សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​មាតា​ធម្មជាតិ​ពីរ​នាក់

ដោយ ទីន ហ្សាការីយ៉ា
2019-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី សកម្មជន​មាតា​ធម្មជាតិ​
លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី សកម្មជន​មាតា​ធម្មជាតិ​
Sorn Chanratha/RFA

សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​តុលាការ​ខេត្ត​កោះកុង ​ដែល​ផ្ដន្ទាទោស​អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ពីរ​នាក់ ទុក​ជា​បាន​ការ​ដដែល។ មេធាវី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​នេះ​​ ដ្បិត​សកម្មជន​ទាំង​ពីរ​នាក់​ មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ។

មេធាវី​ការពារ​ក្តី​ឱ្យ​​សកម្មជន​មាតា​ធម្មជាតិ លោក សំ ចំរើន ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៦ សីហា ថា សាលា​ឧទ្ធរណ៍​បាន​​សម្រេច​ឱ្យ​កូន​ក្តី​របស់​លោក​ជាប់​ទោស​បន្ត​ទៅទៀត។ លោក​ថា សាលដីកា​របស់​សាលាឧទ្ធរណ៍​នេះ​មាន​ភាព​អយុត្តិធម៌​សម្រាប់​កូន​ក្តី​របស់​លោក​ ពីព្រោះ​ពួក​គេ​មិន​មាន​កំហុស​អ្វី​ឡើយ។ លោក​បញ្ជាក់​ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​បន្ថែម​ទៀត​ដើម្បី​ប្ដឹង​សាទុក្ខ​ករណី​នេះ​ទៅ​តុលាការ​កំពូល៖ «ខ្ញុំ​គិត​ថា មិន​មាន​អង្គហេតុ​ណាមួយ​ដែល​អាច​ពាក់ព័ន្ធ​នឹង​ពិរុទ្ធភាព​លើ​កូន​ក្តី​ទាំង​ពីរ​នាក់​ហ្នឹង​ទេ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​មាន​អារម្មណ៍​ខកចិត្ត»

សាលា​ឧទ្ធរណ៍​បាន​លើក​យក​ករណី​សកម្មជន​មាតា​ធម្មជាតិ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី ទៅ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី៨ សីហា កន្លង​ទៅ។ សវនាការ​នោះ​ប្រើ​ពេល​ជាង ៤០នាទី និង​មិន​មាន​វត្តមាន​ភាគី​ដើម​បណ្ដឹង​ចូល​រួម​ឡើយ។ ក្រោយ​បញ្ចប់​សវនាការ​ តុលាការ​ជាន់ខ្ពស់​មួយ​នេះ​បាន​លើក​ពេល​ប្រកាស​សាល​ដីកា​ទៅ​ថ្ងៃទី២៦ សីហា ក៏​ប៉ុន្តែ​លទ្ធផល​មិន​ដូច​ការ​រំពឹង​ទុក​របស់​យុវជន​ទាំង​ពីរ​នោះ​ឡើយ គឺ​តុលាការ​ឧទ្ធរណ៍​នៅ​តែ​​សម្រេច​ឱ្យ​អ្នក​ពីរ​មាន​ទោស​ដដែល។

លោក ហ៊ុន វណ្ណៈ ចាត់​ទុក​ការ​សាលដីកា​សាលាឧទ្ធរណ៍​នេះ​ថា ជា​រឿង​អយុត្តិធម៌ ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។ លោក​យល់​ថា ​តុលាការ​ខេត្ត​កោះកុង និង​សាលា​ឧទ្ធរណ៍​កាត់​ទោស​ពួក​លោក​តាម​ការ​ចង់​បាន​របស់​ក្រុមហ៊ុន។ លោក​បញ្ជាក់​ថា ពួក​លោក​នឹង​ប្ដឹង​ទាស់​ការ​សម្រេច​នេះ​ទៅ​តុលាការ​កំពូល​មួយ​ជាន់​ទៀត៖ «វា​ជា​រឿង​ធម្មតា​ពីដើម​មក​ហើយ​ដែល​សកម្មជន​ឈឺឆ្អាល​រឿង​សង្គម​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​អ្នក​រកស៊ី ប៉ះពាល់​ដល់​រដ្ឋាភិបាល​ អ៊ីចឹង​ជា​ទូទៅ​លទ្ធផល​ដែល​ពួក​យើង​តតាំង​នៅ​តុលាការ​ហ្នឹង កម្រ​នឹង​ជោគជ័យ​ណាស់។ តាំងពី​សាលា​ដំបូង​ដល់​សាលាឧទ្ធរណ៍ ភាគច្រើន​គឺ​ឃើញ​តែ​បរាជ័យ​រហូត»

កាល​ពី​ដើមឆ្នាំ២០១៨ កន្លងទៅ សាលាដំបូង​ខេត្ត​កោះកុង បាន​កាត់​​ទោស​លោក​ ហ៊ុន វណ្ណៈ និង​លោក​ ឌឹម គុនឌី ​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ១ ឆ្នាំ ដោយ​អនុវត្ត​ទោស ៥ខែ​ក្នុង​ពន្ធនាគារ ហើយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ​ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ម្នាក់​ ១ លាន​រៀល​។ អ្នក​ទាំងពីរ​ត្រូវ​បាន​ផ្ដន្ទាទោស​ ពី​បទ “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍” និង “​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល” ក្រោយ​ពេល​យុវជន​ទាំងពីរ ​​​បាន​ជិះ​ទូក​ថត​រូប​កប៉ាល់​ដឹក​ខ្សាច់​នៅ​​ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។

ដើម​បណ្តឹងនៃ​​សំណុំ​រឿង​នេះ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​​កោះកុង ដែល​ហៅ​កាត់​ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​​ប្រជាជន​កម្ពុជា និង​ជា​អ្នក​រកស៊ី​នាំ​ចេញ​ខ្សាច់​នៅ​ខេត្ត​កោះ​កុង ជា​យូរ​អង្វែង​មក​ហើយ។ លោក​ លី យ៉ុងផាត់ គឺ​ជា​អ្នក​តែងតែ​ផ្ដល់​លុយ​ជា​ប្រចាំ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​របប​ក្រុង​ភ្នំពេញ។ ទោះ​ជា​យ៉ាង​ណា តំណាង​ក្រុមហ៊ុន​ដែល​ជា​ភាគី​ដើម​បណ្ដឹង មិន​ដែល​បាន​ចូល​រួម​ក្នុង​អង្គ​សវនាការ​ម្ដង​ណា​ឡើយ រាប់​ចាប់​តាំង​ពី​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កោះកុង​ម៉្លេះ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត សោក​ស្តាយ​ចំពោះ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍។ លោក​ថា ការ​ចាប់​ខ្លួន ឃុំខ្លួន និង​ចោទ​ប្រកាន់​ រហូត​ឈាន​ដល់​ការ​ផ្ដន្ទាទោស​យុវជន​ទាំងពីរ​រូប​នេះ ធ្វើ​ឡើង​ដោយ​មិន​មាន​មូលដ្ឋាន និង​ភស្តុតាង​គ្រប់គ្រាន់​ឡើយ។ លោក​រំពឹង​ថា តុលាការ​កំពូល​នឹង​ផ្ដល់​យុត្តិធម៌​ដល់​យុវជន​ទាំងពីរ​រូប​នេះ​វិញ​ នៅ​ពេល​ពួក​គេ​ប្ដឹង​ទាស់​សាល​ដីកា​សាលា​ឧទ្ធរណ៍​នេះ៖ «នេះ​ជា​ទង្វើ​មួយ​ដែល​គំរាម​កំហែង​ បំភិត​បំភ័យ​សម្រាប់​យុវជន​ទាំងពីរ និង​យុវជន​​ដទៃ​ទៀត ឬ​ក៏​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់​ក្នុង​ការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត​ឱ្យ​មានការ​ភ័យ​ខ្លាច។ បើ​យើង​មើល​ទៅ​ វា​ជា​រឿង​អ៊ីចឹង​ទេ។​ បើ​យើង​និយាយ​អំពី​បទល្មើស​ក្នុង​ការ​ចោទ​ប្រកាន់​ហ្នឹង ហាក់​ដូច​ជា មិន​មាន​ភស្តុតាង ឬ​មូលដ្ឋាន​សមរម្យ​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​នោះ​ទេ»

លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី គឺ​ជា​សកម្មជន​មាតា​ធម្មជាតិ​ពីរ​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ផ្ដន្ទាទោស ពាក់ព័ន្ធ​នឹង​សកម្មភាព​​តស៊ូ​មតិ​ប្រឆាំង​នឹង​​ការ​បូម​ខ្សាច់​បែប​អនាធិបតេយ្យ​ ក្នុង​ខេត្ត​កោះកុង ​បន្ទាប់​ពី​យុវជន សាន់ ម៉ាឡា ទ្រី សុវិគា និង​ ស៊ីម សំណាង។

ក្រុម​សកម្មជន​បរិស្ថាន​រិះគន់​ថា ​តុលាការ​ខេត្ត​កោះកុង ធ្វើ​​​តាម​តែ​ការ​ចង់​បាន​របស់​ក្រុមហ៊ុន និង​មិន​បាន​ឱ្យ​តម្លៃ​លើ​ការងារ​ការពារ​បរិស្ថាន និង​ឈរ​លើ​មូលដ្ឋាន​ច្បាប់​​ត្រឹម​ត្រូវ​ក្នុង​ការ​សម្រេច​សេចក្ដី​ឡើយ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល