អ្នក​បរិស្ថាន​ស្នើ​ឱ្យ​ស៊ើបអង្កេត​ឯករាជ្យ និង​ដាក់​ទោស​អ្នក​ពាក់ព័ន្ធ​ការ​នាំ​សំរាម​​មក​កម្ពុជា

ដោយ សុ ជីវី
2019-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កាកសំណល់​ពី​បរទេស​ចំនួន ៨៣​កុងតឺន័រ ទម្ងន់​ប្រមាណ ១.៦០០​តោន ចូល​មក​កំពង់ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី១៦ កក្កដា ២០១៩។
កាកសំណល់​ពី​បរទេស​ចំនួន ៨៣​កុងតឺន័រ ទម្ងន់​ប្រមាណ ១.៦០០​តោន ចូល​មក​កំពង់ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី១៦ កក្កដា ២០១៩។
រូប​ពី​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន

អ្នកការពារ​បរិស្ថាន និង​ជា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស៊ើបអង្កេត​ដោយ​តម្លាភាព និង​ជឿ​ទុកចិត្ត​បាន​ចំពោះ​ករណី​នាំចូល​កាកសំណល់​ប្លាស្ទិក​ហាមឃាត់​មក​កម្ពុជា និង​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​ក្រុមហ៊ុន និង​អ្នក​ពាក់ព័ន្ធ​។ របប​លោក ហ៊ុន សែន បាន​កំណត់​ពេល​ត្រឹម​ថ្ងៃ​ទី​២៤ ខែ សីហា ដើម្បី​ឱ្យ​ក្រុមហ៊ុន​ឈ្មោះ ជុងយៀន ប្លាស្ទិក ដឹកជញ្ជូន​ចេញ​កាកសំណល់​ទាំងអស់​ត្រឡប់​ទៅកាន់​ប្រទេស​ដើម​វិញ គឺ​ទៅ​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា​។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច (Alejandro Gonzalez Davidson) សង្ស័យ​ថា ការ​នាំចូល​កាកសំណល់​សំរាម​ហាមឃាត់​ក្នុង​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់​មក​កម្ពុជា​បាន គឺ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ដែល​ចាំបាច់​ត្រូវ​មាន​ការស៊ើបអង្កេត​ត្រឹមត្រូវ​មួយ ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​ករណី​បែប​នេះ​កើតមាន​ទៀត។

លោក អាឡិច បន្ត​ថា​ការ​អះអាង​របស់​មន្ត្រី​គយ​រដ្ឋាករ ពី​ការស៊ើបអង្កេត​កន្លងមក​នោះ​ជា​ការ​អះអាង​ដោយ​ភាគី​តែ​ម្ខាង ដែល​មិន​អាច​ទុកចិត្ត​បាន៖ «ប្រសិនបើ​រឿង​ហ្នឹង​ជា​រឿង​ខុសច្បាប់ ហេតុអ្វី​បានជា​គេ​គ្រាន់តែ​ពិន័យ ហេតុអ្វី​គេ​មិន​ផ្ដន្ទាទោស​តាម​ផ្លូវ​តុលាការ​? ហ្នឹង​ចំណុច​ទី​១ ចំណុច​ទី​២ យោង​តាម​អ្វី​ដែល​គេ​បាន​និយាយ​ក្នុង​សន្និសីទកាសែត​គឺ​ក្នុង​ឆ្នាំ​២០១៨ មាន​២៧​ជើង​អ៊ីចឹង​វា​ប្រាកដ​១០០%​ហើយ​ថា មាន​មន្ត្រីរាជការ បុគ្គលិក​នៃ​កំពង់ផែ​មួយ​ចំនួន ដែល​ពាក់ព័ន្ធ​នឹង​រឿង​ហ្នឹង​ដែរ​។ ប្រសិនបើ​អត់​ពាក់ព័ន្ធ​មិន​អាច​នាំចូល​ដោយ​ម្នាក់ឯង​បានទេ​។ ខ្ញុំ​ជំរុញ​ឱ្យ​រដ្ឋាភិបាល ឬ​របប​លោក ហ៊ុន សែន ហ្នឹង​ទាក់ទង​ជាមួយ​ព្រះរាជអាជ្ញា​ដើម្បី​ស៊ើបអង្កេត​រឿង​ហ្នឹង​ឱ្យ​បាន​ហ្មត់ចត់ ហើយ​ទី​២​បើ​មាន​មន្ត្រីរាជការ​ណាមួយ​ពាក់ព័ន្ធ​ក៏​គួរតែ​បញ្ជូន​ទៅ​តុលាការ​ដែរ»

អគ្គនាយក​គយ​និង​រដ្ឋាករ លោក គុណ ញឹម និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ពន្យល់​ពី​វិធានការ​របស់​សមត្ថកិច្ច​ទៅលើ​ក្រុមហ៊ុន និង​ពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​ដោយ​ស្ថាប័ន​ទាំងនេះ​កាលពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា។ លោក គុណ ញឹម បញ្ជាក់​ថា ក្រុមហ៊ុន​ឈ្មោះ ជុង យៀន ប្លាស្ទិក មេញូហ្វេកឈ័​រ (CHUNGYUEN PLASTIC MANUFACTURE CO., LTD)​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ ឈ្មោះ សួន ឡុក បាន​នាំចូល​កាកសំណល់​សំរាម​ទាំង ៨៣​កុងតឺន័រ​ពី​ប្រទេស​កាណាដា និង សហរដ្ឋអាមេរិក ដែល​ជា​ប្រភេទ​កាកសំណល់​ហាមឃាត់។ រដ្ឋាភិបាល​តម្រូវ​ឱ្យ​ក្រុមហ៊ុន​នាំ​សំរាម​ទាំងនោះ​ទៅ​ប្រទេស​ដើម​វិញ និង​ពិន័យ​ប្រាក់​ជាង​មួយ​ពាន់​លាន​រៀល​(១០៣៧,៥​លាន​រៀល​) គឺ​ប្រមាណ​ជាង ២​សែន ៥​ម៉ឺន​ដុល្លារ​ចូល​ជា​ថវិកាជាតិ ហើយ​ក្រុមហ៊ុន​ត្រូវ​អនុវត្ត​តាម​ការ​ពិន័យ​នេះ​ឱ្យ​ចប់​សព្វគ្រប់​ត្រឹម​ថ្ងៃ​ទី២៤ សីហា ជា​កំហិត​។ របាយការណ៍​របស់​ក្រុម​មន្ត្រី​ដដែល​បញ្ជាក់​ថា ក្នុងចំណោម​កាកសំណល់​ទាំងនោះ​មាន​៧០​កុងតឺន័រ​ត្រូវ​គេ​ដឹក​ចេញពី​សហរដ្ឋអាមេរិក និង​១៣​កុងតឺន័រ​ពី​ប្រទេស​កាណាដា។

លោក គុណ ញឹម បញ្ជាក់​ថា វិធានការ​ពិន័យ​ក្រុមហ៊ុន​ក៏​ដោយសារតែ​កាកសំណល់​នោះ​ជា​ប្រភេទ​ប្លាស្ទិក ដែល​ពុំ​មាន​សារធាតុ​គ្រោះថ្នាក់ ឬ​មាន​វិទ្យុសកម្ម​អ្វី​ដែរ​។ លោក​ឆ្លើយតប​ថា មន្ត្រី​ពាក់ព័ន្ធ​មាន​សមត្ថភាព និង​ចូលរួម​សហការណ៍​គ្នា​បាន​ល្អ ទើប​អាច​រក​ឃើញ​បទល្មើស​នេះ នៅ​ពេល​អ្នកសារព័ត៌មាន​ចោទសួរ​ថា តើ​និង​មាន​វិធានការ​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ ដែល​ខ្វះ​ចន្លោះ​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​អាច​នាំ​កាកសំណល់​ហាមឃាត់​នោះ​ចូល​មក​បាន៖ «ទំនិញ​កាកសំណល់​ស្ថិត​ក្នុង​កុងតឺន័រ​នោះ​គឺ​ស្ថិត​ក្នុង​ទីលាន​កំពង់ផែ មិនទាន់​ប្រកាស​ទេ យើង​មិន​ដឹង​ថា ជា​ស្អី​ទេ ទាល់តែ​ប្រកាស​គយ​ទើបបាន​យើង​ត្រួតពិនិត្យ ប៉ុន្តែ​យើង​មាន​ព័ត៌មាន​ពី​ក្រៅ​ប្រទេស មានការ​ប្រុងប្រយ័ត្ន​ផ្ទៃក្នុង​របស់​យើង​គឺ​យើង​មានការ​សង្ស័យ អ៊ីចឹង​ឈាន​ដល់​ការ​បង្ក្រាប​គឺជា​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ល្អ​ក្នុង​ចំណោម​អាជ្ញាធរ​ពាក់ព័ន្ធ»

ទាក់ទង​នឹង​ការ​រំពឹងទុក​ថា នឹង​មាន​ការ​បញ្ជូន​កាកសំណល់​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​នេះ លោក គុណ ញឹម ប្រាប់​អាស៊ីសេរី ថា លោក​បាន​ប្រគល់​ឯកសារ​មួយ​ចំនួន​ដល់​មន្ត្រី​ទូត កាណាដា​ប្រចាំ​ទីក្រុង​ភ្នំពេញ ខណៈ​សហរដ្ឋអាមេរិក​មិនទាន់​ទទួល​បាន​ឯកសារ​នាំចូល​កាកសំណល់​ជិត ១៦០០​តោន​(១៥៩២) នោះ​នៅឡើយ។ លោក​បញ្ជាក់​ថា បាន​ទទួល​លិខិត​ស្នើសុំ​ព័ត៌មាន​បន្ថែម​ពី​មន្ត្រី​ស្ថានទូត​សហរដ្ឋ​មេរិក​ប្រចាំ​កម្ពុជា​រួចហើយ តែ​លោក​ត្រូវការ​ពេលវេលា​ចំនួន​ពីរ ឬ​បី​ថ្ងៃ​ទៀត ដើម្បី​ចងក្រង​ឯកសារ​ទាំងនេះ​ប្រគល់​ជូន​បាន។

បើ​ទោះជា​យ៉ាងណា លោក អាឡិច គ្មាន​ជំនឿ​ថា គេ​អាច​បញ្ជូន​កាកសំណល់​ប្លាស្ទិក​ទាំងនោះ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​បាន​ឡើយ ដ្បិត​ករណី​នេះ​អាច​ជាប់​ទាក់ទង​នឹង​អំពើពុករលួយ​ជា​ប្រព័ន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល