មន្ត្រី​ឃុំ​នៅ​ស្ទឹងត្រែង​ច្រាន​ចោល​គោល​នយោបាយ​សំណង​នៃ​គម្រោង​សង់​ទំនប់​វារីអគ្គិសនី

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​អញ្ជើញ​តំណាង​ក្រុមហ៊ុន មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មក​ប្រជុំ​ពិភាក្សា​ស្ដីពី​គោលការណ៍​ផ្តល់​សំណង​សម្រាប់​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ ទាក់ទិន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ បន្ទាប់​ពី​ក្រុម​មន្ត្រី​ជំនាញ​ចាប់​ផ្ដើម​វាស់វែង​កំណត់​ព្រំ​ផ្ទៃ​អាង​ស្តុក​ទឹក ដើម្បី​ឈូស​ព្រៃ​បោស​សម្អាត​អាង។
ដោយ រដ្ឋា វិសាល
2013-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​ហែ​ក្បួន​លែង​កូន​ត្រី និង​ស្រែក​ជ័យឃោស​រំលឹក​គុណ​ទន្លេ និង​អំពាវនាវ​សុំ​កុំ​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ក្នុង​ខួប​លើក​ទី១១ នៃ​បណ្ដាញ​សហគមន៍​ទន្លេ​បី នៅ​ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ​២០១៣។
ប្រជាពលរដ្ឋ​ហែ​ក្បួន​លែង​កូន​ត្រី និង​ស្រែក​ជ័យឃោស​រំលឹក​គុណ​ទន្លេ និង​អំពាវនាវ​សុំ​កុំ​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ក្នុង​ខួប​លើក​ទី១១ នៃ​បណ្ដាញ​សហគមន៍​ទន្លេ​បី នៅ​ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Ratha Visal

មន្ត្រី​ឃុំ​ស្រែគរ ស្រុក​សេសាន បាន​ច្រាន​ចោល​គោល​នយោបាយ​ផ្តល់​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ ទាក់ទិន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ថា​មិន​បាន​បំពេញ​តាម​ការ​ស្នើសុំ​របស់​ពលរដ្ឋ​នៅ​ឡើយ។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែ​ធ្នូ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​អនុវត្ត​គោល​នយោបាយ​ផ្តល់​សំណង​ដែល​បាន​ផ្សព្វផ្សាយ​កន្លង​ទៅ មាន​លក្ខណៈ​ទូលាយ​មិន​ច្បាស់​លាស់ និង​ចំណុច​ខ្លះ​ទៀត តម្លៃ​សំណង​មិន​សមស្រប​តាម​តម្លៃ​ទីផ្សារ​ដែល​ប្រជាពលរដ្ឋ​ឯកភាព។ លោក​ព្រមាន​ថា នឹង​មិន​ចូល​រួម​ក្នុង​អនុ​គណៈកម្មការ​ប្ដូរ​ទីលំនៅ​ថ្មី​សម្រាប់​ការ​ជម្លៀស​ប្រជាពលរដ្ឋ​នោះ​ឡើយ៖ «ក្នុង​នាម​ខ្ញុំ​គណៈកម្មការ​មួយ ខ្ញុំ​ក៏​មិន​ទៅ​វាស់វែង​ដែរ ពីព្រោះ​បើ​ក្រុមហ៊ុន​មិន​ដោះស្រាយ​បញ្ហា​រឿង​គោលការណ៍​សង​សំណង​ឲ្យ​ជាក់​លាក់»

យោង​ឯកសារ​គោល​នយោបាយ​សំណង​របស់​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង ចែង​ថា សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ត្រូវ​ទទួល​បាន​លើស ឬ​ស្មើ។ ចំណែក​ក្រុមហ៊ុន​មាន​កាតព្វកិច្ច​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត ដូច​ជា​ផ្លូវ​ថ្នល់​សាលា​រៀន មន្ទីរពេទ្យ និង​គម្រោង​អភិវឌ្ឍន៍​ផ្សេង​ទៀត​នៅ​តំបន់​ប្រជាពលរដ្ឋ​ទៅ​តាំង​ទីលំនៅ​ថ្មី។

តំណាង​សហគមន៍ លោក សុត ឃឿន ចាប់​អារម្មណ៍​ថា ប្រជាពលរដ្ឋ​ចង់​បាន​ពិគ្រោះ​យោបល់​រវាង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ ស្ដីពី​សំណង​តម្លៃ​ដី តម្លៃ​ផ្ទះ​សម្បែង និង​តម្លៃ​ផល​ដំណាំ​ជាក់​លាក់។ លោក​បន្ត​ថា អ្នក​ភូមិ​នឹង​មិន​បោះ​បង់​ភូមិដ្ឋាន​ផ្ទះ​សម្បែង ដីធ្លី​ស្រែ​ចម្ការ​ចាស់​របស់​ពួក​គាត់​ទៅ​រស់​នៅ​កន្លែង​ថ្មី​នោះ​ទេ ប្រសិន​អ្នក​ភូមិ​មិន​បាន​ទទួល​ព័ត៌មាន​ជាក់​លាក់ និង​សមស្រប​ពី​តម្លៃ​សំណង​មាន​ការ​ឯកភាព​ពី​ពលរដ្ឋ៖ «មិន​ដឹង​សំណង​គេ​សង​ម៉េច ហើយ​គេ​មិន​បាន​ចុះ​មក​សួរ​ប្រជាពលរដ្ឋ ទាមទារ​ចង់​ឲ្យ​មាន​ស្អីៗ​គ្រប់​យ៉ាង​ហ្នឹង ហើយ​សំណង​សង​ឲ្យ​ដូច​ទីផ្សារ»

កាល​ពី​ដើម​សប្ដាហ៍ អាជ្ញាធរ​ខេត្ត​បាន​បើក​កិច្ច​ប្រជុំ​រវាង​តំណាង​ក្រុមហ៊ុន​ចិន ឡាន ឆាន (Lan chang) សាងសង់​ទំនប់​វារីអគ្គិសនី មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ផ្សព្វផ្សាយ​ពី​គោលការណ៍​សំណង​ផល​ប៉ះពាល់​ពលរដ្ឋ ប៉ុន្តែ​សហគមន៍​មិន​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​នោះ​ឡើយ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​បណ្ដាញ​ទន្លេ​បី លោក មៀច មាន ផ្តល់​យោបល់​ថា ការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់​ជា​ប្រការ​ចាំបាច់ ដើម្បី​ចែក​រំលែក​ព័ត៌មាន​ជាក់​លាក់​ស្ដីពី​បញ្ហា​សំណង​នេះ។ លោក​បន្ត​ថា ក្រុមហ៊ុន និង​រាជ​រដ្ឋាភិបាល គួរ​ពិចារណា​ទៅ​លើ​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន និង​ការ​ឯកភាព​របស់​ពលរដ្ឋ​ទាក់ទិន​សំណង​នេះ៖ «មាន​ទីផ្សារ​សេរី ហើយ​តម្លៃ​ដី តម្លៃ​សម្ភារៈ តម្លៃ​ស្អីៗ​ហ្នឹង មាន​គ្រប់​បែប​យ៉ាង​ទាំងអស់។អ៊ីចឹង យើង​ស្នើសុំ​ឲ្យ​ខាង​ក្រុមហ៊ុន ក៏​ដូច​រាជ​រដ្ឋាភិបាល គឺ​បច្ចុប្បន្ន​នេះ​មាន​ការ​ផ្លាស់​ប្ដូរ»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ស្ទឹងត្រែង និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ លោក យ៊ូ បាសិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ទាក់ទិន​សំណង​ប្រជាពលរដ្ឋ​នេះ។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ឯកភាព​ជាមួយ​អាជ្ញាធរ​ខេត្ត ឲ្យ​អនុ​គណៈកម្មការ​ចុះ​សិក្សា​ផ្ទាល់​ជាមួយ​ពលរដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ ទាក់ទិន​ផល​ប៉ះពាល់​ជាក់ស្តែង​ដែល​នឹង​ត្រូវ​ទទួល​បាន​សំណង​ត្រឹមត្រូវ​បំផុត៖ «គាត់​ឯកភាព ហើយ​កំណត់​ថ្ងៃ​គ្នា​ចុះ។ ខ្ញុំ​សង្ឃឹម​ថា ប្រហែល​ចូល​ឆ្នាំ​ថ្មី​ហើយ​យើង​នឹង​នាំ​គ្នា​ចុះ។ ជំហរ គឺ​អត់​ទាន់​មាន​អ្វី​ប្លែក​ទេ គឺ​នៅ​តែ​ការពារ​បង​ប្អូន​ប្រជាពលរដ្ឋ»

របាយការណ៍​ពិសេស​ស្ដីពី​សំណង និង​នយោបាយ​កែ​តម្រូវ​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ឆ្នាំ​២០១១ បង្ហាញ​ថា ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​៤ រង​ផល​ប៉ះពាល់។ ក្នុង​នោះ ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ជាង ៥០០​ផ្ទះ នេះ​មិន​ទាន់​រាប់​បញ្ចូល​ផ្ទះ​ប្រជាពលរដ្ឋ ៤៨​ផ្ទះ​ទៀត​នៅ​ភូមិ​ក្របីជ្រំ និង​ភូមិ​ខ្សាច់ថ្មី ដែល​អាច​នឹង​រង​ផល​ប៉ះពាល់​ដូច​គ្នា​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល