ត​គ្រប់​ប្រភេទ​ភាគ​ច្រើន​មិន​សូវ​គោរព​ច្បាប់​ឡើយ។ លោក​យល់​ថា នៅ​ពេល​ស្ថាបនា​ផ្លូវ​ស្រូល​ហើយ ក៏​នៅ​តែ​មាន​គ្រោះ​ថ្នាក់​ញឹក​ញាប់​ដែរ ប្រសិន​បើ​មិន​បំពាក់​ភ្លើងស្តុប​ចរាចរណ៍ ឬ​អ្នក​បើកបរ​នៅ​តែបន្ដ​បំពាន​ច្បាប់៖ «ខ្ញុំ​ចង់​ឲ្យ​មាន​ភ្លើង​ស្ដុប​នៅ​តាម​ផ្លូវ។ បុក (គ្រោះថ្នាក់​ចរាចរណ៍) ច្រើន​ជាង​គេ​នៅ​កន្លែង​ផ្លូវ​បំបែក​ទល់​មុខ​ធនាគារ​អេស៊ីលីដា ហ្នឹង!»

ចំណែក​ក្រុម​អាជីវករ និង​អ្នក​រត់​ម៉ូតូ​ឌុប​ខ្លះ​ទៀត បាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ខ្លួន​ទៅ​លើ​ផ្លូវ​ស្អាត មាន​ប្រព័ន្ធ​លូ​រំដោះ​ជំនន់​ទឹក​ភ្លៀង និង​នៅ​ពេល​យប់​កន្លែង​ខ្លះ​នៃ​ក្រុង​កំពង់ឆ្នាំង ចាប់​ផ្ដើម​មាន​ភ្លើង​អគ្គិសនី​បំភ្លឺ ដែល​កន្លង​មក​មិន​ធ្លាប់​មាន។ អ្នក​ខ្លះ​លាន់​មាន់​មាត់​ថា ផ្លូវ​នៅ​ស្រុក​ខ្មែរ ប្រសិន​បើ​ធ្វើ​បាន​ល្អ​ដូច​គម្រោង​ចៃកា (Jica) របស់​ជប៉ុន​នេះ ម្ល៉េះ​សម​ផ្លូវ​មិន​ធ្វើ​មុខ​ខូច​ក្រោយ​ធ្វើ​ក្រោយ​ខូច​មុខ​ទេ។

កំពុង​អង្គុយ​លក់​នំ​មុខ​ផ្ទះ ឋិត​នៅ​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ​ពី​វិមាន​ឯករាជ្យ ក្រុង​កំពង់ឆ្នាំង អ្នកស្រី អ៊ូ សុភា ថ្លែង​បែប​អឹមអៀម​ថា រយៈ​ពេល​ជិត ១០​ឆ្នាំ​ហើយ​ដែល​គ្រួសារ​គាត់​ធ្វើ​បង្គន់​មិន​ដែល​ជួល​គេ​បូម​លាមក​ចេញ ប៉ុន្តែ​បង្គន់​ចាប់​ផ្ដើម​ស្ទះ​រក​កល់​ពេញ​អាង​ស្ដុក​កាល​ពី​ជាង ១​ខែ​មុន ហើយ​គាត់​បាន​ទិញ​លូ​ជីក​កប់​ក្នុង​ដី​ចំនួន​ពីរ​រណ្ដៅ​ទៀត​តែ​បង្គន់​នៅ​តែ​ស្ទះ។

អ្នកស្រី​ចង់​ឲ្យ​មាន​លូ​រំដោះ​ទឹក​ស្អុយ​ ឬ​លាមក​ចេញ​ពី​ក្នុង​បង្គន់ ពីព្រោះ​អ្នក​រស់​នៅ​ក្រុង​កំពង់ឆ្នាំង ទាំង​អស់​ត្រូវ​ជួល​ម៉ាស៊ីន​គេ​បូម​យក​លាមក​ចេញ​ដោយ​ខ្លួន​ឯង ហើយ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ទៀត៖ «រឿង​ផ្លូវ​ថ្នល់​ស្អាត លូ​រំដោះ​ទឹក​ស្អាត​ខ្ញុំ​សប្បាយ​ចិត្ដ​ណាស់។ តែ​បញ្ហា​បង្គន់​ស្ទះ​ពិបាក​មែន​ទែន បើ​អាច​ខ្ញុំ​ចង់​ឲ្យ​មាន​លូ​បង្ហូរ​ទឹក​សំអុយ និង​លាមក​ចេញ​ពី​បង្គន់ ព្រោះ​ពិបាក​រក​គេ​បូម​ណាស់ ហើយ​ថ្លៃ​ទៀត»

ទាក់ទង​បញ្ហា​នេះ អនុ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បច្ចុប្បន្ន​នៅ​ក្នុង​ក្រុង​មិន​ទាន់​មាន​លូ​បង្ហូរ​ទឹក​សំអុយ ឬ​កាក​សំណល់​ចេញ​ពី​បង្គន់​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រព័ន្ធ​លូ​បែប​នេះ នឹង​ត្រូវ​ធ្វើ​ជៀស​មិន​រួច នៅ​ពេល​ប្រជាជន​កាន់​តែ​ច្រើន​ឡើង​រស់​នៅ​ក្នុង​ក្រុង។ អាជ្ញាធរ​នឹង​សង់​អាង​ប្រព្រឹត្តិកម្ម​ចំនួន ៣ គឺ​នៅ​ទំនប់​បឹងធំ សំរោង និង​នៅ​ចុង​កោះ ដើម្បី​បម្លែង​ទឹក​សំអុយ ឬ​លាមក​ចេញ​ពី​បង្គន់​នានា​ក្នុង​ក្រុង​កំពង់ឆ្នាំង។ នៅ​ឆ្នាំ​២០១៥ មន្ទីរ​បរិស្ថាន​គ្រោង​នឹង​ចំណាយ​ទឹក​ជាង ២០​ម៉ឺន​ដុល្លារ ដើម្បី​គ្រប់គ្រង​កាក​សំណល់​រឹង និង​រាវ ព្រម​ទាំង​ការ​ផ្សព្វផ្សាយ​អប់រំ​ផ្សេងៗ​នៅ​ក្នុង​ខេត្ត។

ងាក​មក​រឿង​ផ្លូវ​ថ្នល់​វិញ អនុ​ប្រធាន​ការិយាល័យ​សាធារណការ​ខេត្ត​កំពង់ឆ្នាំង លោក កែវ វ៉ិត បញ្ជាក់​ថា តាម​គម្រោង​ស្ថាបនា​ផ្លូវ​ និង​ប្រព័ន្ធ​លូ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៥ ហើយ​សម្ពោធ​ឲ្យ​ប្រើប្រាស់​នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៥ បន្ទាប់​ពី​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៣។ នៅ​ពេល​ស្ថាបនា​រួច​នឹង​ពុំ​មាន​បំពាក់​ភ្លើង​ស្តុប​ចរាចរណ៍​តាម​ផ្លូវ​ប្រសព្វ​នានា​ទេ តែ​លោក​គិត​ថា បច្ចុប្បន្ន​ការ​ធ្វើ​ចរាចរណ៍​ក្នុង​ក្រុង​នៅ​តិច​មិន​ជា​បញ្ហា​ប្រឈម​ឡើយ។

លោក​ថា គម្រោង​ចៃកា ជប៉ុន​នេះ គឺ​ជា​ជំនួយ​ឥត​សំណង តែ​លោក​មិន​ដឹង​ថា​ចំណាយ​ទឹក​ប្រាក់​ប៉ុន្មាន​នោះ​ទេ៖ «យើង​រង់​ចាំ​មើល​ឆ្នាំ​ក្រោយ បើ​ភ្លៀង​មក​មេ​ធំ​នឹង​ហូរ​ដាច់​អស់ (គ្មាន​បញ្ហា​ស្ទះ​ទឹក​ក្នុង​ក្រុង) ពីព្រោះ​គេ​ធ្វើ​ត្រឹមត្រូវ​តាម​បច្ចេកទេស»

ចំណែក​ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក ​​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន ក៏​អះអាង​ប្រហែល​នឹង​លោក កែវ វ៉ិត ដែរ​ថា ភ្លើងស្តុប​នៅ​ពេល​បច្ចុប្បន្ន​មិន​មែន​ជា​កត្តា​បង្ក​ហានិភ័យ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ទេ គឺ​បណ្ដាល​មក​កត្តា​មនុស្ស​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ដោយ​បើក​លើស​ល្បឿន​កំណត់ និង​បើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង​ជា​ដើម។ លោក​ថា តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៤ ខាង​ការិយាល័យ​របស់​លោក​មិន​ទាន់​បូក​សរុប​នៅ​ឡើយ តែ​តួលេខ​អាច​កើន​ឡើង​ជាង​ឆ្នាំ​២០១៣ តិចតួច​ប៉ុណ្ណោះ ដោយ​ផ្អែក​លើ​កត្តា​មធ្យោបាយ​ធ្វើ​ដំណើរ​កាន់​តែ​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល