អាជ្ញាធរ​​ខេត្ត​កោះកុង​ មិន​បង្ហាញ​តម្លា​ភាព ​ក្នុង​ការ​កាយ​ដី​ចេញ​ពី​ឆ្នេរ​សមុទ្រ​ នៅ​ក្រុង​ខេមរភូមិន្ទ

ដោយ មួង ណារ៉េត
2019-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​ខែត្រ​កោះកុង
សាលា​ខែត្រ​កោះកុង
RFA/មុំ សុផុន

សង្គម​ស៊ីវិល​ នៅ​ខេត្ត​កោះកុង ​​ថា ពួកគេ​មិន​អាច​ចូល​ទៅ​មើល​​សកម្មភាព​កាយ​ដី​ចេញ​ពី​​​មាត់​ឆ្នេរ​សមុទ្រ​​ នៅ​ក្នុង​សង្កាត់​ស្មាច់​មានជ័យ ក្រុង​ខេមរភូមិន្ទ បាន​ទេ ដោយសារ​​ទីតាំង​នោះ មាន​របង​ហ៊ុមព័ទ្ធ​ជិត។ ប៉ុន្តែ ពួកគេ​ទាមទារ​ឲ្យ​អាជ្ញាធរ ​មាន​សមត្ថកិច្ច ចាប់​​មន្ត្រី​យោធា ដែល​គេ​រក​ឃើញ​ថា បាន​​​រំលោភ​យក​ដី​សមុទ្រ ឲ្យ​ដូច​ការ​ចាប់​ខ្លួន​ពលរដ្ឋ​សាមញ្ញ​កន្លង​មក។​

អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស និង​ធនធាន​ធម្មជាតិ នៅ​ខេត្ត​កោះកុង ប្រាប់​ថា ប៉ុន្មាន​ថ្ងៃ​នេះ ពួក​គេ​បាន​ឃើញ​សកម្មភាព​​គ្រឿង​ចក្រ និង​ឡាន​ ដឹក​ដី​ចេញ​ពី​ម្ដុំ​មាត់​ឆ្នេរ​សមុទ្រ នៅ​ចំណុច ដែល​មាន​ការ​បញ្ជា​ ឲ្យ​មន្ត្រី​យោធា​ផ្កាយ​ពីរ​ម្នាក់ គឺ​លោក ទុន ដៀត ដក​បង្គោល​ និង​កាយ​ដី​ពី​ក្នុង​សមុទ្រ​វិញ តែ​ពួក​គាត់​មិន​បាន​ចូល​ដល់​ទីតាំង​ខាង​ក្នុង​​របង​ឡើយ។

អ្នក​សម្រប​សម្រួល​អង្គការ​ លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួរ អ៊ីន យល់​ថា ចំណាត់​ការ​របស់​រដ្ឋ​បាល​ខេត្ត​កោះកុង ជា​រឿង​ត្រឹមត្រូវ​ ព្រោះ​បើ​មាន​ការ​បំពាន​ដី​រដ្ឋ​បែប​នេះ អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​ទប់​ស្កាត់។ ប៉ុន្តែ​ លោក​ចង់​ឃើញ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់ លើ​មន្ត្រី​យោធា​ផ្កាយ​២ ដែល​បាន​រំលោភ​យក​ដី​ឆ្នេរ​សមុទ្រ​ ដូច​អាជ្ញាធរ និង​តុលាការ​ ធ្លាប់​បាន​ចាប់​ខ្លួន​ពលរដ្ឋ​សាមញ្ញ ​ដោយ​ចោទ​ថា រំលោភ​ដី​រដ្ឋ​ ថា​ករណី​ជាក់​ស្ដែង​ដូចគ្នា៖ «កាល​ណា តែ​មាន​ការ​លុប​បំពាន​អ៊ីចឹង​ហើយ ត្រូវ​តែ​មាន​ការ​កាយ​ចេញ ដើម្បី​យក​មក​ ជា​ទ្រព្យ​សម្បត្តិ​​សាធារណៈ​របស់​រដ្ឋ​វិញ។ ចំពោះ​អ្នក​កាយ (អ្នក​ចាក់) ក៏​គួរ​តែ​មាន​ចំណាត់​ការ តាម​ផ្លូវ​ច្បាប់​ណា​មួយ ​ឲ្យ​បាន​សមស្រប​ទៅ​តាម​ច្បាប់​ណា ព្រោះ​ថា ករណី​បែប​ហ្នឹង​ នៅ​ខេត្ត​កោះកុង វា​មាន​ច្រើន​ករណី ការ​លុប​ព្រែក​ ការ​លុប​ដី​ព្រៃ​កោងកាង​លិច​ទឹក ការ​លុប​ភ្នំ ភាគ​ច្រើន​យើង​មិន​ ដែល​ឃើញ​​មាន​ចំណាត់​ការ ទៅ​តាម​​ផ្លូវ​​ច្បាប់​ទេ។ គ្រាន់​តែ​មាន​ការ​បញ្ឈប់​(សកម្មភាព) ហើយ​ការ​បន្ត​តាម​នីតិវិធី​ហ្នឹង គឺ​អត់​សូវ​បាន​បន្ត​ទេ បើ​ប្រៀបធៀប​ជាមួយ​ប្រជាពលរដ្ឋ​សាមញ្ញ​វិញ យើង​ឃើញ​ថា ត្រូវ​បាន​បញ្ជូន​​មក​តុលាការ​ ហើយ​ភាគ​ច្រើន​ត្រូវ​បាន​ឃុំ​ខ្លួន ក្នុង​ករណី​ តូចៗ​ជាង​ហ្នឹង​ទេ»

មក​ដល់​ថ្ងៃ​នេះ មិន​ទាន់​មាន​ដំណឹង​ថា យោធា​មាន​ឋានន្តរសក្ដិ​ផ្កាយ​២ លោក ទុន ដៀត ដែល​ជា​អ្នក​ចាក់​ដី​រំលោភ​លើ​ឆ្នេរ​សមុទ្រ​ នៅ​ខេត្ត​កោះកុង ត្រូវ​បាន​ចាប់​ខ្លួន​ឡើយ បើ​ទោះ​ជា​ការ​ចាក់​ដី​រំលោភ​ចូល​សមុទ្រ ជា​បទ​ល្មើស​ជាក់​ស្ដែង​ក៏​ដោយ។ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កោះកុង លោក អ៊ុន សុវណ្ណ​ធានី និង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កោះកុង លោក សុខ សុធី ព្រមទាំង​អភិបាល​ខេត្ត​ អ្នកស្រី មិថុនា ភូថង បាន​ទេ នៅ​ថ្ងៃ​ទី​២៦​ ធ្នូ ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។

តែ​យ៉ាង​ណា ក្រុម​មន្ត្រី​ខេត្ត​កោះកុង​ទាំង​អស់​នេះ ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក (ភ្នំពេញ​ប៉ុស្តិ៍) កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា យ៉ាង​យូរ​បំផុត ដី​មាត់​ឆ្នេរ​សមុទ្រ​ ដែល​​គេ​ចាក់​លុប នឹង​ត្រូវ​កាយ​ចេញ​អស់​នៅ​ត្រឹម​ថ្ងៃ​ ព្រហស្បតិ៍ ទី​២៦ ធ្នូ ហើយ​តុលាការ​កំពុង​​ស៊ើប​អង្កេត​​ លោក​​ ទុន ដៀត តែ​មិន​ទាន់​ចាប់​ខ្លួន​ទេ។ ការ​ចាក់​ដី​ចូល​ក្នុង​សមុទ្រ ត្រូវ​បាន​ក្រុម​មន្ត្រី​ និង​ឈ្មួញ​​ធ្វើ​ជា​ច្រើន​កន្លែង​ហើយ និង​កើត​​មាន​គ្រប់​ខេត្ត​ទាំង៤ ជាប់​មាត់​សមុទ្រ។ ប៉ុន្តែ​អាជ្ញាធរ​កម្រ​មាន​ចំណាត់​ការ​ទប់​ស្កាត់​បទ​ល្មើស​ និង​ចាប់​ខ្លួន​ឈ្មួញ​ធំៗ ឬ​មន្ត្រី​ ដែល​​​ប្រព្រឹត្តិ​បាន​​ណាស់ លើក​លែង​តែ​ពលរដ្ឋ​សាមញ្ញ​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​ចុះ​បង្ក្រាប​ភ្លាមៗ។

ចំពោះ​វិធានការ​ឲ្យ​កាយ​ដី​ចេញ​វិញ​នេះ ក៏​ពុំ​សូវ​មាន​ប្រសិទ្ធិ​ភាព​ដែរ ដូច​ករណី​ការ​​ចាក់​ដី​ចូល​សមុទ្រ​នៅ​ខេត្ត​​ព្រះសីហនុ និង​ខេត្ត​កំពត កន្លង​មក​ជា​ដើម។ វិធានការ​​ឲ្យ​មន្ត្រី​យោធា ផ្កាយ​២​ នៅ​ខេត្ត​កោះកុង​ កាយ​ដី​ពី​ឆ្នេរ​វិញ​នេះ ធ្វើ​ឡើង​ដោយសារ​មាន​បទ​បញ្ជា​របស់​ លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​ ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ នៅ​ខេត្ត​កំពត​កន្លង​មក៖ «ខ្ញុំ​ហាក់​ដូចជា មាន​ព័ត៌មាន​ថា នៅ​ខេត្ត​កោះកុង ក៏​មាន​បន្ត​នូវ​ការ​ចាក់​ដី ចូល​ទៅ​ក្នុង​សមុទ្រ​ដោយ​គ្មាន​ការ​អនុញ្ញាត។ ខ្ញុំ​ស្នើ​ឲ្យ​ឯកឧត្ដម​ ជា សុផារ៉ា ក៏​ដូចជា អភិបាល​ខេត្ត​កោះកុង ពិនិត្យ​ជា​បន្ទាន់​ តើ​វា​មាន​ពិត​ទេ? ហាក់​ដូចជា មាន​នាយ​ទាហាន​ផង​ដែរ នាយ​ទាហាន​ផង​ដែរ ដែល​ចូលរួម​សកម្មភាព​ទាំង​នេះ»

អ្នក​សម្រប​សម្រួល​ស្ដីទី​​សមាគម អាដហុក ខេត្ត​កោះកុង លោក ប៊ី វណ្ណនី​ ប្រាប់​ថា លោក​ក៏​មិន​អាច​ចុះ​ទៅ​មើល​ដល់​ទីតាំង​បាន​ដែរ តែ​លោក​បាន​ឃើញ​ការ​ប្រកាស​ថា អាជ្ញាធរ និង​តំណាង​អយ្យការ បាន​បញ្ជា​ឲ្យ​កាយ​ដី និង​ដក​បង្គោល​ចេញ​ពី​ក្នុង​សមុទ្រ​វិញ​ហើយ។ លោក​យល់​ថា អាជ្ញាធរ​ខេត្ត​កោះកុង មាន​ភាព​ខ្សោយ​ក្នុង​ការ​គ្រប់​គ្រង​ ការ​​​​​ដី​លុប​​​សមុទ្រ ព្រែក និង​​​ធនធាន​ធម្មជាតិ​ដទៃ​ទៀត។

លោក​សង្កេត​ឃើញ​ថា ការ​ចាក់​ដី​លុប​សមុទ្រ​នៅ​ខេត្ត​កោះកុង​កើត​មាន​យូរ​ហើយ តែ​អាជ្ញាធរ​ទើប​មាន​ចំណាត់​ការ​ នៅ​ពេល​មាន​បញ្ជា​ពី​រដ្ឋាភិបាល​ថ្នាក់​លើ ដូច្នេះ​ វា​ជា​ការ​បង្ហាញ​ថា អាជ្ញាធរ​ខេត្ត​ មិន​បាន​យក​ចិត្ត​ទុកដាក់ ​​ថែរក្សា ការពារ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ទេ។ ​ចំណែក​ ការ​គ្មាន​វិធានការ​ច្បាប់ ឬ​ការ​មិន​​​ចាប់​ខ្លួន មន្ត្រី​យោធា​ បើ​ទោះ​ជា​រក​ឃើញ​ថា បាន​ប្រព្រឹត្តិ​បទ​ល្មើស​ជាក់​ស្ដែង រំលោភ​ដែន​សមុទ្រ​របស់​រដ្ឋ​ពិត​ក៏​ដោយ លោក ប៊ី វណ្ណ​នី យល់​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច អនុវត្ត​​​ច្បាប់​មាន​ស្តង់ដារ​២ រវាង​ពលរដ្ឋ​សាមញ្ញ និង​មន្ត្រី​មាន​អំណាច ក្នុង​ការ​រំលោភ​ទ្រព្យ​សម្បត្តិ​រដ្ឋ៖ «ករណី​នេះ យើង​យល់​ឃើញ​បែប​ហ្នឹង ហើយ​យើង​សង្ឃឹម​ថា នឹង​មាន​ការ​គ្រប់គ្រង​រដ្ឋបាល​ឲ្យ​ល្អ​ឡើងវិញ។ នៅ​មាន​ករណី​ច្រើន​ទៀត ដែល​ជា​ករណី​រំលោភ​​ដី​រដ្ឋ​ ដោយ​បុគ្គល​មាន​អំណាច ឬ​អ្នក​មាន​លុយ​ហ្នឹង ​យើង​សង្ឃឹម​ថា នឹង​មាន​ការ​ចាត់​វិធានការ​ដូច​ករណី​ហ្នឹង​ដែរ»

កំណត់ហេតុ​របស់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កោះកុង បង្ហាញ​ថា ​ក្រុម​ការងារ​ចម្រុះ​ បាន​រក​ឃើញ​ថា មន្ត្រី​យោធា ឈ្មោះ​ ទុន ដៀត និង​គ្រួសារ ធ្វើ​សកម្មភាព​​​ចាក់​ដី​ថ្មី ខ្សាច់ និង​កម្ទេច​ថ្ម ចូល​មាត់​ព្រែក​កោះ​ប៉ោ រំលោភ​ច្បាប់​ភូមិបាល និង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ ​មាន​សមត្ថកិច្ច​​ពិតប្រាកដ​មែន។ ថ្វី​ត្បិត​អាជ្ញាធរ​ខេត្ត​កោះកុង មិន​បាន​​អនុញ្ញាត​ឲ្យ​សាធារណជន​ អាច​ចូល​ទៅ​មើល​​សកម្មភាព​កាយ​ដី​ចេញ​ពី​មាត់​សមុទ្រ​បាន​ តែ​អាជ្ញាធរ​ខេត្ត​ អះអាង​ថា ដី​ ដែល​បាន​ចាក់​ចូល​សមុទ្រ​នោះ មាន​ទទឹង ៣ម៉ែត្រ បណ្ដោយ ៤៣ម៉ែត្រ។ ឯ​ដី​នៅ​ផ្នែក​ខាង​លើ​​មាត់​​ឆ្នេរ​ ជា​​កម្មសិទ្ធិ​​របស់​ លោក ទុន ដៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល